ខែសីហា មាន​អាយុ ជិត ៣ ពាន់ ឆ្នាំ​ហើយ

2282
ចែករម្លែក

​ដោយ​: មេសា / ភ្នំពេញ​: សីហា មកពី​ពាក្យ​ថា “ សីហ (​សី​-​ហៈ​) “ គឺជា​ភាសាបាលី និង សំស្ក្រឹត ប្រែជា​ខេមរភាសា​ថា​” សត្វ​សីហ ឬ សឹង្ហ គឺ សត្វ​តោ “ ។ សីហា ជា​ខែ​មួយ​ក្នុងចំណោម​ខែ​ទាំង ៧ ដែលមាន​រយៈពេល​៣១​ថ្ងៃ​ក្នុង​មួយខែ ហើយ​វា​ជា​ខែ​ទី ៨ នៃ ប្រតិទិន ហ្ក្រេ​ហ្គោ​រាន ដែលជា​ប្រតិទិន​សកល ប៉ុន្តែ​វា​ជា​ខែ​ទី ៥ នៃ សុរិយគតិ ។ គេ​អាច ហៅ​ខែសីហា ថា សីហ (​សី​-​ហៈ​) រាសី ក៏បាន ។​

​សីហា ត្រូវបាន​ផ្តល់កំណើត​ឱ្យ​តាំងពី ៧៥៣ ឆ្នាំមុន​គ្រិស្តសករាជ តាមរយៈ​ប្រតិទិន រ៉ូ​មូ​លូ​ស ដែល​ប្រតិទិន​នេះ ក្នុង​មួយឆ្នាំ​មានតែ​១០​ខែ​ប៉ុណ្ណោះ ដោយ​ចាប់ផ្តើម​ពី​ខែ មីនា ។ ក្នុង​ប្រតិទិន រ៉ូ​មូ​លូ​ស នោះ ខែសីហា មានឈ្មោះ​ជា​ភាសា​ឡ​តាំង​ថា Sextilis ដែល​មានន័យថា ទី ៦ ដ្បិត​កាលនោះ សីហា ជា​ខែ​ទី ៦ ក្នុង​ប្រតិទិន​នោះ ។ ដូច្នេះ​មកដល់​ឆ្នាំ​២០១៨ នេះ ខែសីហា មាន​អាយុកាល​២.៧៧១ ឆ្នាំ​ហើយ ។​

​ឆ្នាំ​ទី ៧១៣ មុន​គ្រិស្តសករាជ ព្រះ​ចៅ នូ​ម៉ា ប៉ុ​ម​ពី​លី​យើ​ស (Numa Pompilius )​ជា​ក្សត្រ​ទី ២ ក្នុងចំណោម​ក្សត្រ​តាម​បវេណី​ទាំង ៧ អង្គ​របស់​ទីក្រុង​រ៉ូម បាន​កែប្រែ​ប្រតិទិន រ៉ូ​មូ​លូ​ស ឱ្យទៅជា​ប្រតិទិន នូ​ម៉ា (Calendar of Numa) ។ ប្រតិទិន​នេះ ក្នុង​មួយ​ឆ្នាំមាន​១២ ខែ ដោយ​ការ​បន្ថែមចំនួន​ពីរ​នៅ​ខាងដើម គឺ ខែ មករា និង ខែ កុម្ភៈ ហើយ​ខែសីហា ក៏បាន​ក្លាយទៅជា​ខែ​ទី ៨ តាំងពី​ពេលនោះ​មក ។

​ប្រតិទិន នូ​ម៉ា នេះ ត្រូវបាន​កែប្រែ​ឱ្យទៅជា​ប្រតិទិន ជូ​លាន (Julian calendar) ដោយ ព្រះ​ចៅ​អ​ធិ​រាជ្យ ជូ​លី​យើ​ស សេ​ហ្សា (Julius Caesar) នៅ​៤៦​ឆ្នាំមុន​គ្រិស្តសករាជ ។​

​លុះដល់​ឆ្នាំ​១៥៨២ នៃ គ្រិស្តសករាជ ត្រូវបាន​សម្តេច ប៉ាប ហ្គ្រេ​ហ្កូ​រី ទី​១៣ (Pope Gregory XIII) កែប្រែ​ប្រតិទិន ជូ​លាន នេះ​ឱ្យទៅជា ប្រតិទិន​ហ្ក្រេ​ហ្កូ​រាន​(Gregorian calendar) ដែលជា​ប្រតិទិន​សកល​នាពេល​បច្ចុប្បន្ន​។​

​ឯកសារ​មួយចំនួន​បាន​អះអាងថា ខែសីហា ជា​ខែ​ទី ៨ ក្នុង​ប្រតិទិន ជូ​លាន និង ប្រតិទិន​ហ្ក្រេ​ហ្កូ​រាន ដែល​បានសេចក្តីថា ខែ​នេះ​បានក្លាយ​ជា​ខែ​ទី ៨ ក្នុង​ប្រតិទិន នៅត្រឹម​ចាប់តាំងពី​មាន​ប្រតិទិន ជូ​លាន នៅ​៤៦​ឆ្នាំមុន​គ្រិស្តសករាជ ។ ប្រការនេះ​បានសេចក្តីថា អ្នកនិពន្ធ​អត្ថបទ​ទាំងនោះ មើលរំលង ឬ ភ្លេច​គិតថា ខែសីហា​បាន​ក្លាយជា​ខែ​ទី ៨ ក្នុង​ប្រតិទិន តាំងពី​ប្រតិទិន នូ​ម៉ា ត្រូវបាន​ប្រសូត្រ​ឡើង កាលពី​ឆ្នាំ​ទី ៧១៣ មុន​គ្រិស្តសករាជ​ឯណោះ ។​

​នៅ​ឆ្នាំ​ទី ៨ មុន​គ្រិស្តសករាជ ខែសីហា ត្រូវបាន​ប្តូរ​ឈ្មោះ​ពី Sextilis ទៅជា Augustus ជា​ឈ្មោះ​ដែល​គេ​ដាក់​តាម​ព្រះនាម ព្រះ​ចៅ​អ​ធិ​រាជ្យ Imperator Gaius Julius Caesar Octavianus Divi Filius Augustus ដែល​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា ជូ​លី​យើ​ស សេ​ហ្សា (Julius Caesar) និង ដើម្បី​ផ្តល់​កិត្តិយស​ថ្វាយ​ព្រះអង្គ​។ ពាក្យ​ថា Augustus នេះឯង​ហើយ​ដែល​ភាសា​អង់គ្លេស​ហៅថា August រីឯ ពាក្យ​ថា August ដែល​ប្រែជា​ភាសា​ខ្មែរ​ថា ខែសីហា ក៏មាន​នៅក្នុង​លោក​តាំងពី​ពេលនោះ​ឯង ។​

​នៅ​អឌ្ឍគោល​ខាងត្បូង រដូវ​កាល​របស់ សីហរាសី ស្មើនឹង​ខែកុម្ភៈ នៅ​អឌ្ឍគោល​ខាងជើង ។ នៅក្នុង​ឆ្នាំ​ធម្មតា មានតែ​ខែសីហា នេះ​មួយគត់​ដែល​ខែ​ចាប់ផ្តើម​នៅ​ចំ​ថ្ងៃ​ដូចគ្នា​ជាមួយនឹង​សប្តាហ៍ (​ឆ្នាំ​លោត ខែកុម្ភៈ ក៏​ចាប់ផ្តើម​ដូចគ្នានេះដែរ​) ។ ហើយ​នៅ​រាល់​ឆ្នាំ ខែសីហា ដាច់​ខែ​នៅ​ថ្ងៃ នៃ សប្តាហ៍​ដូចគ្នា​នឹង​ខែវិច្ឆិកា ។​

​ជំនឿ​តាម​ក្បួន​ហោរា​លោកខាងលិច​
​គេ​អាច​ហៅ​មនុស្ស​កើត​ក្នុង​ខែសីហា​ថា សីហរាសី​បុគ្គល ក៏បាន ហើយ​តាម​ក្បួនហោ​រាប​ច្ចឹ​ម​លោក បុគ្គល​ដែល​ចាត់ទុកថា ជា​មនុស្ស​កើត​ក្នុង​ខែសីហា ឬ សីហរាសី​បុគ្គល គឺ​ជនានុជន​ទាំង ឡាយ​ណា​កើត​នៅ​ចន្លោះ​ថ្ងៃទី ២៣ កក្កដា – ២២ សីហា ។ តាម​ក្បួន​នេះ ពួក​អ្នក​កើត​ក្នុង​សីហរាសី​គឺ​ស្មើនឹង​អ្នក​កើត​ឆ្នាំ វក ក្នុង​ក្បួន​ហោរា​ចិន ហើយ​ឆុង​នឹង​អ្នក​កើត​ខែមករា​។​

គំនូរ សីហ ដែលជា​និមិត្តសញ្ញា នៃ ជន​កើត​ខែ សីហា (​រូបៈ អ៊ី​ន​ធឺ​ណេ​ត​)

​និមិត្តសញ្ញា របស់​មនុស្ស​កើត​ក្នុង​ខែសីហា​គឺ​សត្វ​សឹង្ហ ឬ សីហ គឺ​សត្វ​តោ ធាតុភ្លើង ទទួល​ឥទ្ធិពល​ពី​ភព​ព្រះអាទិត្យ ។ ភព​ដែលជា​ស្មារតី និង អារម្មណ៍​គឺ​ភព​ព្រះ​អង្គារ និង ភព​ព្រះ​ហ​ស្ប​តិ៍ ដែលជា​ស្តេច នៃ ភព​ទាំងឡាយ ហើយ​ភព​វាសនា ក៏​ជា​ភព​ព្រះ​ហ​ស្ប​តិ៍​ដែរ ។ ពណ៌​ដែល​ស័​ក្ត​សម​គឺ ពណ៌​មាស និង ពណ៌​ទឹកក្រូច ។ ថ្ងៃ​ល្អ​គឺ​ថ្ងៃអាទិត្យ ចន្ទ អង្គារ និង ថ្ងៃ​ព្រហស្បតិ៍ ។ ត្បូង​នាំ​សំណាង គឺ​ត្បូង​ទទឹម ។

​ចា​រិត​លក្ខណៈ សំខាន់ៗ​របស់​មនុស្ស​កើត​ខែសីហា គឺ គឃ្លើន​មានះ វាយ​ប្ញ​ក​ក្រអឺតក្រទម ឫក​ដូច​ស្តេច មិនសូវ​ឩ​ស្សា​ហ៍ មិន​បត់បែន​តាម​ខ្យល់ ក្លាហាន មាន​មហិច្ឆតា ស្មោះត្រង់ មានចិត្ត​ប្រកបដោយ​កាមរាគ ជា​មនុស្ស​ចិត្តបុណ្យ និង មាន​ប្ញ​ក​ពា​ដំណើរ​ប្រកបដោយ​សីហពិលាស គឺ​សង្ហា ហំហែង​ខ្ពង់ខ្ពស់​ដូច​នរសីហៈ នា​ចំណោម​សត្វ​ម្រឹគ ឬ ដូចជា​រាជា​នា​កណ្តាល​ហ្វូង​ទាសាទាសី ។​

ត្បូង​ទទឹម​ដែលជា​ត្បូង​នាំ​សំណាង​សម្រាប់​មនុស្ស​កើត​ខែ សីហា (​រូបៈ អ៊ី​ន​ធឺ​ណេ​ត​)​

ជាទូទៅ​មនុស្ស​កើត​ខែសីហា​ពុំ​សូវ​ចេញមុខ​ចេញ​មាត់​ទេ ប៉ុន្តែ​នៅពេល​បុគ្គល​នេះ​បង្ហាញ​វត្តមាន​ឡើង នរណាៗ​ក៏​កត់សម្គាល់ និង​ចាប់អារម្មណ៍​ដែរ​។ គេ​ជាម​នុស្ស​ដែលមាន​ភាព​ច្នៃប្រឌិត រួសរាយ ជឿជាក់​លើ​ខ្លួនឯង ។ បុគ្គល​នេះ ចេះ​ផ្តល់​ភាពកក់ក្តៅ ចេះ​ចែករំលែក​គំនិត​យោបល់ និង​ជួយ​ជ្រោមជ្រែង​គេឯង​ដល់ទី​បំផុត ។ បរិយាកាស ឬ កន្លែង​ការងារ​ដែល​ល្អ​បំផុត​សម្រាប់​បុគ្គល​នេះ ទីកន្លែង​ណា​ដែល​គេ​អាច​បញ្ចេញ​សមត្ថភាព​ឲ្យ​អ្នកដទៃ​បានឃើញ ។

​សីហរាសី​បុគ្គល គឺជា​មនុស្ស​ពោរពេញ​ដោយ​ក្តី​ស្រឡាញ់​ជ្រាលជ្រៅ​បំផុត បើ​និយាយ​ពី​រឿង​ផ្លូវភេទ គេ​មាន​ថាមពល​ខ្លាំងក្លា​ណាស់ ។ គេ​មិនចេះ​ប្រច័ណ្ឌ​ទេ ថែមទាំង​ចេះ​អត់ឱន​ឱ្យ​គូស្នេហ៍​ផងដែរ ប៉ុន្តែ​គេ​មិន​ចូលចិត្ត​ឱ្យ​គូស្នេហ៍​ដឹកមុខ​គេ​ឡើយ គឺ​បុគ្គល​កើត​ខែសីហា នេះ​វិញ​ទេ​ដែល​ចូលចិត្ត​ដឹកមុខ​គូស្នេហ៍ ហើយ​ស្មោះស្ម័គ្រ​តែ​ចំពោះ​មនុស្ស​ម្នាក់​នោះ​អស់​មួយជីវិត​។​

​គេ​ជា​មិត្តភក្តិ​ដែលមាន​ចិត្ត​មេត្តាករុណា ស្មោះស្ម័គ្រ និង​ចេះ​អធ្យាស្រ័យ​បំផុត ហើយ​តែងតែ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​គ្រួសារ​គេ និង ការពារ​គ្រួសារ​របស់គេ​ខ្លាំងណាស់ មិនឱ្យ​នរណាម្នាក់​បៀតបៀន​គ្រួសារ និង មិត្តភក្តិ​គេ​ឡើយ ។

​សីហរាសី​បុគ្គល មិន​ចូលចិត្ត​ធ្វើការ​ក្រោម​ឱវាទ​អ្នកដទៃ​ឡើយ ហើយ​គេ​តែងតែ​អនុវត្តន៍​ច្រើនជាង​ការនិយាយ ។ ដោយហេតុនេះ ទោះជា​បុគ្គល​នេះ​ជាម​នុស្ស​ខ្ជិលច្រអូស​ក្តី ក៏​គេ​កើតមក​គឺជា​មនុស្ស​មមាញឹក​មិន​ឈប់ឈរ​ដែរ ព្រោះ​គេ​ត្រូវ​ការឱ្យ​អ្វីៗ​ទាំងអស់​បានល្អ​ប្រសើរ​ដាច់​អ្នកដទៃ ។ គេ​ជាម​នុស្ស​មិន​កំណាញ់​រឿង​លុយកាក់​ឡើយ ប៉ុន្តែ​គេ​មិន​ចាយវាយ​ខ្ជះខ្ជាយ​ទេ ពោលគឺ​គេ​មាន​របៀបរៀបរយ​ក្នុងការ​ចាយវាយ​ណាស់​៕ ល​