ខេត្ត​កែប​ជា​គោលដៅ​ទេសចរណ៍​បៃតង​របស់​កម្ពុជា​

372

(​កែប​)៖ ខេត្ត​កែប​ត្រូវបាន​កំណត់​ជា​គោលដៅ​ទេសចរណ៍​បៃតង ជាមួយនឹង​សក្តានុពល​សម្រាប់​វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង​នេះ​។​

​ក្នុង​ពិធី​បើក​អង្គសិក្ខាសាលា​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៧ នៅ​សាលប្រជុំ​សាលាខេត្ត​កែប​ក្រោម​ប្រធានបទ​ឆ្នេរសមុទ្រ​បៃតង អនាគត គឺ​បច្ចុប្បន្ន លោក ថោង ខុន រដ្ឋមន្ត្រី​ក្រ​សូង​ទេសចរណ៍ បាន​មានប្រសាសន៍ថា កែប​ជា​ខេត្ត​មាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍ធម្មជាតិ​តំបន់ឆ្នេរ ជាមួយនឹង​បរិស្ថាន​ស្អាត ធម្មជាតិ​ស្រ​សស់​បំព្រង​ប្រកបដោយ​ភាព​ទាក់ទាញ​។ ក្នុងន័យ​នេះហើយ ទើប​ខេត្ត​កែប​ត្រូវ​បានកំណត់​ជា​គោលដៅ​ទេសចរណ៍​បៃតង សម្រាប់​បច្ចុប្បន្ន និង​ទៅ​អនាគត​។ ដូច្នេះ​ការទទួលយក​ដៃគូ​មក​វិនិយោគ​ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍ ចាំបាច់​មានការ​ទទួល​ខុសត្រូវ​ខ្ពស់ ពោលគឺ​ឱ្យ​ប្រាកដថា​ក្រុមហ៊ុន​នោះ​ស្ថិតក្នុង​កម្រិតស្តង់ដារ​។

​លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្តថា ជាមួយគ្នានេះ អ្នករក​ទទួលទាន​ត្រូវ​ចេះ​ចាប់យក​ឱកាស ព្រោះ​ខេត្ត​កែប​មាន​ការនិយម​មក​លម្ហែ​កម្សាន្ត និង​ស្នាក់នៅ​ពី​សំណាក់​ភ្ញៀវ​បរទេស​តាំងពី​យូរយារ​ណាស់​មកហើយ​។ រឿង​ដែល​សំខាន់ ប្រតិបត្តិ​ករ​ត្រូវ​រៀន​បន្ថែម​នូវ​របៀប​បដិសណ្ឋារកិច្ច ជំនាញ​ម្ហូបអាហារ​ទាំង​សម្រាប់​ភ្ញៀវ​ជាតិ ទាំង​អន្តរជាតិ​។ ផ្អែកលើ​ប្រធានបទ​នៃ​អង្គសិក្ខាសាលា​ខាងលើ ដើម្បីឱ្យ​ទីក្រុង​ឆ្នេរសមុទ្រ​នេះ​មាន​ភាព​បៃតង​ដូច​អ្វីដែល​បានកំណត់​ក្នុង​គោលដៅ​ទេសចរណ៍ គ្រប់​មជ្ឈដ្ឋាន​ត្រូវ​រួមគ្នា​ការពារ​បរិស្ថាន និង​រក្សា​ឱ្យបាន​នូវ​ភាព​អនាម័យ​។

​លោក ថោង ខុន បាន​រំលឹកថា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប​ត្រូវ​ចាប់ផ្តើម​អប់រំ​ផ្សព្វផ្សាយ​ដល់​អាជីវករ ពិសេស​ម្ចាស់​អាហារ​ដ្ឋា​ន ភោជនីយដ្ឋាន​តម្រូវឱ្យ​ចាប់ផ្តើម​បញ្ឈប់​ការដាក់​ក្រដាសអនាម័យ សម្រាប់​ភ្ញៀវ​ដោយ​ជំនួស​នូវ​ការប្រើ​កន្សែង​ត្រជាក់​វិញ​។ គោលការណ៍​នេះ នឹង​បន្ត​អប់រំ​ផ្សព្វផ្សាយ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ចាប់ពី​ឆ្នាំ​២០១៨​តទៅ​។ ប្រទេស​សិង្ហបូរី គេ​បាន​អនុវត្ត​វិធី​នេះ ជា​យូរ​មកហើយ​។ ការដាក់​ក្រដាសអនាម័យ នឹង​មិនអាច​ជៀសផុត​ពី​ភ្ញៀវ​បោះ​រប៉ាត់រប៉ាយ​ក្រោម​តុ​អាហារ​នោះឡើយ​។​

​លោក កែន ស​ត្ថា អភិបាលខេត្ត​កែប​បាន​មានប្រសាសន៍ថា រដ្ឋបាលខេត្ត​បាន និង​កំពុង​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​អភិរក្ស និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​រីកចម្រើន ស័ក្តិ​សមជា​ខេត្ត​តារា​រះ​នា​ទិសនិរតី​។ លោក​អភិបាលខេត្ត​បាន​បន្តថា ផ្តើមចេញពី​កត្តា​ស្ថេរភាព​នយោបាយ សន្តិសុខ ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច យុទ្ធសាស្ត្រ​ទីផ្សារ​បើកចំហ​ជើងមេឃ ការកើនឡើង​តម្រូវការ​សម្រាប់​ផ្នែក​ទេសចរណ៍​ឆ្នេរសមុទ្រ​ក្នុង​តំបន់ និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ភាព​ទាក់ទាញ​បានធ្វើឱ្យ​ភ្ញៀវ​មក​ទស្សនា សម្រាកលម្ហែ​កម្សាន្ត​ក្នុង​ខេត្ត​កែប​មាន​បរិមាណ​កើន​ឡើងជា​លំដាប់​។ ជាក់ស្តែង​រយៈពេល​១១​ខែ ឆ្នាំ​២០១៧ ខេត្ត​កែប​ទទួល​ភ្ញៀវទេសចរ​បាន​ប្រមាណ​ជាង​មួយ​លាន​នាក់ កើនឡើង​ប្រមាណ​ជាង​៣៨​ម៉ឺន​នាក់ ស្មើនឹង​៣៥,៥៣​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦​កន្លងទៅ​។ ព្រោះតែ​កំណើន​ភ្ញៀវ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​បែបនេះ​ទើប​បង្កឱ្យមាន​សកម្មភាព​សាងសង់​បន្ថែម​នូវ​សណ្ឋាគារ ផ្ទះសំណាក់ រី​ស៊​ត ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​ជា​បន្តបន្ទាប់​។ លោក​កែន ស​ត្ថា បាន​មានប្រសាសន៍​បន្តទៀតថា កត្តា​ទាំងនេះ​បាន​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ និង​យុវជន​រាប់ពាន់នាក់ ព្រមទាំង​បង្កើន​កម្រិតជីវភាព​គ្រួសារ ដែលជា​ផ្នែក​មួយ​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កែប​តែម្តង​៕L ដោយ បូកគោ​