ខេ​ម​សុក ដាស់តឿន​សហព័ន្ធ​កីឡា​ជាតិ ដែល​ឆ្ពោះទៅ​ស៊ី​ហ្គេម ២០២៣ ត្រូវតែដើរ​ឲ្យ​ទាន់​គេ​

179
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ រៀបចំ​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ( ខេ​ម​សុក​=CAMSOC ) បាន​មានប្រសាសន៍ថា សហព័ន្ធ​ទាំងឡាយណា ដែល​ដឹង​ច្បាស់​ថា ខ្លួន​មាន​កាតព្វកិច្ច ឆ្ពោះទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ត្រូវតែ​កែទម្រង់ និង​ដើរ​ឲ្យ​ទាន់​គេ ពីព្រោះ CAMSOC មិន​លូកដៃ​ចូល ក្នុង​កិច្ចការ​ផ្ទៃក្នុង របស់​សហព័ន្ធ​កីឡា​ជាតិ​ឡើយ ប៉ុន្តែ CAMSOC នៅ​រង់ចាំ​ជួយ​ជានិច្ច ឲ្យ​សហព័ន្ធ មាន​ភាពរឹងមាំ និង​ម្ចាស់ការ​ដោយ​ខ្លួនឯង ក្នុង​ផែនការ​អភិវឌ្ឍ​ឆ្ពោះទៅ​ស៊ី​ហ្គ​ម ឆ្នាំ​២០២៣​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​បន្តថា សហព័ន្ធ​កីឡា​ជាតិ ដែលមាន​ក្នុង​ស៊ី​ហ្គេម ឆ្នាំ​២០២៣ គឺ​សហព័ន្ធ​ទាំងនោះ នឹងមាន​ភាពរឹងមាំ រាប់សិប​ឆ្នាំ ក្រោយ​ឆ្នាំ​២០២៣ ជា​បន្តទៀត​។ ដូចនេះ សាមី​សហព័ន្ធ គប្បី​ត្រូវ​នឹកឃើញ និង​ត្រូវ​ប្រឹងប្រែង ឲ្យ​បាន​រឹងមាំ ដោយ​ខ្លួនឯង​។​

​លោក វ៉ា​ត់ ចំរើន បានបញ្ជាក់​ទៀតថា នៅ​ឆ្នាំ​២០២១ ខាងមុខ CAMSOC នឹង​វាយតម្លៃ​ចុងក្រោយ​បំផុត​ថា តើ​សហព័ន្ធ​ណាខ្លះ ត្រូវ​ចូល​ស៊ី​ហ្គេម ឆ្នាំ​២០២៣ និង​សហព័ន្ធ​ណាខ្លះ ត្រូវ​នៅ​ខាងក្រៅ​។​

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC

​លោក​អគ្គលេខាធិការ CAMSOC បាន​សង្កត់ធ្ងន់ថា គណៈកម្មាធិការ​ជាតិ រៀបចំ​ការប្រកួត​កីឡា អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែលមាន សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជា​ប្រធាន និង​លោក​បណ្ឌិត ថោង ខុន ជា​អនុប្រធាន​អចិន្ត្រៃយ៍ បានដាក់​ចេញ​នូវ គោលការណ៍ ឲ្យ​លេខាធិការដ្ឋាន CAMSOC ធ្វើយ៉ាងណា ជំរុញ​យន្តការ​ដឹកនាំ គ្រប់គ្រង របស់​សហព័ន្ធ​កីឡា​ជាតិ ឲ្យ​មាន​ភាពច្បាស់លាស់​។​

​មកដល់ពេលនេះ ភាពស្មុគស្មាញ ត្រូវបាន​ដោះស្រាយ ជា​បន្តបន្ទាប់ ហើយ​ជាក់ស្តែង សហព័ន្ធ​កីឡា ទទួលបាន​សេវា​នេះ ជា​បណ្តើរៗ​ហើយ ដោយ​គិត​មកដល់​ថ្ងៃនេះ គឺមាន​សហព័ន្ធ ចំនួន ៧ ហើយ ដែល​ទទួលបាន​ការឧបត្ថម្ភ​ថវិកា​ពី CAMSOC សម្រាប់​ចេញទៅ​ហ្វឹកហាត់ និង​ធ្វើការ​ប្រកួត នៅក្រៅ​ប្រទេស​។​

​ជាមួយគ្នា​នោះ CAMSOC បាន​កោតសរសើរ​នូវ​ស្មារតី​ចូលរួម​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​របស់​សហព័ន្ធ​កីឡា​ជាតិ​នានា ខណៈ​លេខាធិការដ្ឋាន CAMSOC បាន​បង្កើតអោយមាន ការិយាល័យ​ច្រកចេញចូល​តែមួយ ដើម្បី​កាត់បន្ថយ​ភាពស្មុគស្មាញ និង​ជួយ​សម្រួល​ឲ្យ​បាន​លឿន ឆាប់រហ័ស នូវ​ការឧបត្ថម្ភ​គាំទ្រ​ថវិកា ជូន​ដល់​សហព័ន្ធ​កីឡា​ជាតិ ប្រកបដោយ​ភាពស្មោះត្រង់ និង​ច្បាស់លាស់ ។​

​លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា​៖ ” CAMSOC កំពុង​សម្រួច និង​ជួយ​ជ្រោមជ្រែង ទៅលើ​សហព័ន្ធ​កីឡា​ជាតិ​ណា ដែល​កំពុងមាន​យន្តការ គ្រប់គ្រង​ល្អ និង​ផែនការ​ច្បាស់លាស់​។ រីឯ​សហព័ន្ធ​មួយចំនួន ដែល​នៅ​សេសសល់ បញ្ហា​ផ្ទៃក្នុង ភាព​អសកម្ម​ផ្ទៃក្នុង គឺ​យើង​មិន​រង់ចាំ​ទេ ដោយ CAMSOC នឹង​បន្ត​ដើរ​ឆ្ពោះ ទៅមុខ​ជានិច្ច ” ៕v