ខេត្ត​ព្រះសីហនុ​ក្នុង​ក្រសែភ្នែក​ចិន​

959
ចែករម្លែក

ដោយ​: យោធិន / ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន​: ស្ថិតក្នុង​ក្រសែភ្នែក​ចិន រយៈកាល​មួយ​ទសវត្សរ៍​កន្លងទៅ រហូតមក​ទល់នឹង​ពេលបច្ចុប្បន្ន​នេះ ខេត្ត​ព្រះសីហនុ​បានប្រែក្លាយ​ទៅជា​តំបន់​មួយ​យ៉ាង​វិសេសវិសាល សម្រាប់​កិច្ចសហប្រតិបត្តិការ​លើ​កិច្ចអភិវឌ្ឍន៍​ដែល​ផ្តួចផ្តើមឡើង ដោយ​រដ្ឋាភិបាល​និង​ពាណិជ្ជករ​ប្រកបដោយ​ឧត្តមភាព និង​សក្តានុពល​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជាមួយ​ភាគី​រាជរដ្ឋាភិបាល​កម្ពុជា និង​បណ្តា​ពាណិជ្ជករ​ធំៗ ដ៏​មាន​ឥទ្ធិពល​ខាងមុខ​របរជំនួញ​ឆ្លងដែន​។​

មន្ត្រីការទូត​ចិន​បង្ហាញ​ពី​ដំណើរការ​សន្ទុះ​កិច្ច​អភិវឌ្ឍ​របស់​ខេត្ត​ព្រះសីហនុ​ក្រោយពេល​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​ខេត្ត​ជាំ​ង ស៊ូ របស់​ចិន​។​

​លោក ស៊ុន ម៉ែន អគ្គនាយករង​នៃ​ការិយាល័យ​កិច្ចការបរទេស ប្រចាំខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន បាន​ថ្លែង​បញ្ជាក់​យ៉ាងច្បាស់ៗ​ថា ខេត្ត​ព្រះសីហនុ ប្រទេស​កម្ពុជា បានក្លាយ​ទៅជា​ចំណុច យ៉ាង​ក្តៅគគុក សម្រាប់​ប្រជាពលរដ្ឋ​ចិន សម្រុក​វិនិយោគ លើ​វិស័យ​ផ្សេងៗ​។​

​ការ​ថ្លែង​របស់លោក​នេះ បន្ទាប់ពី​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន និង​ថ្នាក់ដឹកនាំ​ខេត្ត​ជាំ​ង​ស៊ូ បាន​ចងសម្ព័ន្ធ​មេត្រីភាព ជា​ខេត្ត​បងប្អូន​នឹង​គ្នា កាលពី​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ​២០១៨ ។​
​ខេត្ត​ព្រះសីហនុ​បច្ចុប្បន្ន កំពុង​ទទួល​បានការ​អភិវឌ្ឍ​ស្អេក​ស្កេះ ពី​សំណាក់​វិនិយោគិន​ចិន ហើយ​ទៅ​ថ្ងៃ​អនាគត ខេត្ត​ព្រះសីហនុ​នឹង មានការ​អភិវឌ្ឍ​រីកចម្រើន ដូច​ទៅនឹង រាជធានី​ភ្នំពេញ​ដែរ​។​

​លោក ស៊ុន ម៉ែន បាន​ថ្លែងប្រាប់​ប្រតិភូ​អ្នកព័ត៌មាន​កម្ពុជា ក្នុងឱកាស​ទស្សនកិច្ច​នៅ​ជាំ​ង ស៊ូ​ថាៈ ប្រធានាធិបតី​ចិន លោក ហ្ស៊ី ជិន​ពីង ចាត់ទុក​ខេត្ត​ព្រះសីហនុ ជា​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​ចិន ហើយ​១០​ឆ្នាំ​មកនេះ​ខេត្ត​ព្រះសីហនុ​ដែលជា​តំបន់​ស្នូល​សេដ្ឋកិច្ច​មាន​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​ល្អ​ឡើង​។​

​លោក​ប្រកាស​ចាត់ទុក​ខេត្ត​ជាំ​ង​ស៊ូ និង​ខេត្ត​ព្រះសីហនុ ជា​ម៉ាក​យីហោ​រវាង​ប្រទេស​ទាំងពីរ​។ ដោយសារ​មាន​កិច្ចសហការ​ទើប​ធ្វើ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​មាន​១.២៨០​លាន​ដុល្លារ​។ ក្នុងនោះ​ទំហំ​ផ្ទៃដី​វិនិយោគ​របស់​ចិន​មាន​១​ភាគ​៣​នៃ​ខេត្ត​ព្រះសីហនុ ហើយ​សម្រាប់​ខេត្ត​ព្រះសីហនុ មាន​ទឹកប្រាក់​៥០០​លាន​ដុល្លារ​។​

​លោក​បាន​បញ្ជាក់ថា “​បើតាម​ប្រសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​កម្ពុជា តំបន់​ព្រះសីហនុ​ឲ្យ​ក្លាយជា​ក្រុង​ស៊ិន​ជិន​របស់​ចិន ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​លើ​ផ្នែក​សេដ្ឋកិច្ច​។ វិនិយោគ​បានក្លាយ​ជា​គំរូ​នៃ​ប្រទេស​ទាំងពីរ តាមរយៈ​ការចង​មេត្រីភាព​រវាង​ខេត្ត​ព្រះសីហនុ និង​ខេត្ត​ជាំ​ង​ស៊ូ​”​។​

​លោក​ឲ្យ​ដឹង​ទៀតថា ក្នុងនោះ​ក្រុង​ណាន​ជី​ង របស់​ខេត្ត​ជាំ​ង​ស៊ូ ក៏បាន​ចងមេត្រី​ភាពជា​មួយ​ខេត្តសៀមរាប​ដែរ ហើយ​ជាំ​ង​ស៊ូ​ក៏មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ខេត្ត​កែប​ដែរ​។​

​ចំពោះ​ភ្ញៀវ​ទេសចរណ៍​វិញ លោក អះអាងថាៈ ពលរដ្ឋ​ជាំ​ង​ស៊ូ បានធ្វើ​ដំណើរ​កំសាន្ត​មក​កម្ពុជា ហើយ​កម្ពុជា​ក៏បាន​ធ្វើដំណើរ​កំសាន្ត​មក​ជាំ​ង​ស៊ូ​ច្រើន​ដែរ​តាមរយៈ​ជើងហោះហើរ​ត្រង់​។​
​លោក​បន្តទៀតថា ជាំ​ង​ស៊ូ​ក៏មាន​គម្រោង​បង្កើត​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​នៅ​ព្រះសីហនុ ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស ហើយ​ក៏បាន​បង្កើត​សាលារៀន​នៅ​ព្រះសីហនុ​ដែរ​។​

​លោក ស៊ុន ម៉ែន បញ្ជាក់ថា នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ខេត្ត​ព្រះសីហនុ​បន្ថែមទៀត​ដើម្បី​លើកកម្ពស់​ជីវភាព​ពលរដ្ឋ ក៏​ដូច​ទំនាក់​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​៕

#