ខេត្ត​យូ​ណាន​ខិតខំ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​តាម​រង្វង់​ភាគ​ខាងលិច​

709
ចែករម្លែក

ពេល​ថ្មីៗ​នេះ លោក យាន់ ឈឹង​ហ្វា អភិបាលខេត្ត​យូ​ណាន បាន​ចូលរួម​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការសិក្សា​ស្រាវជ្រាវ​ផលិតផល​ទេសចរណ៍​តាម​រង្វង់​ភាគ​ខាងលិច​នៃ​ខេត្ត​យូ​ណាន ។ លោក បាន​សង្កត់ធ្ងន់ថា យើង​ត្រូវ​ជំ​រុញឱ្យ​ការកំណត់​ផែនការ​ដើរតួនាទី​ផ្តល់​ការណែនាំ កែលម្អ​បន្ថែមទៀត​នូវ​គម្រោង​អភិវឌ្ឍន៍ ជំរុញ​ការសាងសង់ ហេដ្ឋា រចនាសម្ព័ន្ធ​គមនាគមន៍ កែលម្អ​ប្រព័ន្ធ​សេវាកម្ម​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ ព​ន្លឿ​ន​ដំណើរ​នៃ​ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​តាម​រង្វង់​ភាគ​ខាងលិច​ខេត្ត​យូ​ណាន ខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​ឱ្យ​ខេត្ត​យូ​ណាន​ក្លាយទៅជា​តំបន់​ទេសចរណ៍​ដែលមាន​តែមួយ​គ្មាន​ពី​រលើ​ពិភពលោក ។​

លោក បាន​មានប្រសាសន៍ថា សណ្ឋាន​ដី និង​លក្ខណៈ​ភូគព្ភសាស្ត្រ​នៃ​តំបន់​ភាគ​ខាងលិច​ខេត្ត​យូ​ណាន​មាន​លក្ខណៈពិសេស​គួរឱ្យកត់សម្គាល់ ហើយ​មាន​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់ស្អាត មាន​ជីវចម្រុះ​សម្បូរបែប និង​មាន​វប្បធម៌​ជនជាតិភាគតិច​ដ៏​វិសេសវិសាល ។ តំបន់​នេះ​ជា​តំបន់​មួយ​ដែលមាន​សក្តានុពល​ធំធេង​ក្នុងការ​អភិវឌ្ឍ​ឧស្សាហកម្ម​ទេសចរណ៍ ។ ក្រោយពី​បានធ្វើការ​អ​ភ​វិ​ឌ្ឍ​អស់​ពេល​ជាច្រើន​ឆ្នាំ ទីនេះ​បានក្លាយ​ទៅជា​ទីដៅ​ទេសចរណ៍​ដ៏​សំខាន់ ដែលមាន​ផ្លូវ​ទេសចរណ៍​គំរូ​ជាច្រើន​ខ្សែ និង​សម្បូរ​ដោយ​រមណីយដ្ឋាន​ទេសចរណ៍​ល្បីឈ្មោះ ។​

​ការបង្កើត​ផលិតផល​ទេសចរណ៍​តាម​រង្វង់​ភាគ​ខាងលិច​ខេត្ត​យូ​ណាន​(​តឺ​ឈី​ន​-​សាំង​គ្រី​ឡា​-​លី​ជាំ​ង​-​តា​លី​-​យូយ​លី​-​ធឺ​ង​ឈុ​ង​-​លូ​សួយ​-​កុង​សាន​-​តឺ​ឈី​ន​)​នឹង​អាច​បង្រួបបង្រួម​នូវ​ធនធាន​ទេសចរណ៍​ពិសេស​គ្រប់​ប្រភេទ​នៅ​ភាគ​ខាងលិច​នៃ​ខេត្ត​យូ​ណាន រួមមាន​ទេសភាព​ជ្រលង​ភ្នំ​លើ​ខ្ពង់រាប វាលស្មៅ​លើ​ភ្នំ​ព្រឹល ក្រុង​បុរាណ និង​វប្បធម៌​ជនជាតិភាគតិច​ជាដើម ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​នៃ​វិស័យ​ទេសចរណ៍​នៅ​ភាគ​ខាងលិច​ខេត្ត​យូ​ណាន និង​ជំរុញ​ការ​ចរាចរ​ដោយ​សេរី​នូវ​មនុស្ស ទំនិញ មូលនិធិ និង​ព័ត៌មាន​ជាដើម ដែល​សុទ្ធតែជា​ធាតុ​ផ្សំ​ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច ។
វិធានការ​នេះ​នឹង​អាច​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ វប្បធម៌ បច្ចេកវិទ្យា និង​ការកាត់បន្ថយ​ភាពក្រីក្រ​ដោយ​ព្រម​ពេល​ជាមួយគ្នា ហើយ​ជំរុញ​ឱ្យ​ភ្នំ​បៃតង​និង​ទឹក​បៃតង​ក្លាយទៅជា​ភ្នំ​មាស និង​ភ្នំ​ប្រាក់ ព្រមទាំង​មាន​សារៈ សំខាន់​យ៉ាង​ក្រៃលែង​សម្រាប់​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ក្នុង​តំបន់ភ្នំ​តាម​តំបន់​ព្រំដែន​ខាងលិច​នៃ​ខេត្ត​យូ​ណាន ៕ ដោយ លី សាវ​ម៉េង និង ឆឹង សៀវ​ពួ​