ខែមិថុនា និង ធម្មជាតិ​របស់​មិថុនរាសី​បុគ្គល​

580
ចែករម្លែក

​ភ្នំពេញៈ មិថុនា មកពី​ពាក្យ​ថា មិថុន (​មិ​-​ថុ​-​ណៈ​) ជា​ភាសាបាលី និង សំស្ក្រឹត ប្រែជា ខេមរភាសា​ថា “ គូ នៃ បុរស និង ស្ត្រី “ ។ គេ​អាច​ហៅ ខែមិថុនា ថា មិថុនរាសី (​មិ​-​ថុ​-​ណៈ​-​រាសី​) ក៏បាន ។ មិថុនា ជា​ខែ​ទី​បី នៃ សុរិយគតិ ប៉ុន្តែ​វា​ជា​ខែ​ទី ៦ នៃ ប្រតិទិន សកល ហើយ​គឺជា​ខែ​មួយ​ក្នុងចំណោម​ខែ​ទាំង​បួន​ដែលមាន​រយៈពេល​៣០​ថ្ងៃ ក្នុង​មួយខែ និង​ជា​ខែ​ដែលមាន​ពេល​ថ្ងៃ​យូរ​ជាងគេ​បំផុត​នៅ​អឌ្ឍគោល​ខាងជើង ប៉ុន្តែ​នៅ​អឌ្ឍគោល ខាងត្បូង វា​មាន​ពេល​ថ្ងៃ​ខ្លី​ជាងគេ​បំផុត ។​
​ ​
​នៅ​អឌ្ឍគោល​ខាងជើង រដូវក្តៅ ចាប់ផ្តើម​នៅ​ថ្ងៃទី​១ ខែ មិថុនា ចំណែក​នៅ​អឌ្ឍគោល ខាងត្បូង ថ្ងៃទី​០១ ខែមិថុនា ជា​ពេល​ចាប់ផ្តើម នៃ សិសិររដូវ គឺ​រដូវរងា ។ ខែមិថុនា ដែលជា​ភាសា​អង់គ្លេស​ថា June មកពី​ភាសាឡាតាំង​ថា Junius ជា​ពាក្យ​ហៅ​តាម​នាម របស់​ទេវតា Juno ដែលជា​ទេវតា​អាពាហ៍ពិពាហ៍​នៅក្នុង​ទេវ​កថា រ៉ូ​ម៉ាំង ។ ដោយហេតុ នេះហើយ ប្រពៃណី​ជនជាតិ​រ៉ូ​ម៉ាំង​ពី​បុរាណ រយៈកាល​ចាប់ពី​ពាក់​កណ្តាលខែ ឩ​សភា ដល់​ពាក់​កណ្តាលខែ មិថុនា ត្រូវបាន​គេ​ចាត់ទុកថា​ជា​រដូវ​កាល​អាពាហ៍ពិពាហ៍ ។​

​សាវតារ​
មិថុនា ត្រូវបាន​ផ្តល់កំណើត​ឱ្យ​តាំងពី​៧៥៣​ឆ្នាំមុន​គ្រិស្តសករាជ តាមរយៈ​ប្រតិទិន រ៉ូ​មូ​លូ​ស ហើយ​កាលណោះ មិថុនា ជា​ខែ​ទី ៤ ដោយសារ​ខែ​ទីមួយ នៃ ប្រតិទិន រ៉ូ​មូ​លូ​ស នោះ គឺ​ខែ មីនា ដ្បិត​កាលណោះ ពុំទាន់​មាន​ខែ មករា និង ខែ កុម្ភៈ នៅឡើយ ហើយ ប្រតិទិន​នោះ​ក្នុង​មួយឆ្នាំ​មានតែ ១០​ខែ​ប៉ុណ្ណោះ ។ ដូច្នេះ​មកដល់​ឆ្នាំ​២០១៩ នេះ ខែមិថុនា មាន​អាយុកាល​២.៧៧២ ឆ្នាំ​ហើយ ។​

​ឆ្នាំ​ទី ៧១៣ មុន​គ្រិស្តសករាជ ព្រះ​ចៅ នូ​ម៉ា ប៉ុ​ម​ពី​លី​យើ​ស ជា​ក្សត្រ​ទី​ពីរ​ក្នុងចំណោម​ក្ស ត្រ​តាម​បវេណី​ទាំង ៧ រ​អង្គ របស់​ទីក្រុង​រ៉ូម បាន​កែប្រែ​ប្រតិទិន រ៉ូ​មូ​លូ​ស ឱ្យទៅជា ប្រតិទិន នូ​ម៉ា ដោយ​ការបន្ថែម​ខែ​ចំនួន ២ នៅ​ខាងដើម គឺ​ខែ មករា និង ខែ កុម្ភៈ ។ ប្រតិទិន ដែល​ក្នុង​មួយឆ្នាំ​មាន ១២ ខែ ក៏​ចាប់​មាន​ប្រាកដ ក្នុង​លោក​តាំងពី​ពេលនោះ​មក ហើយ​ខែ មិថុនា ក៏បាន​ក្លាយទៅជា​ខែ​ទី ៦ តាំងពី​ពេលនោះ​មក​ដែរ ។​

​ប្រតិទិន នូ​ម៉ា នេះ ត្រូវបាន​កែប្រែ​ឱ្យទៅជា​ប្រតិទិន ជូ​លាន ដោយ​លោក ជូ​លី​យើ​ស សេ​ហ្សា នៅ​៤៦​ឆ្នាំមុន​គ្រិស្តសករាជ ហើយ នៅ​ឆ្នាំ​១៥៨២ នៃ គ្រិស្តសករាជ​ក៏ត្រូវ​បាន សម្តេច ប៉ាប ហ្គ្រេ​ហ្កូ​រី ទី​១៣ កែប្រែ​ឱ្យទៅជា ប្រតិទិន​ហ្ក្រេ​ហ្កូ​រាន​ដែលជា​ប្រតិទិន សកល​នាពេល​បច្ចុប្បន្ន ។​

​ជំនឿ​និង​ទំនាយ​
​ប្រពៃណី​ទំនៀមទម្លាប់​ប្រជាជន​នៅ អ៊ី​សឡង់​ដ៍ ជឿថា​ប្រសិនបើ​គេ​ស្រាត​ងូតទឹក សន្សើម​នាពេល​ព្រឹក​ព្រហាម នៃ ថ្ងៃទី​២៤ ខែមិថុនា នោះ គេ​នឹងមាន​អាយុ​វែង ។​

តាម​ក្បួនហោ​រាប​ច្ចឹ​ម​លោក បុគ្គល​ដែល​ចាត់ទុកថា​កើត​នៅ​ខែមិថុនា គឺ​ជនានុជន ទាំងឡាយណា​កើត​ពី​ចន្លោះ​ថ្ងៃទី​២១ ខែ ឩ​សភា​-២០ ខែ មិថុនា ។

គេ​អាច​ហៅ​បុគ្គល​កើត​ខែមិថុនា ថា មិថុនរាសី​បុគ្គល​ក៏បាន ។ និមិត្តសញ្ញា​នៃ​មិថុនរាសី បុគ្គល​គឺ មនុស្ស​ភ្លោះ ធាតុខ្យល់ ទទួល​ឥទ្ធិពល​ពី​ភព​ពុធ​គេ​ជា​ប្រភេទ​មនុស្ស​ចូលចិត្ត ប្រើ​អារម្មណ៍ ។ ពណ៌​ដែល​ស​ក្ត​សម​គឺ​ពណ៌​បៃតង រីឯ​ត្បូង​នាំ​សំណាង​គឺ ត្បូង​ចរណៃ និង ត្បូង​ដួង​ចន្ទ ។ មិថុនរាសី​បុគ្គល ស្មើនឹង​មនុស្ស​កើត​ឆ្នាំមមី​ក្នុង​ក្បួន​ហោរា​ចិន​ហើយ​ឆុង នឹង​មនុស្ស​កើត​ខែធ្នូ (២២ វិច្ឆិកា​-២១ ធ្នូ​)​។​

​មិថុនរាសី​បុគ្គល គឺជា​មនុស្ស​ប្រសប់​ធ្វើ​គ្រប់​កិច្ចការងារ​ប៉ុន្តែ​មាន​លក្ខណៈ​ខុសគ្នា​ពីរ​យ៉ាង គឺ​៖ ទី ១. បុគ្គល​នេះ​ពូកែ​ម្ញ៉ិកម្ញ៉ក់ រួសរាយ ពូកែ​ទំនាក់ទំនង និង​ចូលចិត្ត​ការសប្បាយ ។ ចំណុច​ទី​២. បុគ្គល​នេះ​គឺជា​មនុស្ស​ចេះ​គិតគូរ​ពិចារណា ហ្មត់ចត់ មមាញឹក និង រារែក មិន​ចូលចិត្ត​អ្វីដែល​ច្រំ​ដែល ខ្លាច​ភាព​ឯកោ និង ការដែល​ត្រូវ​អ្នកដទៃ​គ្រប់គ្រង ។ គេ​ចេះ​បត់បែន​គ្រប់​កាលទេសៈ និង រហ័សរហួន ជា​មនុស្ស​ដែល​គេឯង​ចង់​ប្រាស្រ័យ ទាក់ទង​ជាមួយ ។ គេ​ជាម​នុស្ស​ស្ទុះស្ទា​ចង់ដឹង ចង់ឃើញ មាន​សមត្ថភាព​ក្នុង​ការចែក រំលែក​ទស្សនៈ មាន​អធ្យាស្រ័យ​ល្អ ប៉ុន្តែ​ជួនកាល​គេ​ចូលចិត្ត​ចំណាយ​កម្លាំង​ទៅគ្រប់ ទីកន្លែង​ឥតប្រយោជន៍ ។​

​ជួនកាល​ត្រូវបាន​អ្នកដទៃ​មើលឃើញថា បុគ្គល​នេះ​ជា​មនុស្ស​សាវា​ក្នុង​រឿង​ស្នេហា គេ​ចាត់ទុក​ស្នេហ៍​ដូចជា​រឿង​កម្សាន្ត​ដ៏​រីករាយ​ក្នុង​ជីវិត ព្រោះ​គេ​ត្រូវការ​ស្ទាបស្ទង់ និង​សម្រិតសម្រាំង​រកម​នុស្ស​ដែល​ស័ក្តិសម​នឹង​ខ្លួនគេ​បំផុត ។ ម្យ៉ាងទៀត​បុគ្គល​នេះ ចូលចិត្ត​ចង់ដឹងថា​ស្នេហា​មាន​ភាព​ល្វីង​ជូរចត់ និង​ផ្អែមល្ហែម​បែបណា​។ ប៉ុន្តែ​នៅពេល ដែល​គេ​រកបាន​អ្នក​ដែល​ខ្លួន​ពេញចិត្ត​ហើយ​នោះ​បុគ្គល​នេះ​តែងតែ​លះបង់​គ្រប់​អ្វីៗ ទាំងអស់​ដើម្បី​រក្សា​ចំណងស្នេហា​របស់ខ្លួន​ឲ្យ​ឋិតថេរ​ជា​អមតៈ​។ បុគ្គល​កើត​ក្នុង​មិថុន រាសី​ចាត់ទុក​គ្រួសារ​ជា​រឿង​សំខាន់​ជាងគេ ឲ្យ​តែ​គ្រួសារ​ជួប​បញ្ហា​បុគ្គល​នេះ​តែង​ចេញ មុខ​ជួយ​ដោះស្រាយ​ជានិច្ច​ហើយ​គេ​មិនដែល​បង្ករឿង​រ៉ាវ​ដល់ គ្រួសារ​ឡើយ ។​
​ចំពោះ​ការងារ​វិញ មិថុនរាសី​បុគ្គល ចូលចិត្ត​តែ​ប្រភេទ​ការងារ​ណា​ដែលមាន​លក្ខណៈ ប្រកួតប្រជែង​ប៉ុណ្ណោះ ។ ក្រៅពីនេះ​បុគ្គល​កើត​ក្នុង​មិថុនរាសី​ក៏​ជា​មនុស្ស​ពូកែ​ខាង ដោះស្រាយ​បញ្ហា​ផងដែរ​ក្នុង​រឿង​ការងារ ។ គេ​ពូកែ​រកលុយ​មិនដែល​ចំណាយ​ខ្ជះខ្ជាយ ឥតប្រយោជន៍​ប៉ុន្តែ​មិនមែនជា​មនុស្ស​កំណាញ់​ឡើយ ។​

​ព្រឹត្តិការណ៍​សំខាន់ៗ​
​ថ្ងៃទី ១ ខែ មិថុនា គឺជា​ទិវា កុមារ​អន្តរជាតិ , ថ្ងៃទី ២ ទិវា​បង្កើត​សាធារណរដ្ឋ នៃ​ប្រទេស អ៊ីតាលី , ថ្ងៃទី ៦ ទិវា​ជាតិ នៃ ប្រទេស ស៊ុយអែត , ថ្ងៃទី ១០ ទិវា ជាតិ នៃ​ប្រទេស​ព័រ ទុយ​ហ្កា​ល់ , ថ្ងៃទី ១២ ទិវា ឯករាជ​ជាតិ នៃ ព្រ​ទេស​ហ្វីលីពីន និង ទិវា រុស្ស៊ី , ថ្ងៃទី ១២ ទិវា ជាតិ រុស្ស៊ី , ថ្ងៃទី ២៥ ទិវា ជាតិ នៃ ប្រទេស​ក្រូ​អាត ៕ ចងក្រងៈ​មេសា​