ខ្ញុំ​ក្លាយជា​ជន​បដិវត្តន៍​តាម​ឪពុក​ខ្ញុំ​ (​ដកស្រង់​ចេញពី​ចម្លើយសារភាព​ឯកសារ D២៤០២១)

207
ចែករម្លែក

ដោយៈ​ដា​រ៉ា​រដ្ឋ មេត្តា​
​ខ្ញុំ​ឈ្មោះ ស៊ុន​ផុន ផៃ ហៅ អន គឺជា​ជនជាតិ និង​មាន​អាយុ​៣៥​ឆ្នាំ នៅក្នុង​ឆ្នាំ​១៩៧៨​។ ខ្ញុំ​នៅ​ភូមិ​ហាត់​ប៉ក់ ឃុំ​ហាត់​ប៉ក់ ស្រុក​វ៉ឺ​ន​សៃ ខេត្តរតនគិរី​។ ឪពុកម្ដាយ​របស់ខ្ញុំ​បាន​ប្រក​បរបរ​ធ្វើស្រែ​ចម្ការ​។ បន្ទាប់មក​គាត់​បាន​ចូល​ខ្មែរឥស្សរៈ ហើយ​ត្រូវបាន​ខ្មាំង​ចាប់​ដាក់គុក​អស់​រយៈពេល​៦​ឆ្នាំ គឺ​ជាប់ឃុំ​នៅ​ស្ទឹងត្រែង​២​ឆ្នាំ និង​នៅ​ភ្នំពេញ​៤​ឆ្នាំ​។ នៅ​ឆ្នាំ​១៩៦៥ គាត់​ត្រូវបាន​ដោះលែង​។ ពីរ​ឆ្នាំ​ក្រោយមក​ឪពុក​ខ្ញុំ​បាន​នាំ​ខ្ញុំ និង​ម្ដាយ​ខ្ញុំ​រត់​ចូល​ក្នុងព្រៃ​ភូមិ​ចាន់ ស្ថិតនៅក្នុង​ស្រុក​បរ​កែវ​ខាងជើង តំបន់​រតនគិរី​។


​នៅ​ខែមិថុនា ក្នុង​ឆ្នាំ​១៩៦៥ ខ្ញុំ​ទទួលបាន​ការអប់រំ​ពី​ឪពុក​របស់ខ្ញុំ​ឲ្យ​ចូលក្នុង​បក្ស​ពលករ​វៀតណាម ដើម្បី​ក្លាយជា​សហព័ន្ធ​ឥណ្ឌូចិន​។ ក្រោយមក​ខ្ញុំ​ក៏បាន​រៀន​អំពី​នយោបាយ​របស់​បក្ស​ពលករ​វៀតណាម នៅ​មន្ទីរ​ក្នុងព្រៃ​ភូមិ​ចាន់ ដោយមាន​អ្នក​ឧទ្ទេសនាម​ឯកសារ​ឈ្មោះ ថង​ស៊ី (​ពី​ឆ្នាំ​១៩៧២ ដល់ ឆ្នាំ​១៩៧៧ គឺ​លេខា​ស្រុក​២៣)​។ អ្នករៀន​នយោបាយ​មានឈ្មោះ កា​វិ​ន (​លេខា​ស្រុក​សៀម​ប៉ាង​), កា​លាច (​ប្រធាន​ចម្ការ​កប្បាស​បាន​លុង​), កង​ដែង​(​លេខា​តំបន់​១០២), ស៊ីម ហៅ ម៉ាន និង ថឺ​ន (​ប្រធាន​ចម្ការ​ដំណាំ​របស់​ភូមិភាគ​ឦសាន​), ស៊ូ​ផុន (​ឪពុក​របស់ខ្ញុំ កាលនោះ​គឺជា​ប្រធាន​សេដ្ឋកិច្ច​ស្រុក​វ៉ឺ​ន​សៃ​ខាងជើង​), ខ្ញុំ (​កងការពារ​មន្ទីរ​រ​បស់ ថង​ស៊ី​) និង វណ្ណា (​ពេទ្យ​ស្រុក​វ៉ឺ​សៃ​ខាងជើង​)​។ ពេល​រៀនសូត្រ ថង​ស៊ី បានលើកឡើង​ពី​បញ្ហា​មួយចំនួន​ធ្វើ​ឲ្យ​ជឿជាក់​លើ​បក្ស​ពលករ​វៀតណាម ដែល​ដឹកនាំ​ធ្វើ​ការតស៊ូ​ដណ្ដើម​ជ័យជម្នះ​លើ​បារាំង ហើយ​បក្ស​ពលករ​វៀតណាម ចង់​រួបរួម​ប្រទេស ឡាវ​, ខ្មែរ និង​វៀតណាម ឲ្យ​ជា​សហភាព​ឥណ្ឌូចិន​តែមួយ​។ ចំណែក​ខ្លឹមសារ​ត្រូវគោរព​តាម​ផែនការ​អប់រំ​សហព័ន្ធ​ឥណ្ឌូចិន​។​ក្រោយមក​បាន​រយៈពេល​ប្រហែលជា​១​ខែ ឈ្មោះ ថង​ស៊ី បាន​ឲ្យ​ខ្ញុំ​រៀន​បច្ចេកទេស​យោធា​យួន ដែល​កាលនោះ​អ្នក​ចូល​រៀនមាន​ខ្ញុំ​, ចំ​បាំ (​កងការពារ​ភូមិ​ចាន់​) និង ក្ដី (​កងការពារ​ភូមិ​ចាន់​)​។ គ្រូបង្រៀន​ឈ្មោះ លឿ (​ជនជាតិ​ចា​រ៉ា​យ​) ទើបតែ​មកពី​យួន​ខាងជើង និង​ឈ្មោះ តាន់​។ ក្រោយពី​រៀនសូត្រ​ចប់ ឪពុក​របស់ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា មនុស្ស​ទាំងអស់​ដែល​កូន​បាន​រៀន​ជាមួយ សុទ្ធតែជា​អ្នកតស៊ូ​ជ័យជម្នះ​ក្នុងការ​រួបរួម​ប្រទេស​ឲ្យ​ក្លាយជា​ឥណ្ឌូចិន​។ នៅក្នុង​ឆ្នាំ​១៩៦៦ ខ្ញុំ​បាន​ទាក់ទង​ជាមួយ​ឈ្មោះ​ខាងលើ​ធ្វើ​សកម្មភាព ឃោសនា​ប្រជាជន​ឲ្យ​មាន​ជំនឿ​លើ​បក្ស​ពលករ​វៀតណាម​។ នៅក្នុង​ឆ្នាំ​១៩៦៧ ថង​ស៊ី បាន​ចាត់តាំង​ខ្ញុំ និង​ឪពុក​របស់ខ្ញុំ​ឲ្យ​ធ្វើ​សកម្មភាព​នៅក្នុង​ព្រៃ​ភូមិ​កុក​ឡាស់ ស្រុក​វ៉ឺ​ន​សៃ​។ ឪពុក​របស់ខ្ញុំ​បាន​ទៅទាក់ទង​ជាមួយ​ឈ្មោះ ស៊ីម​។ ក្រោយមក​ឪពុក​របស់ខ្ញុំ​បាន​នាំ​ខ្ញុំ​ទៅទាក់ទង​ជាមួយ​ខ្សែរយៈ​បក្ស​ពលករ​វៀតណាម​មួយចំនួន​នៅក្នុង​ភូមិ​កុក​ឡាក់​,​ភូមិ​តាក និង​ភូមិ​ខាំ​ពី​វ ក្នុងស្រុក​វ៉ឺ​ន​សៃ​ខាងជើង រួមមាន​ឈ្មោះ ធួ​ម (​កម្មាភិបាល​ចលនា​ប្រជាជន​ភូមិ​កុក​ឡាក់​), ភួ​ន (​ប្រជាជន​នៅ​ក្នុ​សហករណ៍​កុក​ឡាក់​), សា​វ៉ាង (​ប្រធាន​សហករណ៍ ណា​ង៉ា​ម​), ប៊ុន​សុំ (​សមាជិក​ស្រុក​កុក​ឡាក់​), សួ​ល (​ប្រជាជន​សហករណ៍​ភូមិ​ខាំ​ពី​វ​), សា (​កម្មាភិបាល​ចលនា​ប្រជាជន​), តង​(​ប្រធាន​សហករណ៍​ភូមិ​កាឡា​ក់​), តឿន (​ប្រជាជន​នៅ​សហករណ៍​កង​ណ​ក​), ខាំ បន (​អនុប្រធាន​សហករណ៍​ភូមិ​ទាម​)​។ ខ្ញុំ និង​ឪពុក​ខ្ញុំ រួមទាំង​បក្ខពួក កសាង​កម្លាំង​បាន​ឈ្មោះ ប៊ុន​មាំ (​ប្រធាន​រោង​បាយ​សហករណ៍ ភូមិ​កុក​ឡាក់​), បៀ (​ប្រជាជន​នៅ​សហករណ៍​កុក​ឡាក់​)​។ នៅក្នុង​សកម្មភាព​នោះ​ខ្ញុំ​បាន​ចូលរួម​បន្តិច​ន្តួ​ច​ប៉ុណ្ណោះ ឪពុក​ខ្ញុំ​គឺជា​អ្នក​លើកឡើង​ឲ្យ​ធ្វើ​បដិវត្តន៍​ជាមួយ​យួន​។

មន្ទីរ​សន្តិសុខ​ស​-២១ ឬ គុក​ទួលស្លែង​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៦៧ ឈ្មោះ ស៊ីម បាន​ទៅ​ជួប​ឪពុក​ខ្ញុំ ហើយ​បានរៀបចំ​បញ្ចូល​ខ្ញុំ និង​ប៊ុន​មាំ ក្នុង​បក្ស​ពលករ​វៀតណាម ដោយមាន​ឪពុក​របស់ខ្ញុំ​ជា​អ្នក​ឧទ្ទេសនាម និង​ឈ្មោះ ស៊ីម ជា​អ្នកទទួល​ស្គាល់​។ នៅក្នុង​ពិធី​នោះ ខ្ញុំ និង​ប៊ុន​មាំ គោរព​ទង់​ដែលមាន​រូប​កណ្ដៀវ​ញញួរ​នៅ​ខាងលើ និង​មាន​រូប​ផ្កាយ​៣​នៅ​ខាងក្រោម ព្រមទាំង​គោរព​រូប​ហូ​ជី​ម៉ិ​ញ នៅ​ខាងក្រោម​រូប​ផង​។ នៅ​ឆ្នាំ​១៩៦៧ សំបុត្រ​មួយច្បាប់​ពី​ឈ្មោះ កា​វិ​ន បាន​ផ្ញើមក​ឲ្យ​ឪពុក​ខ្ញុំ​ដោយ​អង្គ​ការរក​មនុស្ស​ធ្វើ​នីរសារ ហើយ​នៅក្នុង​សំបុត្រ​បញ្ជាក់ថា​ខ្ញុំ​ត្រូវតែ​ធ្វើជា​នីរសារ​។ មុនពេល​ឪពុក​ខ្ញុំ​ឲ្យ​ខ្ញុំ​ទៅធ្វើ​នីរសារ​អង្គការ គាត់​បាន​ណែនាំ​ខ្ញុំ​ថា កូន​ទៅនេះ​គឺ​រក្សា​គោលជំហរ​ពលករ​វៀត​ណា​ម​ឲ្យ​រឹងមាំ ហើយ​មិនត្រូវ​អួតអាង​ថា​ខ្លួន​បាន​ចូលបក្ស​ពលករ​ទេ ព្រោះ​បក្ស​នេះ​មិន​ឯកភាព​ជាមួយ​អង្គការ​ខ្មែរក្រហម​ទេ​។ នៅ​ដើមខែ​មិថុនា ឆ្នាំ​១៩៦៧ ខ្ញុំ​បាន​ចាក​ចេញពី​ឪពុក​ទៅធ្វើជា​នីរសារ​អង្គការ​នៅ​មន្ទីរ​១០០ ក្នុងភូមិ​កា​ឡែ​ង ស្រុក​បរ​កែវ​ខាងជើង តំបន់​រតនគិរី​។ ពេលទៅដល់​កន្លែង​អង្គការ មានឈ្មោះ​វិ​ន​ដែលជា​ប្រធាន​មន្ទីរ បាន​ចាត់តាំង​ខ្ញុំ​ជា​ប្រធាន​ក្ដាប់​រួម និង​នីរសារ​បស់​អង្គការ​។ ខ្ញុំ​ធ្វើ​នៅ​មន្ទីរ​នីរសារ​នៅ​អូរ​កប ជិត​កន្លែង​អង្គការ​។ ក្រោយមក កា​វិ​ន បាន​ហៅ​ខ្ញុំ​និង​នីរសារ​អង្គការ​៣​នាក់​ទៀត មានឈ្មោះ ដួន (​ប្រជាជន​នៅ​សហករណ៍​ភូមិ​ល្អក ស្រុក​បរ​កែវ​ខាងជើង​, សេង (​ប្រធាន​ចម្ការ​បន្លែ និង​គោក្របី នៅ​ម្ដុំ​ភូមិ​ស្រែ​គោ ស្រុក​ស្ទឹងត្រែង តំបន់​១០៤) និង​ឈ្មោះ បាន់ (​យុទ្ធជន​កម្មករ នៅ​រោង​ជាង​ធំ​)​។ កា​វិ​ន បាន​ហៅ​យើង​ទៅ​អប់រំ​ដើម្បី​ប្រឆាំង​បដិវត្តន៍​។ ក្រោយ​អប់រំ​រួច កា​វិ​ន មិនបាន​ណែនាំ​ឲ្យ​ធ្វើ​សកម្មភាព​អ្វី​ទេ ថាបើ​ធ្វើ​ខ្លាច​បែកការណ៍ គឺ​ធ្វើតាម​អង្គការ​សិន​ទៅ​។ ខ្ញុំ​បាន​រាយការណ៍​ពី​ការណែនាំ​របស់​កា​វិ​ន​ទៅប្រាប់ ស៊ីម ដែលមាន​មន្ទីរ​នៅ​ភូមិ​តា​ឡែ​ង​។

ខ្នោះ និង​ច្រវាក់​សម្រាប់​ដាក់​អ្នកទោស នៅ​មន្ទីរ​សន្តិសុខ​ស​-២១ ឬ គុក​ទួលស្លែង​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​នៅក្នុង​ឆ្នាំ​១៩៧០ បង​ស៊ីម បែក​ពី​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មិន​បានទទួល​ការណែនាំ​អ្វី​ពី​គាត់​ទៀត​ដែរ​។ អង្គការ​បាន​ផ្លាស់​មក​មន្ទីរ​នៅ​ភូមិ​ចាន់ ស្រុក​បរ​កែវ​ខាងជើង​។ ក្រោយមក​មាន​កម្មាភិបាល​ម្នាក់ ឈ្មោះ យ៉ា មក​ធ្វើ​គណៈ​ភូមិភាគ​ឦសាន​។ ខែកញ្ញា ឆ្នាំ​១៩៧០ ខ្ញុំ​ហៅ​មិត្ត​នីរសារ នៅ​មន្ទីរ​ក​១១ រៀន​ឯកសារ​របស់​អង្គការ​។ យ៉ា បាន​ទៅ​ដេក​សម្រាក​នៅ​ទីនោះ​មួយ​យប់ ហើយ​បាន​ហៅ​ខ្ញុំ​, សន​, ថត ហៅ ប៉ុង និង​នីរសារ​ម្នាក់ទៀត ឈ្មោះ សៀន មក​អប់រំ​ឲ្យ​ប្រឆាំង​បដិវត្តន៍​។ យ៉ា បាន​និយាយថា​មិត្ត​ទាំងអស់គ្នា​ឃើញ​ទេ​កម្លាំង​បដិវត្តន៍ ដែល​អង្គការ​ដឹកនាំ​មាន​កម្មាភិបាល​ជើងចាស់​តិច​ណាស់ ឯ​កម្លាំង​បដិវត្តន៍​មួយទៀត​បាន​រួបរួម​ជាមួយ​វៀតណាម​ហើយ​កម្លាំង​កម្មាភិបាល​ដែល​រួមជាមួយ​វៀតណាម​មាន​កម្លាំង​ច្រើន ជា​កម្មាភិបាល​ដែលមាន​ជំនាញ​បច្ចេកទេស​, ពេទ្យ​, យោធា និង​ប​ច្ចេ​ទេស​ផ្សេងៗ​ទៀត​។ តើ​មិត្ត​គិតថា​ខាង​ណា​ជា​អ្នកឈ្នះ​? ខ្ញុំ​ថា​មិនដឹង​ខាង​ណា​ឈ្នះ​ចាញ់​ទេ​។ យ៉ា បាន​បន្តទៀតថា មិនអាច​ឈ្នះ​កម្លាំង​បក្ស​ពលករ​កម្ពុជា​ទេ​។ ការអប់រំ​នេះ យើងខ្ញុំ​បានធ្វើ​តាម យ៉ា ។


​នៅ​ខែឧសភា ឆ្នាំ​១៩៧១ អង្គការ​លេខា​ភូមិភាគ​ឦសាន​ចាស់ បាន​ផ្លាស់​ពី​មន្ទីរ​មក​នៅ​ភូមិភាគ​ឧ​ត្ត​រ​ចាស់ ហើយ​ឈ្មោះ យ៉ា បាន​ឡើង​កាន់កាប់​លេខា​ភូមិភាគ​ឦសាន និង​មាន បង​វី គឺជា​អនុ​លេខា​។ ក្រោយពី​អង្គការ​ផ្លាស់ប្តូរ​អ្នកដឹកនាំ បង​យ៉ា បាន​ផ្លាស់​មក​នៅ​មន្ទីរ​ភូមិ​ស្រែ​គោ ឃុំ​ស្រែ​គោ ស្រុក​ស្ទឹងត្រែង​តំបន់​១០៤​។ នៅ​ខែមិថុនា ឆ្នាំ​១៩៧១ បង​យ៉ា និង​បង​វី បាន​ចាត់តាំង​ខ្ញុំ​ធ្វើជា​អនុប្រធាន​កង​ដឹង​ជញ្ជូន​សេដ្ឋកិច្ច ភូមិភាគ​ឦសាន​។ ខ្ញុំ​និង​បក្ខពួក​បាន​ទាក់ទង​គ្នា​ធ្វើ​សកម្មភាព​តាម​ផែនការ​របស់ យ៉ា និង បង​វី ជា​បន្តបន្ទាប់​ហើយ​ជា​លទ្ធផល​គឺ​៖ ផ្នែក​សេដ្ឋកិច្ច និង​កង​ដឹកជញ្ជូន កសាង​កម្លាំង​បាន​៣​នាក់ មានឈ្មោះ លី​ហ៊ាង (​បុគ្គលិក​រោង​សិប្បកម្ម​ភូមិភាគ​ឦសាន នៅ​ស្ទឹងត្រែង​) និង ផ្នែក​បុគ្គលិក​ខាង​ក្រសួង​សំណង់​ផ្សេងៗ​របស់​ភាគ​ឦសាន មានឈ្មោះ វង់​។
​នៅ​ខែកក្កដា ឆ្នាំ​១៩៧៣ បង​យ៉ា និង បង​វី បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​ដឹក​កាំភ្លើង​ជាង​៣០០​ដើម ពី​ឃ្លាំង​ជិត​មន្ទីរ​ភាគ យកទៅ​ប្រគល់​ឲ្យ បង​ប៊ុត ទុក​ត្រៀម​ផែនការ​ប្រឆាំង​បដិវត្តន៍​។ ខ្ញុំ​ក៏បាន​ដឹក​កាំភ្លើង​ជូន បង​ប៊ុត នៅក្នុង​មន្ទីរ​១០៤​។ ក្រោយមក បង​ប៊ុត បាន​ឲ្យ​ខ្ញុំ​ទាក់ទង​ជាមួយ​ខ្សែ​នៅ​ស្រុក​សៀម​ប៉ាង ដោយមាន​ឈ្មោះ ម៉ុ​ន (​លេខា​ស្រុក​សៀម​ប៉ាង​) ដោយ​យក​ក្រណាត់​១៥០​កី​ទៅ​ឲ្យ ម៉ុ​ន ដើម្បី​យកទៅ​ឲ្យ​ប្រជាជន​ដែល​បានរ​ត់ទៅ​ប្រទេស​ឡាវ ប្រមាណ​ជា​២០០​នាក់​។ នៅក្នុង​ខែធ្នូ ឆ្នាំ​១៩៧៣ បង​យ៉ា បាន​ហៅ​បក្ខពួក​មួយចំនួន​ទៅ​ប្រជុំ​នៅ​សាលា​មន្ទីរ​ស​៣ ក្នុងនោះ​អ្នកចូលរួម​មានឈ្មោះ បង​យ៉ា​, បង​វី​, បង​ប៊ុត​, ទុំ​, អេ​ន​, អុន​, អំ​, សឿន ហៅ ថា​វ៉ន​, ស៊ូ ឡែ​ន​, ស៊ី​ឡា​, កែវ​, ខ្មៅ​, បៀ​ន​, នូ សន​, ប៊ូ​, ខ្ញុំ​, ថង​ស៊ី​, ដែង និង​ចាន់​។ ខ្លឹមសារ នៅក្នុង​ការប្រជុំ​ចំណុច​ទី​១) បង​យ៉ា បាន​ប្រាប់ថា មួយរយៈ​នេះ​គាត់​មិនបាន​នៅ​ជាមួយ​ទេ ព្រោះ​ត្រូវ​ទៅ​បំពេញការងារ​បដិវត្ត​ន៍ ហើយ​មាន​មិត្ត ប៊ុត និង​បង​វី ជា​អ្នកទទួលខុសត្រូវ​ជំនួស​។ ទី​២) គឺ​ត្រូវ​អនុវត្តន៍​ការងារ​យូរអង្វែង​។ ម្នាក់ៗ​ត្រូវតែ​ម្ចាស់ការ​លើ​ខ្លួនឯង ដោយ​ធ្វើ​សកម្មភាព និង​លាក់​ការសម្ងាត់​ឲ្យ​បានល្អ ហើយ​ទទួលបាន​លទ្ធផល​ទើប​ហៅថា​កម្មាភិបាល​ទទួលខុស​ត្រូវ​ខ្ពស់​។ ក្រោយ​ប្រជុំ បង​យ៉ា ត្រូវបាន​ផ្លាស់ប្ដូរ​ទៅ​កន្លែង​ផ្សេង​។


​នៅក្នុង​ខែមីនា ឆ្នាំ​១៩៧៥ បង​វី និង ប៊ុត បាន​ហៅ​បក្ខពួក​មួយចំនួន​ទៅ​ប្រជុំ​នៅ​មន្ទីរ ដែលមាន​គ្នា​ប្រមាណ​ជា​១៤​នាក់​។ ខ្លឹមសារ​នៃ​ការប្រជុំ គាត់​បាន​ណែនាំ​ផែនការ​គ្រប់​អង្គភាព​ត្រូវ​ប្រមូល​កម្លាំង និង​សមាសភាព​មិនល្អ ដែលជា​វណ្ណៈ​ប្រឆាំង​ជាមួយ​បដិវត្តន៍​។ ត្រួតពិនិត្យ​កម្លាំង​នេះ​កុំ​ឲ្យ​បាត់បង់​ទៅខាង​បដិវត្តន៍ និង​លាក់​ការសម្ងាត់​ឲ្យ​បានល្អ​។ នៅ​ខែមិថុនា ឆ្នាំ​១៩៧៥ បង​វី បាន​មកដល់​មន្ទីរ​ពា​ណិ​ជ្ជ​កម្ម​ភាគ​នៅ​ភ្នំពេញ​។ ក្រោយពី​បង​វី មក បង​ប៊ុត បាន​ចាត់តាំង​ខ្ញុំ​និង​កម្លាំង​មួយចំនួន​ឲ្យ​មក​ដឹក​សម្ភារ ពី​មន្ទីរ​ពាណិជ្ជកម្ម​ភាគ​នៅ​ភ្នំពេញ ហើយ​យកទៅដាក់​នៅ​មន្ទីរ​ពាណិជ្ជកម្ម​នៅ​ក្រចេះ ដែលមាន​ឈ្មោះ ទុំ ជា​អ្នក​នៅ​ប្រចាំការ​។ ពេល​ខ្ញុំ​មកដល់​មន្ទីរ​ពាណិជ្ជក​ម្ម​ភាគ នៅ​ខាងជើង​ស្ពាន​ជ្រោយចង្វា បង​វី បាន​ប្រជុំ​ជាមួយ​ខ្ញុំ​, អុន និង ទុំ​។ ក្នុងការ​ប្រជុំ​នេះ បង​វី បាន​លើក​ផែនការ​មួយចំនួន ចំពោះ​ក្រណាត់ និង​ខោអាវ​ល្អៗ ត្រូវ​យកទៅដាក់​នៅ​មន្ទីរ​ក្រចេះ ទុក​ប្រឆាំង​បដិវត្តន៍ ចំណែក​សម្ភារ​ណា​ដែល​មិនល្អ​ត្រូវ​ទុក​ចែក​ឲ្យ​ប្រជាជន​។ ខ្ញុំ​និង​បក្ខពួក​បាន​ដឹក​សម្ភារ​នេះ​រហូតដល់​ចុងឆ្នាំ​១៩៧៥​។


​នៅក្នុង​ឆ្នាំ​១៩៧៦ បង​វី និង​បង​ប៊ុត បាន​ហៅ​បក្ខពួក​មួយចំនួន​ប្រជុំ​នៅ​សាលា​នយោបាយ​របស់​ភាគ​នៅ​ខាងកើត​វត្តភ្នំ​ស្ទឹងត្រែង មាន​អ្នកចូលរួម បង​វ៉ាន់​, បង​ប៊ុត​, ទុំ​, អំ​, អេ​ន​, អុន​, ប៊ូ​, សន​, ស៊ូ​ឡែ​ម​, សឿត ហៅ ថា​វ៉ន​, ស៊ី​ឡា​, កែវ​, ខ្មៅ​, នូ សន​, ឱន​, ដែង​, ថង ស៊ី​,​ខាំ​វៀង​។ ខ្លឹមសារ​ប្រជុំ​មាន​ត្រួតពិនិត្យ​កម្លាំង​ដែល​កសាងបាន​រួមមាន ភាគ​, តំបន់​, ស្រុក ហើយ​ឲ្យ​មាន​អាវុធ​គ្រប់​ដៃ​។ ត្រូវ​ត្រៀមកម្លាំង​ធ្វើ​រដ្ឋប្រហារ​គឺ​ទិសដៅ​វាយយក ស្រុក​សៀម​ប៉ាង​មុន នៅក្នុង​ខែមេសា ឆ្នាំ​១៩៧៦ ដើម្បី​ជា​មូលដ្ឋាន​បង្អែក​វាយ​រំដោះ​យក​ភាគ​ឦសាន​ឲ្យ​បាន​នៅ​ថ្ងៃ​អនាគត​ខាងមុខ​។ ចំណែក​កម្លាំង​ខាងក្រៅ​មាន មិត្ត​ប៊ុត និង មិត្ត​ស៊ី​ឡា ទាក់ទង​បាន​ទាំង​ទ័ព​វៀតណាម និង​កងទ័ព​ដែល​បាន​បាត់ទៅ (​មាន​ជនជាតិ​លាវ និង ជនជាតិ​ទំពួន​)​។ នៅពេល​យើង​រំដោះ​កន្លែង​ណា​បាន​ហើយ​ត្រូវ​ក្ដាប់​ប្រជាជន ហើយ​ប្រមូល​ប្រជាជន​ឲ្យ​ធ្វើ​រដ្ឋប្រហារ​ជាមួយ​យើង​។ នៅក្នុង​ខែមីនា ឆ្នាំ​១៩៧៦ បង​យ៉ា បាន​ត្រឡប់​ទៅ​មន្ទីរ​ភាគ​ឦសាន​វិញ ហើយ​ក៏បាន​ប្រជុំ​។ បង​យ៉ា បានលើកឡើង​ចំពោះ​ផែនការ​នៅ​ខែកុម្ភៈ ឆ្នាំ​១៩៧៦ ដែល​លើកឡើង​ពី​ការធ្វើ​រដ្ឋប្រហារ ប៉ុន្តែ​ឥឡូវ​មិនបាន​ធ្វើ​ទេ​។ ដូច្នេះ​ផែនការ​របស់​យើង​ត្រូវ​លើក​ទៅធ្វើ​នៅក្នុង​ខែកញ្ញា ឆ្នាំ​១៩៧៦ វិញ​។


​នៅ​ខែមិថុនា ឆ្នាំ​១៩៧៧ ខ្ញុំ​បានទទួល​សំបុត្រ​ពី បង​វី ហៅ​ខ្ញុំ​ឲ្យ​ទៅ​ទទួល​ភារកិច្ច​ថ្មី​។ ពេល​ខ្ញុំ​ទៅដល់ បង​ប៊ុត បាន​ហៅ​ខ្ញុំ​ទៅ​ប្រជុំ​នៅ​មន្ទីរ​របស់គាត់ (​មន្ទីរ​១០៤)​។ អ្នកចូលរួម មាន បង​ប៊ុត​, អុន​, អេ​ន​, អន និង សាំង​។ ខ្ញុំ​ត្រូវបានចាត់តាំង​ជា​ប្រធាន​ដឹកនាំ​សម្ភារ​សេដ្ឋកិច្ច​ជុំវិញ​មន្ទីរ​ភាគ​។ បង​ប៊ុត បាន​ឲ្យ​ម៉ូតូ​ខ្ញុំ​មួយគ្រឿង​សម្រាប់​ខ្ញុំ​ទៅមក​ចុះឡើង​ពិនិត្យ​សភាពការណ៍​។ គ្រប់​អង្គភាព​ចម្ការកៅស៊ូ​បាន​លុង​របស់​ភាគ និង​មន្ទីរ​ផ្សេងៗ​របស់​ភាគ ត្រូវយក​អង្ករ​ដែលជា​របប​ប្រចាំថ្ងៃ ទៅ​លាយ​គល់​ចេក គល់​ល្ហុង ត្រកួន ក្ដួច មើម​ប្រង់ ស្លឹក​ដំឡូង​មី ផ្លែ​ល្ហុង ផ្លែ​ល្វា ត្រឡាច ចេក គឺ​លាយ​រក​គ្រាប់​អង្ករ​ស្ទើរតែ​មិនឃើញ​។ របប​អាហារ​ពិសេស បង​ប៊ុត បាន​ឲ្យ​ចែក​ដំឡូងឈ្វា និង​ដំឡូង​មី​លាយ​បាយ​កន្លះ​ខែម្ដង​។ ចំណែក​ការចែក​ខោអាវ គឺ​ចែក​តែ​ចំពោះ​អ្នកណា​ដែលមាន​ខោអាវ​រហែក​ខ្លាំង​មែនទែន ឯ​អ្នកណា​ដែល​រហែក​ល្មមៗ​មិន​ចែក​ទេ​ក្រោមលេស​ថា​សន្សំសំចៃ​។ នៅក្នុង​ខែ​កក្ដ​ដា ឆ្នាំ​១៩៧៧ បង​វី បាន​ចាត់តាំង​ខ្ញុំ​ជា​អនុប្រធាន​កសិកម្ម​ភូមិភាគ​ឦសាន ហើយ​ឲ្យ​ទទួលខុសត្រូវ​ខាង​ចម្ការ​ដំណាំ​នៅ​អូរ​ខេ ខាងជើង​ក្រុង​ស្ទឹងត្រែង​។


​នៅ​ខែកុម្ភៈ ឆ្នាំ​១៩៧៨ ខ្ញុំ​និង មិត្ត​អន ត្រូវបាន​អង្គការ​ចាប់​ដាក់​សន្តិសុខ​ភាគ​ឦសាន នៅ​ស្ទឹងត្រែង ព្រែក​អូរ​ពងមាន់ ខាងលិច​ក្រុង​ស្ទឹងត្រែង​។ ពេល​ខ្ញុំ​ជាប់ឃុំ​បាន​២​ថ្ងៃ បង​ប៊ុត បាន​ទៅ​ដោះ​ខ្ញុំ​ចេញ ហើយ​បាន​នាំ​ខ្ញុំ​ទៅផ្ទះ​ខ្ទម​តូច​មួយ​ចម្ងាយ​ប្រមាណ​ជា​៥០​ម៉ែត្រ​ពី​មន្ទីរ​។ បង​ប៊ុត គាត់​បាន​ណែនាំ​ខ្ញុំ​ថា ចំពោះ​មិត្ត​គ្មាន​កំហុស​អ្វី​ឲ្យ​គ្នា​យើង​ចាប់​ទេ គឺ​អង្គការ​ឲ្យ​ចាប់​។ ដូច្នេះ​ពេល​មិត្ត​ចេញពី​កន្លែង​នេះ ទៅ​កន្លែង​អង្គការ ត្រូវ​ឆ្លើយ​សារភាព​ចាប់តាំងពី​ឆ្នាំ​១៩៧២ ដល់​ឆ្នាំ​១៩៧៨ ហើយ​ការឆ្លើយ​នេះ​ត្រូវយក បង​យ៉ា ធ្វើជា​មេ​បង្អែក​។ ក្រោយមក​ត្រូវយក​បង អុន​, មិត្ត​អេ​ន និង​មិត្ត​ទុំ ធ្វើជា​មេដឹកនាំ​ក្បត់​។ ជៀសវាង​កុំ​ឆ្លើយ​ដាក់​ខ្ញុំ បើ​មិន​ដូច្នេះ​ទេ ប្រាកដជា​មិនមាន​អ្នកដឹកនាំ​ទៀតឡើយ​។ បន្ទាប់មក បង​ប៊ុត បាន​សរសេរ​ចម្លើយ​ខ្ញុំ​ដោយ​ខ្លួន​គាត់​ចាប់តាំងពី​ឆ្នាំ​១៩៧២​ដល់​ឆ្នាំ​១៩៧៨ ខ្លឹមសារ​ដូច​ការណែនាំ​របស់គាត់​។ ខ្ញុំ​បាន​មើល​គម្រោង​របស់ បង​ប៊ុត សរសេរ​រយៈពេល​មួយ​ម៉ោង និង​ទទួលបាន​ការណែនាំ​ពី​គាត់​បាន​ខ្លះ រួច​បង​ប៊ុត ក៏បាន​នាំ​ខ្ញុំ​មក​ដាក់​កន្លែង​ដើម​វិញ ហើយ​គាត់​ក៏​លា​ខ្ញុំ​ទៅ​។ ខ្ញុំ​ជាប់ឃុំ​នៅក្នុង​សន្តិសុខ​ភូមិភាគ​ឦសាន​រហូតដល់​ដើមខែ​សីហា ឆ្នាំ​១៩៧៨ ទើប​អង្គការ​បាន​នាំ​ខ្ញុំ​យកមក​ដាក់​កន្លែង​នេះ​តែម្ដង​។
កំណត់ចំណាំ ៖ រាល់​ចម្លើយសារភាព​របស់​អ្នកទោស​ទាំងអស់​នៅ​មន្ទីរ​សន្តិសុខ​ស​-២១ សុទ្ធតែ​ឆ្លងកាត់​ការបង្ខិតបង្ខំ និង​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ​ពី​កង​សួរចម្លើយ​របស់​ខ្មែរក្រហម ដូច្នេះ យើង​មិនអាច​សន្និដ្ឋានបានថា ចម្លើយ​របស់ ស៊ុន​ផុន ផៃ ហៅ អន ពិត​ឬ​យ៉ាងណា​នោះទេ​៕srn