ខេមរៈ សិរីមន្ត ថាចង់មានជំនួញ បី-បួន ក្នុងដៃបន្សល់ពេលខ្លួន ចាស់ទៅ

359
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-គ្រាដែលជំនួញកំពុងតែកាក់កប តារាចម្រៀងលំដាប់ប្រទេស ខេមរៈ សិរីមន្ត ក៏កំពុងបន្តអាជីពជំនួញដីធ្លីជាបណ្តើរៗ ជាក់ស្តែងតារាចម្រៀង សិរីមន្ត ក៏បោះជំហ៊ាន ជាមួយ ជំនួញដីឡូតិ៍មួយកន្លែងទៀតហើយ នៅឯជាយដែនខ្មែរថៃ ក្នុងទឹកដី ក្រុង ប៉ោយប៉ែត។

តារាចម្រៀងសំលេងក្រអួនក្រអៅ​ ខេមរៈ សិរីមន្ត បានប្រាប់ក្នុងពិធីសន្និសីទ សារព័ត៌មាន កាលពីព្រឹកថ្ងៃច័ន្ទ ទី១៩ មីនា នៅសណ្ឋាគារសូហ្វីតែល ថាលោក ខំបង្កើត ជំនួញផ្ទាល់ខ្លួន២ទៅ៣មុខ ដើម្បីកុំឲ្យ​គេថា សិល្បៈមិនមានអ្វីសាច់ការ។ លោកខំធ្វើយ៉ាងណា ដើម្បីសិល្បៈ បើកាលណាលោកមានលុយ លោកចង់បង្កើត សិល្បៈឲ្យ​ល្អ ដាក់ការផលិតចេញចម្រៀងជាមួយបច្ចេកវិទ្យាទំនើបៗ ដូចប្រទេសជិតខាង ដោយយកធនធានមនុស្សឲ្យ​កាន់តែល្អចូលរួម។ ដូចនេះបើចង់រីកចម្រើន ទាល់តែមានលុយជាមុនសិន ទើបយើងធ្វើអ្វីៗបាន។

ចំណែកទាក់ទងនិងជំនួញពុះដីឡូតិ៍ លោកបានបញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅ លោកប្រកាសលក់គម្រោងដែលបានទទួលសិទ្ធិ ប្រមាណជាង​១០ហិកតា នៅក្នុងតំបន់ប៉ោយប៉ែត ដោយលោកនឹងវិនិយោគ​ជាគម្រោងពុះដីឡូតិ៍ និង​គម្រោង​ជា​ច្រើន​ទៀត ដើម្បីរួមចំណែកអភិវឌ្ឍន៍តំបន់ព្រំដែនប៉ោយប៉ែត។ លោកបន្តថាខ្លួន​អាទិភាព​​ពិសេស​លើ​គម្រោង​វិនិយោគ​នេះ​ ជាងអ្នក​វិនិយោគ​ផ្សេង​ទៀត ដោយ​នៅ​ក្នុង​នោះ គឺ​លោក​អាច​ប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ​របស់​គម្រោង​មេដូចជា ទឹក ភ្លើង ផ្លូវដែលនៅក្នុងគម្រោងមេនោះ ដោយរាប់ទាំងអាគារខុនដូរ មន្ទីរពេទ្យ សាលា​រៀនអន្តរជាតិ និង​តំបន់សេដ្ឋកិច្ចពិសេស បណ្ដុំរោងចក្រ និងកាស៊ីណូ ដែលមានផែនការអភិវឌ្ឍន៍រយៈពេលវែង ដែលសុទ្ធតែជាផែន ការមេរបស់គម្រោង ទាំងមូលនោះផង។

លោក ថា ដីឡូតិ៍​នៅប៉ោយប៉ែត មានចម្ងាយ៣ គីឡូម៉ែត្រ ពីជាយដែនខ្មែរ-ថៃ ដោយពុះជាឡូតិ៍​៨០០ប្លង់ ចាប់ពីតម្លៃ២៩៥០ដុល្លារឡើងទៅ មានទំហំ ៥គុណ២០ម៉ែត្រ។ នេះជាតម្លៃមួយសមរម្យបំផុត ដែលគិតថា ចុះថ្លៃរួចរាល់ បើតម្លៃត្រឹមត្រូវខ្ទង់៥ពាន់ឡើងឯណោះ។ លោកសម្លឹងឃើញតំបន់នេះ ល្អមិនចាញ់ កំពង់សោម ឬភ្នំពេញ ហើយគម្រោងពុះដីនេះ ចាប់បើក​លក់ពីថ្ងៃ២៣ មី​នា ២០១៩ខាងមុខនេះ​ តទៅ ដោយមានអ្នកខ្លះកក់ ឬទិញរួចរាល់ហើយ​។

ងាកមកការងារសិល្បៈវិញ ទស្សនិកជន បានត្រឹមតែដឹងថា ខេមរៈ សិរីមន្ត គឺជាតារាចម្រៀងដែលអាចក្តោបឱកាសការងារសិល្បៈជាច្រើនរាប់ទាំងការឡើងច្រៀងតាមបណ្តាលខេត្តជាច្រើន។ ប៉ុន្តែដោយសារតែមួយរយៈនេះ ខេមរៈ សិរីមន្ត បានបាត់បង់ឱកាសកើបប្រាក់ ជាច្រើនកម្មវិធី ជាពិសេស លោកបានបញ្ជាក់ថា ប្រហែល៤០កម្មវិធីដែលលោកបាន លុបកុងត្រាជាមួយនិងក្រុមហ៊ុនមួយចំនួន ខណៈដែលលោកបានប្រកាន់ជំហរថា លោកនិងកាន់ទុក្ខប្អូនស្រីពៅរបស់លោក អោយបាន១០០ថ្ងៃ ទើបលោកចាប់ផ្តើមទទួលការងារសិល្បៈវិញ៕