ខែកក្កដា​ឆ្នាំ​២០១៨​អាជ្ញាធរ​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​២១៧​គ្រឿង​និង​ពិន័យ​ជាង​៥​រយ​លាន​រៀល​

712
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ក្នុង​ខែកក្កដា​ឆ្នាំ​២០១៨​លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​បាន​ចាប់​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កំណត់​ចំនួន​២១៧​គ្រឿង​។​ក្នុងនោះ​ពិន័យ​បាន​ថវិកា​សរុប​ចំនួន ៥២៤.៦៥០.០០០ រៀល​។​

​ចំនួន​រថយន្ត ដែល​ចាប់បាន​ទាំងនេះ មានការ​កើនឡើង​ចំនួន ៥ គ្រឿង គឺ​ពី ២១២ គ្រឿង ក្នុង​ខែមិថុនា មក ២១៧ គ្រឿងក្នុង​ខែកក្កដា​ឆ្នាំ​២០១៨​។​ក្នុងចំណោម​រថយន្ត​ដែល​ចាប់បាន​នោះ​ផ្ទុក​លើស​ទម្ងន់​ចាប់ពី ៥​តោន រហូតដល់ ៤០​តោន​។

ប្រភពពី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បានឱ្យដឹងថា​នៅ​ខេត្តកំពង់ធំ អាជ្ញាធរ​ចាប់បាន​បទល្មើស​ច្រើនជាងគេ​គឺ​រថយន្ត​ចំនួន​៣០​គ្រឿង​។​បន្ទាប់មក​នៅ​ខេត្តកំពង់ចាម​ចាប់បាន​២៨​គ្រឿង​ខេត្តព្រៃវែង​១៥​គ្រឿង​និង​ខេត្តពោធិសាត់​១៣​គ្រឿង​។​

​ចំណែក​ខេត្ត​ដែលមាន​បទល្មើស​តិចជាង​គេ​គឺ​នៅ​ខេត្តកំពង់ស្ពឺ​ដែល​ចាប់បាន​រថយន្ត​ល្មើស​ចំនួន​២​គ្រឿង ខេត្ត​ព្រះសីហនុ ២​គ្រឿង និង​ខេត្តតាកែវ​៣​គ្រឿង​៕S/