ខេត្ត​ហ៊ូ​ប៉ី​របស់​ចិន​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​របស់​ខ្លួន​នៅ​កម្ពុជា​

116

(​ភ្នំពេញ​)៖ មន្ត្រីខេត្ត​របស់​ចិន​ដែលជា​ទឹកដី​ល្បី​ខាង​ទេសភាព​ស្អាត​មាន​ទៅដោយ​ភ្នំ ទន្លេ ព្រៃព្រឹក្សា​ជាពិសេស​ជា​កន្លែង​ល្បីឈ្មោះ​​ខាង​ថត​ខ្សែភាពយន្ត​រឿង​សាម​កុក​គឺ​ខេត្ត​ហ៊ូ​ប៉ី​របស់​ចិន បានមក​ផ្សព្វផ្សាយ​អំពី​តំបន់​ទេសចរណ៍​របស់​ខ្លួន​នៅ​កម្ពុជា​ព្រមទាំង​​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​កម្ពុជា​ទៅដល់​ប្រជាជន​ចិន​ជាពិសេស​ប្រាសាទអង្គរវត្ត​។​

​កាលពី​ព្រឹក​ថ្ងៃទី​២០​ខែធ្នូ ឆ្នាំ​២០១៧ នេះ មន្ត្រី​មកពី​ខេត្ត​ហ៊ូ​ប៉ី​ដែល​ស្ថិតនៅ​ភាគ​កណ្ដាល​ប្រទេស​ចិន​បានរៀបចំ​សិក្ខាសាលា​មួយ​នៅ​​សណ្ឋាគារ​សុខា​ភ្នំពេញ​ដើម្បី​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍​របស់ខ្លួន​ដល់​កម្ពុជា​ដើម្បី​ទាញ​ភ្ញៀវទេសចរ​របស់​កម្ពុជា​ទៅ​ទស្សនា​​នៅ​ទីនោះ​ខណៈ ចំនួន​ទេសចរ​កម្ពុជា​ចេញទៅ​ក្រៅប្រទេស​ក្នុង​មួយ​ឆ្នាំមាន​ប្រមាណ ១ លាន​នាក់ ។

​លោកស្រី ពូ​លៀវ យ៉ាន អគ្គនាយក​ទេសចរណ៍ ខេត្ត​ហ៊ូ​ប៉ី បានឱ្យដឹងថា​ខេត្ត​ហ៊ូ​ប៉ី​មាន​តំបន់​ទេសចរណ៍​ល្បីៗ​ជាច្រើន​ដែល​ទេសចរ​​មកពី​បណ្ដា​ប្រទេស​នានា​តែង​ចង់ទៅ​ទស្សនា​កម្សាន្ត ។ ជាក់ស្ដែង​តំបន់​ទេសចរណ៍​មួយចំនួន​នៅក្នុង​ខេត្ត​ត្រូវបាន​គេ​ជ្រើសរើស​​ជា​កន្លែង​សម្រាប់​ថត​ខ្សែភាពយន្ត ហើយ​ខ្សែភាពយន្ត​ដ៏​ល្បី​មួយ​គឺ​រឿង​សាម​កុក​ក៏បាន​ថត​នៅ​ទីនោះ​ដែរ ដោយ​សាច់រឿង​នោះ ជាង​ពាក់កណ្ដាល​បាន​ថត​នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី ។

​លោកស្រី​បន្តថា តាមពិត​ខេត្ត​ហ៊ូ​ប៉ី និង ប្រទេស​កម្ពុ​ជាមាន​ទំនាក់ទំនង​គ្នា​ផ្ទាល់​យូរ​មកហើយៗ​ក្នុងនោះ​ជើងហោះហើរ​ផ្ទាល់​រវាង​ខេត្ត​​ហួរ​ប៉ី និង​ប្រទេស​កម្ពុជា​ក៏បាន​ភ្ជាប់​ការហោះហើរ​តាំងពី​ឆ្នាំ​២០១២​មកម្ល៉េះ​ដោយ​ចាប់ផ្ដើម​១​ជើង​ក្នុង​មួយ​សប្ដាហ៍​ក៏ប៉ុន្តែ​បើសិនជា​ទំនាក់​​ទំនង​រវាង​ភាគី​ទាំងពីរ​មាន​ភាពល្អប្រសើរ​ជើងហោះហើរ​នឹងត្រូវ​ពង្រីក​ឱ្យ​កាន់តែ​ច្រើនជាង​មុន ។​

​លោក​ឆាយ ឃុន​ឡុង អគ្គនាយករង​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​នៃ​ក្រសួងទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍ថា​៖​ភ្ញៀវទេសចរ​​ចិន​មក​កម្ពុ​ជាមាន​ចំនួន​ប្រមាណ​៩៥ ម៉ឺន​នាក់ នៅក្នុង​រយៈពេល​១០​ខែ ឆ្នាំ ២០១៧​នេះហើយ​ក្រសួងទេសចរណ៍​រំពឹងថា​នឹង​ទទួលបាន​​ភ្ញៀវទេសចរ ២​លាន​នាក់ នៅក្នុង​ឆ្នាំ ២០២០​ខាងមុខនេះ ។

​គួរ​ជម្រាប​ថា​ខេត្ត​ហ៊ូ​ប៉ី ដែលមាន​ទីក្រុង​ឈ្មោះ​អ៊ូ​ហាន់​(Wuhan)​ស្ថិតនៅ ភាគ​កណ្តាល នៃ​ប្រទេស​ចិន​និង​ស្ថិតនៅ​ចំណុចកណ្តាល​នៃ​ទន្លេ​យ៉ាង​ហ្សេ ។ ខេត្ត​នេះ​មាន​ផ្ទៃដី ១៨៥.៩០០ គីឡូម៉ែត្រ​ការ៉េ​ដែល​ធំ​ជាង​ប្រទេស​កម្ពុជា​ទាំងមូល និង​មាន​ប្រជាជន​៦១​លាន​នាក់​ដែល​ច្រើន ជាង​ចំនួន​ប្រជាជន​កម្ពុ​ជាជាង​៣​ដង​៕​ដោយៈ​សុផល​/sn

​សិក្ខាសាលា​នៅ​សណ្ឋាគារ សុខា ភ្នំពេញ ដើម្បី​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍​ខេត្ត​ហ៊ូ​ប៉ី​ដើម្បី​ទាញ​ភ្ញៀវទេសចរ​របស់​កម្ពុជា​ទៅ​ទស្សនា​នៅ​ទីនោះ​(​រូប សុផល​)