ខេត្ត​ភាគ​ខាងត្បូង​វៀតណាម​២​ទៀត កើត​ប៉េស្ត​ជ្រូក​អាហ្វ្រិក​

646
ចែករម្លែក

​ខេត្ត​ភាគ​ខាងត្បូង​២ គឺ ប៊ិញ​ដ័ង និង អាង​យ៉ាង របស់​វៀតណាម​បាន​ក្លាយជា​កន្លែង​ចុងក្រោយ​ដែលមាន​សេចក្តីរាយការណ៍​ថា​មាន​កើត​ជម្ងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។​

​មន្ត្រី​សុខភាព​សត្វ​ក្នុង​ខេត្ត​ប៊ិញ​ដ័ង ជាប់​ក្រុង​ហូជីមិញ បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ទី​២១​ឧសភា​ថា គេ​បាន​ធ្វើ​អនាម័យ​នៅ​តំបន់​កើត​ជម្ងឺ​២​នៅក្នុង​ឃុំ​២​ក្នុង​ខេត្ត​ក្រោយ​​ពី​បាន​សម្លាប់​ជ្រូក​ជាង​១.០០០​ក្បាល​ចោល​។​

​ក្នុងពេល​ជាមួយគ្នា អាជ្ញាធរ​ខេត្ត​អាងយ៉ាង​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា ជ្រូក​៥២​ក្បាល​ត្រូវបាន​បំផ្លាញចោល​។​ការស៊ើបអង្កេត​ជំហាន​ដំបូង បង្ហាញ​ថា​ជ្រូក​ទាំងនោះ​អាច​​ឆ្លង​វីរុស្ស​ពី​អាហារ​សត្វ​គោ​។​

​ទាំង​អាងយ៉ាង និង​ប៊ិញ​ដ័ង បាន​រិះរក​វិធានការ​ទប់ស្កាត់​ការ​រាលដាល​នៃ​ជ​ម្ងៃ​នេះ ដោយ​នាយកដ្ឋាន​ផលិតកម្ម​បសុសត្វ​និង​ពេទ្យសត្វ​ខេត្ត​អាងយ៉ាង​បានដាក់​ប៉ុស្ត​ត្រួតពិនិត្យ​​ចំនួន​៨​នៅ​តាម​ផ្លូវគោក​និង​២​ទៀត​នៅ​ទន្លេ​។​

​សូមបញ្ជាក់​ថា ប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​កើតមាន​នៅ​ខេត្ត​ក្រុង​ចំនួន​៣៤​នៅ​វៀតណាម និង​ជ្រូក​ជាង​១,៥​លាន​ក្បាល​ត្រូវបាន​សម្លាប់​ចោល​ឬ​ងាប់​ដោយសារ​ជម្ងឺ​ដែល​មិនទាន់​​មាន​ឱសថ​ព្យាបាល​នៅ​ឡើយ​នេះ​៕​ដោយ​៖​វាសនា​