ខេ​វិ​ន -​តឿន​- តាក់ និង ភឿ​ត ​នរណា​នៅ​ នរណា​ទៅ ?

503
ចែករម្លែក

ដោយ​: ​រ៉ូ​ហ្សា /
​​ភ្នំពេញ​៖ ​ព្រឹត្តិការណ៍​TV5 Boxing Knock-Out Serir by K-Cement ​សម្រាប់​យប់​ថ្ងៃទី​២០​ កក្កដា​ ខាងមុខនេះ ​ក្នុង​ចំណោម​អ្នក​ប្រដាល់​ ៤​ រូប ​មិនដឹងថា ​២ ​រូប​ណា​នៅ ​ហើយ ​២ ​រូប​ណា ​ខ្ទាត​ចេញ​នោះឡើយ ។​

សូត្រ ខេ​វិ​ន និង ​ថន ភឿ​ត​

សូត្រ ខេ​វិ​ន ​របស់​ក្លិប​បក្សី​ស្លាប​ដែក​ ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ចិត្តធំ ​ថន ភឿ​ត របស់​ក្លិប​ឃ្លាំងមឿង​កីឡា ។​ ខេ​វិ​ន​ ដែលមាន​កំពស់​ល្អ​នោះ គេ​ចូលចិត្ត​ប្រើ​កែង​ និង​ជង្គង់ ​ដើម្បី​ផ្ដួល​គូប្រកួត ​តែមួយ​រយៈ​នេះ​ ខេ​វិ​ន​ ទំនងជា​ខ្ជីខ្ជារ​ ក្នុងការ​ហ្វឹកហាត់​ហើយ​មើលទៅ ​បានជា​ប៉ុន្មាន​ប្រកួត​ ចុងក្រោយ​នេះ​ គេ​វ៉ៃ​អន់ ​និង​ភាគច្រើន​ ជួប​បរាជ័យ ។ សូមបញ្ជាក់ថា​ អ្នក​ប្រដាល់​រូបនេះ ​ចិត្ត​តូច​ណាស់​ បើ​គេ​វ៉ៃ​ឲ្យ​ឈឺ​សាច់​បន្តិច​នោះ ឬ​វ៉ៃ​គេ​មិន​ចូល ឬ​ចូល​ដែរ ​តែ​គេ​មិន​ញញើត​ ខេ​វិន ​ចាប់ផ្ដើមញញើត ​គូប្រកួត​ហើយ ។​

ថន ភឿ​ត​ វិញ ​គេ​ជា​អ្នក​ប្រដាល់​ ដែលមាន​ចិត្តធំ ​និង​វ៉ៃ​ ចូលចិត្ត​ប្ដូរ​ណាស់ ។ បើ​វ៉ៃ​គូប្រកួត​មិន​ចូល​ទេនោះ​ ទោះបី​មួយ​ចាន​ទឹក ​មួយ​ចាន​គោក​ ក៏​គេ​ហ៊ាន​ប្ដូរ​ដែរ ។ តែ​ជួប​ជាមួយ​ ខេ​វិ​ន​ ទំនងជា​មិន​ស្រួល​លេង​ឡើយ ​ព្រោះ​អ្នក​ប្រដាល់​ទាំង ​២ ​រូបនេះ​ មាន​កំពស់​ខុសគ្នា​ខ្លាំងណាស់ ។ ខេ​វិ​ន​ ខ្ពស់ ឯ ថន ភឿ​ត ​ទាប​ជាង​ច្រើន ។​ នរណា​ កក់​កៅអី​ សម្រាប់​ជុំ​ទី​២ ហើយ​នរណា ​បាយៗ​មុនគេ ។​

លី តឿន និង តាំង តាក់

ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ ​លី តឿន ​ក្លិប​ម្កុដ​រាជសីហ៍ ​ប្រកួត​ជាមួយ ​អ្នក​ប្រដាល់ ​តាំង តាក់​ ដែល​ស្កាត់​មកពី​ក្លិប​រស្មី​ភូមិ​គាប ​ខេត្តបន្ទាយមានជ័យ ។​ អ្នក​ប្រដាល់​ទាំង​ ២ ​រូបនេះ​ មាន​កំពស់ និង​រាង​ដូច​ប៉ុនគ្នា​ល្អ​លេង ។​ លី តឿន ​បានតែ​កណ្ដាប់ដៃ​ប៉ុណ្ណោះ​ ហើយ​វ៉ៃ​ចេញ​ មិនសូវ​ច្បាស់​ទៀតផង តែបើ​ចំ​គោលដៅ​វិញ ​គូប្រកួត​លំបាក​នឹង​ទ្រាំទ្រ​ណាស់ ។​ ចំពោះ​ស្នៀត​កែង ទាត់ ជង្គង់​ គេ​វ៉ៃ​មិនសូវ​ច្បាស់​ឡើយ ។​

តាំង តាក់​ ជា​អ្នក​ប្រដាល់​វ័យក្មេង ​គេ​មាន​កលល្បិច​វ៉ៃ​ល្អ ។​ តែ​អ្នក​ប្រដាល់​រូបនេះ​ ភាព​អំណត់​របស់គេ ​មិនសូវ​ល្អ​ គឺ​បើ​គូប្រកួត​វ៉ៃ​ឈឺ​បន្តិច ​គេ​សន្លប់​តែម្ដង ​តែ​ការប្រកួត​ភាគច្រើន​ គេ​ធ្វើ​បានល្អ ។ អ្នក​ប្រដាល់​ទាំង ​២ ​រូបនេះ ​ពុំ​ធ្លាប់​ជួប​ប្រកួត​គ្នា​ ពីមុនមក​ទេ ។ ​នរណា ​ខ្ទាត​ចេញ​ នរណា​កក់​កៅអី​ សម្រាប់​ជុំ​ទី​២ ?។

​ចំពោះ​ការប្រកួត​ជា​មិត្តភាព ​ជាមួយ​អ្នក​ប្រដាល់​ថៃ ​វិញ​នោះ​ ជើង​ខ្លាំង ​ឡៅ ចិ​ត្រា ​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ជួប​ជា​មួយ​ ផេ​ត ផ្លា​យ​ង៉ា​ម ​(Phat Pklayngam) ​ដោយ​ប្រកួត​គ្នា​ ក្នុង​ប្រភេទ​ទម្ងន់ ​៦០ ​គីឡូក្រាម ។​ អ្នក​ប្រដាល់​ថៃ ​រូបនេះ ​ទើបតែ​ឆ្លងដែន​ មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ​ជា​លើកដំបូង​នេះ​ទេ ។

លោក​ ថៃ អ៊ូ ​ដែលជា​អ្នក​នាំ ​អ្នក​ប្រដាល់​ថៃ​រូបនេះ​មក ​បាន​ឲ្យ​ដឹងថា ​ផេ​ត ផ្លា​យ​ង៉ា​ម ​មិន​ស្រួល​បង្ក្រាប​ឡើយ​ តែ​ជួប​ជាមួយ ​ឡៅ ចិ​ត្រា ​មិនដឹង​ជា​លទ្ធផល​ យ៉ាងណា​នោះទេ ៕v

ឡៅ ចិ​ត្រា និង ផេ​ត ផ្លា​យ​ង៉ា​ម​