ភ្នំពេញៈ សីហា មកពីពាក្យថា “ សីហ (សី-ហៈ) “ គឺជាភាសាបាលី និងសំស្ក្រឹត ប្រែជា ខេមរភាសាថា “សត្វសីហ ឬ សឹង្ហ គឺ សត្វតោ” ។ សីហា ជាខែមួយក្នុងចំណោមខែទាំង ៧ ដែលមានរយៈពេល ៣១ថ្ងៃ ក្នុងមួយខែ ហើយវាជាខែទី៨ នៃប្រតិទិន ហ្ក្រេហ្គោរាន ដែលជាប្រតិទិនសកល ប៉ុន្តែវាជាខែទី៥ នៃសុរិយគតិ ។ គេអាចហៅខែសីហា ថា សីហ (សី-ហៈ) រាសី ក៏បាន ។
សីហា ត្រូវបានផ្តល់កំណើតឱ្យតាំងពី ៧៥៣ ឆ្នាំមុនគ្រិស្តសករាជ តាមរយៈប្រតិទិន រ៉ូមូលូស ដែលប្រតិទិននេះ ក្នុងមួយឆ្នាំមានតែ ១០ ខែប៉ុណ្ណោះ ដោយចាប់ផ្តើមពីខែមីនា ។ ក្នុងប្រតិទិន រ៉ូមូលូស នោះ ខែសីហា មានឈ្មោះជាភាសាឡតាំងថា Sextilis ដែល មានន័យថា ទី៦ ដ្បិតកាលនោះ សីហា ជាខែទី៦ ក្នុងប្រតិទិននោះ ។ ដូច្នេះមកដល់ឆ្នាំ ២០១៩ នេះ ខែសីហា មានអាយុកាល ២.៧៧២ ឆ្នាំហើយ ។
ឆ្នាំទី៧១៣ មុនគ្រិស្តសករាជ ព្រះចៅ នូម៉ា ប៉ុមពីលីយើស (Numa Pompilius ) ជាក្សត្រ ទី២ ក្នុងចំណោមក្សត្រតាមបវេណីទាំង ៧ អង្គ របស់ទីក្រុងរ៉ូម បានកែប្រែប្រតិទិន រ៉ូមូ លូស ឱ្យទៅជាប្រតិទិន នូម៉ា (Calendar of Numa)។ ប្រតិទិននេះ ក្នុងមួយឆ្នាំ មាន១២ ខែ ដោយការបន្ថែមចំនួន ពីរ នៅខាងដើម គឺខែមករា និងខែកុម្ភៈ ហើយខែសីហា ក៏បានក្លាយទៅជាខែទី៨ តាំងពីពេលនោះមក។
ប្រតិទិននូម៉ានេះ ត្រូវបានកែប្រែឱ្យទៅជាប្រតិទិនជូលាន (Julian calendar) ដោយ ព្រះចៅអធិរាជ្យ ជូលីយើស សេហ្សា (Julius Caesar) នៅ ៤៦ ឆ្នាំមុនគ្រិស្តសករាជ ។
លុះដល់ឆ្នាំ១៥៨២ នៃគ្រិស្តសករាជ ត្រូវបានសម្តេច ប៉ាប ហ្គ្រេហ្កូរី ទី១៣ (Pope Gregory XIII) កែប្រែប្រតិទិនជូលាន នេះឱ្យទៅជា ប្រតិទិនហ្ក្រេហ្កូរាន(Gregorian calendar) ដែលជាប្រតិទិនសកល នាពេលបច្ចុប្បន្ន ។
ឯកសារមួយចំនួន បានអះអាងថា ខែសីហា ជាខែទី៨ ក្នុងប្រតិទិន ជូលាន និងប្រតិទិន ហ្ក្រេហ្កូរាន ដែលបានសេចក្តីថា ខែនេះ បានក្លាយជាខែទី៨ ក្នុងប្រតិទិននៅត្រឹមចាប់ តាំងពីមានប្រតិទិនជូលាន នៅ ៤៦ ឆ្នាំមុនគ្រិស្តសករាជ ។ ប្រការនេះ បានសេចក្តីថា អ្នកនិពន្ធអត្ថបទទាំងនោះ មើលរំលង ឬភ្លេចគិតថា ខែសីហា បានក្លាយជាខែទី៨ ក្នុងប្រតិទិន តាំងពីប្រតិទិននូម៉ា ត្រូវបានប្រសូត្រឡើង កាលពីឆ្នាំទី ៧១៣ មុនគ្រិស្ត សករាជឯណោះ ។
នៅឆ្នាំទី៨ មុនគ្រិស្តសករាជ ខែសីហា ត្រូវបានប្តូរឈ្មោះពី Sextilisទៅជា Augustus ជាឈ្មោះដែលគេដាក់តាមព្រះនាម ព្រះចៅអធិរាជ្យ Imperator Gaius Julius Caesar Octavianus Divi Filius Augustus ដែលត្រូវបានគេស្គាល់ជាទូទៅថា ជូលីយើស សេហ្សា (Julius Caesar) និង ដើម្បីផ្តល់កិត្តិយសថ្វាយព្រះអង្គ។ ពាក្យថា Augustus នេះឯងហើយដែលភាសាអង់គ្លេសហៅថា August រីឯ ពាក្យថា August ដែលប្រែជា ភាសាខ្មែរថា ខែសីហា ក៏មាននៅក្នុងលោកតាំងពីពេលនោះឯង ។
នៅអឌ្ឍគោលខាងត្បូង រដូវកាលរបស់ សីហរាសី ស្មើនឹងខែកុម្ភៈ នៅអឌ្ឍគោលខាង ជើង ។ នៅក្នុងឆ្នាំធម្មតា មានតែខែសីហា នេះមួយគត់ដែលខែចាប់ផ្តើមនៅចំថ្ងៃដូចគ្នា ជាមួយនឹងសប្តាហ៍ (ឆ្នាំលោត ខែកុម្ភៈ ក៏ចាប់ផ្តើមដូចគ្នានេះដែរ) ។ហើយនៅរាល់ឆ្នាំ ខែសីហា ដាច់ខែនៅថ្ងៃ នៃ សប្តាហ៍ដូចគ្នានឹងខែវិច្ឆិកា ។
ជំនឿតាមក្បួនហោរាលោកខាងលិច
គេអាចហៅមនុស្សកើត ក្នុងខែសីហាថា សីហរាសីបុគ្គល ក៏បានហើយតាមក្បួនហោរា បច្ចឹមលោក បុគ្គលដែលចាត់ទុកថា ជាមនុស្សកើតក្នុងខែសីហា ឬសីហរាសីបុគ្គល គឺជនានុជនទាំងឡាយណា កើតនៅចន្លោះថ្ងៃទី២៣ កក្កដា – ២២សីហា ។ តាមក្បួននេះ ពួកអ្នកកើតក្នុងសីហរាសី គឺស្មើនឹងអ្នកកើតឆ្នាំវក ក្នុងក្បួនហោរាចិន ហើយឆុងនឹងអ្នក កើតខែមករា។
និមិត្តសញ្ញារបស់មនុស្សកើតក្នុងខែសីហា គឺសត្វសឹង្ហ ឬ សីហ គឺសត្វតោធាតុភ្លើង ទទួលឥទ្ធិពលពីភពព្រះអាទិត្យ ។ ភពដែលជាស្មារតី និងអារម្មណ៍ គឺភពព្រះអង្គារ និង ភពព្រះហស្បតិ៍ ដែលជាស្តេច នៃភពទាំងឡាយ ហើយភពវាសនា ក៏ជាភពព្រះ ហស្បតិ៍ដែរ ។ ពណ៌ដែលស័ក្តសម គឺពណ៌មាស និងពណ៌ទឹកក្រូច។ ថ្ងៃល្អ គឺថ្ងៃអាទិត្យ ចន្ទ អង្គារ និង ថ្ងៃព្រហស្បតិ៍ ។ ត្បូងនាំសំណាង គឺត្បូងទទឹម ។
ចរិតលក្ខណៈសំខាន់ៗរបស់មនុស្សកើតខែសីហា គឺគឃ្លើនមានះ វាយប្ញកក្រអឺតក្រទម ឫកដូចស្តេច មិនសូវឩស្សាហ៍ មិនបត់បែនតាមខ្យល់ ក្លាហាន មានមហិច្ឆតាស្មោះត្រង់ មានចិត្តប្រកបដោយកាមរាគ ជាមនុស្សចិត្តបុណ្យ និងមានប្ញកពាដំណើរប្រកបដោយ សីហពិលាស គឺសង្ហាហំហែងខ្ពង់ខ្ពស់ដូចនរសីហៈនាចំណោមសត្វម្រឹគ ឬដូចជារាជា នាកណ្តាលហ្វូងទាសាទាសី ។
ជាទូទៅ មនុស្សកើតខែសីហា ពុំសូវចេញមុខចេញមាត់ទេ ប៉ុន្តែនៅពេលបុគ្គលនេះ បង្ហាញវត្តមានឡើង នរណាៗ ក៏កត់សម្គាល់ និងចាប់អារម្មណ៍ដែរ។ គេជាមនុស្ស ដែលមានភាពច្នៃប្រឌិត រួសរាយជឿជាក់លើខ្លួនឯង។ បុគ្គលនេះ ចេះផ្តល់ភាពកក់ក្តៅ ចេះចែករំលែកគំនិតយោបល់ និងជួយជ្រោមជ្រែងគេឯងដល់ទីបំផុត។ បរិយាកាស ឬ កន្លែងការងារដែលល្អបំផុត សម្រាប់បុគ្គលនេះ ទីកន្លែងណាដែលគេអាចបញ្ចេញ សមត្ថភាពឲ្យអ្នកដទៃបានឃើញ។
សីហរាសីបុគ្គល គឺជាមនុស្សពោរពេញ ដោយក្តីស្រឡាញ់ជ្រាលជ្រៅបំផុតបើនិយាយ ពីរឿងផ្លូវភេទ គេមានថាមពលខ្លាំងក្លាណាស់។ គេមិនចេះប្រច័ណ្ឌទេថែមទាំងចេះអត់ ឱនឱ្យគូស្នេហ៍ផងដែរ ប៉ុន្តែគេមិនចូលចិត្តឱ្យគូស្នេហ៍ ដឹកមុខគេឡើយ គឺបុគ្គលកើត ខែសីហា នេះវិញទេ ដែលចូលចិត្តដឹកមុខគូស្នេហ៍ហើយស្មោះស្ម័គ្រតែចំពោះមនុស្ស ម្នាក់នោះ អស់មួយជីវិត។
គេជាមិត្តភក្តិដែលមានចិត្តមេត្តាករុណាស្មោះស្ម័គ្រនិងចេះអធ្យាស្រ័យបំផុតហើយតែង តែធ្វើអ្វីៗគ្រប់យ៉ាងដើម្បីគ្រួសារគេ និងការពារគ្រួសាររបស់គេខ្លាំងណាស់មិនឱ្យ នរណាម្នាក់បៀតបៀនគ្រួសារ និង មិត្តភក្តិគេឡើយ ។
សីហរាសីបុគ្គលមិនចូលចិត្តធ្វើការក្រោមឱវាទអ្នកដទៃឡើយហើយគេតែងតែអនុវត្តន៍ច្រើនជាងការនិយាយ ។ដោយហេតុនេះ ទោះជាបុគ្គលនេះជាមនុស្សខ្ជិលច្រអូសក្តី ក៏គេកើតមកគឺជាមនុស្សមមាញឹកមិនឈប់ឈរដែរព្រោះគេត្រូវការឱ្យអ្វីៗទាំងអស់បានល្អប្រសើរដាច់អ្នកដទៃ។គេជាមនុស្សមិនកំណាញ់រឿងលុយកាក់ឡើយប៉ុន្តែគេមិន ចាយវាយខ្ជះខ្ជាយទេ ពោលគឺគេមានរបៀបរៀបរយក្នុងការចាយវាយណាស់ ៕ ដោយៈ មេសា
គំនូរ សីហ ដែលជានិមិត្តសញ្ញា នៃ ជនកើតខែ សីហា
ត្បូងទទឹមដែលជាត្បូងនាំសំណាងសម្រាប់មនុស្សកើតខែ សីហា