ខេត្ត​កែប​និង​ពោធិ៍សាត់​ទទួលបាន​ពានរង្វាន់​និរន្ដរភាព​បរិស្ថាន​ទីក្រុង​អាស៊ាន

60

(​ប្រ៊ុយណេ​)៖ ក្នុង​កិច្ចប្រជុំ​លើក​ទី​១៤ ថ្នាក់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន នៅ​ទីក្រុង​BANDAR SERI BE GAWAN នៃ​ប្រទេស​​ប្រ៊ុយណេ នា​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ ខេត្ត​កែប និង​ខេត្តពោធិ៍សាត់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ប្រកាស​ប្រគល់​ពាន​រង្វាន់​និរន្ដរភាព​បរិស្ថាន ទីក្រុង​អាស៊ាន ។​
​ ​
​ប្រធានបទ​របស់​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​លើក​ទី​១៤ និង​សន្និសីទ​ភាគី​កិច្ចព្រមព្រៀង​ដែល​គណៈប្រតិភូ​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា ដឹកនាំ​ដោយ​រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន​លោក សាយ សំ​អាល់ គឺ​ផ្តោតលើ​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន ដោយបាន​ពិភាក្សា​លើ​ប្រ​ធាន​បទ​ចំនួន​៨ ដែល​ស្ថិតនៅក្រោម​ក្របខ័ណ្ឌ​បរិស្ថាន ។
​ ​
​ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា ប្រធានបទ​សំខាន់​ដែល​បាន​លើក​មក​ពិភាក្សា គឺ​១-​វឌ្ឍនភាព​ស្តីពី​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន ។ ២-​និរន្តរភាព​បរិស្ថាន​ទីក្រុង ។ ៣- ការអភិរក្ស​ជីវៈចម្រុះ ។ ៤-​ការប្រែប្រួល​អាកាសធាតុ ។ ៥- បរិស្ថាន​តំបន់ឆ្នេរ​សមុទ្រ ។ ៦-​ការងារ​​អប់រំ​បរិស្ថាន ។ ៧- ការគ្រប់គ្រង​ធនធានទឹក និង​៨- ការគ្រប់គ្រង​សារធាតុ​គីមី និង​សំណល់​គ្រោះថ្នាក់ ។​
​ ​
​ជាមួយនេះដែរ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន នឹង​ជួបពិភាក្សា​ជាមួយ​បណ្ដា​ប្រទេស​ជា​ដៃគូ​សន្ទនា ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​បូក​បី​រួមមានៈ ​ចិន ជប៉ុន និង​កូរ៉េ លើ​កិច្ចសហប្រតិបត្ដិកា​រវិ​ស័​យ​បរិស្ថាន ។​
​ ​
​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ រដ្ឋមន្ដ្រី​បរិស្ថាន​អាស៊ាន បាន​ពិភាក្សា និង​អនុម័ត​លើ​សេចក្ដី​ថ្លែង​ការរួម​អាស៊ាន​ឆ្នាំ​២០១៧​ស្ដីពី​ការប្រែប្រួល​​អាកាសធាតុ ការផ្តល់​ពានរង្វាន់​និរន្តរភាព​បរិស្ថាន​ទីក្រុង​អាស៊ាន ផែនការ​ការងារ​បរិ​ស្ថាន ការប្រែប្រួល​អាកាសធាតុ​អាស៊ាន និង​អង្គការ​​សហប្រជាជាតិ តួនាទី​និង​ភារកិច្ច​របស់​ឧត្ដមមន្ដ្រី​បរិស្ថាន​អាស៊ាន និង​ក្រុមការងារ​ផែនការ​សកម្មភាព ស្ដីពី​កិច្ចសហប្រតិបត្ដិកា​រវិ​ស័​យ​​បរិស្ថាន​អាស៊ាន​-​ចិន របាយការណ៍​ស្តីពី​ស្ថានភាព​បរិស្ថាន​អាស៊ាន​លើក​ទី​៥​កា​រប​ញ្ជូ​ល​ឧទ្យាន​ចំនួន​ពីរ​ដែល​ស្នើ​ដោយ​ប្រទេស​ឥណ្ឌូណេស៊ី​ទៅ​​ក្នុង​ឧទ្យាន​បេ​តិក​ភ័​ណ្ឌ​អាស៊ាន ។​
​ ​
​ក្រោយ​បញ្ចប់​កិច្ចប្រជុំ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​បាន​ចូលរួម​ពិធី​ផ្ដល់​ពានរង្វាន់​និរន្ដរភាព​បរិស្ថាន​ទីក្រុង​អាស៊ាន​និង​វិ​ញ្ញាប​ន​ប័ត្រ​ទទួល​ស្គាល់​ទឹកស្អាត ដី​ស្អាត និង​ខ្យល់​ស្អាត ដែល​បាន​ឆ្លងកាត់​ការវាយតម្លៃ នឹង​ជ្រើសរើស​ដោយ​គណៈកម្មការ ដែលមាន​សមាសភាព​ពី​ប្រ​ទេ​​ស​ជា​សមាជិក​អាស៊ាន​ទាំងអស់ ។​ ​
​ ​
​ជាមួយនេះ​ព្រះរាជាណាចក្រ​កម្ពុជា គឺមាន​ខេត្ដ​កែប​ត្រូវបាន​ជ្រើសរើស​ជា​ជ័យលាភី​សម្រាប់​ពានរង្វាន់​និរន្ដរភាព​បរិស្ថាន​ទីក្រុង​អាស៊ាន​ និង​ខេត្ដ​ពោធិសាត់​ត្រូវបាន​ផ្តល់​វិ​ញ្ញាប​ន​ប័ត្រ​ទទួលស្គាល់​ទឹកស្អាត​៕​ដោយៈ​សម្បត្តិ​កញ្ញា​/sn

ថតរូប​អនុ​ស្សាវ​រី​យ៏​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន