ខែ កញ្ញា និង ធម្មជាតិ​របស់​កញ្ញា​រាសី​បុគ្គល​

496

​ភ្នំពេញៈ កញ្ញា ជា​ភាសាបាលី ប្រែជា​ខេមរភាសា​ថា “ ស្រី​ក្រមុំ​តូច ឬ ស្រី​ជំទង់ ។ គេ​អាច​ហៅ​ខែកញ្ញា ថា កញ្ញា​រាសី ក៏បាន ។ កញ្ញា ជា​ខែ​មួយ​ក្នុងចំណោម​ខែ​ទាំង​បួន​ដែលមាន​រយៈពេល​៣០​ថ្ងៃ ។​គឺជា​ខែ​ទី​ប្រាំមួយ​នៃ​សុរិយគតិ​ប៉ុន្តែ​ក៏​ជា​ខែ​ទី​ប្រាំបួន​នៃ ប្រតិទិន​សកល ។​ ​ខែកញ្ញា ត្រូវបាន​ផ្តល់កំណើត​ឱ្យ​តាំងពី ៧៥៣ ឆ្នាំមុន​គ្រិស្តសករាជ តាមរយៈ​ប្រតិទិន រ៉ូ​មូ​លូ​ស ដែល​ប្រតិ​ទិ​នេះ ក្នុង​មួយឆ្នាំ​មានតែ​១០​ខែ ប៉ុណ្ណោះ ដោយ​ចាប់ផ្តើម​ពី​ខែ មិនា ។ ក្នុង​ប្រតិទិន រ៉ូ​មូ​លូ​ស នោះ ខែកញ្ញា មានឈ្មោះ​ជា​ភាសា​ឡ​តាំង​ថា Septem ដែល​មានន័យថា “ ប្រាំពីរ ” ដ្បិត​កាលនោះ កញ្ញា ជា​ខែ​ទី​ប្រាំពីរ ក្នុង​ប្រតិទិន​នោះ ។ ដូច្នេះ​មកដល់​ឆ្នាំ​២០១៧ នេះ ខែ​ខែកញ្ញា មាន​អាយុកាល​២.៧៦០ ឆ្នាំ​ហើយ គឺ​១៣០ ឆ្នាំ មុន​ព្រះពុទ្ធ​ប្រសូត្រ ឬ ២១០ មុន​ពុទ្ធសករាជ ។​

​ឆ្នាំ​ទី ៧១៣ មុន​គ្រិស្តសករាជ ព្រះ​ចៅ នូ​ម៉ា ប៉ុ​ម​ពី​លី​យើ​ស ជា​ក្សត្រ​ទី​ពីរ​ក្នុងចំណោម​ក្សត្រ​តាម​បវេណី​ទាំង​ប្រាំពីរ​អង្គ​របស់​ទីក្រុង​រ៉ូម បាន​កែប្រែ​ប្រតិទិន រ៉ូ​មូ​លូ​ស ឱ្យទៅជា​ប្រតិទិន នូ​ម៉ា ។ ប្រតិទិន​នេះ ក្នុង​មួយ​ឆ្នាំមាន​១២ ខែ ហើយ​ខែកញ្ញា ក៏បាន​ក្លាយទៅជា​ខែ​ទី​ប្រាំបួន តាំងពី​ពេលនោះ​មក ។

​ប្រតិទិន នូ​ម៉ា នេះ ត្រូវបាន​កែប្រែ​ឱ្យទៅជា​ប្រតិទិន ជូ​លាន ដោយ ព្រះ​ចៅ​អ​ធិ​រាជ្យ ជូ​លី​យើ​ស សេ​ហ្សា នៃ ចក្រភព​រ៉ូ​ម៉ាំង នៅ​៤៦​ឆ្នាំមុន​គ្រិស្តសករាជ ។ លុះដល់​ឆ្នាំ​១.៥៨២ នៃ គ្រិស្តសករាជ ក៏ត្រូវ​បាន​សម្តេច ប៉ាប ហ្គ្រេ​ហ្កូ​រី ទី​១៣ កែប្រែ​ប្រតិទិន ជូ​លាន នេះ​ឱ្យទៅជា ប្រតិទិន​ហ្ក្រេ​ហ្កូ​រាន​ដែលជា​ប្រតិទិន​សកល​នាពេល​បច្ចុប្បន្ន ។​

​ឯកសារ​មួយចំនួន​បាន​អះអាងថា ខែកញ្ញា ជា​ខែ​ទី​ប្រាំបួន​ក្នុង​ប្រតិទិន ជូ​លាន និង ប្រតិទិន​ហ្ក្រេ​ហ្កូ​រាន ដែល​បានសេចក្តីថា ខែកញ្ញា បានក្លាយ​ជា​ខែ​ទី​ប្រាំបួន​ក្នុង​ប្រតិទិន នៅត្រឹម​ចាប់តាំងពី​មាន​ប្រតិទិន ជូ​លាន នៅ​៤៦​ឆ្នាំមុន​គ្រិស្តសករាជ ។ ប្រការនេះ​បានសេចក្តីថា អ្នកនិពន្ធ​អត្ថបទ​ទាំងនោះ មើលរំលង ឬ ភ្លេច​គិតថា ខែកញ្ញា បានក្លាយ​ជា​ខែ​ទី​ប្រាំបួន​ក្នុង​ប្រតិទិន តាំងពី​ប្រតិទិន នូ​ម៉ា ត្រូវបាន​ប្រសូត​ឡើង កាលពី​ឆ្នាំ​ទី ៧១៣ មុន​គ្រិស្តសករាជ​មកម្ល៉េះ ។​

​ទោះយ៉ាងណា តាម​ការពិនិត្យ​តាមដាន គេ​អាច​ឃើញថា តាំងពី​ពេល​បង្កើត​ឡើងមក ខែកញ្ញា មាន​រយៈពេល​២៩ ថ្ងៃ រហូតដល់​៤៦ ឆ្នាំមុន​គ្រិស្តសករាជ ដែល​ប្រតិទិន ជូ​លាន ត្រូវបាន​បង្កើតឡើង ទើប​ព្រះ​ចៅ ជូ​លី​យើ​ស សេ​ហ្សា បន្ថែម​មួយថ្ងៃ​ទៅលើ​ខែ​នេះ នាំឱ្យ​ខែកញ្ញា មាន​រយៈពេល ៣០ ថ្ងៃ ។​

​ទំនាយ​ចំពោះ​បុគ្គល​កើត​ខែកញ្ញា​
​គេ​អាច​ហៅ​មនុស្ស​កើត​ក្នុង​ខែកញ្ញា ថា កញ្ញា​រាសី​បុគ្គល ក៏បាន ហើយ​តាម​ក្បួនហោ​រាប​ច្ចឹ​ម​លោក បុគ្គល​ដែល​ចាត់ទុកថា ជា​មនុស្ស​កើត​ក្នុង​ខែកញ្ញា ឬ កញ្ញា​រាសី​បុគ្គល គឺ​ជនានុជន​ទាំង ឡាយ​ណា​កើត​នៅ​ចន្លោះ​ថ្ងៃទី ២៣ សីហា – ២១ កញ្ញា ។ តាម​ក្បួន​នេះ ពួក​អ្នក​កើត​ក្នុង​កញ្ញា​រាសី​ស្មើនឹង​អ្នក​កើត ឆ្នាំរកា នៃ ក្បួន​ហោរា​ចិន ហើយ​ឆុង​នឹង​អ្នក​កើត​ខែមីនា ។​

​ធម្មជាតិ​របស់​មនុស្ស​កើត​ខែកញ្ញា គឺ​ភាព​សា្អ​ត និង បរិសុទ្ធ និមិត្តសញ្ញា​របស់ កញ្ញា​រាសី​បុគ្គល គឺ ស្រី​ក្រមុំ ធាតុ ដី ទទួល​ឥទ្ធិពល ពី ភព​ពុធ ជា​ជំពូក​មនុស្ស​ចូលចិត្ត​ប្រើ​ប្រាជ្ញា ។ ពណ៌​ពេញ​ដែល​ស័​ក្ត​សម​គឺ​ពណ៌ បៃតង និង ពណ៌​ប្រផេះ ។ ត្បូង​នាំ​សំណាង​មាន ត្បូង​កណ្តៀង ថ្លើមថ្ម ត្បូ​មរកត ត្បូង​ពេជ្រ និង ផ្កាថ្ម​ពណ៌ ស ។​

​ជាទូទៅ កញ្ញា​រាសី​បុគ្គល ជា​មនុស្ស​ទន់ភ្លន់ សុភាពរាបសា យកចិត្តទុកដាក់ និង​ហ្មត់ចត់​គ្មាន​គូ​ប្រៀប ។ បុគ្គល​នេះ​មុន​ធ្វើ​អ្វីមួយ តែងតែ​គិត​ហ្មត់ចត់ និង​វិភាគ​ច្រើន​មុននឹង​សម្រេចចិត្ត​។ គេ​ជាម​នុស្ស​ពូកែ​វិភាគ ស្មោះត្រង់ ចិត្តល្អ ចូលចិត្ត​ធ្វើការ​ឲ្យ​អ្នកដទៃ ដោយ​មិន​ចង់បាន​នូវ​ការ​តបស្នង មិន​ប្រាថ្នា​ភាពលេច​មុខ​លេ​មាត់​ប្រឹងប្រែង​ធ្វើការ ចូលចិត្ត​អនុវត្តន៍​ជាក់ស្តែង​ជាង​ទ្រឹស្តី ប៉ុន្តែ​អ្វី​ដែលជា​ចំណុចខ្សោយ គឺ​គេ​ជា​មនុស្ស​មាន​ក្តីបារម្ភ​ច្រើន អៀនខ្មាស​ច្រើន ជួនកាល​រិះគន់​ខ្លួនឯង និង អ្នកដទៃ​ហួសហេតុ ។​

​ទោះជា​បុគ្គល​នេះ​មិន​ងាយ​និយាយ​ពី​អារម្មណ៍​ស្នេហា​របស់ខ្លួន​ឲ្យ​ដៃគូ​បានដឹង​ក៏ដោយ ប៉ុន្តែ​តាម​ពិ​ទៅ បុគ្គល​នេះ ចង់​ទទួលបាន ការស្រឡាញ់​ពី​ដៃគូ​ជីវិត​ខ្លាំងណាស់ ។ បុគ្គល​កើត​ក្នុង​កញ្ញា​រាសី​មិន​ចូលចិត្ត​មាន​ទំនាក់ទំនង​ស្នេហា​ច្រើន​ឡើយ ពោលគឺ​ជួប​គូស្នេហ៍ គ្រា​ដំបូង​ណា​ម្នាក់​ហើយ បុគ្គល​នេះ​នឹង​ស្រឡាញ់​អស់​មួយជីវិត​។ កញ្ញា​រាសី​បុគ្គល គឺជា​មិត្តភក្តិ​ចេះ​ជួយ​យកអាសា​គ្នា​គួរឱ្យ​រាប់អាន ។ បុគ្គល​នេះ​ពុំ​សូវ​និយាយស្តី​ច្រើន​ទេ ប៉ុន្តែ​គេ​ពូកែ​ផ្តល់​ដំបូន្មាន ហើយ​ស្គាល់​ច្បាស់​ពី​របៀប​ដោះស្រាយ​បញ្ហា​ទាំងពួង ។ ចំពោះ​រឿង​គ្រួសារ ក៏​ដូច្នោះ​ដែរ បុគ្គល​កើត​ក្នុង​កញ្ញា​រាសី​តែងមាន​វត្តមាន​គ្រប់ពេលវេលា នៅពេលដែល​ក្រុមគ្រួសារ​ត្រូវការ ជាពិសេស​មិនដែល​សន្យាថា ជួយ​ហើយ​បែរជា​មិន​ជួយ​ទេ​។​

​កញ្ញា​រាសី​បុគ្គល ពូកែ​វិភាគ​គ្រប់​ជ្រុងជ្រោយ និង ជា​មនុស្ស​ប៉ិនប្រសប់​ក្នុង​ការងារ​ណាស់ ។ រាល់​បញ្ហា​ទាំងពួង​កើតឡើង​ក្នុង​ការងារ មនុស្ស​នេះ​តែង​អាច​ដោះស្រាយបាន​ជានិច្ច ។ គេ​ពូកែ​ខាង​រកលុយ ប៉ុន្តែ​រឿង​ចំណាយ​វិញ​កំណាញ់​ស្វិត​បន្តិច​ហើយ មុន​ទិញ​របស់របរ អ្វីមួយ​បុគ្គល​នេះ​តែង​រៀបចំ​ផែនការ​ទុកជាមុន មិនដែល​ចំណាយ​ដោយ​គ្មាន​ទិសដៅ​ឡើយ ។​

ព្រឹត្តិការណ៍​សំខាន់ៗ​
​ថ្ងៃទី ១ ខែ កញ្ញា​គឺជា ទិវា​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​ថ្ងៃទី ១ ខែ កញ្ញា​នេះ ក៏​ជា​ទិវា​រដ្ឋធម្មនុញ្ញ សាធារណរដ្ឋ ស្លូ​វ៉ា​គី ដែរ ។ ថ្ងៃទី ១ កញ្ញា ទិវា​ឯករាជ្យ​ជាតិ នៃ ប្រជាជន​វៀតណាម​, ថ្ងៃទី ៧ ខែ កញ្ញា​ទិវា​ឯករាជ្យ នៃ ប្រជាជន ប្រេ​ស៊ី​ល , ថ្ងៃទី ៨ ខែ កញ្ញា ទិវា​ឯករាជ្យ​ជាតិ ម៉ា​សេ​ដូ​នី , នៅ​ថ្ងៃទី ៩ ខែ កញ្ញា ទិវា​ឯករាជ្យ​ជាតិ នៃ កូរ៉េ ខាងជើង , នៅ​ថ្ងៃទី ១០ ខែ កញ្ញា​ទិវា ទប់ស្កាត់ អំពើ​អត្តឃាត ពិភពលោក ,​នៅ​ថ្ងៃទី ១៦ ខែ កញ្ញា​ទិវា​ឯករាជ្យ​ជាតិ នៃ ប្រជាជន ម៉ិ​ក​ស៊ិ​ក​ហើយ​នៅ​ថ្ងៃទី ២២ ខែ កញ្ញា​ទិវា​ឯករាជ្យ​ជាតិ នៃ ប្រជាជន ម៉ាលី ៕ ​ដោយៈ មេសា​

គំនូរ​រូប​ស្រី​ក្រមុំ​ដែលជា​និម្មិត​សញ្ញា​នៃ​ខែកញ្ញា (september 1)
​ត្បូង​កណ្តៀង ដែលជា​ត្បូង​នាំ​សំណាង​សម្រាប់​មនុស្ស​កើត​ខែកញ្ញា (september 2)