ខេត្ត​ទាំង​៥​ភាគខាងត្បូង​ប្រទេស​ថៃ មក​តាំងពិព័រណ៍​ម្ហូបអាហារ​ហា​ឡា​ល់​នៅ​កម្ពុជា​

1097
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ខេត្ត​ចំនួន​៥​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ រួមមាន​ខេត្ត​យ៉ា​ទ្បា (Yala), ខេត្ត បាត់​តានី (Pattani), ខេត្ត ណា​រ៉ា​ធី​វ៉ា​ត់ (Narathiwat), ខេត្ត សុង​ក្លា (Songkla) និង ខេត្ត សា​ទូ​ន (Satun) បានមក​តាំងពិព័រណ៍​ម្ហូបអាហារ​ហា​ឡា​ល់​នៅ​កម្ពុជា​។ ប្រទេស​កម្ពុជា​ជា​ប្រទេស​ដំបូង​គេ​បង្អស់ នៅក្នុង​អាស៊ាន​ដែល​រៀបចំ​ពិព័រណ៍​ហា​ឡា​ល់​នេះ​។​

ខេត្ត​ទាំង​៥​ភាគខាងត្បូង​ប្រទេស​ថៃ មក​តាំងពិព័រណ៍​ម្ហូបអាហារ​ហា​ឡា​ល់​នៅ​កម្ពុជា (​រូប សុផល​)

​រៀបចំ​ដោយ​ការិយាល័យ​ពាណិជ្ជកម្ម​ខេត្ត​យ៉ា​ឡា កម្មវិធី​បាន​ត្រូវធ្វើឡើង​ក្រោម​ប្រធានបទ “​ពិព័រណ៍​ម្ហូបអាហារ​ហា​ទ្បា​ល់ អន្តរជាតិ ២០១៨៖ ភាព​ច្នៃប្រឌិត​ថ្មី​នៃ​ម្ហូប​ហា​ទ្បា​ល់ ( Halal International Show 2018 : New Vision of Halal”) នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃទី​១ ខែ កញ្ញា ឆ្នាំ​២០១៨ ក្នុង​គោលបំណង គឺ​ដើម្បី​បង្កើន​ឱកាស​ពង្រីក​បណ្តាញ​ទីផ្សារ​លើក​កំពស់​សក្តានុពល​របស់​សហគ្រិន និង​លើកកម្ពស់​ផលិតផល​ពី​ខេត្ត​ចំនួន​៥ នៅតាម​ព្រំដែន​ភាគខាងត្បូង នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។​

​លោក Nianwa Sulaiman ប្រធានការិយាល័យ​ពាណិជ្ជកម្ម​ខេត្ត យ៉ា​ទ្បា បានឱ្យដឹងថា ប្រទេស​កម្ពុជា ជា​ប្រទេស​ដំបូង​គេ​នៅក្នុង​តំបន់​អាស៊ាន​ដែល​បាន​តាំងពិព័រណ៍ ម្ហូបអាហារ​ហា​ទ្បា​ល់​( Halal) ចាប់ពី​ថ្ងៃទី​៣១ ខែសីហា ដល់​ថ្ងៃទី​២ ខែកញ្ញា​នៅ ផ្សារ​ទំនើប​អ៊ី​អន​១ ដើម្បី​បង្ហាញ​ពី​សក្តានុពល​នៃ​ផលិតផល​ហា​ទ្បា​ល់ និង​សេវាកម្ម​ទាក់ទង​នឹង​ហា​ទ្បា​ល់ (Halal)​។ លើសពីនេះ​ទៀត​ព្រឹត្តិការណ៍​នេះ​មាន​គោលបំណង​បង្កើន​ឱកាស ពង្រីក​ទីផ្សារ និង​លើកកម្ពស់​ផលិតផល​នៅក្នុង​តំបន់​អាស៊ាន ជាពិសេស​នៅ​កម្ពុជា​ដែលជា​ទីផ្សារ​ធំ​មួយ និង​មាន​សក្តានុពល​ផ្នែក​ទីផ្សារ​យ៉ាង​ធំធេង​ក្នុងការ​វិនិយោគ​ឬ​បើក​ផ្សារ​សម្រាប់​លក់​ផលិតផល​ហា​ឡា​ល់ (Halal) ផងដែរ​។​

លោក Nianwa Sulaiman ប្រធានការិយាល័យ​ពាណិជ្ជកម្ម​ខេត្ត យ៉ា​ទ្បា

​លោក Nianwa Sulaiman មានប្រសាសន៍​បន្តទៀត​ថា “​គោលបំណង​ធំៗ​ចំនួន​៥ នៃ​ការរៀបចំ​កម្មវិធី ពិព័រណ៍​ម្ហូបអាហារ​ហា​ទ្បា​ល់​អន្តរជាតិ ២០១៨ នៅ​កម្ពុជា​គឺ​: ១-​អភិវឌ្ឍ​សក្តានុពល​នៃ​ការគ្រប់គ្រង​ម្ហូបអាហារ​ហា​ឡា​ល់ និង​ទីផ្សារ​ផលិតផល​ហា​ឡា​ល់ សម្រាប់​សហគ្រិន​,២ -​បង្កើន​ប្រាក់ចំណូល បង្កើន​ឱកាស​ការងារ លើកកម្ពស់​គុណភាព និង​បង្កើន​សក្តានុពល​ប្រកួតប្រជែង​ក្នុង​ឧស្សាហកម្ម​ហា​ឡា​ល់ (Halal Industry)៣-​បង្កើន​បណ្តាញ​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស​ដែល​ទាក់ទង​ទៅនឹង​ផលិតផល​ហា​ឡា​ល់ តាមរយៈ​ពាណិជ្ជកម្ម​ឌីជីថល និង​បណ្តាញ​ផ្សេងៗ​ទៀត​ដែល​ជុំរុញ​ឲ្យ​មាន​សន្ទុះ​កាន់តែខ្លាំង​ឡើង​សម្រាប់​បំពេញតម្រូវការ​ទីផ្សារ​។ ៤-​ផ្សព្វផ្សាយ​គម្រោង​របស់​ទីផ្សារ​ផលិតផល​ហា​ឡា​ល់​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​និង​៥-​បង្កើត​ឱកាស និង​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ដល់​ផលិតផល​ហា​ឡា​ល់​នៅក្នុង​ខេត្ត​ចំនួន​៥ នៅតាម​ព្រំដែន​ភាគខាងត្បូង​ប្រទេស​ថៃ​។​

​លោក​ណាន់​វ៉ា​បានបញ្ជាក់​បន្ថែមទៀតថា​ក្នុងចំណោម​សមាជិក​អាស៊ាន​ទាំង ១០ ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាងគេ សម្រាប់​ការពង្រីក​ទីផ្សារ​ផលិតផល​ហា​ឡា​ល់​។ យើង​ក៏​នឹងមាន​គម្រោង រៀបចំ ពិព័រណ៍​ពាណិជ្ជកម្ម​សម្រាប់​ផលិតផល និង​សេវាកម្ម​របស់​ហា​ឡា​ល់​ដែល​ផលិត​នៅ​ប្រទេស​ថៃ នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។ ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​បានជ្រើសរើស​ដំបូង​គេ​ដើម្បី​រៀបចំ​កម្មវិធី​នេះ ហើយ​យើង​សង្ឃឹមថា​យើង​អាច​ទទួលបាន​នូវ​ទស្សនវិស័យ និង​ចំណេះដឹង​ថ្មីៗ​បន្ថែមទៀត ដើម្បី​អភិវឌ្ឍ​ផលិតផល​ហា​ឡា​ល់រ​បស់​យើង​។ ក្នុងនោះ​ផងដែរ​យើង​នឹងធ្វើ​ទស្សនកិច្ច នៅ​ប្រទេស​កម្ពុជា​ដើម្បី​សិក្សា​ពី​ប្រជាជន​នៅ​ទីនោះ និង​របៀប​ដែល​យើង​គួរតែ​បន្ត និង​អភិ​វ​ឌ្ឃ ប​ន្តែ​ម​ទៀត​។ នៅក្នុង​ព្រឹត្តិការណ៍​ពិសេស​នេះ នឹងមាន​ការតាំង​បង្ហាញ​ផលិតផល​មកពី​ខេត្ត​ចំនួន ៥ នៅ ភាគខាងត្បូង​ប្រទេស​ថៃ​។ ផលិតផល​ដែល​និង​តាំង​បង្ហាញ នៅក្នុង​កម្មវិធី​នេះ មានដូចជា Embroidered Hijabs, ទឹកឃ្មុំ​, ផ្លែឈើ​, Mackerel Cornflakes, អាហារ​សមុទ្រ​កំប៉ុង​និង​គ្រឿងការី​ជាដើម​៕

ខេត្ត​ទាំង​៥​ភាគខាងត្បូង​ប្រទេស​ថៃ មក​តាំងពិព័រណ៍​ម្ហូបអាហារ​ហា​ឡា​ល់​នៅ​កម្ពុជា (​រូប សុផល​)