ខែមីនា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចាប់​រថយន្ត​លើស​ទម្ងន់ ២៤០ គ្រឿង ពិន័យ​បាន​ជាង ៤៦៥ លាន​រៀល​

1568
ចែករម្លែក

ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រកាសថា នៅ​ខែមីនា ឆ្នាំ​២០១៨ ក្រុមការងារ​ជំនាញ​របស់​ក្រសួង បាន​ឃាត់ និង​ផាកពិន័យ​រថយន្ត​លើស​ទម្ងន់ បាន​ចំនួន​សរុប ២៤០ គ្រឿង ដោយ​ពិន័យ​បាន​ប្រាក់ ៤៦៥៨២០០០០ រៀល​។ រថយន្ត​លើស​ទម្ងន់​ទាំងនេះ ត្រូវបាន​ចាប់​ឃាត់​នៅ​ស្ថានីយ​ជញ្ជីង​ថ្លឹង និង​ក្រុមការងារ​ចល័ត​សរុប ២៧ កន្លែង​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា ក្នុងចំណោម​ស្ថានីយ​ថ្លឹង​រថយន្ត និង​ក្រុមការងារ​ចល័ត​ទាំង ២៧ កន្លែង គឺ​នៅ​ខែមីនា រថយន្ត​លើស​ទម្ងន់ ដែល​បាន​ឃាត់ និង​ពិន័យ​ច្រើនជាងគេ នៅ​ស្ថានីយ​ប្រាសាទ ក្នុង​ខេត្តកំពង់ធំ ចំនួន ៥៧ គ្រឿង បន្ទាប់មក​នៅ​ស្ថានីយ​ថ្នល់កែង ខេត្តកំពង់ចាម ចំនួន ៣១ គ្រឿង និង​ក្រុមការងារ​ចល័ត​របស់​ក្រសួង បាន​ចាប់​ឃាត់ និង​ផាកពិន័យ​រថយន្ត​បាន​ចំនួន ២៦ គ្រឿង​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏បាន​គូសបញ្ជាក់ថា ចំនួន​រថយន្ត​លើស​ទម្ងន់ ដែល​ចាប់បាន នៅ​ខែមីនា មានការ​ថយចុះ​ចំនួន ៦៤​គ្រឿង គឺ​ពី ៣០៤ គ្រឿង ក្នុង​ខែកុម្ភៈ មក ២៤០ គ្រឿង ក្នុង​ខែមីនា ឆ្នាំ​២០១៨​។ ក្នុងចំណោម​រថយន្ត ដែល​ចាប់បាន​នោះ ផ្ទុក​លើស​ទម្ងន់​ចាប់ពី ៥ តោន រហូតដល់ ៣២ តោន​៕ ដោយ ម៉េង​ឆៃ​