ខែកញ្ញា និង ធម្មជាតិ​របស់​កញ្ញា​រាសី​បុគ្គល​

202
ចែករម្លែក

​ភ្នំពេញៈ កញ្ញា ជា​ភាសាបាលី ប្រែជា​ខេមរភាសា​ថា “ ស្រី​ក្រមុំ​តូច ឬ ស្រី​ជំទង់ ។ គេ​អាច​ហៅ​ខែកញ្ញា ថា កញ្ញា​រាសី ក៏បាន ។ កញ្ញា ជា​ខែ​មួយ​ក្នុងចំណោម​ខែ​ទាំង ៤ ដែលមាន​រយៈពេល ៣០ ថ្ងៃ ក្នុង ១ ខែ ។ វា​ជា​ខែ​ទី​៦ នៃ​សុរិយគតិ ប៉ុន្តែ​វា​ជា​ខែ​ទី​៩ នៃ ប្រតិទិន សកល ។​

​ខែកញ្ញា ត្រូវបាន​ផ្តល់កំណើត​ឱ្យនៅ ៧៥៣ ឆ្នាំ មុន​គ្រិស្តសករាជ តាមរយៈ​ប្រតិទិន រ៉ូ​មូ លូ​ស ដែល​ប្រតិ​ទិ​n​នេះ ក្នុង​មួយឆ្នាំ មានតែ ១០ ខែ​ប៉ុណ្ណោះ ដោយ​ចាប់ផ្តើម​ពី​ខែមីនា ។ ក្នុង​ប្រតិទិន រ៉ូ​មូ​លូ​ស នោះ ខែកញ្ញា មានឈ្មោះ​ជា​ភាសា​ឡ​តាំង​ថា Septem ដែលមាន ន័យ​ថា “ ប្រាំពីរ ” ដ្បិត​កាលនោះ កញ្ញា ជា​ខែ​ទី​៧ ក្នុង​ប្រតិទិន​នោះ ។ ដូច្នេះ​មកដល់ ឆ្នាំ​២០១៩ នេះ ខែ​ខែកញ្ញា មាន​អាយុកាល ២.៧៦២ ឆ្នាំ​ហើយ គឺ​១៣០ ឆ្នាំ មុន​ព្រះពុទ្ធ ប្រសូត្រ ឬ ២១០ មុន​ពុទ្ធសករាជ ។​

​ឆ្នាំ​ទី​៧១៣ មុន​គ្រិស្តសករាជ ព្រះ​ចៅ នូ​ម៉ា ប៉ុ​ម​ពី​លី​យើ​ស​ជា​ក្សត្រ​ទី​២ ក្នុងចំណោម ក្សត្រ តាម​បវេណី​ទាំង​ប្រាំពីរ​អង្គ​របស់​ទីក្រុង​រ៉ូម បាន​កែប្រែ​ប្រតិទិន រ៉ូ​មូ​លូ​ស ឱ្យទៅជា ប្រតិទិន នូ​ម៉ា ។ ប្រតិទិន​នេះ ក្នុង​មួយឆ្នាំ មាន​១២​ខែ ហើយ​ខែកញ្ញា ក៏បាន​ក្លាយទៅជា ខែ​ទី​៩ តាំងពី​ពេលនោះ​មក​។​

​ប្រតិទិន នូ​ម៉ា នេះ ត្រូវបាន​កែប្រែ​ឱ្យទៅជា​ប្រតិទិន ជូ​លាន ដោយ​ព្រះ​ចៅ​អ​ធិ​រាជ្យ ជូ​លី​យើ​ស សេ​ហ្សា នៃ​ចក្រភព​រ៉ូ​ម៉ាំង នៅ​៤៦​ឆ្នាំ មុន​គ្រិស្តសករាជ ។ លុះដល់​ឆ្នាំ​១.៥៨២ នៃ គ្រិស្តសករាជ ក៏ត្រូវ​បាន​សម្តេច ប៉ាប ហ្គ្រេ​ហ្កូ​រី ទី​១៣ កែប្រែ​ប្រតិទិន ជូ​លាន នេះ​ឱ្យទៅជា ប្រតិទិន​ហ្ក្រេ​ហ្គោ​រាន ដែលជា​ប្រតិទិន​សកល នាពេល​បច្ចុប្បន្ន ។​

​ឯកសារ​មួយចំនួន បាន​អះអាងថា ខែកញ្ញា ជា​ខែ​ទី​៩ ក្នុង​ប្រតិទិន ជូ​លាន និង​ប្រតិទិន ហ្ក្រេ​ហ្គោ​រាន ដែល​បានសេចក្តីថា ខែកញ្ញា បានក្លាយ​ជា​ខែ​ទី​៩ ក្នុង​ប្រតិទិន​នៅត្រឹម ចាប់តាំងពី​មាន​ប្រតិទិន ជូ​លាន នៅ​៤៦​ឆ្នាំ មុន​គ្រិស្តសករាជ ។ ប្រការនេះ បាន​សេចក្តី ថា អ្នកនិពន្ធ​អត្ថបទ​ទាំងនោះ មើលរំលង ឬ​ភ្លេច​គិតថា ខែកញ្ញា បានក្លាយ​ជា​ខែ​ទី​៩ ក្នុង​ប្រតិទិន តាំងពី​ប្រតិទិន នូ​ម៉ា ត្រូវបាន​ប្រសូត​ឡើង កាលពី​ឆ្នាំ​ទី ៧១៣ មុន​គ្រិស្ត សករាជ​មកម្ល៉េះ ។​

​ទោះយ៉ាងណា តាម​ការពិនិត្យ​តាមដាន គេ​អាច​ឃើញថា តាំងពី​ពេល​បង្កើត​ឡើងមក ខែកញ្ញា មាន​រយៈពេល ២៩ ថ្ងៃ រហូតដល់ ៤៦ ឆ្នាំ មុន​គ្រិស្តសករាជ ដែល​ប្រតិទិន ជូ​លាន ត្រូវបាន​បង្កើតឡើង ទើប​ព្រះ​ចៅ ជូ​លី​យើ​ស សេ​ហ្សា បន្ថែម​មួយថ្ងៃ​ទៅលើ ខែ​នេះ នាំឱ្យ​ខែកញ្ញា មាន​រយៈពេល ៣០ ថ្ងៃ ។​

​ទំនាយ​ចំពោះ​បុគ្គល​កើត​ខែកញ្ញា​
​គេ​អាច​ហៅ​មនុស្ស​កើត​ក្នុង​ខែកញ្ញា ថា កញ្ញា​រាសី​បុគ្គល ក៏បាន ហើយ​តាម​ក្បួន​ហោរា ប​ស្ចឹ​ម​លោក បុគ្គល​ដែល​ចាត់ទុកថា ជា​មនុស្ស​កើត​ក្នុង​ខែកញ្ញា ឬ កញ្ញា​រាសី​បុគ្គល គឺ​ជនានុជន​ទាំងឡាយណា កើត​នៅ​ចន្លោះ​ថ្ងៃទី​២៣ សីហា – ២១ កញ្ញា ។ តាម​ក្បួន នេះ​ពួក​អ្នក​កើត​ក្នុង​កញ្ញា​រាសី ស្មើនឹង​អ្នក​កើត ឆ្នាំរកា នៃ​ក្បួន​ហោរា​ចិន ហើយ​ឆុង​នឹង អ្នក​កើត​ខែមីនា ។​

​ធម្មជាតិ​របស់​មនុស្ស កើត​ខែកញ្ញា គឺ​ភាព​សា្អ​ត និង បរិសុទ្ធ និមិត្តសញ្ញា​របស់ កញ្ញា រាសី​បុគ្គល គឺ​ស្រី​ក្រមុំ ធាតុដី ទទួល​ឥទ្ធិពល​ពី​ភព​ពុធ ជា​ជំពូក​មនុស្ស​ចូលចិត្ត​ប្រើ ប្រាជ្ញា ។ ពណ៌​ដែល​ស័​ក្ត​សម គឺ​ពណ៌​បៃតង និង​ពណ៌​ប្រផេះ​។ ត្បូង​នាំ​សំណាង មាន​ត្បូង​កណ្តៀង ថ្លើមថ្ម ត្បូង​មរកត ត្បូង​ពេជ្រ និង ផ្កាថ្ម​ពណ៌ ស ។​

​ជាទូទៅ កញ្ញា​រាសី​បុគ្គល ជា​មនុស្ស​ទន់ភ្លន់ សុភាពរាបសារ យកចិត្តទុកដាក់ និង​ហ្មត់ ចត់ គ្មាន​គូ​ប្រៀប​។ បុគ្គល​នេះ មុន​ធ្វើ​អ្វីមួយ តែងតែ​គិត​ហ្មត់ចត់ និង​វិភាគ​ច្រើន​មុន នឹង​សម្រេចចិត្ត​។ គេ​ជាម​នុស្ស​ពូកែ​វិភាគ ស្មោះត្រង់ ចិត្តល្អ ចូលចិត្ត​ធ្វើការ​ឲ្យ​អ្នកដទៃ ដោយ​មិន​ចង់បាន​នូវ​ការ​តបស្នង មិន​ប្រាថ្នា​ភាពលេច​មុខ លេច​មាត់​ប្រឹងប្រែង​ធ្វើការ ចូលចិត្ត​អនុវត្តន៍​ជាក់ស្តែង​ជាង​ទ្រឹស្តី ប៉ុន្តែ​អ្វី​ដែលជា​ចំណុចខ្សោយ គឺ​គេ​ជាម​នុស្ស មាន​ក្តីបារម្ភ​ច្រើន អៀនខ្មាស​ច្រើន ជួនកាល​រិះគន់​ខ្លួនឯង និង​អ្នកដទៃ​ហួសហេតុ ។​

​ទោះជា​បុគ្គល​នេះ​មិន​ងាយ​និយាយ ពី​អារម្មណ៍​ស្នេហា​របស់ខ្លួន ឲ្យ​ដៃគូ​បានដឹង​ក៏ ដោយ ប៉ុន្តែ​តាម​ពិ​ទៅ បុគ្គល​នេះ ចង់​ទទួលបាន​ការស្រឡាញ់ ពី​ដៃគូ​ជីវិត​ខ្លាំង ណាស់​។ បុគ្គល​កើត​ក្នុង​កញ្ញា​រាសី មិន​ចូលចិត្ត​មាន​ទំនាក់ទំនង​ស្នេហា​ច្រើន​ឡើយ ពោលគឺ​ជួប​គូស្នេហ៍​គ្រា​ដំបូង​ណា​ម្នាក់ ហើយ​បុគ្គល​នេះ នឹង​ស្រឡាញ់​អស់​មួយជីវិត​។​

​កញ្ញា​រាសី​បុគ្គល គឺជា​មិត្តភក្តិ ចេះ​ជួយ​យកអាសា​គ្នា គួរឱ្យ​រាប់អាន​។ បុគ្គល​នេះ ពុំ​សូវ និយាយស្តី​ច្រើន​ទេ ប៉ុន្តែ​គេ​ពូកែ​ផ្តល់​ដំបូន្មាន ហើយ​ស្គាល់​ច្បាស់​ពី​របៀប​ដោះស្រាយ បញ្ហា​ទាំងពួង​។ ចំពោះ​រឿង​គ្រួសារ ក៏​ដូច្នោះ​ដែរ បុគ្គល​កើត​ក្នុង​កញ្ញា​រាសី តែងមាន វត្តមាន​គ្រប់ពេលវេលា នៅពេលដែល​ក្រុមគ្រួសារ ត្រូវការ ជាពិសេស​មិនដែល​សន្យា ថា​ជួយ​ហើយ​បែរជា​មិន​ជួយ​ទេ​។​

​កញ្ញា​រាសី​បុគ្គល ពូកែ​វិភាគ​គ្រប់​ជ្រុងជ្រោយ និង​ជាម​នុស្ស​ប៉ិនប្រសប់ ក្នុង​ការងារ ណាស់​។ រាល់​បញ្ហា​ទាំងពួង កើតឡើង​ក្នុង​ការងារ​មនុស្ស​នេះ តែង​អាច​ដោះស្រាយ បានជា​និច្ច​។ គេ​ពូកែ​ខាង​រកលុយ ប៉ុន្តែ​រឿង​ចំណាយ​វិញ កំណាញ់​ស្វិត​បន្តិច​ហើយ​មុន ទិញ​របស់របរ​អ្វីមួយ បុគ្គល​នេះ តែង​រៀបចំ​ផែនការ​ទុកជាមុន មិនដែល​ចំណាយ ដោយ​គ្មាន​ទិសដៅ​ឡើយ​។​

​ព្រឹត្តិការណ៍​សំខាន់ៗ​
​ថ្ងៃទី​១ ខែកញ្ញា ជា​ទិវា​រដ្ឋធម្មនុញ្ញ សាធារណរដ្ឋ​ស្លូ​វ៉ា​គី ។ ថ្ងៃទី​២ កញ្ញា ទិវា​ឯករាជ្យ​ជាតិ នៃ​ប្រជាជន​វៀតណាម​, ថ្ងៃទី​៧ ខែកញ្ញា​ទិវា​ឯករាជ្យ នៃ​ប្រជាជន​ប្រេ​ស៊ី​ល , ថ្ងៃទី​៨ ខែ កញ្ញា ទិវា​ឯករាជ្យ​ជាតិ​ម៉ា​សេ​ដូ​នី , នៅ​ថ្ងៃទី​៩ ខែកញ្ញា ទិវា​ឯករាជ្យ​ជាតិ នៃ​កូរ៉េខាងជើង , នៅ​ថ្ងៃទី​១០ ខែកញ្ញា ទិវា​ទប់ស្កាត់​អំពើ​អត្តឃាត​ពិភពលោក , នៅ​ថ្ងៃទី​១៦ ខែ កញ្ញា ទិវា​ឯករាជ្យ​ជាតិ នៃ​ប្រជាជន​ម៉ិ​ក​ស៊ិ​ក ហើយ​នៅ​ថ្ងៃទី​២២ ខែកញ្ញា ទិវា​ឯករាជ្យ​ជាតិ នៃ​ប្រជាជន ម៉ាលី ៕ ដោយៈ មេសា​

#