ខ្ចីត្រាក់ទ័រជាវត្ថុតាង៧គ្រឿងទៅប្រើ ស្នងការនគរបាលមណ្ឌលគិរីឡើងថ្មី ប្រាប់ថាឲ្យយកមកវិញ

783

(​មណ្ឌលគិរី​)៖​នៅ​ប៉ុន្មាន​សប្តាហ៍​ក្រោយនេះ ចាប់តាំងពីរ​ប្តូរផ្លាស់​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី មានរឿង​អាថ៌កំបាំង​មួយចំនួន​ត្រូវបាន​បែកធ្លាយ​ក្នុងនោះ តាំងពី​រឿង​កាត់​ប្រាក់​បៀ​វត្ត​ន៍​ខែ​ដំបូង​របស់​មន្ត្រីនគរបាល​ថ្មី ហើយ​ពេលនេះ​ក៏​បែកធ្លាយ​រឿង មន្ត្រី​ធំ​ដំនៅ​ខេត្តមណ្ឌលគិរី​ខ្ចី​ត្រាក់ទ័រ​ជា​វត្ថុតាង​ទៅប្រើ​ជាង​ពីរ​ឆ្នាំ​អត់​ទាន់​យកមក​សង​វិញ​ថែមទៀត​។​

​ចំពោះ​រឿង​ខ្ចី​ត្រាក់ទ័រ​ទៅប្រើ​ជាង​ពីរ​ឆ្នាំ​នោះ ត្រូវបាន​គេ​បង្ហើប​ថា ត្រាក់ទ័រ​ចំនួន​០៧​គ្រឿង​ដែលជា​មធ្យោបាយ​ខួង​រណ្តៅ​កៅស៊ូ ដែល​នាំចូល​ពី​ប្រទេស​វៀតណាម​គ្មាន​ច្បាប់​អនុញ្ញាត ត្រូវបាន​នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ដឹកនាំ​ដោយ​លោក​ប៉ែន ផល្លី​ចាប់​បង្ក្រាបបាន​ឯ​ក្រុមហ៊ុន​សម្បទាន​មួយ​ក្នុងស្រុក​ពេ​ជ្រា​ដា កាលពី​កំឡុង​ឆ្នាំ​២០១៥​ជំនាន់​អតីត​ស្នងការ​នគរបាល​លោក​ញ៉ែម វាន់​នី​នៅ​កាន់ដំណែង​មក​ម្លេះ និង​បាន​យកមក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ធានា​។​

​ប្រភព​បន្តថា​ដោយ​រង់​ចាំមើល​ម្ចាស់​មក​ធា​នាយក​ត្រាកទ័រ​នោះ​ទៅវិញ មិនឃើញ មន្ត្រី​មួយចំនួន​ក្នុង​ជួរ​ស្នងការដ្ឋាន​បាន​ខ្ចី​ម្នាក់​មួយគ្រឿងៗ​ទៅប្រើ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ចាប់តាំងពី​ពេលនោះ រហូត​ស្នងការ​ថ្មី​ពីររូប​ចូលកាន់​ដំណែង​ទៅហើយ​នៅ​មិនទាន់​យកមក​សង​វិញទៀត​។​

ប្រភព​បញ្ជាក់ថា អ្នក​ខ្ចី​វត្ថុតាង​ទៅប្រើ​នោះ​រួមមាន​លោក អន ប៊ុ​ន្នី​រឹទ្ធ ស្នងការរង​ខេត្ត​មណ្ឌល ខ្ចី​ត្រាក់ទ័រ​ចំនួន​១​គ្រឿង លោក​វរ​សេនី​ទោ អ៊ូច វុ​ធ អនុប្រធាន​ការិយាល័យ​កណ្តាល​ភស្តុភា និង​ហិរញ្ញវត្ថុ​ខេត្ត ខ្ចី​ត្រាក់ទ័រ​ចំនួន​១​គ្រឿង លោក អ៊ិន ហេង ប្រធានការិយាល័យ​អន្តោប្រវេសន៍​ខេត្ត ខ្ចី​ត្រាក់ទ័រ​ចំនួន​១​គ្រឿង លោក​វរសេនីយ៍ត្រី ឡេង ផល​ខ្ចី​ត្រាក់ទ័រ​១​គ្រឿង ដោយឡែក​ត្រាក់ទ័រ​ចំនួន​៣​គ្រឿង​ទៀត ប្រភព​មិនបាន​បង្ហើប​នោះទេ ទំនង​អ្នក​ខ្ចី​នោះ​ក៏​ធំ​ដំ​ដែរ​ទើប​អាច​ខ្ចី​បាន​។​

​នៅ​ព្រឹក​ថ្ងៃទី​០៨​ខែសីហា​នេះ​លោក ប៉ែន​ផល្លី នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹងថា ចំពោះ​ត្រាក់ទ័រ​ទាំង​០៧​គ្រឿង​នោះ លោក​ពិតជា​បាន​ចាប់ពី​ក្នុង​ក្រុមហ៊ុន​មួយ​ក្នុងស្រុក​ពេ​ជ្រា​ដា គ្រា​ដែល​ក្រុមហ៊ុន​មួយ​នោះ​នាំ​គ្រឿងចក្រ​ចូល​ដោយ​ពុំមាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ​។​

លោ​កថា​ចាប់តាំងពី​ឃាត់​ចាប់​រហូតដល់​បច្ចុប្បន្ន​ពុំមាន​ម្ចាស់​ណា​ម្នាក់​ចូលខ្លួន​មក​ដោះស្រាយ​នោះទេ​។​លោកនាយក​រិ​យា​ល័យ​សេដ្ឋកិច្ច​ខាងលើ​បញ្ជាក់ថា ត្រាក់ទ័រ​ទាំង​០៤​គ្រឿង​នោះ​ពិតជា​ឈ្មោះ​ខាងលើ​ខ្ចី​មែន ប៉ុន្តែ​០៣​គ្រឿង​ទៀត​លោក​បាន​ត្រឹម​សើច ហើយ​មិន​និយាយថា​ន​ណា​ខ្ចី​នោះទេ តែ​ទោះជា​យ៉ាងណា​លោក​ប៉ែន ផល្លី ថា​លោក​បាន​ប្រាប់​ឲ្យ​អ្នក​ខ្ចី​នោះ​យកមក​សង​វិញ​ទោះ​ខូច​ក៏ដោយ​។​

ជាមួយគ្នា​នោះដែរ​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​ទើប​ចូលកាន់​ដំណែង​ថ្មីៗ​គឺ​លោក អ៊ុក សំណាង ថ្លែង​ឲ្យ​ដឹងថា ករណីនេះ​វា​តាំងពី​ជំនាន់​លោកស្នងការ​ញ៉ែម វាន់​នី មក​ម្លេះ ប៉ុន្តែ​ទោះបីជា​កងកម្លាំង​ខ្ចី​ក៏ពិតមែន ត្រូវតែមាន​ឯកសារ​ច្បាស់លាស់​ថា​ពិតជា​ខ្ចី​មែនឬ​យ៉ាងណា និង​ត្រូវ​យកមក​សង​វិញ​ឲ្យ​ខាន​តែ​បាន​។​

ទាក់ទិន​ទៅ​និង​បុគ្គល​មួយចំនួន​ដែល​បាន​ខ្ចី​ត្រាក់ទ័រ​ទៅប្រើ​ជាង​២​ឆ្នាំ​កន្លងទៅនេះ អ្នកកាសែត​យើង​មិនអាច​សូម​ការបកស្រាយ​បាន​នោះទេ​នា​រសៀល​ថ្ងៃទី​០៨​សីហា​នេះ​។​អភិបាលខេត្ត​មណ្ឌលគិរី​លោក ស្វាយ សំ​អ៊ាង បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា លោក​ផ្ទាល់​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម លោក​បានស្នើ​ឲ្យ​ស្ថា​ប័ណ​តុលាការ លោកស្នងការ​ខេត្តមណ្ឌលគិរី​ថ្មី អ៊ុក សំណាង និង​លោក ប៉ែន ផល្លី នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ប្រមូល​វត្ថុតាង​ល្មើសច្បាប់ យកមក​រក្សាទុក​នៅ​ស្នងការ​វិញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ផ្លូវច្បាប់​បន្តទៀត​។​

គួរ​បញ្ជាក់ថា​ត្រាក់ទ័រ​ដែល​បាន​ឃាត់​ចាប់​កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅនោះ ជា​ត្រាក់ទ័រ​ខួង​រណ្តៅ​ដាំ​ដើម​កៅស៊ូ ជា​ត្រាក់ទ័រ​ខ្នាតតូច​មានតម្លៃ​ច្រើន​ពាន់​ដុល្លា​អា​មេ​រិច និង​មាន​សភាព​ថ្មីៗ​ស្រឡាង ហើយ​ប្រភព​អះអាងថា មួយចំនួន​នៃ​ត្រាក់ទ័រ​ទាំងនោះ​ខ្លះ​បាន​រង​ការខូចខាត​ជា​អ​ន្លឺ​ទៅហើយ​៕S/​ដោយៈ​សាត​ចាន់​បុត្រ​

​រូបភាពៈ​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​និង​រូប​ឯកសារ​ប្រភេទ​ត្រាក់ទ័រ​ខួង​រណ្តៅ​កៅស៊ូ​)