​មិនអាច​បំភ្លេចបាន​«៤៥​ឆ្នាំក្រោយ​បែក​ពី​ឪពុក​របស់ខ្ញុំ​»

173
ចែករម្លែក
ខាត់ ខឹម កំពុងផ្តល់​បទសម្ភាសន៍​ដល់ អ៊ុន សុដាវី បុគ្គលិក​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នៅផ្ទះ​របស់គាត់​នៅក្នុង​ឃុំ​ញរ ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។​
(​អ៊ុន សុដាវី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ដោយៈ អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
ភ្នំពេញៈ​រំឭក​ដល់​រឿង​របប​ខ្មែរក្រហម ខឹម បាន​និយាយថា អ្វីដែល​គាត់​មិនអាច​បំភ្លេចបាន​គឺ​បណ្តាំ​ឪពុក​របស់គាត់​នៅ​ថ្ងៃ​ដែល​គាត់​បាន​និយាយ​លាគ្នា​ជា​លើកចុងក្រោយ​។ ខឹម និយាយ​ទាំង​អួលដើមក​ថា នៅ​ថ្ងៃ​ដែល​ខ្មែរក្រហម​ជម្លៀស​ប្រជាជន​ចេញពី​ក្រុងភ្នំពេញ គាត់​និង​ប្រពន្ធ​បានធ្វើ​ដំណើរ​ទៅ​ព្រែក​ព្នៅ​ដើម្បី​ថ្វាយបង្គំ​លា​ឪពុក​របស់គាត់​។ ឪពុក​របស់គាត់​បាន​សម្រក់​ទឹកភ្នែក​ហើយ​និយាយថា យើង​នឹង​បែក​គ្នា​ចាប់​ពីថ្ងៃ​នេះហើយ​។ ប៉ុន្តែ​ប្រសិនបើ​យើង​មាន​ភ័ព្វសំណាង​យើង​នឹង​ជួបគ្នា​វិញ​។ ខឹម មិនដែល​បាន​ជួប​មុខ​ឪពុក​របស់គាត់​ឡើយ រហូតមកដល់​ពេលនេះ​។​
​សព្វថ្ងៃនេះ ខាត់ ខឹម មាន​អាយុ​៦៧​ឆ្នាំ រស់នៅក្នុង​ភូមិ​ញរ ឃុំ​ញរ ស្រុក​កំពុងរោទិ៍ ខេត្តស្វាយរៀង បាន​រៀបរាប់​ពី​ជីវិត​របស់គាត់​នៅក្នុង​របប​ខ្មែរក្រហម​ដូចខាងក្រោម​នេះ​ថា​៖
​ខ្ញុំ​មាន​ស្រុកកំណើត​នៅ​ភូមិ​ស្វាយចេក ឃុំ​គោក​រការ ស្រុក​ដង្កោ ខេត្តកណ្តាល​។ ខ្ញុំ​មាន​បងប្អូន​៥​នាក់ ស្រី​៤​នាក់​និង​ប្រុស​១​នាក់​។ ម្តាយ​ឪពុក​របស់ខ្ញុំ​គឺជា​កសិករ​។ គាត់​ធ្វើស្រែ និង​លក់ដូរ​បន្តិចបន្តួច​ដើម្បី​ចិញ្ចឹម​កូន​។ ក្នុង​ឆ្នាំ​១៩៦០ ខ្ញុំ​មាន​អាយុ​៧​ឆ្នាំ ហើយ​នៅពេលនោះ​ម្តាយ​របស់ខ្ញុំ​បាន​ឈឺ​ស្លាប់​។ ដូច្នេះ​ខ្ញុំ​ត្រូវ​រស់នៅ​ជាមួយ​ឪពុក​របស់ខ្ញុំ​។ លុះដល់​ពេលដែល​ឪពុក​របស់ខ្ញុំ​រៀបការ​ប្រពន្ធ​ថ្មី ខ្ញុំ​សម្រេចចិត្ត​ចេញពី​គាត់​ទៅ​រស់នៅ​ជាមួយ​បងស្រី​ទី​ពីរ​របស់ខ្ញុំ​វិញ​។ នៅពេល​ខ្ញុំ​អាយុ​បាន​១០​ឆ្នាំ ខ្ញុំ​បាន​ទៅ​រស់នៅ​វត្ត​កប់​ស្រូវ ព្រោះ​ជីវភាព​គ្រួសារ​របស់​បងស្រី​ខ្ញុំ​លំបាក​ខ្លាំងពេក ហើយ​ម្យ៉ាងទៀត​ខ្ញុំ​ចង់​រៀនអក្សរ​។ ក្មេងៗ​នៅក្នុង​ភូមិ​ខ្ញុំ​តែងតែ​និយាយ​ចំអក និង​ហៅ​ខ្ញុំ​ថា អា​ក្មេង​វត្ត​។ រាល់ថ្ងៃ​ខ្ញុំ​ខិតខំ​រៀនសូត្រ និង​បម្រើ​ព្រះសង្ឃ​។ ខ្ញុំ​តែងតែ​ដងទឹក​ដាក់​ពាង ដាំ​ទឹកតែ និង​ធ្វើ​កិច្ចការ​ផ្សេងៗ​ទៀត​បម្រើ​ព្រះសង្ឃ ។ ដោយ​ឃើញ​ខ្ញុំ​ឧស្សាហ៍​ព្យាយាម នៅក្នុង​ឆ្នាំ​១៩៧០ ព្រះចៅអធិការ​វត្ត​បាន​បំបួស​ខ្ញុំ​ជា​ព្រះសង្ឃ​។ ខ្ញុំ​បួស​បាន​ពីរ​ឆ្នាំ ខ្មែរក្រហម​បាន​ចូលមក​ដល់​ឃុំ​គោក​រកា ហើយ​ភាពវឹកវរ​ក៏បាន​កើតឡើង​។ ខ្ញុំ​ក៏បាន​សឹក និង​បានមក​រស់នៅ​ជាមួយ​បងស្រី​របស់ខ្ញុំ​ម្នាក់ទៀត​នៅ​ម្តុំ​ខណ្ឌ​សែន​សុខ​សព្វថ្ងៃ​។ ជារឿយៗ ខ្ញុំ​បាន​ទៅសួរសុខទុក្ខ​ឪពុក​របស់ខ្ញុំ​។ នៅ​ឆ្នាំ​១៩៧៣ យោធា​ខ្មែរក្រហម បាន​ចូលមក​រស់នៅ​ជាមួយ​ប្រជាជន​កាន់តែច្រើន ប៉ុន្តែ​មិនបាន​ធ្វើបាប​ប្រជាជន​ទេ​។ ខ្ញុំ​បាន​ស្គាល់​យោធា​ខ្មែរក្រហម​ម្នាក់​។ យោធា​នោះបាន​ប្រាប់​ខ្ញុំ​ថា ប្រសិនបើ​យើង​គ្មាន​ប្រពន្ធ អង្គការ​នឹង​ឲ្យ​យើង​ធ្វើ​ការងារ​ធ្ងន់​នៅក្នុង​កងចល័ត​។ ប៉ុន្តែ​ប្រសិនបើ​យើង​មាន​ប្រពន្ធ អង្គការ​នឹង​ឲ្យ​យើង​ធ្វើស្រែ​ចម្ការ និង​អាច​រស់នៅ​ជួបជុំ​គ្រួសារ​។ ខ្ញុំ​បានសម្រេច​ចិត្ត​រៀបការ​ជាមួយ​ប្រពន្ធ​របស់ខ្ញុំ​ឈ្មោះ សេក ភួង នៅក្នុង​ឆ្នាំ​១៩៧៤​។ បន្ទាប់ពី​រៀបការ​រួច ខ្ញុំ បាន​ផ្លាស់​មក​រស់នៅ​ជាមួយ​ប្រពន្ធ និង​ឪពុកក្មេក​នៅឯ​ពោធិ៍ចិនតុង​វិញ​។ ឪពុកក្មេក​របស់ខ្ញុំ​ប្រកបមុខរបរ​នេសាទ​ត្រី​ពី​បឹង​ដំរី​ដែល​ស្ថិតនៅ​ខាងលិច​គោក​គ្លៀង​យកទៅលក់​នៅឯ​ផ្សារ​ដី​ហុយ​។ ប្រពន្ធ​របស់ខ្ញុំ​គឺជា​អ្នកលក់​ត្រី​។ ពេលដែល​ប្រពន្ធ​ខ្ញុំ​ទៅ​លក់​ត្រី​នៅ​ផ្សារ ខ្ញុំ​តែងតែ​ជួយ​ឈរ​មើល​ពី​ខាង​ក្រោយខ្នង​របស់គាត់​ព្រោះ​យើង​ខ្លាច​អ្នកទិញ​បន្លំ​។

ខាត់ ខឹម ចិញ្ចឹម​ក្របី​ដើម្បី​ភ្ជួរ​រាស់​ក្នុង​រដូវ​ធ្វើស្រែ និង​ទុក​លក់​ឲ្យ​ឈ្មួយ​យកប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។​
(​អ៊ុន សុដាវី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

រហូតដល់​ឆ្នាំ​១៩៧៥ ប្រជាជន​នៅក្នុង​ទីក្រុង​ភ្នំពេញ ត្រូវ​ខ្មែរក្រហម​ជម្លៀសចេញ​ទាំងអស់​។ នៅពេលដែល​ខ្មែរក្រហម​ចូលមក​ដល់ទី​ក្រុងភ្នំពេញ​ដំបូង ខ្ញុំ​តែងតែ​ដើរទៅ​តាម​យោធា​ខ្មែរក្រហម​មួយក្រុម​ដែល​ដើរ​ប្រមូល​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​នៅតាម​ផ្ទះ និង​នៅក្នុង​ផ្សារ​ពោធិ៍ចិនតុង​។ បន្ទាប់មក យោធា​ខ្មែរក្រហម​បាន​ចូលមក​ក្នុងផ្ទះ​របស់ខ្ញុំ ហើយ​បញ្ជា​ឲ្យ​យើង​ចាក​ចេញពីផ្ទះ​ទៅកាន់​ទិស​ខាងជើង​។ ក្រុមគ្រួសារ​របស់ខ្ញុំ​បាន​ចាក​ចេញពីផ្ទះ​នៅក្នុង​ខែមេសា ឆ្នាំ​១៩៧៥​។ យោធា​ខ្មែរក្រហម​ទាំង​នោះបាន​ប្រាប់​ឲ្យ​យើង​ចាក​ចេញពី​ផ្ទះមួយ​រយៈពេល​សិន ព្រោះ​យន្តហោះ​របស់​អាមេរិកាំង​នឹង​មក​ទម្លាក់​គ្រាប់បែក​។ ខ្ញុំ​បាន​គិតថា​ខ្មែរក្រហម​នឹងមិន​ឲ្យ​ប្រជាជន​រស់នៅក្នុង​ទីក្រុង​ទៀត​ទេ​។ មុននឹង​ចាកចេញ ខ្ញុំ​និង​ប្រពន្ធ​បាន​ទៅ​ថ្វាយបង្គំ​លា​ឪពុក​របស់ខ្ញុំ​ដែល​រស់នៅ​ម្តុំ​ព្រែក​ព្នៅ​។ ឪពុក​របស់ខ្ញុំ​បាន​ស្ទុះ​មក​ចាប់​ឱប​ខ្ញុំ រួចហើយ​ក៏​យំ​។
​បន្ទាប់ពី​លា​ឪពុក​រួច ខ្ញុំ​ជាមួយ​ប្រពន្ធ និង​ក្រុមគ្រួសារ​របស់​ឪពុកក្មេក​ខ្ញុំ​បាន​ចាកចេញ ដោយ​យើង​យកបាន​អង្ករ​ខ្លះ​ដាក់​នៅលើ​កង់​បណ្តើរ​ចេញទៅ​។ នៅតាម​ផ្លូវ យើង​បាន​ចែក​របស់របរ​គ្នា​យួរ ព្រោះ​ខ្លាច​ខ្មែរក្រហម​រឹបអូស​។ យើង​ធ្វើដំណើរ​ដោយ​ថ្មើ​ជើង ចំណែក​កង់​យើង​ត្រូវ​បណ្តើរ​។ យើង​មាន​ខោអាវ​ម្នាក់​តែមួយ​សម្រាប់​ប៉ុណ្ណោះ​។ យើង​ដេក​នៅតាម​ផ្លូវ​ជាច្រើន​ថ្ងៃ ទំរាំ​មកដល់​កំពង់ចម្លង​ព្រែក​ក្តាម​។ បន្ទាប់មក​យើង​បន្តដំណើរ​មក​ស្នាក់នៅ​ភូមិរ​ការ​កោង និង​នៅ​ព្រែក​ពោធិ៍​មួយរយៈ ហើយ​ចុងក្រោយ​ទើប​ទៅដល់​ខេត្តព្រៃវែង​។ ខ្មែរក្រហម​ចោទថា​ខ្ញុំ​ខុសសីលធម៌ ព្រោះ​ខ្ញុំ​ដេក​ក្បែរ​ប្រពន្ធ​របស់ខ្ញុំ​។ ខ្មែរក្រហម​យក​ខ្ញុំ​ទៅ​អប់រំ​នៅក្នុង​ព្រៃ​ក្បែរៗ​នោះ ដោយ​និយាយថា ខ្ញុំ​មិនត្រូវ​ធ្វើ​ឲ្យ​នារី​ស្រើបស្រាល​ឡើយ​។ សាច់ញាតិ​របស់ខ្ញុំ រួមមាន គ្រួសារ​ឪពុកក្មេក គ្រួសារ​របស់​បង​បង្កើត និង​គ្រួសារ​ខ្ញុំ​បាន​ជិះទូក​ឈើ​ក្នុង​ចម្ងាយ​ផ្លូវ​៣០​ម៉ែត្រ បន្តទៅ​ស្នាយ​ពល ហើយ​ចាប់តាំងពី​ពេល​នោះមក​ខ្ញុំ​លែង​ស្គាល់​ទីតាំង​ដែល​ខ្ញុំ​ស្នាក់​បណ្តោះអាសន្ន​ហើយ​។ យោធា​ខ្មែរក្រហម​ដែល​យាម​នៅតាម​ផ្លូវ​បាន​ដេញ​ឲ្យ​យើង​បន្ត​ធ្វើដំណើរ​ទៅមុខ​។ មកដល់​ភូមិ​មួយ​មាន​កើត​ជំងឺ​អាសន្នរោគ និង​បាន​ឆ្លង​រាលដាល​បណ្តាល​ឲ្យ​ប្រជាជន​ក្អួតចង្អោរ ដូច្នេះ​យោធា​ខ្មែរក្រហម​មិន​អនុញ្ញាត​ឲ្យ​យើង​ចូលទៅ​ក្នុងភូមិ​នោះទេ​។ យោធា​ខ្មែរក្រហម​ឆែកឆេរ​យើង​តាមផ្លូវ​រហូត​។ នៅវេលា​ម៉ោង​៧​យប់​ថ្ងៃមួយ ពេល​មេឃ​កំពុង​ភ្លៀង​ធ្លាក់​ខ្លាំង ខ្ញុំ​និង​សាច់ញាតិ ព្រមទាំង​ប្រជាជន​ជាច្រើន​គ្រួសារ​ទៀត​បានធ្វើ​ដំណើរ​កាត់​តាម​ភូមិ​ព្រៃឈរ​។ ខ្ញុំ​ឃើញ​ស្ត្រី​ម្នាក់​បីកូន​ដើរ​ក្រោម​ដំណក់ទឹកភ្លៀង​។ ខ្ញុំ​បាន​ដើរចូល​ទៅផ្ទះ​ប្រជាជន​មូលដ្ឋាន រួចហើយ​ស្រែក​សុំ​ម្ចាស់ផ្ទះ​ជ្រក​ភ្លៀង ប៉ុន្តែ​ម្ចាស់ផ្ទះ​បាន​បដិសេធ​។ ម្ចាស់ផ្ទះ​ថា​យើង​គឺជា​ប្រជាជន​ថ្មី​អាច​នឹង​នាំ​បញ្ហា​ឲ្យ​ដល់​គាត់​។ ខ្ញុំ​អង្វរ​ថាបើ​មិន​ឲ្យ​មនុស្ស​ធំ​ជ្រក សុំ​ឲ្យ​ក្មេង​ជ្រក​ផង ប៉ុន្តែ​ម្ចាស់ផ្ទះ​នោះ​នៅតែ​មិន​ព្រម​។ យើង​បាន​បន្តដំណើរ​ទៅមុខទៀត ដោយ​ប្រជាជន​ខ្លះ​ទូល ខ្លះ​រែក​អីវ៉ាន់​សំពីងសំពោង​។ យើង​បាន​ដើរ​រហូតដល់​ខេត្តស្វាយរៀង និង​បាន​ស្នាក់នៅ​វត្ត​ស្វាយ​តា​យាន​មួយ​យប់​។ យោធា​ខ្មែរក្រហម​បានចាប់ផ្តើម​ហៅ​ខ្ញុំ និង​ប្រជាជន​ជម្លៀស​ទៅ​សួរ​ប្រវត្តិរូប​ម្តងម្នាក់ៗ​។ យោធា​ខ្មែរក្រហម​ម្នាក់​សួរ​មកកាន់​ខ្ញុំ​ថា តើ​មិត្ត​ធ្វើ​ទាហាន​ពាក់​ស័ក្តិ​ប៉ុន្មាន​? ខ្ញុំ​បាន​ប្រាប់​យោធា​នោះ​ថា ខ្ញុំ​មិនដែល​ធ្វើ​ទាហាន​ទេ ខ្ញុំ​ធ្វើ​តែ​ស្រែ​ប៉ុណ្ណោះ​។ យោធា​នោះ​សួរ​ទៀតថា តើ​មិត្ត​ចេះ​ធ្វើស្រែ​ទេ​? ខ្ញុំ​ឆ្លើយថា​ខ្ញុំ​ចេះ​។ យោធា​ខ្មែរក្រហម​បាន​សួរ​បន្តថា តើ​មិត្ត​រៀន​ថ្នាក់​ទី​ប៉ុន្មាន​? ខ្ញុំ​ថា​រៀន​មិនបាន​ជ្រៅជ្រះ​ទេ គឺ​រៀន​នៅ​វត្ត​។ ចំណែក​ប្រជាជន​ខ្លះ នៅពេល​យោធា​សួរ​ពី​ការរៀនសូត្រ បានបង្ហាញ​សញ្ញាបត្រ​របស់ខ្លួន យោធា​ទាំងនោះ​យក​សញ្ញាបត្រ​ទៅ​ហែក​ចោល​អស់ បន្ទាប់មក​បញ្ជូន​អ្នក​ទាំងនោះ​ទៅ​រៀនសូត្រ​។ ភាគច្រើន​យោធា​ខ្មែរក្រហម​សួរ​ប្រវត្តិរូប​ប្រុសៗ​តែប៉ុណ្ណោះ​។ បន្ទាប់ពី​យោធា​ខ្មែរក្រហម​សួរ​ប្រវត្តិរូប ខ្ញុំ​ត្រូវបាន​បញ្ជូន​ឲ្យ​ទៅ​រស់នៅ​ភូមិ​ញរ ស្រុក​កំពង់រោទិ៍​។
​ប្រជាជន​ជម្លៀស​បាន​សង់​ខ្ទម​ស្នាក់នៅ​បណ្តោះអាសន្ន​។ ប្រជាជន​ខ្លះ​បាន​ស្នាក់​នៅក្នុង​ខ្ទម​ដែលមាន​ស្រាប់ និង​ខ្លះទៀត​សុំ​ប្រជាជន​មូលដ្ឋាន​ស្នាក់អាស្រ័យ​។ ខ្ញុំ​បាន​សង់​ខ្ទម​ស្នាក់នៅ​ដោយ​ខ្លួនឯង​។ ខ្ញុំ​ត្រូវបាន​អង្គការ​ចាត់តាំង​ឲ្យ​ទៅ​ធ្វើការ​នៅក្នុង​កង​ភ្ជួរ ចំណែក​ប្រពន្ធ​របស់ខ្ញុំ​ធ្វើជា​អ្នក​បុក​អង្ករ និង​ស្ទូងស្រូវ​។ ល្ងាច​ថ្ងៃមួយ​បន្ទាប់ពី​ហូប​បបរ​ពេល​ល្ងាច​រួច ខ្ញុំ​ក៏​រៀបចំ​ចូលដេក​។ នៅពេលនោះ ខ្មែរក្រហម​ម្នាក់​បាន​យក​បបរ​មក​ឲ្យ​ខ្ញុំ​មួយ​ចាន​ទៀត​ដើម្បី​ហូប​បន្ថែម​។ ខ្ញុំ​ត្រេកអរ​យ៉ាងខ្លាំង និង​អរគុណ​ខ្មែរក្រហម​នោះ​។ ភ្លាមនោះ​ខ្ញុំ​បាន​និយាយ​រឿងនេះ​ប្រាប់​ពូ​របស់ខ្ញុំ ហើយ​ពូ​របស់ខ្ញុំ​បាន​ប្រាប់ថា ខ្មែរក្រហម​នោះ​មានបំណង​ប្រើ​ខ្ញុំ​ហើយ​។ មួយរយៈ​ខ្លី​ក្រោយមក ប្រធាន​កង​មក​ប្រាប់​ខ្ញុំ​ឲ្យ​ចេញទៅ​ភ្ជួរស្រែ​នៅវេលា​ម៉ោង​១២​យប់ រហូតដល់​ថ្ងៃ​រះ​។ បបរ​នោះ​វា​ប្រែជា​លែង​ឆ្ងាញ់​សម្រាប់​ខ្ញុំ​ហើយ ព្រោះ​ខ្ញុំ​ត្រូវ​ធ្វើការ​រហូតដល់​ភ្លឺ​។
​នៅក្នុង​របប​ខ្មែរក្រហម ខ្ញុំ​មិន​ហ៊ាន​ខ្ជិលច្រអូស​ឡើយ​។ រៀងរាល់​ព្រឹក ខ្ញុំ​តែងតែ​សួរ​ទៅ​ប្រធាន​កង​ភ្ជួរ​ឈ្មោះ រឹម ថា តើ​ខ្ញុំ​ត្រូវធ្វើ​អ្វីខ្លះ​ថ្ងៃនេះ​? ពីមួយថ្ងៃ​ទៅមួយថ្ងៃ ខ្ញុំ​ខិតខំ​ធ្វើការ​មិនដែល​បាន​ទៅលេង​ប្រពន្ធ​ឡើយ​។ ខ្ញុំ​តែងតែ​នឹកគិត​ទៅដល់​បងស្រី និង​ឪពុក​ដែល​បាត់​ដំណឹង​។ រៀងរាល់​យប់ ខ្ញុំ​តែងតែ​ភ័យខ្លាច​។ ខ្ញុំ​ឃើញ​កងឈ្លប​ខ្មែរក្រហម​ចាប់ចង​អតីត​ទាហាន លន់ នល់ យកមក​ដាក់​នៅក្នុង​វត្ត​ញរ ដែលជា​កន្លែង​សម្រាប់​កង​ភ្ជួរ​ស្នាក់នៅ​។​ខ្ញុំ​មិនអាច​ធ្វើ​អ្វី​បាន​ក្រៅពី​សម្ងំ​ដេក និង​បិត​ត្រចៀក​ឲ្យ​ជិត​នោះទេ​។ ក្រៅពី​ភ្ជួរស្រែ ខ្ញុំ​ឃ្វាលក្របី និង​រែក​កណ្តាប់​ស្រូវ​ឲ្យ​កង​ស្ទូង​។ ថ្ងៃ​ខ្លះ ខ្ញុំ​បាន​លួច​រត់​ទៅផ្ទះ​ជួប​ប្រពន្ធ​របស់ខ្ញុំ​នៅពេល​យប់​។ ខ្ញុំ​តែងតែ​ស្លៀកសំពត់​ប្រពន្ធ​របស់ខ្ញុំ ព្រោះ​ខោអាវ​របស់ខ្ញុំ​ទទឹក​ស្ទើរ​រាល់ថ្ងៃ​។ ប្រពន្ធ​របស់ខ្ញុំ​តែងតែ​លួចលាក់​អង្ករ​ទុក​ឲ្យ​ខ្ញុំ​ដាំបាយហូប​មុននឹង​ទៅធ្វើ​ការងារ​។ ប្រពន្ធ​របស់ខ្ញុំ​មិនដែល​ខ្លាច​សេចក្តីស្លាប់​ឡើយ​។ ថ្ងៃមួយ​ប្រធាន​កង​ចាត់តាំង​ឲ​ប្រពន្ធ​របស់ខ្ញុំ​ទៅ​ប្រមូល​អាចម៍ក្របី​៥០​គីឡូ ដូច្នេះ​ខ្ញុំ​បាន​ចេញទៅ​ជួយ​គាត់​ទាំងយប់​ព្រោះ​ខ្ញុំ​ខ្លាច​ប្រពន្ធ​របស់ខ្ញុំ​មិនអាច​ធ្វើតាម​ផែនការ​បាន​។ នៅវេលា​ម៉ោង​១០​យប់ យើង​ទាំងពីរ​នាក់​បាន​ដើរ​ចេញពី​ភូមិ​ដើម្បី​ប្រមូល​អាចម៍ក្របី​។
​នៅ​ឆ្នាំ​១៩៧៨ ប្រពន្ធ​ខ្ញុំ​កើត​បាន​កូនស្រី​ម្នាក់​ដ៏​ស្រស់ស្អាត​។ ខ្ញុំ​ទៅ​មើលថែ​គាត់​បានតែ​បី​ថ្ងៃ​ប៉ុណ្ណោះ​។ ខ្ញុំ​សុំ​មេកង​នៅ​មើលថែ​គាត់​ថែម​មួយ​យប់​ទៀត ប៉ុន្តែ​មេកង​មិន​ព្រម​។ មេកង​បាន​ហៅ​ខ្ញុំ​ត្រឡប់មក​ភ្ជួរស្រែ​វិញ​។ ប្រពន្ធ​របស់ខ្ញុំ​យំ​យ៉ាងខ្លាំង ពេល​ខ្ញុំ​ចាកចេញ​។ មុនពេល​ចេញទៅ ខ្ញុំ​បាន​ផ្តាំ​ប្អូនថ្លៃ​របស់ខ្ញុំ​ឲ្យ​ជួយ​មើលថែ​ប្រពន្ធ​ខ្ញុំ​ផង​។ ខ្ញុំ​ត្រូវ​ភ្ជួរ​ឲ្យ​ហើយ​តាម​ផែនការ​កំណត់ ទើប​ប្រធាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ត្រឡប់មកផ្ទះ​វិញ​។ នៅវេលា​ម៉ោង​ប្រហែល​១២​អ​ធ្រា​ត ខែ​ចែ​ត្រ បុរស​ម្នាក់​បានមក​ហៅ​ខ្ញុំ​ឲ្យ​ចេញទៅ​។ ប្រពន្ធ​របស់ខ្ញុំ​ផ្តាំ​ឲ្យ​ខ្ញុំ​យក​ភួយ​ទៅជា​មួយ​ដើម្បី​ទុក​ដណ្តប់ ប៉ុន្តែ​ខ្ញុំ​ប្រាប់​គាត់​វិញ​ថា អូន​ទុក​ភួយ​ដណ្តប់​ជាមួយ​កូន​ទៅ​ព្រោះ​បង​នឹងត្រូវ​អង្គ​ការយកទៅ​សម្លាប់​ហើយ​។ ខ្ញុំ​យកតែ​កន្សែង​មួយ​ប៉ុណ្ណោះ​។ ពេល​ដើរចេញ​ទៅតាម​ផ្លូវ ខ្ញុំ​ធ្វើ​ពុត​ជា​ឈឺ​ដោយ​ក្អក​រហូត​។ លុះ​ខ្មែរក្រហម​ឮ​ក្អក​មិន​ឈប់​ក៏​អនុញ្ញាត​ឲ្យ​ខ្ញុំ​ត្រឡប់មកផ្ទះ​វិញ​។​
​នៅ​ខែធ្នូ ឆ្នាំ​១៩៧៨ កងទ័ព​វៀតណាម​បាន​ចូលមក​ខេត្តស្វាយរៀង និង​កៀរ​ប្រុសៗ​មួយចំនួន​ទៅ​ហាត់​ក្បួនទ័ព​នៅ​វៀតណាម​។ ចំណែក​ខ្មែរក្រហម​ចាប់ផ្តើម​ជម្លៀស​ប្រជាជន​ចេញពី​ភូមិ​។ ប្រជាជន​ខ្លះ​ត្រូវបាន​ខ្មែរក្រហម​សម្លាប់ចោល​ព្រោះ​មាន​សាច់ញាតិ​រត់​ភៀសខ្លួន​ទៅ​ប្រទេស​វៀតណាម​។ ប្រជាជន​ខ្លះ​ត្រូវ​ចាប់ខ្លួន​។ ខ្ញុំ​បានសម្រេច​ចិត្ត​ចូល​ធ្វើជា​កងទ័ព និង​ភៀសខ្លួន​ទៅ​វៀតណាម​។ ខ្ញុំ​ទុក​ប្រពន្ធ និង​កូន​នៅ​ប្រទេស​កម្ពុជា ព្រោះ​វៀតណាម​ប្រមូល​តែ​ប្រុសៗ​ប៉ុណ្ណោះ ។ ខ្ញុំ​ប្រាប់​ប្រពន្ធ​ថាបើ​ខ្ញុំ​មិន​ទៅ​ក៏​ស្លាប់ ដូច្នេះ​ខ្ញុំ​ត្រូវតែទៅ​។ ក្រោយមក ប្រពន្ធ​ខ្ញុំ និង​កូន​របស់ខ្ញុំ​ក៏​ភៀសខ្លួន​ទៅ​វៀតណាម​ដែរ​។ ខ្ញុំ​បាន​ហាត់​ក្បួនទ័ព​នៅ​ព្រៃនគរ​។ ខ្ញុំ​នៅ​កង​វរ​លេខ​១១​។ បន្ទាប់មក ខ្ញុំ​បានមក​វាយ​យោធា​ខ្មែរក្រហម​ប្រហែល​កន្លះ​ខែ​នៅក្នុង​ស្រុក​ស្នួល ខេត្តក្រចេះ​។ ខ្ញុំ​មកជា​មួយ​កងទ័ព​ចំនួន​៨៧​នាក់​ដែល​សុទ្ធសឹង​ជា​កងទ័ព​ខ្មែរ​ដែល​ទើប​ហាត់រៀន​យុទ្ធសាស្ត្រ​យោធា​ថ្មីៗ​។ បន្ទាប់មក ខ្ញុំ​ក៏​ត្រឡប់​ទៅ​រស់នៅ​ប្រទេស​វៀតណាម​វិញ​។ ខ្ញុំ​តែងតែ​ផ្ញើ​សំបុត្រ​តាមរយៈ​អ្នក​ស្គាល់​ទៅ​ឲ្យ​ប្រពន្ធ​របស់ខ្ញុំ ហើយ​ប្រពន្ធ​របស់ខ្ញុំ​ក៏បាន​មកលេង​ខ្ញុំ​។ យើង​សប្បាយរីករាយ​ខ្លាំងណាស់ ប៉ុន្តែ​មួយថ្ងៃ​ក្រោយមក វៀតណាម​បាន​ឲ្យ​ប្រពន្ធ​ខ្ញុំ​ឲ្យ​ត្រឡប់មកវិញ ព្រោះ​មិន​អនុញ្ញាត​ឲ្យ​នៅ​ជាមួយ​កងទ័ព​ឡើយ​។ រហូតដល់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​វាយ​បែក​ភ្នំពេញ ទើប​ខ្ញុំ និង​ប្រពន្ធ​កូន ត្រឡប់មក​នៅ​ព្រំដែន​វិញ ។​
​នៅ​ឆ្នាំ​១៩៨០ ប្រពន្ធ​របស់ខ្ញុំ​បាន​ឈឺ​ស្លាប់​។ ខ្ញុំ​រស់នៅ​តែ​ពីរ​នាក់​កូនស្រី​របស់ខ្ញុំ​ប៉ុណ្ណោះ​។ ក្រោយមក ខ្ញុំ​បាន​ជួប​ម្តាយចុង​របស់ខ្ញុំ​។ ម្តាយចុង​របស់ខ្ញុំ​ប្រាប់ថា ឪពុក​របស់ខ្ញុំ​បាន​ស្លាប់បាត់​ហើយ គឺ​ស្លាប់​នៅ​ខេត្តពោធិ៍សាត់​ក្នុង​ឆ្នាំ​១៩៧៨​។ ម្តាយចុង​របស់ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ទៅយក​ធាតុ​ឪពុក ប៉ុន្តែ​នៅពេលនោះ​ខ្ញុំ​មិនអាច​ទៅ​បានទេ​ព្រោះ​ស្រុក​មិនទាន់មាន​សន្តិភាព​។ ក្រោយមក​ម្តាយចុង​របស់ខ្ញុំ​ក៏​ស្លាប់​ទៀត ដូច្នេះ​ខ្ញុំ​មិនដឹងថា​ផ្នូរ​របស់​ឪពុក​ខ្ញុំ​នៅទីណា​ឡើយ​។ ថ្ងៃមួយ ឪពុក​របស់ខ្ញុំ​បានមក​ពន្យល់​ស​ប្តិ​ប្រាប់​ខ្ញុំ​ថា មានកូន​ប្រុស​តែមួយ ប៉ុន្តែ​មិនអាច​យក​គាត់​មក​នៅ​ជាមួយ​បាន​។ ខ្ញុំ​នៅតែមាន​ការសោកស្តាយ និង​គិតថា​មិនបាន​តបស្នង​សងគុណ​ឪពុក​វិញ​។ ខ្ញុំ​បានត្រឹមតែ​អុជ​ធូប​បន់ស្រន់​សុំ​ខមាទោស​គាត់​។ អ្វីៗ​ហាក់បីដូចជា​ការយល់​ស​ប្តិ​នៅពេលដែល​ខ្ញុំ​ដឹង​ដំណឹង​ថា​ឪពុក​របស់ខ្ញុំ​ស្លាប់​។ ខ្ញុំ​នៅតែ​ចងចាំ​មិន​ភ្លេច​នៅ​ថ្ងៃ​ចុងក្រោយ​ដែល​យើង​បាន​និយាយ​លាគ្នា​។