ខេត្ត​កែប​នៅតែ​បន្ត​គិតគូរ​ផ្នែកអនាម័យ​បរិស្ថាន​ទោះ​ទទួល​ជ័យលាភី​ធំៗ​រួចហើយ​ក្តី​

1768
ចែករម្លែក

ដោយ៖ បូកគោ / កែប​៖ ទោះបី​ទទួលបាន​ជ័យលាភី​ធំៗ​ទាំង​ថ្នាក់ជាតិ ថ្នាក់​តំបន់​ជាច្រើនលើក​មកហើយ​ក្តី អាជ្ញាធរខេត្ត​កែប នៅតែ​បន្ត​ជំរុញ​ដល់​ប្រជាពលរដ្ឋ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត​ឱ្យខិត​ខំ​បន្ថែមទៀត​លើ​បញ្ហា​អនាម័យ បរិស្ថាន និង​សោភ័ណភាព​សម្រាប់​ខេត្ត​ឆ្នេ​សមុទ្រ​មួយ​នេះ​។​

​ថ្លែង​ទៅកាន់​ក្រុមនិស្សិត​ថ្នាក់​ពិសេស​នីតិសាស្ត្រ​ភាសា​បារាំង នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ក្នុងឱកាស​សម្អាត​អនាម័យ​បរិស្ថាន​ឆ្នេរ​ខេត្ត​កែប កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៨​កន្លងទៅ លោក អ៊ឹង ឆាយ អភិបាលរង​ខេត្ត​កែប បាន​មានប្រសាសន៍ថា កិច្ចការ​សម្អាត​បរិស្ថាន ការថែរក្សា​អនាម័យ​មិនមែនជា​ភារកិច្ច​ដាច់ដោយឡែក សម្រាប់តែ​សាមី​ជំនាញ​មួយ​នោះទេ ពោលគឺ​តម្រូវឱ្យមាន​ការចូលរួម​ពី​គ្រប់ផ្នែក​ទាំងអស់ ដើម្បី​កម្ពុជា ពិសេស​ខេត្ត​កែប​ពោរពេញ​ដោយ​ទេសភាព​បៃតង់ ព្រមទាំង​បន្ថែម​សម្រស់​ជាទី​ចាប់អារម្មណ៍​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំងឡាយ​។
​លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់ថា​នា​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សន្ទុះ​ភ្ញៀវ​មាន​កំណើន​ខ្ពស់​ដោយសារ​ខេត្ត​កែប​សម្បូរ​ធនធានធម្មជាតិ ហើយ​មាន​លក្ខណៈ​ប្រណីតៗ ពិសេស​រក្សាបាន​គោលការណ៍​បី គឺ​ទឹកស្អាត ដី​ស្អាត និង​ខ្យល់​ស្អាត​។

​លោក​អ៊ឹង ឆាយ នៅបាន​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ ព្រះសង្ឃ ព្រមទាំង​អាជីវករ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ សិស្ស និស្សិត ក៏ដូចជា​ភ្ញៀវទេសចរ​ឱ្យ​បង្កើន​ការយកចិត្តទុកដាក់ ចូលរួម​ក្នុងការ​ថែរក្សា​អនាម័យ និង​សម្អាត​បរិស្ថាន​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង ដើម្បី​ត្រៀម​ទទួល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ដែល​នឹង​ចូល​មកដល់​ក្នុងពេល​ឆាប់ៗ​ខាងមុខ ដោយ​ធ្វើយ៉ាងណា​កុំឱ្យ​ខូច ឬ​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​ខេត្ត​ទេសចរណ៍​ដែល​ធ្លាប់មាន​ប្រជាប្រិយ​មួយ​នេះ​។​

​លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់ថា ក្រុងកែប​ទទួលបាន​ពានរង្វាន់​ជ័យលាភី​សំខាន់ៗ​ចំនួន​បី រួមមាន​៖ ១. ពានរង្វាន់​ទីក្រុង​ស្អាត​ផ្ការំដួល​បី​ទង នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, ទី​២.​ពានរង្វាន់​ទីក្រុង​និរន្តរភាព​បរិស្ថាន​អាស៊ាន​ពី​ប្រទេស​ប្រុយ​ណេ​, ទី​៣. ពានរង្វាន់​ទីក្រុង​ស្អាត​ទេសចរណ៍​អាស៊ាន នា​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ ក្នុងឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០១៨ នៅ​ទីក្រុង​ឈៀង​ម៉ៃ ប្រទេស​ថៃ​។ ដោយឡែក​ថ្មីៗ​នេះ ក្រុងកែប​បន្ត​ទទួលបាន​ពានរង្វាន់​ទីក្រុង​ស្អាត​ផ្ការំដួល​បី​ទង​ពី​ថ្នាក់ជាតិ​ជា​លើក​ទី​ពីរ​៕L​