ខេត្ត​កែប​មាន​សុវត្ថិ​ភាពល្អ​ក្នុងឱកាស​បុណ្យអុំទូក​ខ​ណៈ​ដែល​ភ្ញៀវ​មក​កម្សាន្ត​ជាង​ប្រាំបី​ម៉ឺន​នាក់​

2152

(​កែប​)៖ ទោះបី​ភ្ញៀវទេសចរ​ចូលមក​កម្សាន្ត​បាន​កើនឡើង​យ៉ាង​សន្ធឹកសន្ធាប់​ក្តី តែ​ស្ថានភាព​សន្តិសុខ​សុវត្ថិភាព​ក្នុង​ខេត្ត​កែប នាឱកាស​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​មាន​ភាពល្អប្រសើរ​បំផុត​។​

​លោក ប៉ុក ទាំង អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប បាន​ប្រាប់​ឱ្យដឹងថា រយៈពេល​បួន​ថ្ងៃ​គិតពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្រប​នឹង​ឱកាស នៃ​ពិធី​បុណ្យអុំទូក​ប្រពៃណី​ជាតិខ្មែរ ភ្ញៀវ​បាន​ចូលមក​កម្សាន្ត​នៅ​រមណីយដ្ឋាន​សំខាន់ៗ ទូទាំង​ខេត្ត​កែប មាន​ចំនួន​៨១.២៩៩​នាក់​។ ក្នុងនោះ ទេសចរ​បរទេស​មាន​១.២២៨​នាក់​។ បរិមាណ​នេះ​មានការ​កើនឡើង​ប្រមាណ​៤៧​ភាគរយ ខណៈដែល​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៦ ទូទាំង​ខេត្ត​កែប​ទទួលភ្ញៀវ​បានត្រឹមតែ​៥៥.៤២២​នាក់​ប៉ុណ្ណោះ​។

​លោក​អនុប្រធាន​មន្ទីរ​បានបញ្ជាក់​ទៀតថា ជាមួយនឹង​បរិមាណ​ទាំងនេះ ភ្ញៀវ​បាន​ប្រើប្រាស់​មធ្យោបាយ​គ្រប់​ប្រភេទ ក្នុងការ​ធ្វើដំណើរ​មក​កាន់​ខេត្ត​កែប​ចំនួន​៨.៤២៣​គ្រឿង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ីង សំអុល ស្នងការ​នគរបាល​ខេត្ត​កែប​បាន​មានប្រសាសន៍ថា ដោយ​អនុវត្តតាម​ផែនការ​ណែនាំ​របស់​ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​កែប ក្នុង​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​បានរៀបចំ​បង្កើន​កម្លាំង​ដាក់​តាម​បណ្តា​រមណីយដ្ឋាន​នានា​ជាប្រចាំ​។

​ចំណាត់ការ​ទាំងនេះ​បានធ្វើឱ្យ​ទេសចរ​ជាតិ អន្តរជាតិ​មានការ​ពេញចិត្ត​ជាពិសេស​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់ និង​ការបញ្ចៀស​បាន​ពី​ករណី​កកស្ទះ​ចរាចរ​ក្នុង​ខេត្ត​កែប​ទាំងមូល​៕L ដោយ​៖ បូកគោ​