ខេត្ត​កែប​នឹង​ក្លាយទៅជា​តំបន់​ទេសចរណ៍​សម្រាក​លំហែ​កម្រិត​ខ្ពស់​

750
ចែករម្លែក
(រូបថតក្រសួងទេសចរណ៍)

ដោយៈ​បញ្ញា​សាស្ត្រ​/ ​ភ្នំពេញៈ​ រាជរដ្ឋាភិបាល​បានសម្រេច​ឱ្យ​ក្រសួងទេសចរណ៍​ដឹកនាំ​ការសិក្សា អំពី​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ខេត្ត​កែប ដែលជា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​របស់​កម្ពុជា​ឱ្យក្លាយ​ទៅជា «​តំបន់​ទេសចរណ៍​សម្រាក​លំហែ​កម្រិត​ខ្ពស់​» សំដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ទ​ស្សនាក​ម្ពុ​ជា​ឱ្យ​កាន់តែច្រើន​។​នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។​


​លោក​បាន​បន្តថា​ ការអភិវឌ្ឍ​ខេត្ត​កែប​ឱ្យ​ក្លាយទៅជា​តំបន់​ទេសចរណ៍​សម្រាក​លំហែ​កម្រិត​ខ្ពស់​នេះ គឺ​រាប់បញ្ចូល​ទាំង​ទីក្រុង ឆ្នេរ​ខ្សាច់ កោះ ផ្សារ កំពង់ផែ​ទេសចរណ៍ ភូមិដ្ឋាន​ប្រជាពលរដ្ឋ មូលដ្ឋាន​អាជីវកម្ម​ សេវាកម្ម​ទេសចរណ៍ ក៏ដូចជា​រមណីយដ្ឋាន​ទេសចរណ៍​នានា​ផងដែរ ប៉ុន្តែ​អាច​នឹងមិន​មានការ​បង្កើត​ឱ្យមាន «​កាស៊ីណូ​» និង​រោងចក្រ​សហគ្រាស​ឡើយ​។​


​ក្រសួងទេសចរណ៍​ក៏បាន​លើកទឹកចិត្ត​ឱ្យមាន​ការបង្កើត​លំនៅដ្ឋាន​ទី​២ សម្រាប់​ភ្ញៀវទេសចរ​វ័យ​ចំណាស់ ឬ​ចូលនិវត្តន៍​នៅ​ខេត្ត​កែប​នេះ​ផងដែរ ដើម្បីឱ្យ​ពួកគេ​ពន្យារពេល​ក្នុងការ​ទស្សនា និង​ស្នាក់​នៅក្នុង​រយៈពេល​យូរ​ក្នុងប្រទេស​កម្ពុជា ដែល​ជំរុញ​ឱ្យ​ពួកគេ​មានការ​ចំណាយ​ច្រើន​។​

ទិដ្ឋភាព​នៃ​ឆ្នេរ​ខេត្ត​កែប​(​រូបថត​ក្រសួងទេសចរណ៍​)


​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងទេសចរណ៍​កាលពី​ថ្ងៃទី​២៣​ខែមេសា​បានបញ្ជាក់​ទៀតថា ថ្វី​ដ្បិត​ខេត្ត​កែប​ជា​ខេត្ត​តូច​ជាងគេ​មួយ​ក៏ពិតមែន ប៉ុន្តែ​ខេត្ត​នេះ​មាន​សក្ដានុពល​ខាង​វិស័យ​ទេសចរណ៍​មួយ​ដែរ​។ ពិសេស​គុណភាព​ខ្យល់​សមុទ្រ កោះទន្សាយ ផ្សារ​ក្តាម ហើយ​នាពេល​ខាងមុខនេះ ក៏​អាច​នឹងមាន​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​តូច​មួយទៀត​។​


​បើតាម​លោក ថោង ខុន ក្រៅពី​គម្រោង​អភិវឌ្ឍន៍​ខេត្ត​កែប​ទៅជា​តំបន់​ទេសចរណ៍​សម្រាក​លំហែ​កម្រិត​ខ្ពស់ រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​លើ​ការសិក្សា​រៀបចំ «​ខេត្តកំពត​ទៅជា​តំបន់​ទេសចរណ៍វប្បធម៌​បេតិកភណ្ឌ និង​ក​សិ​ទេសចរណ៍​» ក្នុងពេលដែល​រាជរដ្ឋាភិបាល​បាននិងកំពុង​សាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​មួយ ក្នុង​គម្រោង​កិច្ចសហប្រតិបត្តិការ​ម​ហា​អនុតំបន់​ទន្លេមេគង្គ ដែល​អាច​នឹង​បញ្ចប់​នៅ​ដើមឆ្នាំ​២០២០ ខាងមុខ​ផងដែរ​។​មួយទៀត ក៏មាន​គម្រោង​រៀបចំ​ខេត្តកោះកុង​ទៅជា «​តំបន់​អេកូ​ទេសចរណ៍​» ផងដែរ ក្នុងពេល​ខេត្ត​ព្រះសីហនុ​បានក្លាយ​ជា​តំបន់​ទេសចរណ៍​និង​សេដ្ឋកិច្ច​ពហុ​បំណង​រួចហើយ ពោលគឺ​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ទាំង​៤​របស់​កម្ពុជា​នេះ សុទ្ធ​តែមាន​លក្ខណៈពិសេស​រៀងៗ​ខ្លួន ដែល​ផ្ដល់​ផលចំណេញ​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ចជាតិ​។​


​គួររំលឹកថា ​ការបញ្ជាក់​របស់លោករ​ដ្ឋ​មន្ត្រី​ទេសចរណ៍​ខាងលើ ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ «​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​» ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៩ កន្លងទៅ ក្រោម​អធិបតីភាព​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​៕សរន/Ha

ទិដ្ឋភាព​នៃ​ឆ្នេរ​ខេត្ត​កែប​(​រូបថត​ក្រសួងទេសចរណ៍​)
ទិដ្ឋភាព​នៃ​ឆ្នេរ​ខេត្ត​កែប​(​រូបថត​ក្រសួងទេសចរណ៍​)
ទិដ្ឋភាព​នៃ​ឆ្នេរ​ខេត្ត​កែប​(​រូបថត​ក្រសួងទេសចរណ៍​)