ខែវិច្ឆិកា ប្រែ​ថា សត្វ​ខ្ទួយ

466

អ្នក​កើត​ខែ​នេះ​មាន​តណ្ហា​ក្រាស់​

(​ភ្នំពេញ​)៖ ពាក្យ​ថា វិច្ឆិកា មកពី​ភាសាបាលី និង ភាសាសំស្ក្រឹត ថា “ វិច្ឆិកៈ ” បក​ប្រែជា​ខេមរភាសា​ថា សត្វ​ខ្ទួយ ឬ សត្វ​ខ្យាដំរី ភាសា​អង់គ្លេស​ថា scorpion ។ វា​ជា​ឈ្មោះ​ខែ​ទី​ប្រាំបី នៃ សុរិយគតិ ប៉ុន្តែ​វា​ជា​ខែ​ទី​១១ នៃ ប្រតិទិន​សកល ត្រូវ​នឹង​ខែអស្សុជ​-​កត្តិក នៅក្នុង​ចន្ទគតិកាល ដែលជា​ដើម​នៃ​ហេមន្តរដូវ គឺ​រដូវ​មាន​ទឹកសន្សើម ឬ​រដូវរងា ។ គេ​អាច​ហៅ​ខែវិច្ឆិកា ថា វិច្ឆិក (​វិច្ឆិកៈ​) រាសី ក៏បាន ។​

​វិច្ឆិកា គឺជា​ខែ​មួយ​ក្នុងចំណោម​ខែ​ទាំង​ប្រាំ នៃ ប្រតិទិន​សកល ដែលមាន​រយៈពេល​៣០​ថ្ងៃ ហើយ​វា​ជា​និ​ទាឃ​រដូវ នៅ​តំបន់​អ​ឌ្ឃ​គោល​ខាងត្បូង ប៉ុន្តែ​ជា​សរទរដូវ នៅ​អឌ្ឍ គោល ខាងជើង ។

១៣០ ឆ្នាំ​ព្រះពុទ្ធ​ប្រសូត្រ ឬ ២១០ មុន​ពុទ្ធសករាជ ត្រូវជា ៧៥៣ ឆ្នាំមុន​គ្រិស្តសករាជ ខែ វិច្ឆិកា ត្រូវបាន​ផ្តល់កំណើត​ឱ្យ​តាមរយៈ​ប្រតិទិន រ៉ូ​មូ​លូ​ស ដែល​ប្រតិ​ទិ​នេះ ក្នុង​មួយឆ្នាំ​មានតែ​១០​ខែ​ប៉ុណ្ណោះ ដោយ​ចាប់ផ្តើម​ពី​ខែ មីនា (​អាន​ថា មី ណា ) ។ ដូច្នេះ​មកដល់​ឆ្នាំ​២០១៧ នេះ ខែ តុលា មាន​អាយុកាល​២.៧៧០ ឆ្នាំ​ហើយ ។​

​ខែវិច្ឆិកា ដែលជា​ភាសា​អង់គ្លេស​ថា November មកពី​ភាសាឡាតាំង​ថា novem មានន័យថា ប្រាំបួន ដ្បិត វិច្ឆិកា ជា​ខែ​ទី​ប្រាំបួន ក្នុង​ប្រតិទិន រ៉ូ​មូ​លូ​ស ដែលជា​បុ​ព្វា​ធិ​ការី​ដំបូង​របស់​ប្រតិទិន ហ្ក្រេ​ហ្គោ​រាន ដែលជា​ប្រតិទិន សក​លប​ច្ច​ប្បន្ន​នេះ ។​

​ឆ្នាំ​ទី ៧១៣ មុន​គ្រិស្តសករាជ ព្រះ​ចៅ នូ​ម៉ា ប៉ុ​ម​ពី​លី​យើ​ស ជា​ក្សត្រ​ទី​ពីរ​ក្នុងចំណោម​ក្សត្រ​តាម​បវេណី ទាំង​ប្រាំពីរ​អង្គ​របស់​ទីក្រុង​រ៉ូម បាន​កែប្រែ​ប្រតិទិន រ៉ូ​មូ​លូ​ស ឱ្យទៅជា​ប្រតិទិន នូ​ម៉ា ។ ប្រតិទិន នូ​ម៉ា នេះ បាន​បន្ថែម​ខែ​ចំនួន​ពីរ​នៅ​ខាងដើម គឺ​ខែមករា និង ខែកុម្ភៈ ដែល​នាំឱ្យមាន​ប្រតិទិន​ក្នុង​មួយ​ឆ្នាំមាន​១២ ខែ តាំងពី​ពេលនោះ​មក ហើយ​ខែ វិច្ឆិកា ក៏បាន​ក្លាយទៅជា​ខែ​ទី​១១ តាំងពី​ពេលនោះ​មក​ដែរ ។

​ប្រតិទិន នូ​ម៉ា នេះ ត្រូវបាន​កែប្រែ​ឱ្យទៅជា​ប្រតិទិន ជូ​លាន ដោយ ព្រះ​ចៅ​អ​ធិ​រាជ្យ ជូ​លី​យើ​ស សេ​ហ្សា នៃ ចក្រភព​រ៉ូ​ម៉ាំង នៅ ៤៦ ឆ្នាំមុន​គ្រិស្តសករាជ ។​លុះដល់​ឆ្នាំ​១៥៨២ នៃ គ្រិស្តសករាជ ក៏ត្រូវ​បាន​សម្តេច ប៉ាប ហ្គ្រេ​ហ្កូ​រី ទី​១៣ កែប្រែ​ប្រតិទិន ជូ​លាន នេះ​ឱ្យទៅជា ប្រតិទិន​ហ្ក្រេ​ហ្កូ​រាន ដែលជា​ប្រតិទិន​សកល​នាពេល​បច្ចុប្បន្ន ។​

​ឯកសារ​មួយចំនួន​បាន​អះអាងថា ខែ វិច្ឆិកា ជា​ខែ​ទី​១១ ក្នុង​ប្រតិទិន ជូ​លាន និង ប្រតិទិន​ហ្ក្រេ​ហ្កូ​រាន ដែល​បានសេចក្តីថា ខែ វិច្ឆិកា បានក្លាយ​ជា​ខែ​ទី​១១ ក្នុង​ប្រតិទិន នៅត្រឹម​ចាប់តាំងពី​មាន​ប្រតិទិន ជូ​លាន នៅ​៤៦​ឆ្នាំមុន​គ្រិស្តសករាជ ។ ប្រការនេះ​បានសេចក្តីថា អ្នកនិពន្ធ​អត្ថបទ​ទាំងនោះ មើលរំលង ឬ ភ្លេច​គិតថា ខែ វិច្ឆិកា បានក្លាយ​ជា​ខែ​ទី​១១​ក្នុង​ប្រតិទិន តាំងពី​ប្រតិទិន នូ​ម៉ា ត្រូវបាន​ប្រសូត្រ​ឡើង កាលពី​ឆ្នាំ​ទី ៧១៣ មុន​គ្រិស្តសករាជ​មកម្ល៉េះ ។​

​ព្រឹត្តិការណ៍​
​នៅ​បណ្តា​ប្រទេស​កាន់​ព្រះពុទ្ធសាសនា​ថេរវាទ​ដូចជា​កម្ពុជា​,​ថៃ​ជាដើម ខែ វិច្ឆិកា ស្ថិតនៅក្នុង​រដូវ​កឋិន​កាល ។ រីឯ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ធ្វើ​នៅក្នុង​អំឡុង​ខែវិច្ឆិកា​នេះដែរ ។​ឆ្នាំ​២០១២ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ យាង​ចូល​ព្រះ​ទីវ​ង្គ​ត ។

​នៅ​ប្រទេស​កម្ពុជា ថ្ងៃទី​៩ ខែវិច្ឆិកា (១៩៥៣) ជា​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ។ នៅក្នុង​អំឡុង​បុណ្យអុំទូក កាលពី​ឆ្នាំ​២០១០ មាន​មនុស្ស​ស្លាប់​រាប់រយ​នាក់ ដោយសារ​ការកកស្ទះ​នៅលើ​ស្ពាន​ពេជ្រ (​កោះ​ពេជ្រ​) ។ នៅ​កម្ពុជា ខែវិច្ឆិកា ជា​ពេលដែល​ចាប់ផ្តើម​រដូវ​កាល​នៃ​អាពាហ៍ពិពាហ៍ ហើយ​ជាដើម​រដូវ​នៃ​ការដាំដុះ សម្រាប់​ប្រជាពលរដ្ឋ​នៅ​ស្រុកចម្ការ និង តំបន់​ធ្វើស្រែ​ប្រាំង ។

​ពិធីបុណ្យ នៃ “ ក្តី​អំណរ របស់​ពួក​អឺរ៉ុប ” (Thanksgiving) ត្រូវបាន​ប្រារព្ធ​នៅ​ខែវិច្ឆិកា ។ បុណ្យ All Saints’ Day (​ពី​ដើម​ហៅថា​បុណ្យ All Hallows Day) ជា​ពិធីបុណ្យ​របស់​គ្រិស្តបរិស័ទ ធ្វើឡើង​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ។ ប្រតិទិន រ៉ូ​ម៉ាំង កាតូលិក ថ្ងៃទី​២ ខែវិច្ឆិកា គឺជា​ថ្ងៃបុណ្យ All Souls Day ដែល​មានន័យថា “ ថ្ងៃ​នៃ​សេចក្តីស្លាប់​” ហើយ​ពេញ​មួយខែ​នេះ គេ​ឧទ្ទិស​ជាពិសេស​សម្រាប់​ដល់​ព្រលឹង​បុគ្គល​ដែល​បាន​លាចាក​លោក​នេះ​ទៅ ។ ថ្ងៃទី​៣ ខែវិច្ឆិកា គឺជា ទិវា​ទស្សនវិជ្ជា​អន្តរជាតិ និង ទិវា​ឯករាជ្យ​ជាតី ប៉ា​ណា​ម៉ា ។​

​ថ្ងៃទី​១០​វិច្ឆិកា ឆ្នាំ​១៧៧៥ ជា​ថ្ងៃកំណើត​កង​ម៉ា​រី​ន​អាមេរិក ហើយ​ថ្ងៃទី​១១ វិច្ឆិកា ក៏​ជា​ថ្ងៃបុណ្យ “​ទិវា​ចងចាំ “ (Remembrance Day ) នៅ​អឺរ៉ុប និង​បណ្តា​ក្រុម​រដ្ឋ​សហ​ធន (Commonwealth countries) ដើម្បី​រំលឹក​ដល់​ថ្ងៃ​បញ្ចប់​សង្គ្រាមលោកលើកទី​១ និង​យុទ្ធជន​ដែល​បាន​ពលី​ក្នុង​សង្គ្រាម​នេះ ។ បុណ្យ​នេះ​នៅ​អាមេរិក ហៅថា Veterans’ Day គឺ​បុណ្យ​រំលឹក​អតីត យុទ្ធជន ។​
​ ​
​ថ្ងៃបុណ្យ​បុរស​អន្តរជាតិ (International Men’s Day ) ទិវា​ទស្សនវិជ្ជា​អន្តរជាតិ (International Philosophy Day) ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​១៩ វិច្ឆិកា ។ សម្រាប់​ប្រជាជន​អាមេរិក ខែវិច្ឆិកា គឺជា​ខែម​រតក ត្បិត​ជា​ខែ​នៃ​ការយល់ដឹង​សំខាន់ៗ​យ៉ាងច្រើន ដូចជា​ការយល់ដឹង​អំពី​ការវះកាត់​មហារីក​លំពែង និង​យុវជន​អនាថា ជាតិ​ជាដើម ។ អ្វីដែល​ជនជាតិ​អាមេរិក និង​ពិភពលោក​មិនអាច​បំភ្លេចបាន​នោះ ការរកឃើញ​ទឹកដី​បស្ចិម​លោក ដោយ​លោក គ្រីស្តូហ្វ័រ ខូ​ឡុ​ម​បឺស​(Christopher Columbus) នៅ​ថ្ងៃទី​១៩​វិច្ឆិកា ឆ្នាំ​១៤៩៣ ។​

ជំនឿ​ហោរា​ប​ច្ចឹ​ម​លោក​
​គេ​អាច​ហៅ​អ្នក​កើ​ក្នុង​ខែវិច្ឆិកា ថា វិច្ឆិករាសី​បុគ្គល ក៏បាន ។ ហោរាសាស្ដ្រ​លោកខាងលិច ចាត់ទុកថា វិច្ឆិករាសី​បុគ្គល គឺជា​អ្នក​ទាំងឡាយណា​កើត​ក្នុង​ចន្លោះ​ថ្ងៃទី​២៣ ខែតុលា​ដល់​ថ្ងៃទី​២១​វិច្ឆិកា ។ មនុស្ស​កើត​ខែវិច្ឆិកា ស្មើនឹង​មនុស្ស​កើត​ឆ្នាំ​ជ្រូក ឬ ឆ្នាំកុរ នៃ ក្បួន​ហោរា​ចិន​។​
​ ​
​និម្មិត​តំណាង​នៃ​មនុស្ស​កើត​ក្នុង ខែវិច្ឆិកា គឺ​សត្វ​ខ្ទួយ ឬ ខ្យាដំរី ធាតុទឹក ទទួល​ឥទ្ធិពល​ពី​ភព​ភ្លូ​តូ (Pluto) និង​ភព​ម៉ាស៍​(Mars) ជា​ប្រភេទ​មនុស្ស​ឆ្លាត​វាងវៃ ពណ៌​ដែល​សក្តិសម​គឺ​ពណ៌​ក្រហម​ចាស់ និង ពណ៌​ខ្មៅ ។ ត្បូង​នាំ​សំណាង​គឺ​ត្បូង រត​នោប​ល (Opal) ឆុង​នឹង​ជន​ដែល​កើត​នៅក្នុង​ខែ មេសា និង មនុស្ស​កើត​ខែ​ឩ​សភា ។
​បុគ្គល​កើត​ក្នុង​វិច្ឆិករាសី​គឺជា​មនុស្ស​ប្រកបដោយ​ក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ មោះមុត និង​ប្តេជ្ញា​តស៊ូ​ជានិច្ច និង ជា​មិត្ត​ពិតប្រាកដ ។ គេ​ចូលចិត្ត​តែ​អ្វី​ដែលជា​ការពិត និង​ត្រឹមត្រូវ ។

​មុននឹង​ជឿ​អ្វីមួយ​បុគ្គល​នេះ​តែងតែ ឈ្វេងយល់​ឲ្យ​ដឹង​ពី​ការពិត​ឲ្យ​បានច្បាស់លាស់​។ បុគ្គល​នេះ​មិន​ងាយ បង្ហាញ​អារម្មណ៍ ឬ​ទឹកមុខ​របស់ខ្លួន​ឲ្យ​គេ​ដឹង​ឡើយ និង​ជាម​នុស្ស​ពុំ​សូវ​និយាយ​ច្រើន​ទេ ប៉ុន្តែ​ក៏​ពូកែ​ប្រច័ណ្ឌ ណាស់ដែរ ។ បុគ្គល​នេះ​តែង​អនុវត្តន៍​ជាក់ស្តែង ជាជាង​សន្យា​ចោល ។ មនុស្ស​នេះ​តែង​ចេះ​លៃលក និង ទុកដាក់​ទ្រព្យ និង​ធនធាន​បានល្អ​ណាស់​។ បុគ្គល​នេះ​តែងតែ​ចេះ​ចាត់ចែង​ក្នុង​គ្រួ​សារបាន​យ៉ាង​ល្អ និង លះបង់​គ្រប់យ៉ាង​ឲ្យ​តែ​គ្រួ​សារបាន​សុខសាន្ត​។​

​បុគ្គល​កើត​ក្នុង​វិច្ឆិករាសី គឺជា​មនុស្ស​ដែលមាន​កាមតណ្ហា​ខ្ពស់​ជាងគេ​ក្នុងចំណោម​អ្នក​កើត​ក្នុង​ខែ​សុ​រយ​គតិ​ទាំង ១២ ។ បុគ្គល​កើត​ក្នុង​វិច្ឆិករាសី ចាត់ទុក​រឿង​ទំនាក់ទំនង​ប្រុស​ស្រី​ជា​រឿង​សំខាន់បំផុត​។ ការបង្កើត​ទំនាក់ទំនង ស្នេហា​ត្រូវបាន​ធ្វើឡើង​ដោយ​ត្រូវ​ប្រើពេល​យូរ​បន្តិច​ប៉ុន្តែ​នៅពេលដែល​បុគ្គល​កើត​ក្នុង​វិច្ឆិក​រា​នេះ​រកបាន​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ហើយ​នោះ បុគ្គល​នេះ​នឹង​ស្មោះត្រង់ និង​លះបង់​គ្រប់យ៉ាង​ដើម្បី​អ្នក​ដែល​ខ្លួន​ស្រឡាញ់ រហូតដល់​ថ្ងៃ​ស្លាប់ ។​

​បុគ្គល​កើត​ក្នុង​វិច្ឆិករាសី​គឺជា​មនុស្ស​ហ្មត់ចត់​រឿង​ការងារ និង​ជាម​នុស្ស​ពូកែ​ច្នៃប្រឌិត ហើយ​ប៉ិនប្រសប់​ក្នុងការ ដោះស្រាយ​បញ្ហា​។ បុគ្គល​នេះ​មាន​សមត្ថភាព​អាច​ចាត់ចែង​ការងារ​បាន​ច្រើន​ក្នុងពេល​តែមួយ និង​ជា​បុគ្គល ដែល​សម្លឹង​ឃើញ​ភាពជោគជ័យ​ជានិច្ច​។ បុគ្គល​នេះ​មិន​ខ្វល់ខ្វាយ​ក្នុង​រឿង​ស្វែងរក​មិត្តភក្តិ​នៅ​កន្លែង​ការងារ នោះឡើយ ផ្ទុយទៅវិញ​គឺ​គេ​គិត​ធ្វើយ៉ាងណា​ឲ្យ​តែ​ការងារ​របស់គេ​បានសម្រេច​ប៉ុណ្ណោះ ៕ ដោយ​៖ មេសា​

​គំនូរ​រូប​ខ្ទួយ​ដែលជា​និមិត្តរូប នៃ ជន​កើត​ខែវិច្ឆិកា (​វិច្ឆិកា ១)
ត្បូង​រតនា​បោល ដែលជា​ត្បូង​នាំ​សំណាង​សម្រាប់​វិច្ឆិករាសី​បុគ្គល (​វិច្ឆិកា ២)