ខែតុលា “ ជញ្ជីង “ ឬ “ ត្រាជូ “

653

(​ភ្នំពេញ​)៖ តុលា ជា​ភាសាបាលី និង សំស្ក្រឹត ប្រែជា​ខេមរភាសា​ថា “ ជញ្ជីង “ ឬ “ ត្រាជូ “ ។ វា​ជា​ឈ្មោះ​ខែ​ទី​៧ នៃ សុរិយា​គតិ ប៉ុន្តែ​ប​វា​ជា​ខែ​ទី​១០ នៃ ប្រតិទិន​សកល ។ តុលា ជា​ខែ​មួយ​ក្នុងចំណោម​ខែ​ទាំង​ប្រាំពីរ នៃ​ប្រតិទិន​សកល ដែល​ក្នុង​មួយខែ​មាន​រយៈពេល ៣១​ថ្ងៃ ។ គេ​អាច​ហៅ​ខែតុលា ថា តុល​រាសី ក៏បាន ។​

​ខែ តុលា ត្រូវបាន​ផ្តល់កំណើត​ឱ្យ​តាំងពី ៧៥៣ ឆ្នាំមុន​គ្រិស្តសករាជ ១៣០ ឆ្នាំមុន​ព្រះពុទ្ធ​ប្រសូត ឬ ២១០ មុន​ពុទ្ធសករាជ តាមរយៈ​ប្រតិទិន រ៉ូ​មូ​លូ​ស ដែល​ប្រតិ​ទិ​នេះ ក្នុង​មួយឆ្នាំ​មានតែ​១០​ខែ​ប៉ុណ្ណោះ ដោយ​ចាប់ផ្តើម​ពី​ខែ មីនា ។ ដូច្នេះ​មកដល់​ឆ្នាំ​២០១៧ នេះ ខែ តុលា មាន​អាយុកាល​២.៧៧០ ឆ្នាំ​ហើយ ។ ខែតុលា ដែលជា​ភាសា​អង់គ្លេស​ថា​អុក​ថូ​ប៊ឺ​( October) នោះ មកពី​ឈ្មោះ​ដើម​ជា ភាសាឡាតាំង នៅ ក្នុង​ប្រតិទិន រ៉ូ​មូ​លូ​ស ថា អុក​តូ​(Octo ) ប្រែ​ថា “ ប្រាំបី ” ដ្បិត តុលា ជា​ខែ​ទី​ប្រាំបី ក្នុង​ប្រតិទិន រ៉ូ​មូ​លូ​ស នោះឯង ។

​ឆ្នាំ​ទី ៧១៣ មុន​គ្រិស្តសករាជ ព្រះ​ចៅ នូ​ម៉ា ប៉ុ​ម​ពី​លី​យើ​ស ជា​ក្សត្រ​ទី​ពីរ​ក្នុងចំណោម​ក្សត្រ​តាម​បវេណី​ទាំង​ប្រាំពីរ​អង្គ​របស់​ទីក្រុង​រ៉ូម បាន​កែប្រែ​ប្រតិទិន រ៉ូ​មូ​លូ​ស ឱ្យទៅជា​ប្រតិទិន នូ​ម៉ា ដោយ​ការបញ្ចូល​ខែ​ចំនួន​នៅ​ខាងដើម គឺ​ខែមករា និង ខែកុម្ភៈ នាំឱ្យ ប្រតិទិន​នេះ ក្នុង​មួយ​ឆ្នាំមាន​១២ ខែ ។ ប្រតិទិន​នេះ ក្នុង​មួយ​ឆ្នាំមាន​១២ ខែ ក៏​ចាប់ផ្តើម​មាននៅ​ក្នុង​លោក​តាំងពី​ពេល​នោះឯង ហើយ​ខែ តុលា ក៏បាន​ក្លាយទៅជា​ខែ​ទី​១០ តាំងពី​ពេលនោះ​មក​ដែរ ។

​ប្រតិទិន នូ​ម៉ា នេះ ត្រូវបាន​កែប្រែ​ឱ្យទៅជា​ប្រតិទិន ជូ​លាន ដោយ ព្រះ​ចៅ​អ​ធិ​រាជ្យ ជូ​លី​យើ​ស សេ​ហ្សា នៃ ចក្រភព​រ៉ូ​ម៉ាំង នៅ​៤៦​ឆ្នាំមុន​គ្រិ​ស្ទ​សករាជ ។ លុះដល់​ឆ្នាំ​១.៥៨២ នៃ គ្រិស្តសករាជ ក៏ត្រូវ​បាន​សម្តេច ប៉ាប ហ្គ្រេ​ហ្កូ​រី ទី​១៣ កែប្រែ​ប្រតិទិន ជូ​លាន នេះ​ឱ្យទៅជា ប្រតិទិន​ហ្ក្រេ​ហ្កូ​រាន​ដែលជា​ប្រតិទិន​សកល​នាពេល​បច្ចុប្បន្ន ។​

​ឯកសារ​មួយចំនួន​បាន​អះអាងថា ខែ តុលា ជា​ខែ​ទី​១០​ក្នុង​ប្រតិទិន ជូ​លាន និង ប្រតិទិន​ហ្ក្រេ​ហ្កូ​រាន ដែល​បានសេចក្តីថា ខែ តុលា បានក្លាយ​ជា​ខែ​ទី​១០​ក្នុង​ប្រតិទិន នៅត្រឹម​ចាប់តាំងពី​មាន​ប្រតិទិន ជូ​លាន នៅ​៤៦​ឆ្នាំមុន​គ្រិស្តសករាជ ។ ប្រការនេះ​បានសេចក្តីថា អ្នកនិពន្ធ​អត្ថបទ​ទាំងនោះ មើលរំលង ឬ ភ្លេច​គិតថា ខែ តុលា បានក្លាយ​ជា​ខែ​ទី​១០​ក្នុង​ប្រតិទិន តាំងពី​ប្រតិទិន នូ​ម៉ា ត្រូវបាន​ប្រសូត​ឡើង កាលពី​ឆ្នាំ​ទី ៧១៣ មុន​គ្រិស្តសករាជ​មកម្ល៉េះ ។​
​ ​
​ខែ តុលា ជាទូទៅ គឺជា​សរទរដូវ នៅ​អឌ្ឍគោល​ខាងជើង ត្រូវ​ចំពេល​ជាមួយគ្នា​នឹង និ​ទាឃ​រដូវ ឬ រដូវ​ផ្កា​រីក នៅ​អឌ្ឍគោល​ខាងត្បូង ហើយក៏​ជា​ពេលដែល​ពួក​ប​ច្ចឹ​ម​លោក​កំពុង​ប្រា​ព្ធ​ពិធីបុណ្យ​ព្រលឹង Halloween ។ ចំណែក​នៅ​បណ្តា​ប្រទេស​កាន់​ព្រះពុទ្ធសាសនា​និកាយ ថេរវាទ ដូចជា កម្ពុជា ឡាវ ថៃ ម៉ា​យ៉ាន់​ម៉ា ជាដើម ខែ តុលា គឺជា​ពេលចេញ​វស្សា ហើយក៏​ជា​រដូវ​បុណ្យកឋិន​ទាន​នៅ​កម្ពុជា ខែ តុលា ក៏​ជា​ពេល​ចាប់ផ្តើម​ពេញបន្ទុក នៃ​រដូវ​កាល​អាពាហ៍ពិពាហ៍ និង ក៏​ជា​ពេល​ចាប់ផ្តើម​ដាំ​ដុះ សម្រាប់​អ្នកស្រុក​ចម្ការ​ដែរ ។
​ ​
ទំនាយ​ជន​កើត​ខែ តុលា​
​តាម​ក្បួន​ហោរាសាស្ត្រ​ប​ច្ចឹ​ម​លោក បុគ្គល​ដែល​ចាត់ទុកថា​ជា តុល​រាសី​ជន​គឺ​ជនានុជន​ទាំងឡាយណា​កើត​នៅក្នុង​ចន្លោះ​ថ្ងៃទី​២៣​កញ្ញា​-២២ តុលា ។ និមិត្តសញ្ញា របស់​អ្នក​កើត​ខែតុលា គឺ​ជញ្ជីង ឬ ត្រាជូ ។ មនុស្ស​កើត​ខែតុលា​ទទួល​ឥទ្ធិពល​ពី ភព​ព្រះ​សុក្រ ដែល​ត្រូវបាន​គេ ស្គាល់​នៅក្នុង​ទេវ​កថា​ក្រិ​កថា ភព​ព្រះ​នាង​កាម​ទេព ធាតុខ្យល់ ជា​ប្រភេទ​មនុស្ស​ចូលចិត្ត​ប្រើ​ប្រាជ្ញា ពណ៌​ពេញនិយម គឺ​ពណ៌ ខៀវ ត្បូង​នាំ​សំណាង គឺ ត្បូង​កណ្តៀង​។ ពួក​អ្នក​កើត​ក្នុង​ខែ តុលា ស្មើនឹង​អ្នក​កើត​ក្នុង​ឆ្នាំ ច នៃ ក្បួន​ហោរា​ចិន ហើយ​ឆុង​នឹង​អ្នក​កើត​ក្នុង​ខែមេសា ។​

​បុគ្គល​កើត​ក្នុង​ខែតុលា គឺជា​មនុស្ស​ស្រឡាញ់​សន្តិភាព និង យុត្តិធម៌ ខ្លាច​ភាព​ឯកា ស្អប់​បំផុត​នូវ​ភាពអយុត្តិធម៌ និង អំពើហិង្សា ។ មិត្តភាព និង ភាពជា​ដៃគូ ឬ ការសហការ គឺជា​រឿង​សំខាន់​ខ្លាំងណាស់​សម្រាប់​បុគ្គល​នេះ ជាពិសេស​ទំនាក់ទំនង​ដៃគូ​ជា​លក្ខណៈ​បុគ្គល​។​ គេ​ជាម​នុស្ស​ចិត្ត​ទូលាយ ទន់ភ្លន់ រួសរាយ​រាក់ទាក់ ប៉ុន្តែ​មិនសូវ​និយាយ​ច្រើន ហើយក៏​មិនសូវ​ចូលចិត្ត​អ្នក​និយាយ​ច្រើន ពោរពេញ​ដោយ ការប្រកួតប្រជែង និង​យល់​ការខុសត្រូវ ។ ប៉ុន្តែ​គេ​ក៏​ជាម​នុស្ស​រួញរា គុំកួន ឫស្យា គេចវេះ​ពី​ការប្រឈមមុខគ្នា និង ពូកែ​តូចចិត្ត​ខ្លួនឯង ណាស់ដែរ ។ ទោះយ៉ាងណា លក្ខណៈ​ពី​ធម្មជាតិ​របស់គេ គឺ​គេ​មាន​ភាព​ទាក់ទាញ និង សមសួន ។​

​បុគ្គល​កើត​ក្នុង​ខែតុលា គឺជា​គូស្នេហ៍​ដ៏​ប្រសើរ​ល្អ​គាប់ ចេះ​យោគយល់ និង​អធ្យាស្រ័យ​បំផុត​ចំពោះ​គូស្នេហ៍​របស់ខ្លួន​។ មនុស្ស​នេះ​តែងតែ បង្ហាញ​នូវ​អារម្មណ៍​ផ្ទាល់ខ្លួន​ឲ្យ​ដៃគូ​របស់ខ្លួន បានដឹង និង​ពូកែ​ធ្វើ​ឲ្យ​ដៃគូ​ស្នេហ៍​មាន​ភាពកក់ក្តៅ​ខ្លាំងណាស់​។ នៅពេល​មិត្តភក្តិ​ជួប​ការ លំបាក ឬ​ដោះស្រាយ​បញ្ហា​អ្វីមួយ​មិន​ចេញ​បុគ្គល​កើត​ក្នុង​តុល​រាសី​តែងតែ​នៅ​ទីនោះ​ចាំ​ជួយ​មិត្តភក្តិ​ជានិច្ច​។​មនុស្ស​នេះ​តែង​បង្ក លក្ខណៈ​សប្បាយ រីករាយ​ដល់​គ្រួសារ​ជានិច្ច​។​

​បុគ្គល​កើត​ក្នុង​តុល​រាសី អាច​ក្លាយជា​មេដឹកនាំ​ដ៏​ល្អឥតខ្ចោះ និង​ស័ក្តិសម​នឹង​ទទួល​ឋានៈ​នេះ​បំផុត​ដោយសារតែ​បុគ្គល​នេះ ជា​មនុស្ស​ពូកែ​ប្រឹងប្រែង តស៊ូ​ក្នុង​ការងារ​។ បុគ្គល​នេះ​ចូលចិត្ត​ធ្វើកា រ​ជាមួយ​មនុស្ស និង​ប្រឡូក​ក្នុងសង្គម ។ គេ​ជាម​នុស្ស​ដែល​ពូកែ​បំផុត រឿង​ថ្លឹងថ្លែង​ពី​ចំណូល និង​ចំណាយ​។ លុយ​ដែល​បុគ្គល​នេះ រកបាន​តែង​ចំណាយ​ទៅវិញ​ចំ​ទិសដៅ​ជាទីបំផុត ។ ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៤ គឺជា​ខួប​ទី​១០ នៃ ការ​គ្រង​រាជ​របស់​ព្រះករុណា ព្រះបាទ​បរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ​កម្ពុជា ។​

​ព្រឹត្តិការណ៍​ផ្សេងៗ​
​ថ្ងៃទី ១ ខែ តុលា គឺជា ទិវា​ឯករាជ្យ​ជាតិ នី​ហ្សេ​រី​យ៉ា , ថ្ងៃទី ២ ទិវា​ឯករាជ្យ​ជាតិ ហ្គី​ណេ , ថ្ងៃទី ៣ ទិវា​រួបរួម​អាល្លឺម៉ង់​ខាងលិច និង អាល្លឺម៉ង់​ខាងកើត​បន្ទាប់ពី​ប្រទេស​ចាញ់​សង្គ្រាមលោក​ទី ២ នេះ ស្ថិតក្រោម​ការ​គ្រប់​គ្រង់​របស់​ពួក​អ្នកឈ្នះ​រាប់សិប​ឆ្នាំង​មក , ថ្ងៃទី ៥ ទិវា​សាធារណរដ្ឋ ព័រទុយហ្កាល់ , ថ្ងៃទី ៩ ទិវា​ឯករាជ្យ​ជាតិ អ៊ូ​ហ្ក​ង់​ដា , ថ្ងៃទី ១១ ទិវា​ឯ​បដិវត្តន៍ ម៉ា​សេ​ដូ​នី ហើយ​ថ្ងៃទី ១៨ ទិវា​ឯករាជ្យ​ជាតិ អា​ហ្សែ​បាយ​ហ្ស​ង់ ៕ ដោយៈ មេសា​

​ជញ្ជីង ដែលជា​និម្មិត​សញ្ញា នៃ ជន​កើត​ខែតុលា (Octo 1)
​ត្បូង​កណ្តៀង​ដែ​ជា​ត្បូង​នាំ​សំណាង​សម្រាប់​អ្នក​កើត​ខែតុលា (Octo 2)

-​ ​ត្បូង​កណ្តៀង​ដែ​ជា​ត្បូង​នាំ​សំណាង​សម្រាប់​អ្នក​កើត​ខែតុលា (Octo 2)