ខេត្ត​យូ​ណាន​រក្សា​កំណើន សេដ្ឋកិច្ច​ល្អប្រសើរ​ពី​ខែមករា​ដល់​ខែឧសភា

383
ចែករម្លែក

តាម​ព័ត៌មាន​ពី​កិច្ចប្រជុំ​ប្រកាស​ព័ត៌មាន​នៃ​មន្ទីរ​ស្ថិតិ​ខេត្ត​យូ​ណាន​បានឱ្យដឹងថា ក្នុងអំឡុង​ពេ​ឡ​ពី​ខែមករា​ដល់​ខែឧសភា ខេត្ត​យូ​ណាន​បាន​រក្សា​កំណើនសេដ្ឋកិច្ច​យ៉ាង​ល្អប្រសើរ ។ វិស័យ​ឧស្សាហកម្ម​ខេត្ត​យូ​ណាន​បានទទួល​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស ទុនវិនិយោគ​ពី​សង្គម​ស៊ីវិល​កើនឡើង​ដោយមាន​ល្បឿន​យ៉ាង​លឿន ចំណែក​ការចំណាយ​ក្នុង​ទីផ្សារ និង​ទុនវិនិយោគ​លើ​វិស័យ​ការរស់នៅ​ប្រជាជនមាន​ទ្រង់ទ្រាយ​កាន់តែ​ធំ ។ សូចនាករ​សេដ្ឋកិច្ច​សំខាន់​នៃ​ខេត្ត​យូ​ណាន​មាន​កម្រិត​ខ្ពស់ជាង​កម្រិត​មធ្យម​នៃ​ប្រទេស​ចិន ។​

​គួរ​បញ្ជាក់ថា ក្នុងអំឡុងពេល​ពី​ខែមករា​ដល់​ខែឧសភា វិស័យ​ឧស្សាហកម្ម​ខេត្ត​យូ​ណាន​បាន​រក្សា​កំណើន​យ៉ាង​ឆាប់រហ័ស និង​បានទទួល​សមិទ្ធផល​ច្រើន​គួរឱ្យកត់សម្គាល់ ។ តម្លៃបន្ថែម​នៃ​ឧស្សាហកម្ម​ដែលមាន​ទ្រង់ទ្រាយ​ធំ​គួរសម​កើនឡើង ១១,១% ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ ២០១៨ ខ្ពស់ជាង​កម្រិត​មធ្យម​ទូទាំងប្រទេស​ចិន​(៦%) ៥,១% ដែល​ជាប់​លំដាប់ថ្នាក់​លេខ ១ ក្នុងប្រទេស​ចិន ។ ក្នុងនោះ តម្លៃបន្ថែម​នៃ​ឧស្សាហកម្ម​ផលិត​ថ្នាំជក់​បាន​កើនឡើង ៥,២% ចំណែក​តម្លៃបន្ថែម​នៃ​ឧស្សាហកម្ម​ផ្សេងទៀត​បាន​កើនឡើង ១៣,៤% ។​

ម្យ៉ាងទៀត ក្នុងអំឡុងពេល​ពី​ខែមករា​ដល់​ខែឧសភា ពាណិជ្ជកម្ម​អាហរ័ណ​នីហរ័ណ​ខេត្ត​យូ​ណាន​បាន​កើនឡើង​ដោយមាន​ស្ថិរភាព ។ ការនាំចេញ​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ។ ក្នុង​រយៈពេល​ទាំង ៥ ខែ​នោះ ខេត្ត​យូ​ណាន​បានសម្រេច​នូវ​ការនាំចេញ​នាំចូល ៨៧១៥៥ លាន​យាន់ កើនឡើង ១៣,៥% ខ្ពស់ជាង​កម្រិត​មធ្យម​ទូទាំងប្រទេស​ចិន ៩,៥% ជាប់​ចំណាត់ថ្នាក់​ទី ៨ ក្នុងប្រទេស​ចិន ។ ក្នុងនោះ ការនាំចេញ​មាន​ទំហំ ៣៦២១៣ លាន​យាន់ កើនឡើង ២៧,៤% ចំណែក​ការនាំ​ចូល​មាន​ទំហំ ៥០៩៤៣ លាន​យាន់ កើនឡើង ៥,៤% ៕ ដោយ លី ហុង​ខាយ

#