ខេត្ត​ព្រះសីហនុ​រៀបចំ​ឆ្នេរ​ប្រវែង​៧​គីឡូម៉ែត្រ​ទុកជា​ឆ្នេរ​សាធារណៈ​

598
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ឆ្នេរ​អូរត្រេះ​១​និង​អូរត្រេះ​២​មាន​ប្រវែង​សរុប​ជា​៣.៥០០​ម៉ែត្រ​ដែល​កន្លង​ទៅបាន​ប្រើប្រាស់​ផ្តាច់មុខ​ដោយ​អ្នកលក់ដូរ​ចំនួន​៦២​តូប​ភាគច្រើន​ជួល​ឱ្យ​ជនបរទេស​បើកហាង​លក់ដូរ​។​បច្ចុប្បន្ន​ត្រូវ​រដ្ឋបាលខេត្ត​ព្រះសីហនុ​បញ្ចប់​សកម្មភាព​ទាំងស្រុង​ហើយ​យក​ឆ្នេរ​របស់​រដ្ឋ​នេះ​មក​រៀបចំ ជា​ឆ្នេរ​សម្រាប់​សាធារណៈ​ឱ្យ​ប្រជាពលរដ្ឋ​មកពី​គ្រប់ទិសទី​ប្រើប្រាស់​ដោយ​មិនចាំបាច់​បង់ថ្លៃ​អង្គុយ​។​

​រោងស្នាក់នៅ​និង​លក់ដូរ​លើ​ឆ្នេរ​អូ​ត្រេះ​ដែលជា​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ​ត្រូវបាន​ធ្វើការ​បោ​សម្អាត​ដោយ​រដ្ឋបាល​ក្រុងព្រះសីហនុ​បន្ទាប់ពី​ផុតកំណត់​នៃ​ការជូនដំណឹង​របស់រ​ដ្ឋ​បាល​ខេត្ត​ព្រះសីហនុ​ឱ្យ​រុះរើ ឱ្យអស់​ត្រឹម​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០២០​។​ការអនុវត្ត​វិធានការ​រដ្ឋបាល​របស់​ខេត្ត​ព្រះសីហនុ​ក្នុង​ការរុះរើ​រោងស្នាក់នៅ​និង​លក់ដូរ​លើ​ឆ្នេរ​អូរត្រេះ​នេះ​ធ្វើឱ្យមាន​ប្រតិកម្ម​តវ៉ា​ពី​អ្នកមាន​ផលប្រយោជន៍​ពី​ឆ្នេរ​របស់​រដ្ឋ​នេះ​តែ​ក៏មាន​ការគាំទ្រ​យ៉ាងច្រើន​មជ្ឈដ្ឋាន​មហាជន​ចំពោះ​សកម្មភាព​របស់​អាជ្ញាធ​រ​ដែល​បានរៀបចំ​ឆ្នេរ​នេះ​ទុកជា​ឆ្នេរ​សាធារណៈ ។​

​លោក​អ៊ី​សុខ​ឡេង​អភិបាលក្រុង​ព្រះសីហនុ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០២០​ថា ឆ្នេរ​អូ​ត្រេះ​ដែលមាន​ប្រវែង​ជាង​៣​គីឡូម៉ែត្រ កំពុង ត្រូវបាន​រៀបចំ​សម្អាត​ធ្វើជា​ឆ្នេរ​សាធារណៈ​នេះ បានធ្វើឱ្យ​មានការ​គាំទ្រ​ទាំង​ថ្នាក់ដឹកនាំ​និង​មហាជន​ទូទៅ​យ៉ាងខ្លាំង​។​កន្លងទៅ​រដ្ឋបាល​ក្រុង​ក៏ដូចជា​រដ្ឋបាលខេត្ត​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុងការ​ទប់ស្កាត់​មិនឱ្យ​មានការ​សាងសង់​សំណង់​អ្វី​រឹងមាំ​នៅលើ​ឆ្នេរ​របស់​រដ្ឋ​មួយ​នេះ​។​

លោក​គួច​ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​នៅ​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០២០​ថា​រោង​និង​តូប​លក់ដូរ​មិន​រៀបរយ​នៅលើ​ឆ្នេរ​អូរត្រេះ​ត្រូវបាន​រុះ​រើចេញ​អស់ហើយ​តែ​អ្វីដែល​នៅសល់​គឺ​កាកសំណល់​បន្ទាប់​អណាម័យ​ជាង​១០០​អណ្តូង​ដែល​គេ​បាន​ជីក​នៅលើ​ឆ្នេរ​ខ្សាច់​និង​សំរាម​រាប់​សឹ​ប​រថយន្ត​ត្រូវ បូម ជីក​កាយ​និង​ដឹក​ចេញ​មុន​ធ្វើការ​ឈូស​សម្អាត​ឆ្នេរ​នេះ​ឱ្យ​ស្អាត​ឡើងវិញ​។​

​លោក​អភិបាលខេត្ត​បញ្ជាក់ថា​ឆ្នេរ​ដែល​បានឱ្យ​អ្នកស្នាក់នៅ​និង​លក់ដូរ​ចាកចេញ​អស់ហើយ​នេះ​មាន​ប្រវែង​៣.៥០០​ម៉ែត្រ​ត្រូវ​រៀបចំ​ឱ្យមាន​បន្ទប់ទឹក​សាធារណៈ​សម្រាប់​ប្រជាពលរដ្ឋ​ពី​តាម​បណ្តា​ខេត្ត​នានា​មកលេង​កម្សាន្ត​។​ឆ្នេរ​នេះ​គ្មាន​រោង​សម្រាប់​លក់ដូរ​ទេ​គឺ​រក្សាទុក​ឱ្យនៅ​ជា​លំហ​មើល​ពី​ផ្លូវ​ដែល​កំពុង​សាងសង់​ទៅ​គឺ​ឃើញ​ឆ្នេរសមុទ្រ​ស្ងា​ត​។​ប្រជាពលរដ្ឋ​មកលេង​ដោយ​ក្រាលកន្ទេល​ឬ​បោះតង់​ដោយ​គ្មាន​បង់ថ្លៃ​តូច​ដូច​ពីមុន​ទៀតឡើយ​តែ​ត្រូវ​ចូលរួម​សម្អាត​បរិស្ថាន​មុនពេល​ចាកចេញ​ទៅវិញ​។​

​រំលឹក​ឱ្យដឹងថា​ឆ្នេរសមុទ្រ​នៅ​ក្រុងព្រះសីហនុ​កាលពីមុន​ភាគច្រើន​គឺ​កាន់កាប់​ដោយ​អ្នកលក់ដូរ​នៅលើ​ឆ្នេរ​ទាំងនោះ អ្នក​មកលេង​ឆ្នេរ​បើ​មិន​ទិញ​ទំនិញ​នៅ កន្លែង​ណាមួយ​ដែល​គេ​លក់​លើ​ឆ្នេរ​នោះទេ គឺ​គ្មាន​កន្លែង​អង្គុយ​បើ​ចង់​អង្គុយ​ត្រូវ​ជួល​តូប​ឬ​គ្រែ​ពី​អ្នកលក់ដូរ​ទាំងនោះ​។​កន្លែង​អង្គុយ​ត្រូវបាន​ឡើងថ្លៃ​នៅ​ថ្ងៃបុណ្យ មាន​ភ្ញៀវ​ច្រើន និង ពេលខ្លះ​គេ​មិន​ជួល​ឱ្យ​ទៀតផង បើ​មិន​ទិញ​ម្ហូបអាហារ​កន្លែង គេ​នោះ​។​

ទំនាស់​ថ្លៃ​តូប​និង​ប្ហូ​ម​អាហា​តែង​កើតមាន​ជារឿយៗ​នៅតាម​បណ្តា​ឆ្នេរ​ទាំងនោះ​ពេល​មាន​ភ្ញៀវ​ច្រើន​មកលេង​សមុទ្រ​។​នេះ​នៅ​មិនទាន់​និយាយ​ដល់​ការ​ខូច​បរិស្ថាន​តំបន់ឆ្នេរ​ដោយសារ​ការលក់ដូរ​និង​ការ​ស្នាក់នៅ​អចិន្ត្រៃយ៍​លើ​តំបន់​តាម​ឆ្នេរ​នោះ​ផង​។​ផ្តើមចេញពី​បញ្ហា​បែបនេះហើយ​ដែលនាំឱ្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​ក៏ដូចជា​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​មិន​អនុ​ញ្ញា​ត្ត​ឱ្យមាន​ការសាងសង់​រោង​លក់ដូរ​និង​ស្នាក់​នៅលើ​តំបន់ឆ្នេរ​នោះ​។

​លោក​គួច​ចំរើន​និយាយ​ឱ្យដឹងទៀតថា​មួយខែ​ទៀត​ពលរដ្ឋ​មកលេង​ក្រុងព្រះសីហនុ​កាន់​តែមាន​ភាពងាយស្រួល​ហើយ​ដល់ពេលនេះ​មាន​ផ្លូវ​ងាយស្រួល​ធ្វើដំណើរ​មកដល់​តាម​ឆ្នេរ​និង​មាន​ឆ្នេរ​លេង​កម្សាន្ត​ស្រឡះភ្នែក​អាច​មើល​បាន​ក្នុងពេល​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។​ពេលនេះ​ក្រុងព្រះសីហនុ​មាន​ឆ្នេរ​សាធារណៈ ដល់ ជិត​៧​គីឡូម៉ែត្រ​កំពុង​ត្រូវបាន​រៀបចំ​សម្រាប់​មហាជន​មកលេង​កម្សាន្ត​។​

​រំលឹក​ឱ្យដឹងថា​រដ្ឋបាលខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​១៣​ខែមករា​ឆ្នាំ​២០២០​លោក​គួច​ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​សូម​ជម្រាបជូន​សម្តេច​ទ្រង់​ឯកឧត្តម​លោកជំទាវ​លោក​លោកស្រី​សាធារណជន​និង​អ្នកសារព័ត៌មាន​ឱ្យបាន​ជ្រាបថា​៖​កន្លងមក​រដ្ឋបាលខេត្ត​បានចេញ​លិខិត​ជូនដំណឹង​លេខ​៤៧៣/១៩​សជណ​ចុះ​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៩​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​លក់ដូរ​និង​អាស្រ័យ​ផល​នៅលើ​ឆ្នេរ​អូរ​ឈើទាល​(​អតីត​អា​រី​ស្តុ​ន​)​និង​ឆ្នេរ​អូរត្រេះ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​៤​និង​ភូមិ​៦​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ​ឱ្យ​រុះរើ​តូប​រោង​និង​ស្តង់​លក់ដូរ​ចេញពី​លើ​ឆ្នេរ​។​

​បន្ទាប់ពី​ទទួលបាន​បាន​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​រួចមក​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​លក់ដូរ​នៅលើ​ឆ្នេរ​អូរ​ឈើទាល​(​អតីត​ឆ្នេរ​អា​រី​ស្តុ​ន​)​បាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ដោយបាន​ធ្វើការ​រុះរើ​តូប​រោង​និង​ស្តង់​លក់ដូរ​របស់ខ្លួន​ទាំង​១២៦​តូប​ជា​ស្ថាពរ​។​ដោយ​គ្មាន​ការតវ៉ា​និង​គ្មាន​បង្ក​អំពើហិង្សា​អ្វី​ឡើយ​ព្រមទាំង​បាន​ចូលរួម​ធ្វើការ​សម្អាត​ឆ្នេរ​ខ្សាច់​វិល​មករក​សភាព​ស្រស់ស្អាត​ឡើងវិញ​ថែមទៀត​៕S/​