ខេត្ត​មួយ​នៅ​ចិន​បង្គាប់​ក្រុមហ៊ុន​ទាំងអស់​ផ្តល់ឱ្យ​ស្ត្រី​នូវ​ថ្ងៃ​ឈប់​សម្រាប់​សម្រាប់​ការ​មក​រដូវ​

417
ចែករម្លែក
  • 7
    Shares

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បានប្រកាស​កាលពី​ថ្ងៃ​អង្គារ​ទី​៩​មេសា​ថា បុគ្គលិក​ស្រី​នៅ​ខេត្ត​ឈី​ង​ហៃ ភាគ​ខាងជើង​ប្រទេស​ចិន ឥឡូវនេះ​ត្រូវបាន​អនុញ្ញាតឱ្យ​ឈប់សម្រាក​សម្រាប់​ការ​មក​រដូវ​។​

​បទ​ប្បញ្ញត្តិ​ដែល​បានធ្វើ​វិសោធនកម្ម​សម្រាប់​ជា​ផ្នែក​មួយ​នៃ​ចំណាត់ការ​របស់​រដ្ឋា​ភិ​បាល​ដើម្បី​លើកកម្ពស់​សិទ្ធិ​របស់​ស្ត្រី​នៅក្នុង​កម្លាំង​ពលកម្ម ផ្តល់ឱ្យ​បុគ្គលិក​ស្រី​ដែល​ទទួលរង​ការឈឺចាប់​ខ្លាំង​ពី​ការ​មក​រដូវ​នូវ​ការឈប់​សម្រាក​មួយថ្ងៃ​ទៅ​ពីរ​ថ្ងៃ​ក្នុង​មួយខែ​ដោយ​មិនចាំបាច់​បង្ហាញ​កំណត់ត្រា​របស់​វេជ្ជបណ្ឌិត​។​

​យោងតាម​សហព័ន្ធ​នារី​ចិន​បានឱ្យដឹងថា​ច្បាប់​ថ្មី​នេះ​ក៏​ការពារ​ដល់​បុគ្គលិក​ដែល​បាន​រំលូតកូន​និង​រលូត​កូន និង​អ្នក​ដែល​វិល​ត្រឡប់មក​ធ្វើការ​វិញ​បន្ទាប់ពី​ឈប់សម្រាក​លំហែ​មាតុភាព​ផងដែរ​។​

​យោងតាម​វេ​ប​សាយ The Paper កន្លងមក​បុគ្គលិក​អាចដាក់​ពាក្យស្នើសុំ​ឈប់សម្រាក​ពេល​មក​រដូវ​បាន ទាល់តែ​មាន​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​ពី​វិទ្យាស្ថាន​ពេទ្យ​ឬ​មន្ទីរពេទ្យ​។​

​ឥឡូវនេះ បុគ្គលិក​ដែល​រលូត​កូន​ក្នុងអំឡុងពេល ៤ ខែ​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ គឺមាន​សិទ្ធិ​ទទួលបាន​ការឈប់​សម្រាក​ដោយ​មិន​កាត់​ប្រាក់ខែ​ពី ១៥ ទៅ ៣០ ថ្ងៃ​ដើម្បី​ធ្វើ​ការស្តារ​កម្លាំងកាយ​ឡើងវិញ ដោយ​មិនចាំបាច់​ផ្តល់​លិខិតបញ្ជាក់​ពី​វេជ្ជបណ្ឌិត​ឡើយ​។​

​វេ​ប​សាយ​ដដែល​បានឱ្យដឹងថា ប្រសិនបើ​កម្មករនិយោជិត​ម្នាក់​រំលូតកូន​ឬ​រលូត​កូន​នៅ​ចន្លោះ​ពី ៤ ទៅ ៧ ខែ​នៃ​ការ​មានគភ៌ គាត់​មាន​សិទ្ធិ​ទទួលបាន​ការឈប់​សម្រាក​ដោយ​មិន​កាត់​ប្រាក់ខែ​រយៈពេល ៤២ ថ្ងៃ ដោយ​បន្ថែមថា អ្នក​ដែល​រលូត​កូន​នៅ ៧ ខែ​ឬ​លើស​នេះ ត្រូវបាន​ផ្តល់​ពេល​សម្រាក ៩០ ថ្ងៃ​ដើម្បី​ជាសះស្បើយ​ឡើងវិញ​។​

​ការឈប់​សម្រាក​សម្រាប់​ការ​មក​រដូវ​ត្រូវបាន​អនុវត្ត​រួចហើយ​នៅក្នុង​ខេត្ត​សាន​ស៊ី ខេត្ត​ហ៊ូ​ប៉ី ខេត្ត​អាន​ហ៊ុយ និង​ខេត្ត​នី​ង​ស៊ី ក្នុងប្រទេស​ចិន​ក៏ដូចជា​បណ្តា​ប្រទេស​ផ្សេងទៀត​ដូចជា​ជប៉ុន​ឥណ្ឌូនេស៊ី​និង​កូរ៉េខាងត្បូង​៕ ដោយ៖ កញ្ញាដាលីស