ខែមីនា មាន​វត្តមាន​នៅលើ​ពិភពលោក​នេះ ជិត​បី​ពាន់​ឆ្នាំ​ហើយ​

216
ចែករម្លែក

​ភ្នំពេញៈ គេ​ពុំ​ដឹង​ច្បាស់​ថា មានការ​ប្រែប្រួល​តិចតួច ក្នុង​ការហៅ​ឈ្មោះ​ខែមីនា តាំង ពី​ពេលណា​ឡើយ ប៉ុន្តែ​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​អះ អាង ថា ដើមឡើយ គេ​ហៅថា ខែ “​មីន​“ លុះ​ក្រោយមក ទើប​ហៅថា​ខែ ”​មីនា​” ។ មីនា ជា​ភាសា សំស្ក្រឹត និង​ភាសាបាលី ប្រែជា​ភាសា​ខ្មែរ​ថា “ ត្រី “ ឬ “ មច្ឆា “ ។ គេ​អាច​ហៅ​ខែមីនា​ថា “​មីន រាសី​” ក៏បាន​។ តាម​សំឡេង​អក្សរ​ខ្មែរ ត្រូវ​អាន​ថា មីនា​, ប៉ុន្តែ​ទម្លាប់​ទាញ​ឲ្យ​អាន​ថា “​មីណា​” ពាក្យ​នេះ ក៏បាន​ក្លាយទៅជា​អញ្ញត្រសព្ទ គឺ​ពាក្យ​ដែលមាន​លក្ខណៈ​ដោយឡែក​។​

​ខែមីនា ស្ថិតនៅ​ល្វែង​ទី​១២ នៃ​សុរិយគតិ ប៉ុន្តែ​វា​ជា​ខែ​ទី​៣ នៃ​ប្រតិទិន​នូ​ម៉ា ប្រតិទិន ជូ​លាន និង​ប្រតិទិន​ហ្ក្រេ​ហ្គោ​រាន ដែលជា​ប្រតិទិន​សកល នាពេល​បច្ចុប្បន្ន ហើយ​វា​គឺជា ខែ​មួយ ក្នុងចំណោម​ខែ​ទាំង​ប្រាំពីរ ដែល​ក្នុង​មួយខែ មាន​៣១​ថ្ងៃ​។ នៅ​ឆ្នាំ​ធម្មតា ខែមីនា ចាប់ផ្តើម នៅ​ថ្ងៃ នៃ​សប្តាហ៍​ដូចគ្នា​នឹង​ខែវិច្ឆិកា និង​ខែកុម្ភៈ ហើយ​ដាច់​ខែ​នៅ​ថ្ងៃ​នៃ​សប្តាហ៍​ដូចគ្នា នឹង​ខែមិថុនា រៀងរាល់ឆ្នាំ​។ ចំណែក​នៅ​ឆ្នាំ​លើក ខែមីនា ចាប់ផ្តើម​នៅ​ថ្ងៃ​ដូចគ្នា​នឹង ខែ កញ្ញា និង​ខែធ្នូ នៃ​ឆ្នាំមុន​។​

​នៅ​អឌ្ឍគោល​ខាងជើង ថ្ងៃទី​១​ខែមីនា ជា​ពេល​ចាប់ផ្តើម នៃ​និ​ទាឃ​រដូវ គឺ​រដូវ​ស្លឹកឈើ​លាស់ ឬ​រដូវ​ផ្កា​រីក​។ ប៉ុន្តែ​នៅ​អឌ្ឍគោល​ខាងត្បូង ថ្ងៃទី​១​ខែមីនា ជា​ពេល​ចាប់ ផ្តើម​នៃ​សរទរដូវ ឬ​ស្លឹកឈើ​ជ្រុះ​។​

​ខែមីនា ដែលជា​ភាសា​អង់គ្លេស​ថា March មកពី​ពាក្យ​រ៉ូ​ម៉ាំង​បុរាណ​ថា Martius នៅក្នុង​ប្រតិទិន រ៉ូ​មូ​លូ​ស​របស់​ជនជាតិ​រ៉ូ​ម៉ាំង ហើយ​ប្រតិទិន​នេះ បង្កើតឡើង​នៅ ៧៥៣​ឆ្នាំមុន​គ្រិស្តសករាជ​។ ដូច្នេះ​គិត​ត្រឹម​ឆ្នាំ​២០២០ ខែមីនា មាន​អាយុកាល នៅលើ​លោក​នេះ រយៈពេល ២.៧៧៣ ឆ្នាំ​ហើយ​។ ស្ថាបនិក​នៃ​ប្រតិទិន​រ៉ូ​មូ​លូ​ស បានដាក់​ឈ្មោះ​ខែ​នេះ​ថា Martius តាម​ឈ្មោះ​ទេវ ប្រយុទ្ធ​មួយអង្គ នៅក្នុង​ទេវ​កថា ក្រិ​ក​នាម Mars ឬ Ares ។​

​ខែមីនា​នេះ ដើមឡើយ គឺជា​ខែ​ទី​១ នៅក្នុង​ប្រតិទិន គឺ​មិនមែនជា​ខែ​ទី​៣ ដូច​បច្ចុប្បន្ននេះ​ទេ ដោយ​កាលណោះ គេ​ប្រើប្រាស់​ប្រតិទិន​ឈ្មោះ រ៉ូ​មូ​លូ​ស (Romulus) របស់​ជនជាតិ​រ៉ូ​ម៉ាំង ដែលជា​បុ​ព្វា​ធិ​ការី នៃ​ប្រតិទិន​សកល​នាពេល​បច្ចុប្បន្ន​។ ប្រតិទិន​រ៉ូ​មូ​លូ​ស​នោះ ក្នុង​មួយឆ្នាំ មានតែ ១០ ខែ​ប៉ុណ្ណោះ ហើយ​ខែមីនា គឺជា​ខែ​ទី​១ (​ហេតុនេះ​សម័យកាល​នោះ ថ្ងៃ​ចូលឆ្នាំ ថ្មី​សកល គឺ​នៅ​ថ្ងៃទី​១​ខែមីនា​) ហើយ​កាលនោះ ពិភពលោក​មិនទាន់មាន​ខែមករា និង​ខែកុម្ភៈ​នៅឡើយ​។​

​គេ​ដឹងថា ក្នុង​មួយ​ឆ្នាំមាន​៣៦៥​ថ្ងៃ ប៉ុន្តែ​ដោយសារ​ប្រតិទិន​រ៉ូ​មូ​លូ​ស ក្នុង​មួយឆ្នាំ មានតែ​៣០៤ ថ្ងៃ ដោយ​ទុក ៦១​ថ្ងៃ ចោល​នៅ​ទំនេរ (​ដោយសារ​ជំនឿ​របស់​ជនជាតិ រ៉ូ​ម៉ាំង ថា រយៈពេល​នេះ ជា​ពេល​ខ្មៅ​) ធ្វើ​ឱ្យគេ​មិនអាច​កត់ត្រា និង​កំណត់ ឬ​គ្រប់គ្រង​នូវ​រាល់​ព្រឹត្តិការណ៍​ដែល កើតឡើង ក្នុងអំឡុងពេល ៦១​ថ្ងៃនេះ ទើប​នៅ​ឆ្នាំ​ទី​៧១៣ មុន​គ្រិស្ដសករាជ ស្តេច​នូ​ម៉ា ប៉ុ​ម​ពី​លី​យើ​ស (NumaPompilius) ជា​ក្សត្រ​ទី​២ នៃ​ទីក្រុង​រ៉ូម បាន​កែប្រែ​ប្រតិទិន​រ៉ូ​មូ​លូ​ស ដោយ​យក ៦១​ថ្ងៃ ដែល​ប្រតិទិន​រ៉ូ​មូ​លូ​ស ទុកចោល​នោះ បង្កើតជា​ខែ​ចំនួន​ពីរ​គឺ​ខែ January (​មករា​) និង February (​កុម្ភៈ​) បញ្ចូល​នៅ​ខាងដើម នៃ​ប្រតិទិន នាំឱ្យ​ឆ្នាំ ក្នុង​ប្រតិទិន រ៉ូ​ម៉ាំង ចាប់ផ្តើម​មាន ១២​ខែ ក្នុង​មួយឆ្នាំ ចាប់ពីពេលនោះ​មក ហើយ​ខែមីនា ក៏បាន​ក្លាយជា​ខែ​ទី​៣ តាំងពី​ពេលនោះ​មក​ដែរ​។ ប្រតិទិន​ថ្មី​នេះ ឈ្មោះថា ប្រតិទិន​នូ​ម៉ា (Numa Calendar) ហើយ​ថ្ងៃ​ចូលឆ្នាំថ្មី ក៏​លែង​ជា​ថ្ងៃទី​១ ខែមីនា ទៀត​ដែរ គឺ​នៅ​ថ្ងៃទី​១ ខែមករា​វិញ​។​

​ទោះយ៉ាងណា ប្រទេស​មួយចំនួន នៅតែ​ចូលឆ្នាំថ្មី នៅ​ថ្ងៃទី​១ ខែមីនា​ដដែល ដូចជា​ប្រទេស រុស្ស៊ី បន្ត​ចូលឆ្នាំថ្មី នៅ​ថ្ងៃទី​១​ខែមីនា រហូតដល់​ដាច់​សតវត្ស៍​ទី​១៥ នៃ​គ​.​ស​។ ចំណែក​ចក្រ ភព​អង់គ្លេស និង​ដែនដី​ក្រោម​អាណានិគម តែងតែ​ចូលឆ្នាំថ្មី នៅ​ថ្ងៃទី​២៥ ខែមីនា រហូតដល់ ឆ្នាំ​១៧៥២ នៃ​គ​.​ស​។ រហូតដល់​ឆ្នាំ​ទី​៤៦ មុន​គ​.​ស ទើប​ថ្ងៃទី​១ ខែមករា​ត្រូវបាន​គេ​ទទួលយក​ថា ជា​ថ្ងៃ​ចូលឆ្នាំថ្មី​សកល រហូតមកដល់​បច្ចុប្បន្ន​។​

​ជំនឿ​ហោរា​បស្ចិម​លោក តាម​ក្បួន​ហោរា​បស្ចិម​លោក បុគ្គល​ដែល​ចាត់ទុកថា ស្ថិតនៅក្នុង មីនរាសី គឺ​ជនានុជន​ទាំងឡាយណា កើត​នៅ​ចន្លោះ​ថ្ងៃទី​១៩ ខែកុម្ភៈ ដល់​ថ្ងៃទី​២០ ខែមីនា ហើយ​គេ​អាច​ហៅ​បុគ្គល​ដែល​កើត​ក្នុង​ខែមីនា ថា​មីន (​មី​-​នៈ​) រាសី​បុគ្គល​ក៏បាន​។​

​មីនរាសី​បុគ្គល ជា​មនុស្ស​ធាតុទឹក មាន​សត្វ​ត្រី ជា​និម្មិត​សញ្ញា ទទួល​ឥទ្ធិពល​ពី​ផ្កាយ​ព្រះ​កេតុ ឬ​ភព​ណិ​ប​ទូ​ន (Neptune) និង​ផ្កាយ​ព្រហស្បតិ៍​(Jupiter) ។ ពណ៌​ដែល​សក្តិសម គឺ​ពណ៌​បៃតង និង ពណ៌​ទឹក​សមុទ្ទ​។ មីនរាសី បុគ្គល​ស្មើនឹង​ជន​កើត​ឆ្នាំ​ទន្សាយ ឬ​ឆ្នាំថោះ ក្នុង​ក្បួន​ហោរា​ចិន ឆុង​នឹង​អ្នក​កើត​ខែកញ្ញា​។​

​ត្បូង​នាំ​សំណាង សម្រាប់​ជន​កើត​ខែមីនា គឺ​ត្បូងថ្ម​ហ្វែ​ល​ស្ប៉ា​ថ ឬ​ត្បូង​ដួង​ចន្ទ (Moon Stone) ។ គេ​ជា​ប្រភេទ​មនុស្ស​អវិជ្ជមាន ប៉ុន្តែ​ជាម​នុស្ស​ដែល​អាច​បត់បែន និង​ជាម​នុស្ស​ទ្រឹស្តី​និយម ហើយក៏​ជាម​នុស្ស​ប្រកាន់​គោលការណ៍​ណាស់ដែរ​។​

​ព្រឹត្តិការណ៍​
.​ទិវា​វប្បធម៌​ជាតិ នៃ​ប្រទេស​កម្ពុជា ធ្វើ​នៅ​ថ្ងៃទី​៣​ខែមីនា ហើយ​ថ្ងៃទី​៣ ខែមីនា​ក៏​ជា​ទិវា សេរីភាព​នៃ​ប្រទេស​ប៊ុលហ្គារី​ផងដែរ​។​ថ្ងៃទី​០៦​ខែមីនា​ជា​ទិវា​ឯករាជ្យ​នៃ​ប្រទេស​ហ្កា​ណា​។ ទិវា​សិទ្ធិនារី​អន្តរជាតិ​( International Women’s Day ) ត្រូវធ្វើ​នៅ​ថ្ងៃទី​៨ ខែមីនា​។​

-​សម្តេច​ព្រះមហា​ឃោស​ន​ន្ទ ដែល​ជនជាតិ​ថៃ បាន​ចាត់ទុកថា ជា​ព្រះអរហន្ត ហើយ​ពួក​អ្នក ប្រាជ្ញ​ឥណ្ឌា បាន​ចាត់ទុកថា ជា​ព្រះ​ពោធិសត្វ​នោះ បាន​ចូល​ទិវង្គត យ៉ាង​ស្ងប់ស្ងៀម​នៅក្នុង ព្រះ​ដំណាក់​របស់​ព្រះអង្គ នាទី​ក្រុង​ឡូវ៉ែល រដ្ឋ​ម៉ាសាឈូសេត សហរដ្ឋអាមេរិក ថ្ងៃទី ១២ ខែមីនា ឆ្នាំ​២០០៧​។​

​ថ្ងៃទី​២០ ខែមីនា គឺជា​ទិវា​ទិវា​ឯករាជ្យ នៃ​ប្រទេស​ទុយ​នេ​ស៊ី​។ ថ្ងៃទី​២៣ ខែមីនា ជា​ទិវា​សា ធារ​ណ​រដ្ឋ នៃ​ប៉ា​គី​ស្ថាន ហើយ​ថ្ងៃទី​២៥ ខែមីនា ជា​ទិវា​ឯករាជ្យ​នៃ​ប្រទេស​ក្រិ​ក ចំណែក​ថ្ងៃទី ២៦ ខែមីនា គឺជា​ទិវា​ឯករាជ្យ នៃ​ប្រទេស​បង់​ក្លា​ដែ​ស​៕

គំនូរ​រូប​ត្រី​ដែលជា​និមិត្តសញ្ញា​នៃ​ខែមីនា
ត្បូងថ្ម​ហ្វែ​ល​ស្ប៉ា​ថ​ឬ​ត្បូង​ដួង​ចន្ទ​ដែលជា​ត្បូង​នាំ​សំណាង​ដល់​មនុស្ស​កើត​ខែមីនា
​រូបសំណាក​ទេវតា​ប្រយុទ្ធ​នៅក្នុង​ទេវ​កថា​ក្រិ​ក​ឈ្មោះ​Mars ឬ Ares​ដែល​ត្រូវបាន​គេ​យកឈ្មោះ​មក​ដាក់ឱ្យ​ខែមីនា