ខែមីនា​មាន​វត្តមាន​នៅលើ​ពិភពលោក​នេះ​ជិត​បី​ពាន់​ឆ្នាំ​ហើយ​

638
ចែករម្លែក
  • 3
    Shares

ភ្នំពេញ​៖ គេ​ពុំ​ដឹង​ច្បាស់​ថា មានការ​ប្រែល​ប្រួល​តិចតួច​ក្នុង ការហៅ​ឈ្មោះ​ខែមីនា តាំងពី​ពេល ណា​ឡើយ ប៉ុន្តែ​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ​ជួន ណាត បាន​អះអាងថា​ដើមឡើយ គេ​ហៅថា ខែ “​មីន​“ លុះ​ក្រោយមក​ទើប​ហៅថា ខែ “​មីនា​” ។ មីនា​ជា​ភាសាសំស្ក្រឹត និង​ភាសាបាលី ប្រែជា​ភាសា​ខ្មែរ​ថា “​ត្រី​” ឬ “​មច្ឆា​” ។ គេ​អាច​ហៅ​ខែមីនា ថា “​មីនរាសី​” ក៏បាន ។ តាម​សំឡេង អក្សរ​ខ្មែរ ត្រូវ​អាន​ថា មីនា​, ប៉ុន្តែ ទម្លាប់​ទាញ​ឱ្យ​អាន​ថា “​មីណា​” ពាក្យ នេះ ក៏បាន​ក្លាយទៅជា​អញ្ញត្រសព្ទ គឺ ពាក្យ​ដែលមាន​លក្ខណៈ​ដោយឡែក ។​
​ ​
ខែមីនា ស្ថិតនៅ​ល្វែង​ទី​១២ នៃ​សុរិយគតិ ប៉ុន្តែ​វា​ជា​ខែ​ទី​៣ នៃ ប្រតិទិន​នូ​ម៉ា​ប្រតិទិន ជូ​លាន និង ប្រតិទិន​ហ្ក្រេ​ហ្គោ​រាន ដែលជា ប្រតិទិន​សកល នាពេល​បច្ចុប្បន្ន ហើយ​វា​គឺជា​ខែ​មួយ​ក្នុងចំណោម ខែ​ទាំង​ប្រាំពីរ ដែល​ក្នុង​មួយខែ​មាន ៣១​ថ្ងៃ ។ នៅ​ឆ្នាំ​ធម្មតា ខែមីនា ចាប់ផ្តើម​នៅ​ថ្ងៃ នៃ​សប្តាហ៍​ដូចគ្នា នឹង​ខែវិច្ឆិកា និង​ខែកុម្ភៈ ហើយ ដាច់​ខែ​នៅ​ថ្ងៃ នៃ​សប្តាហ៍​ដូចគ្នា នឹង ខែមិថុនា រៀងរាល់ឆ្នាំ ។ ចំណែក នៅ​ឆ្នាំ​លើក​ខែមីនា ចាប់ផ្តើម​នៅ ថ្ងៃ​ដូចគ្នា​នឹង​ខែកញ្ញា និង​ខែធ្នូ​នៃ​ឆ្នាំ មុន ។​
​ ​
នៅ​អឌ្ឍគោល​ខាងជើង ថ្ងៃទី​១​ខែមីនា ជា​ពេល​ចាប់ផ្តើម​នៃ និ​ទាឃ​រដូវ គឺ​រដូវ​ស្លឹកឈើ​លាស់ ឬ រដូវ​ផ្កា​រីក ។ ប៉ុន្តែ​នៅ​អឌ្ឍគោល​ខាង ត្បូង ថ្ងៃទី​១ ខែមីនា ជា​ពេល​ចាប់ផ្តើម នៃ​សរទរដូវ ឬ​ស្លឹកឈើ​ជ្រុះ ។​
​ ​
​ខែមីនា​ដែលជា​ភាសា អង់គ្លេស ថា March មកពី​ពាក្យ រ៉ូ​ម៉ាំង​បុរាណ ថា Martius នៅក្នុង ប្រតិទិន​រ៉ូ​មូ​លូ​ស​របស់​ជនជាតិ​រ៉ូ​ម៉ាំង ហើយ​ប្រតិទិន​នេះ បង្កើតឡើង​នៅ ៧៥៣​ឆ្នាំមុន​គ្រិស្តសករាជ ។ ដូច្នេះ គិត​ត្រឹម​ឆ្នាំ​២០១៩ ខែមីនា មាន អាយុកាល​នៅលើ​លោក​នេះ​ចំនួន ២.៧៧២​ឆ្នាំ​ហើយ ។ ស្ថាបនិក​នៃ ប្រតិទិន​រ៉ូ​មូ​លូ​ស បានដាក់​ឈ្មោះ​ខែ នេះ​ថា Martiu តាម​ឈ្មោះ​ទេវ ប្រយុទ្ធ​មួយអង្គ នៅក្នុង​ទេវ​កថា Mars រាំ​ស ឬ Ares ។​
​ ​
​ខែមីនា​នេះ ដើមឡើយ គឺ ជា​ខែ​ទី​១ នៅក្នុង​ប្រតិទិន គឺ​មិនមែន ជា​ខែ​ទី​៣ ដូច​បច្ចុប្បន្ននេះ​ទេ ដោយ កាលណោះ គេ​ប្រើប្រាស់​ប្រតិទិន ឈ្មោះ​រ៉ូ​មូ​លូ​ស (Romulus) របស់ ជនជាតិ​រ៉ូ​ម៉ាំង ដែលជា​បុ​ព្វា​ធិ​ការី នៃ ប្រតិទិន​សកល​នាពេល​បច្ចុប្បន្ន ។ ប្រតិទិន​រ៉ូ​មូ​លូ​ស​នោះ ក្នុង​មួយឆ្នាំ មានតែ​១០​ខែ​ប៉ុណ្ណោះ ហើយ​ខែ មីនា គឺជា​ខែ​ទី​១ (​ហេតុនេះ​សម័យ កាលនោះ ថ្ងៃ​ចូលឆ្នាំថ្មី​សកល គឺ​នៅ ថ្ងៃទី​១ ខែមីនា​) ហើយ​កាលនោះ ពិភពលោក​មិនទាន់មាន​ខែមករា និង​ខែកុម្ភៈ នៅឡើយ ។​
​ ​
​គេ​ដឹងថា ក្នុង​មួយ​ឆ្នាំមាន ៣៦៥​ថ្ងៃ ប៉ុន្តែ​ដោយសារ​ប្រតិទិន រ៉ូ​មូ​លូ​ស ក្នុង​មួយឆ្នាំ មានតែ​៣០៤​ថ្ងៃ ដោយ​ទុក​៦១​ថ្ងៃ ចោល​នៅ​ទំនេរ (​ដោយសារ​ជំនឿ​របស់​ជនជាតិ​រ៉ូ​ម៉ាំង រយៈពេល​នេះ ជា​ពេល​ខ្មៅ​) ធ្វើឱ្យ គេ​មិនអាច​កត់ត្រា និង​កំណត់ ឬ គ្រប់គ្រង​នូវ​រាល់​ព្រឹត្តិការណ៍​ដែល​កើតឡើង​ក្នុងអំឡុង ពេល​៦១​ថ្ងៃនេះ ទើប​នៅ​ឆ្នាំ​ទី​៧១៣ មុន​គ្រិស្តសករាជ ស្តេច​នូ​ម៉ា​ប៉ុ​ម​ពី​លី​យើ​ស (Numa Pompilius ជា​ក្សត្រ​ទី​២ នៃ​ទីក្រុង​រ៉ូម បាន​កែប្រែ​ប្រតិទិន​រ៉ូ​មូ​លូ​ស ដោយ យក​៦១​ថ្ងៃ ដែល​ប្រតិទិន​រ៉ូ​មូ​លូ​ស ទុកចោល​នោះ បង្កើតជា​ខែ​ចំនួន​ពីរ គឺ​ខែ January (​មករា​) និង February (​កុម្ភៈ​) បញ្ចូល​នៅ​ខាងដើម នៃ ប្រតិទិន នាំឱ្យ​ឆ្នាំ​ក្នុង​ប្រតិទិន​រ៉ូ​ម៉ាំង ចាប់ផ្តើម​មាន​១២​ខែ​ក្នុង​មួយឆ្នាំ ចាប់ពីពេលនោះ​មក ហើយ​ខែមីនា ក៏បាន​ក្លាយជា​ខែ​ទី​៣ តាំងពី​ពេល នោះមក​ដែរ ។ ប្រតិទិន​ថ្មី​នេះ ឈ្មោះ ថា ប្រតិទិន​នូ​ម៉ា (Numa Calendar) ហើយ​ថ្ងៃ​ចូលឆ្នាំថ្មី ក៏​លែង​ជា​ថ្ងៃទី​១ ខែមីនា ទៀត​ដែរ គឺ​នៅ​ថ្ងៃទី​១ ខែមករា វិញ ។​
​ ​
​ទោះយ៉ាងណា​ប្រទេស មួយចំនួន នៅតែ​ចូលឆ្នាំថ្មី នៅ​ថ្ងៃទី​១ ខែមីនា ដដែល ដូចជា ប្រទេស​រុស្ស៊ី បន្ត​ចូលឆ្នាំថ្មី នៅ​ថ្ងៃទី​១ ខែមីនា រហូតដល់​ដាច់​សតវត្ស៍​ទី​១៥ នៃ គ្រិស្តសករាជ ។ ចំណែក​ចក្រភព អង់គ្លេស និង​ដែនដី​ក្រោម​អាណានិគម តែងតែ​ចូលឆ្នាំថ្មី នៅ​ថ្ងៃទី​២៥ ខែមីនា រហូតដល់​ឆ្នាំ​១៧៥២ នៃ​គ្រិស្តសករាជ ។ រហូតដល់​ឆ្នាំ ទី​៤៦ មុន គ្រិស្តសករាជ ទើប​ថ្ងៃទី​១ ខែមករា​ត្រូវបាន​គេ​ទទួល យក​ថា ជា ថ្ងៃ​ចូលឆ្នាំថ្មី​សកល រហូតមកដល់ បច្ចុប្បន្ន ។​
​ ​
ជំនឿ​ហោរា​ប​ស្ចឹ​មលោក​
តាម​ក្បួនហោ​រាប​ស្ចឹ​ម លោក បុគ្គល​ដែល​ចាត់ទុកថា ស្ថិត នៅក្នុង​មីនរាសី គឺ​ជនានុជន​ទាំង ឡាយ​ណា កើត​នៅ​ចន្លោះ​ថ្ងៃទី​១៩ ខែកុម្ភៈ ដល់​ថ្ងៃទី​២០ ខែមីនា ហើយ​គេ​អាច​ហៅ​បុគ្គល​ដែល កើត​ក្នុង ខែមីនា ថា មីន (​មី​-​នៈ​) រាសី​បុគ្គល ក៏បាន ។​
​ ​
​មីនរាសី បុគ្គល​ជាម​នុស្ស ធាតុទឹក មាន​សត្វ​ត្រី ជា​និម្មិត​សញ្ញា ទទួល​ឥទ្ធិពល​ពី​ផ្កាយ​ព្រះ​កេតុ ឬ ភព​ណិ​ប​ទូ​ន (Neptune) និង​ផ្កាយ ព្រហស្បតិ៍ (Jupiter) ។ ពណ៌​ដែល សក្តិសម​គឺ​ពណ៌​បៃតង ទឹក​សមុទ្ទ ។ មីនរាសី​បុគ្គល ស្មើនឹង​ជន​កើត​ឆ្នាំ ទន្សាយ ឬ​ឆ្នាំថោះ ក្នុង​ក្បួន​ហោរា ចិន ឆុង​នឹង​អ្នក​កើត​ខែកញ្ញា ។​
​ ​
ត្បូង​នាំ​សំណាង​សម្រាប់ ជន​កើត​ខែមីនា គឺ​ត្បូងថ្ម​ហ្វែ​ល​ស្ប៉ា​ថ ឬ​ត្បូង​ដួង​ចន្ទ (Moon Stone) ។ គេ ជា​ប្រភេទ​មនុស្ស​អវិជ្ជមាន ប៉ុន្តែ​ជា មនុស្ស​ដែល​អាច​បត់បែន និង​ជា មនុស្ស​ទ្រឹស្តី​និយម ហើយក៏​ជាម​នុស្ស ប្រកាន់​គោលការណ៍​ណាស់ដែរ ។​
​ ​
ព្រឹត្តិការណ៍​
ទិវា​វប្បធម៌​ជាតិ​នៃ ប្រទេស​កម្ពុជា ធ្វើ​នៅ​ថ្ងៃទី​៣ ខែ មីនា ហើយ​ថ្ងៃទី​៣ ខែមីនា ក៏​ជា​ទិវា សេរីភាព នៃ​ប្រទេស​ប៊ុលហ្គារី ផង ដែរ ។ ថ្ងៃទី​៦ ខែមីនា ជា​ទិវា ឯករាជ្យ នៃ​ប្រទេស​ហ្កា​ណា ។ ទិវា សិទ្ធិនារី​អន្តរជាតិ (International Women’s Day) ត្រូវធ្វើ​នៅ​ថ្ងៃទី​៨ ខែ មីនា ។​

​ស​ម្តេ​ព្រះមហា​ឃោស​ន​ន្ទ ដែល​ជនជាតិ​ថៃ បាន​ចាត់ទុកថា ជា​ព្រះអរហន្ត​ហើយ​ពួក​អ្នកប្រាជ្ញ ឥណ្ឌា បាន​ចាត់ទុកថា ជា​ព្រះ​ពោធិសត្វ នោះ បាន​ចូល​ទិវង្គត​យ៉ាង​ស្ងប់ ស្ងៀម​នៅក្នុង​ព្រះ​ដំណាក់ របស់ ព្រះអង្គ នាទី​ក្រុង​ឡូវ៉ែល រដ្ឋ ម៉ាសាឈូសេត សហរដ្ឋ​អាម៉េរិក ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០០៧ ។​
​ ​
ថ្ងៃទី​២០ ខែមីនា គឺជា​ទិវា ឯករាជ្យ នៃ​ប្រទេស​ទុយ​នេ​ស៊ី ។ ថ្ងៃ ទី​២៣ ខែមីនា ជា​ទិវា​សាធារណរដ្ឋ នៃ​ប៉ា​គី​ស្ថាន ហើយ​ថ្ងៃទី​២៥ ខែ មីនា ជា​ទិវា​ឯករាជ្យ​នៃ​ប្រទេស​ក្រិ​ក ចំណែក​ថ្ងៃទី​២៦ ខែមីនា គឺជា​ទិវា ឯករាជ្យ​នៃ​ប្រទេស​បង់​ក្លា​ដែ​ស ៕ ប្រែ​សម្រួល​ដោយ​: មេសា​

​គំនូរ​រូប​ត្រី​ដែលជា​និមិត្តសញ្ញា​នៃ​ខែមីនា
ត្បូងថ្ម​ហ្វែ​ល​ស្ប៉ា​ថ​ឬ​ត្បូង​ដួង​ចន្ទ​ដែលជា​ត្បូង​នាំ​សំណាង​ដល់​មនុស្ស​កើត​ខែមីនា
​រូបសំណាក​ទេវតា​ប្រយុទ្ធ​នៅក្នុង​ទេវ​កថា​ក្រិ​ក​ឈ្មោះ​Mars ឬ Ares ​ដែល​ត្រូវបាន​គេ​យកឈ្មោះ​មក​ដាក់ឱ្យ​ខែមីនា