ខេត្ត​វៀតណាម​ខាងត្បូង​​តែ​មួយ​ខេត្ត​គត់​ដែល​មិន​ទាន់​កើត​ប៉េស​ជ្រូក​អាហ្វ្រិក

676
ចែករម្លែក

​ខេត្ត​ឡុង​អាន ជាទី​តាំង​ចុងក្រោយ​គេ​នៅ​វៀតណាម​ខាងត្បូង​ដែល​ឆ្លង​ជម្ងឺ​ប៉េស​ជ្រូក​អាហ្វ្រិក ដោយ​បន្សល់​ទុក​តែ បេន​ត្រេ ជា​ខេត្ត​នៃ​តំបន់​ដីសណ្តរ​ទន្លេមេគង្គ​​តែមួយគត់​ដែល​មិន​ទាន់​កើត​មាន​ជម្ងឺ​នេះ​។​

​ជ្រូក​ចិញ្ចឹម​៤១​ក្បាល​នៅ​ក្នុងស្រុ​កឌឹក ហ័​រ នៃ​ខេត្ត​ខាងលើ​បាន​ចាប់ផ្តើម​ងាប់​នៅ​ខែ​នេះ​។​ពួក​វា​ក្រោយមក​ត្រូវបាន​អ្នកជំនាញ​ពិនិត្យឃើញ​ថា​កើត​ប៉េស​ជ្រូក​​អាហ្វ្រិក នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​អនុប្រធាន​នាយកដ្ឋាន​កសិកម្ម​នៃ​ខេត្ត​ឡុង​អាន​។​

​នាយកដ្ឋាន​បាន​និយាយថា ស្រុកឌឹ​ក ហ័​រ នៅ​ជាប់​ព្រំដែន​កម្ពុជា​និង​ទីក្រុង​ហូជីមិញ​ហើយនឹង​តំបន់​កើត​ជម្ងឺ​ដទៃ​ទៀត​ដូច្នេះ​វា​ពិបាក​ទប់​កុំអោយ​ជម្ងឺ​ផ្តាសាយ​​ជ្រូក​អាហ្វ្រិក​ចូល​ក្នុង​ខេត្ត​នេះ​ណាស់​។​

​ប៉េស​ជ្រូក​អាហ្វ្រិក​ក៏​បាន​ចម្លង​ជ្រូក​នៅ​ក្រុង​កាន់​ធឺ និង​ខេត្ត​ចំនួន​១០​ផ្សេង​ទៀត​នៃ​វៀតណាម​ខាងត្បូង ដោយ​បន្សល់​ទុក​តែ​ខេត្ត​បេន​ត្រេ​តែមួយគត់​ដែល​​នៅ​មិនទាន់​កើត​ជម្ងឺ​នេះ​។​វា​បាន​ទៅ​ដល់​ក្រុង​ហូជីមិញ​កាលពី​សប្តាហ៍​មុន ដោយ​បង្ក​ជម្ងឺ​ក្នុងចំណោម​ជ្រូក​នៅ​កសិដ្ឋាន​មួយ​នៅ​សង្កាត់​លេខ​៩​។​

​ឥឡូវ​៥៩​ខេត្ត​ក្រុង​ក្នុងចំណោម​ខេត្ត​ក្រុង​៦៣​របស់​វៀតណាម​ត្រូវបាន​រាយការណ៍​អំពី​ការផ្ទុះ​ជម្ងឺ​ប៉េស​ជ្រូក​អាហ្វ្រិក​នេះ​ចាប់​តាំងពី​មុន​មក​។​សូមបញ្ជាក់​ថា​វៀត​​ណា​ម​បានសម្លាប់​ជ្រូក​ចោល​យ៉ាងតិច​២,៤៥​លាន​ក្បាល​ចាប់តាំងពី​ជម្ងឺ​នេះ​បាន​បង្ហាញខ្លួន​លើកដំបូង​កាលពី​ខែ​កុម្ភៈ​នៅ​វៀតណាម​ខាងជើង​។​

​វៀតណាម​បាន​វាយ​តំលៃ​ថា ជម្ងឺ​ប៉េស​ជ្រូក​អាហ្វ្រិកនេះ​បណ្តាល​អោយ​ខាតបង់​ប្រា​ក់​៣៦​លាន​លាន​ដុង​(១៦៤​លាន​ដុល្លា​) ចាប់តាំងពី​មុន​មក​ដោយ​តំលៃ​នេះ​គិត​​ទាំង​សោរ​ហ៊ុយ​សម្លាប់​ជ្រូក​កើត​ជម្ងឺ​ចោល​និង​ការធ្វើ​អនាម័យ​តំបន់​មាន​កើត​ជម្ងឺ​។​

​វៀតណាម​ជា​ប្រទេស​មាន​ជ្រូក​ច្រើន​បំផុត​លំដាប់​ទី​៧​គឺ​ប្រមាណ​៣០​លាន​ក្បាល​និង​ជា​ប្រទេស​ធំ​បំផុត​ទី​៦​ខាង​ការផលិត​សាច់ជ្រូក​។​បណ្តា​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​​ផ្តល់​សាច់ជ្រូក​ដល់​គ្រួសារ​ប្រមាណ​២,៤​លាន​។​

​ការ​កើត​ជម្ងឺ​ក្នុងចំណោម​សត្វ​ជ្រូក​នៅ​វៀតណាម​នេះ បណ្តាល​អោយ​មាន​កំណើន​នៃ​ការនាំ​ចូល​សាច់ជ្រូក គឺ​កើន​៦,៧​ដង​នៅ​៤​ខែ​ដើមឆ្នាំ​នេះ​មក​ដល់​ចំនួន​២៣,៥៨​លាន​ដុល្លារ​៕​ដោយ​៖​វាសនា

​ការផ្ទុះ​ជម្ងឺ​ប៉េស​ជ្រូក​អាហ្វ្រិក​នាំ​អោយ​កំណើន​នាំចូល​សាច់ជ្រូក​នៅវៀតណាមកើនឡើង​៦,៧​ដង