ខ្ញុំ​បាន​រួច​រស់​ជីវិត​ដោយសារ​លាក់​ប្រវត្តិរូប​

668
ចែករម្លែក
  • 630
    Shares

ដោយ ៖ សុខ វណ្ណៈ បុគ្គលិក​មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង​
​ខ្ញុំ​ឈ្មោះ ចាន់ ធឿន គឺជា​ប្រជាជន​មួយរូប​បាន​ធំ​ពេញវ័យ​ចំពេល​ប្រទេសជាតិ​កើតមាន​សង្គ្រាម​។ សព្វថ្ងៃ​ខ្ញុំ​មាន​អាយុ​៦៨​ឆ្នាំ និង​មាន​ស្រុកកំណើត​នៅ​ភូមិក​ណ្តោ​ក ឃុំ​ក​ណ្តោ​ក ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។ ខ្ញុំ​មាន​ឪពុក​ឈ្មោះ សេក វែ​ន ស្លាប់​នៅ​ឆ្នាំ​១៩៧២​។ ឪពុក​របស់ខ្ញុំ​គឺជា​អតីត​អាចារ្យវត្ត​កំបោរ ចំណែក​ម្តាយ​របស់ខ្ញុំ​ឈ្មោះ សោម សារូ ស្លាប់​ក្នុង​ជំនាន់ ប៉ុល ពត​។ ខ្ញុំ​មាន​បងប្អូន​ចំនួន​៤​នាក់ ប្រុស​៣ និង​ស្រី​១​។ ខ្ញុំ​បាន​រៀនសូត្រ​នៅ​សាលា​វត្ត​កំបោរ​ត្រឹម​ថ្នាក់​ឧ​ត្ត​ម​ដ្ឋា​ន​ក៏​ឈប់រៀន​។ បន្ទាប់មក ខ្ញុំ​បាន​បួស​ជា​ព្រះសង្ឃ​ចំនួន​បួន​វស្សា​ក៏​លាសិក្ខា​បទ​វិញ​នៅ​ឆ្នាំ​១៩៦៨ ដើម្បី​មកជួយ​ធ្វើស្រែ​ចម្ការ​ឪពុកម្តាយ​។​

ចាន់ ធឿន

​នៅ​ឆ្នាំ​១៩៧០ ប្រទេសជាតិ​ក៏​ជួប​វិបត្តិ​នយោបាយ​មិនអាច​ផ្សះផ្សា​គ្នា​បាន​ក៏​កើតមាន​រដ្ឋប្រហារ​ទម្លាក់​សម្តេច នរោត្តម សីហនុ​។ ប្រទេសជាតិ​ទាំងមូល​ធ្លាក់​ចូលក្នុង​ភ្លើងសង្គ្រាម​រវាង​កម្លាំង​ខ្មែរក្រហម និង​របប​សាធារណរដ្ឋ​ខ្មែរ​ដឹកនាំ​ដោយ​លោក​សេនាប្រមុខ លន់ នល់​។ ពេលនោះ ខ្ញុំ​មាន​វ័យ​១៨​ឆ្នាំ​ហើយ ប៉ុន្តែ​ខ្ញុំ​មិនបាន​ស្ម័គ្រចិត្ត​ចូល​បម្រើ​យោធា​ខ្មែរក្រហម​ជាមួយ​មិត្តភក្តិ​ឡើយ គឺ​ខ្ញុំ​សុខចិត្ត​នៅផ្ទះ​ជាមួយ​ឪពុកម្តាយ​ប្រកបមុខរបរ​ធ្វើស្រែ​ចម្ការ​។ ក្រោយមក​សង្គ្រាម​កាន់តែ​រីក​រាលដាល ដូច្នេះ​ខ្ញុំ​មិនអាច​សម្ងំ​លាក់ខ្លួន​បានឡើយ ពីព្រោះ​បើ​ខ្ញុំ​មិន​រត់​ចូល​ព្រៃ​ជាមួយ​ក្រុម​ចលនា​ខ្មែរក្រហម​ទេ​ក៏​ខ្ញុំ​មិនអាច​គេចផុត​ពី​ការ​កេណ្ឌ​ធ្វើជា​ទាហាន​របស់​របប​សាធារណរដ្ឋ​ខ្មែរ​ដែរ​។ ខ្ញុំ​ត្រូវបាន​មេឃុំ​ឈ្មោះ ម៉ាន កត់​ឈ្មោះ​ឲ្យ​ជា​ទាហាន លន់ នល់ រួច​នាំទៅ​សាលាស្រុក​កណ្តាលស្ទឹង​។ ខ្ញុំ​បានឃើញ យុវជន​មកពី​ភូមិ​ឃុំ​ផ្សេងៗ​រាប់រយ​នាក់ និង​រថយន្ត​ធំៗ​ចំនួន​១៥​គ្រឿង​រង់ចាំ​នៅ​ទីនោះ​រួចជាស្រេច​។ ខ្ញុំ​បាន​ឡើងលើ​រថយន្ត​ជាមួយ​យុវជន​ទាំងនោះ រួច​អ្នកបើកបរ​ក៏​បើករថយន្ត​ចេញពី​សាលាស្រុក​កណ្តាលស្ទឹង​សំដៅទៅ​បន្ទាយ​ស៊ុប​ក្រុង​តាខ្មៅ​។ ពេល​ខ្ញុំ​មកដល់​បន្ទាយ​ដំបូង ប្រធាន​វរ​សេនា​តូច​លេខ​៩៤ ឈ្មោះ ងិន រស់ ឋានៈ​ស័ក្តិ​ពីរ​បានរៀបចំ​បង្កើតជា​អង្គភាព​តូចៗ​សម្រាប់​ខ្ញុំ​រួចហើយ និង​ចាប់​បង្រៀន​ខ្ញុំ រួមទាំង​យុវជន​ទាំង​ផ្សេងទៀត​ឲ្យ​ចេះ​ដោះ​កាំភ្លើង​និង​រៀន​ក្បួន​យុទ្ធសាស្ត្រ​កងទ័ព ដូចជា រៀន​លូន​ក្រាប​ជាដើម​។ ពេល​ចប់​វគ្គ​រយៈពេល​មួយខែ ខ្ញុំ​ត្រូវបាន​អង្គភាព​បញ្ជូនទៅ​សមរភូមិ​បន្ទាយ​ស៊ុប​ស​ត្បូ​រ​ដើម្បី​វាយ​មួយ​យោធា​ខ្មែរក្រហម​។ នៅក្នុង​ឆ្នាំ​១៩៧០ នៅ​ជាយៗ​ទីក្រុង​ភ្នំពេញ​មិនទាន់​មានការ​វាយ​ប្រយុទ្ធ​គ្នា​ជាមួយ​កងកម្លាំង​ខ្មែរក្រហម​ដូច​នៅ​ជនបទ​ដាច់ស្រយាល​ទេ ប៉ុន្តែ​ខ្មែរក្រហម​មាន​សកម្មភាព​ជាសម្ងាត់​នៅ​ទីក្រុង​ភ្នំពេញ​។ ពេលនោះ ខ្ញុំ​មាន​ប្រាក់ខែ​ដូច្នេះ​ខ្ញុំ​អាច​ដើរលេង និង​ជប់លៀង​ជាមួយ​មិត្តភក្តិ​ជា​ញឹកញាប់​។ ចំណែក​មន្ត្រីរាជការ​នៅតាម​អង្គភាព និង​ក្រសួង​ផ្សេងទៀត​ក៏​នាំគ្នា​ដើរលេង​សប្បាយ​ទៅតាម​បែប​ប្រទេស​លោក​សេរី​ដែរ​។

​នៅ​អំឡុង​ពី​ឆ្នាំ​១៩៧១ ដល់​ឆ្នាំ​១៩៧៣ ប្រជាជន​នៅ​ទីក្រុង​ភ្នំពេញ​សប្បាយ​ផង​កើត​ទុក្ខព្រួយ​ផង​ព្រោះ​សង្គ្រាម​កាន់តែ​ខិតជិត​មកដល់​។ ទោះបីយ៉ាងណា​ក៏មាន​ជនបរទេស​រស់នៅ​ទីក្រុង​ភ្នំពេញ​ច្រើន​ដែរ ហើយ​រង្គសាល​សម្រាប់​រាំ​រែក ផឹកស៊ី និង​កម្សាន្ត​ក៏មាន​ច្រើន​កន្លែង​ដែរ​។ រង្គសាល​ដែល​ល្បីឈ្មោះ​នៅពេលនោះ​គឺ រង្គសាល​មេគង្គ​។ សង្គ្រាម អសន្តិសុខ និង​ភាពសប្បាយ​ហឺ​ហារ​នៅតាម​ហាង និង​រង្គសាល​ទាំងនោះ​បានធ្វើ​ឲ្យ​របប​សាធារណរដ្ឋ​ខ្មែរ​ធ្លាក់ចូល​ទៅក្នុង​សង្គម​មា​ន​អំពើពុករលួយ​កាន់តែ​ច្រើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ទោះបី​ដឹងថា តាម​ទីជនបទ​ស្រុកស្រែ​ចម្ការ​ប្រជាជន​រស់នៅ​រងទុក្ខវេទនា​ដោយសារ​សង្គ្រាម​ទម្លាក់​គ្រាប់បែក និង​អត់ឃ្លាន​ក៏ដោយ​។ នៅ​ខែមិថុនា ឆ្នាំ​១៩៧០ មេបញ្ជាការ ងិន រស់ បាន​បញ្ជា​ឲ្យ​ទាហាន​មួយ​កងអនុសេនាធំ ទៅ​ប្រតិបត្តិ​ការណ៍​នៅ​សមរភូមិ​អ្នក​លឿង​និង​គគីរ​ធំ​ដើម្បី​ទប់ទល់​ជាមួយ​យោធា​ខ្មែរក្រហម​ផង និង​ពិនិត្យមើល​ជនជាតិ​វៀតណាម​ដែល​មិន​ព្រម​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​ផង​។ នៅក្នុង​របប​សាធារណរដ្ឋ​ខ្មែរ​មានការ​រឹតបណ្តឹង​យ៉ាងខ្លាំង ចំពោះ​ជនជាតិ​វៀតណាម ដែល​ចូលមក​រស់នៅ​ខុសច្បាប់​ក្នុងប្រទេស​កម្ពុជា ដូច្នេះ​ក៏មាន​ការប្រកាស​ប្រាប់​ឲ្យ​ជនជាតិ​វៀតណាម​ទាំងនោះ​ត្រឡប់​ទៅ​ស្រុក​វិញ​។ មាន​ជនជាតិ​វៀតណាម​ខ្លះ​បាន​ស្ម័គ្រចិត្ត​ត្រឡប់​ទៅ​ប្រទេស​វិញ ប៉ុន្តែ​ក៏មាន​អ្នកខ្លះ​មិន​ព្រម​ចាកចេញ​ដែរ ដោយសារ​ជនជាតិ​វៀតណាម​ទាំងនោះ​ចេះ​និយាយ​ភាសា​ខ្មែរ និង​មាន​ប្តី​ប្រពន្ធ​ជា​ជនជាតិខ្មែរ​។

​នៅ​ឆ្នាំ​១៩៧២ ខ្ញុំ​បាន​រៀបការ​ប្រពន្ធ​ឈ្មោះ សរ សុ​ខែម ជា​អ្នករស់នៅ​បឹងទំពុន​ទីក្រុង​ភ្នំពេញ​។ ក្នុងសម័យ​សង្គ្រាម​ពិធី​រៀបការ​មិនបាន​ធំដុំ​ទេ គឺ​មានតែ​ចាស់ទុំ​និង សាច់ញាតិ​ទាំងសងខាង​ចូលរួម​។ សូម្បីតែ​បងប្អូន​នៅ​ស្រុកកំណើត​ក៏​មិន​បានមក​ចូលរួម​ដែរ ព្រោះ​តំបន់​មួយ​កាន់កាប់​ដោយ​ខ្មែរក្រហម​។ បន្ទាប់ពី​ខ្ញុំ​រៀបការ បាន​រយៈពេល​មួយ​សប្តាហ៍ ខ្ញុំ​ក៏​ចេញទៅ​សមរភូមិ​នៅ​ខាង​អ្នក​លឿង​វិញ​។ ខ្ញុំ​បាន​ឡើង​ឋានៈ​ជា​ប្រធាន​កង​តូច​កាន់​កូនទាហាន​ជាង​៣០​នាក់ ដឹកនាំ​នាវាចម្បាំង​វាយ​ខ្មែរក្រហម​នៅតាម​ច្រាំងទន្លេ និង​ជួយ​ដឹក​គ្រាប់ ស្បៀងអាហារ ផ្តល់​ឲ្យ​ទាហាន លន់ នល់ ដែល​ប្រចាំការ​នៅតាម​បន្ទាយ​។ នៅ​ចុងឆ្នាំ​១៩៧៤ មានការ​ប្រយុទ្ធ​កាន់តែខ្លាំង​ឡើងៗ ដោយ​យោធា​ខ្មែរក្រហម​ដែល​ទទួល​ជំនួយ​ពី​ប្រទេស​ចិន កាន់តែ​មានប្រៀប​ជាង​ទាហាន លន់ នល់ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ពេល​យោធា​ខ្មែរក្រហម​វាយ​បែក​បន្ទាយ​ទាហាន លន់ លន់ ម្តងៗ មាន​ទាហាន លន់ នល់ ស្លាប់​ជាច្រើន ហើយ​សាកសព​អណ្តែត​តាម​ទឹកទន្លេ​មេគង្គ ហូរ​ចុះទៅ​ប្រទេស​វៀតណាម​។
​នៅក្នុង​ហេតុការណ៍​ប្រយុទ្ធ​គ្នា​នោះ ខ្ញុំ​ក៏ត្រូវ​របួស​ដែរ ប៉ុន្តែ​សំណាងល្អ​អ្នក​ដែល​នៅក្នុង​អង្គភាព​ជាមួយគ្នា​បាន​ជួយ​សែង​ខ្ញុំ​ដាក់​លើ​កប៉ាល់ចម្បាំង យកមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៧០១​ក្រុងភ្នំពេញ​។ ខ្ញុំ​មាន​របួសស្រាល​ត្រង់​ស្មា​។ ខ្ញុំ​សម្រាក​ព្យាបាល​របួស​រយៈពេល​ជាង​មួយខែ​ទើប​ជាសះស្បើយ​។ ខ្ញុំ​មិនបាន​ត្រឡប់​ទៅ​សមរភូមិ​វិញ​ទេ​។ ខ្ញុំ​សម្រេចចិត្ត​មក​រស់នៅ​ជាមួយ​ប្រពន្ធ​នៅ​ម្តុំ​បឹងទំពុន ដោយ​ប្រកបមុខរបរ​ជា​អ្នកកាប់ជ្រូក​លក់​វិញ​។​

​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្ញុំ​បានឃើញ​យោធា​ខ្មែរក្រហម​ចូលមក​ក្រុងភ្នំពេញ ហើយ​យោធា​ខ្លះ​ក៏​បាញ់រះ​ដែរ​។ ខ្ញុំ​ឃើញ លន់ នល់ ខ្លះ​ដែល​បាន​លាក់ខ្លួន​នៅក្នុង​បាននាំគ្នា​រត់​ចេញមកក្រៅ អ្នកខ្លះ​បាន​ពាក់​ឯកសណ្ឋាន​ទាហាន​ចេញ រួច​ចូល​បន្លំ​ខ្លួន​ជាមួយ​ប្រជាជន​ដែល​ដើរចេញ​នៅពេល​ជម្លៀស​។ ទាហាន លន់ នល់ ខ្លះ​បាន​ចាញ់បោក​ខ្មែរក្រហម ដោយ​ត្រឡប់មកវិញ​ឲ្យ​យោធា​ខ្មែរក្រហម​ចាប់​ដាក់​ឡាន​យកទៅ​បាត់​។ ខ្ញុំ​មិនបាន​ចាញ់បោក​ខ្មែរក្រហម​ទេ ព្រោះ​ធ្លាប់​ដឹង​ច្បាស់​ថា យោធា​ខ្មែរក្រហម​កាច​សាហាវ​ណាស់​។ ពេលនោះ​ខ្ញុំ​បាន​នាំ​ប្រពន្ធ​កូន​ចេញពី​ភ្នំពេញ​តាមផ្លូវ​ជាតិ​លេខ​១​ឆ្លងកាត់​ច្បារអំពៅ​រហូត​ទៅដល់​កោះ​ក្របី​។ ខ្ញុំ​ក៏បាន​ជួប​ម្តាយបង្កើត និង​បងប្អូន​នៅ​ទី​នោះដែរ​។
​បន្ទាប់មក​យើង​នាំគ្នា​ធ្វើដំណើរ​បន្តទៅ​មុខ​រហូត​ដល់​ស្រុក​ស្អាង​។ ខ្ញុំ​ស្នាក់នៅ​ទី​នោះបាន​រយៈពេល​តែ​ពីរ​ថ្ងៃ ក៏​ត្រឡប់​ទៅរក​ស្រុក​កំ​ណី​ត​វិញ​។ នៅ​ស្រុកកំណើត​អង្គការ​បាន​ចែក​អង្ករ ពោត​សំឡី​តាម​សមាជិកគ្រួសារ​។ មិនយូរប៉ុន្មាន អង្គការ​ចាប់ផ្តើម​ប្រមូល​ទ្រព្យសម្បត្តិ​ឯកជន​មក​ដាក់​រួម​ទាំងអស់​។ អង្គការ​បែងចែក​ប្រជាជន​ទៅតាម​កង និង ចាត់តាំង​ប្រជាជន​ទាំងប្រុស​ទាំងស្រី​ឲ្យ​ចុះ​ធ្វើស្រែ និង​ដក​ស្ទូង​។ នៅ​ឆ្នាំ​១៩៧៥ អង្គការ​មាន​ផែនការ​ជម្លៀស​ប្រជាជន​ចេញពី​ភូមិ​។ ខ្ញុំ​បានដឹងថា ប្រសិនបើ​ខ្ញុំ​រស់នៅ​ក្នុងភូមិ​បន្តទៀត​ច្បាស់​ជាមាន​អ្នកភូមិ​ណា​ម្នាក់​នឹង​រាយការណ៍​ជូន​អង្គការ​ថា ខ្ញុំ​ធ្លាប់​ធ្វើជា​ទាហាន លន់ នល់ មិន​ខាន​។ ដូច្នេះ​ខ្ញុំ​ក៏​ស្ម័គ្រចិត្ត​ចុះឈ្មោះ​មុនគេ​ដើម្បី​ចាកចេញ​ពី​ភូមិ​។ អង្គការ​បាន​បញ្ជូន​ក្រុមគ្រួសារ​ខ្ញុំ និង​អ្នកភូមិ​ជាច្រើន​នាក់មក​ភ្នំពេញ និង​ជិះ​រថភ្លើង​បន្ត​សំដៅទៅ​ខេត្តបាត់ដំបង ក្នុង​ភូមិភាគ​ពាយ័ព្យ​។ ខ្ញុំ​បាន​ទៅ​រស់នៅ​ជើងភ្នំ​ធិបតី ដែ ល​ជា​កន្លែង​លត់​ដំ​សម្រាប់​ប្រជាជន​ថ្មី​។ អង្គការ​បាន​ចាត់តាំង​ឲ្យ​ប្រជាជន​ថ្មី​ទាំងនោះ​ឲ្យ​ធ្វើ​ការងារ​ធ្ងន់ធ្ងរ និង​មិន​ឲ្យ​អាហារ​ហូបចុក​គ្រប់គ្រាន់​។ នៅ​ទីនោះ​ខ្ញុំ​ឃើញ ជនជាតិ​ចិន​កាត់​ខ្មែរ​ខ្លះ​ដែល​និយាយ​ប៉ៃឡាំៗ ត្រូវ​ខ្មែរក្រហម​ធ្វើបាប និង​យកទៅ​សម្លាប់ចោល​នៅ​ជើងភ្នំ​ធិបតី​។​

​នៅ​ឆ្នាំ​១៩៧៧ ខ្ញុំ​និង​ក្រុមគ្រួសារ ត្រូវបាន​អង្គការ​បញ្ជូនទៅ​ធ្វើការ និង​រស់នៅ​ខាង​ទួល​ម្ទេស ស្ថិតនៅ​ក្នុងស្រុក​គាស់ក្រឡ ភូមិភាគ​ពាយ័ព្យ ដែលមាន​លេខា​ភូមិភាគ​ឈ្មោះ រស់ ញឹម គណៈ​តំបន់​ឈ្មោះ វ៉ា​ញ គណៈ​ស្រុក​ឈ្មោះ តា​ឃឿន និង តា​ផុន​។ ខ្ញុំ ខិតខំ​ធ្វើ​ការងារ​បម្រើ​អង្គការ​ដោយ​មិន​ហ៊ាន​ឈប់សម្រាក​ឡើយ ទោះបី​ពេលនោះ​ខ្ញុំ​មាន​ជំងឺ​ក៏ដោយ ហើយ​ខ្ញុំ​ក៏​មិនដែល​និយាយ​អំពី​ប្រ​វ​តិ្ត​ខ្លួន​ប្រាប់​ទៅដល់​អ្នក​ដ៏​ទៃ​ដែរ​។
​នៅក្នុង​ឆ្នាំ​១៩៧៧ ដដែល អង្គការ​តែងតែ​មក​សួរនាំ​អំពី​ប្រវត្តិ​ផ្ទាល់ខ្លួន​របស់ខ្ញុំ ប៉ុន្តែ​ខ្ញុំ​បាន​កុហក់ថា​ខ្ញុំ​ជា​កូន​កសិករ​ធ្វើស្រែ​ចម្ការ​។ ពេលនោះ​អង្គ​ការចង់​ពិសោធន៍​ក៏បាន​ប្រគល់​គោមួយ​នឹម​សម្រាប់​ភ្ជួរ​រាស់ស្រែ​ចម្ការ និង​រទេះ​មួយ​ដើម្បី​ដឹក​ស្បៀង​។ នៅ​ឆ្នាំ​១៩៧៨ កម្មាភិបាល​ខ្មែរក្រហម​ភូមិភាគ​និរតី​បាន​ចូលមក​គ្រប់គ្រង ដូច្នេះ​កម្មាភិបាល​ខ្មែរក្រហម​ខាង​ភូមិភាគ​ពាយ័ព្យ​មួយចំនួន​ត្រូវ​ចាប់ខ្លួន រួមមាន​គណៈ​ឃុំ គណៈ​សហករណ៍ គណៈ​ស្រុក គណៈ​តំបន់​រហូតដល់​ភូមិភាគ​។ នៅពេលដែល​កម្មាភិបាល​ភូមិភាគ​និរតី​ចូល​មកដល់​មិនមាន​អ្វី​ផ្លាស់ប្តូរ​ទេ គឺ​នៅតែ​បង្ខំ​ឲ្យ​ប្រជាជន​ធ្វើការ​ហួសកម្លាំង​និង​មិនបាន​ផ្តល់​អាហារ​ឲ្យ​ប្រជាជន​ហូបចុក​គ្រប់គ្រាន់​ដដែល​។

​នៅ​ឆ្នាំ​១៩៧៩ ខ្ញុំ​ត្រូវបាន​អង្គការ​បង្ខំ​ឲ្យ​ដឹកស្រូវ​ចេញពី​សហករណ៍​យកទៅ​លាក់ទុក​នៅតាម​ភ្នំ​។ ពេលនោះ​ខ្ញុំ​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ប្រពន្ធ​កូន​ដែល​រស់នៅ​ក្នុងភូមិ​យ៉ាងខ្លាំង​។ ខ្ញុំ​បាន​បរ​រទេះគោ​ចេញពី​ក្នុងព្រៃ​នៅពេល​យប់​ចូលមក​ភូមិ​វិញ រួចហើយ​ទុក​រទេះគោ​ចោល ដើម្បី​ទៅរក​ប្រពន្ធ​កូន​។ ខ្ញុំ​រក​មិនឃើញ​ប្រពន្ធ និង​កូន​របស់ខ្ញុំ​ឡើយ ដូច្នេះ​ខ្ញុំ​ក៏​ដើរ​សួរនាំ​មនុស្ស​នៅតាម​ផ្លូវ​ជា​ហូរហែ​។ ខ្ញុំ​បាន​បន្តដំណើរ រហូតមកដល់​ខេត្តបាត់ដំបង និង​បាន​សម្រាក​នៅ​ទីនោះ​រយៈពេល​បី​ថ្ងៃ​។ ក្រោយមក ខ្ញុំ​មានសំណាង​បាន​ជួប​ប្រពន្ធ​កូន​វិញ​។ កាលនោះ ខ្ញុំ​មិនទាន់​ចង់​ត្រឡប់មក​ស្រុកកំណើត​វិញ​ទេ​។ ខ្ញុំ​ចង់​រស់នៅ​ខេត្តបាត់ដំបង​មួយរយៈ​ដើម្បី​ដើររក​ស្រូវ​អង្ករ​ទុក​ហូប​។ នៅ​ទីនោះ​ខ្ញុំ​ឮ​សូរ្យ​ប្រជាជន​ដែល​រស់នៅ​ក្បែរ​ខ្ញុំ​ពិភាក្សាគ្នា​ពី​ការរត់​ទៅ​ព្រំដែន​ថៃ ដើម្បី​ងាយស្រួលរ​ត់ទៅ​ប្រទេស​ទី​បី​។ បន្ទាប់មក ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​ប្រពន្ធ​ខ្ញុំ​។ លុះ​ស្អែក​ឡើង​ខ្ញុំ​ក៏​នាំ​ប្រពន្ធ​កូន​រត់​ចូល​ព្រៃ​សំដៅទៅ​ព្រំដែន​ថៃ​។ ខ្ញុំ​បាន​ទៅដល់​ជំរំ​ណង​ចាន់​ដើម្បី​រង់ចាំ​ចេញទៅ​ប្រទេស​ទី​បី ប៉ុន្តែ​ខ្ញុំ​គ្មាន​សំណាង​។ នៅ​ឆ្នាំ​១៩៩១ មាន​អង្គការ​បានរៀបចំ​បញ្ជូន​ជនភៀសខ្លួន​ឲ្យ​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ​។ នៅពេលនោះ ខ្ញុំ​ក៏​ចុះឈ្មោះ​ជាមួយ​ប្រជាជន​ខ្មែរ​យើង​ជាច្រើន​ទៀត ដើម្បី​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ​។ សព្វថ្ងៃ​ប្រកបមុខរបរ​ធ្វើស្រែ​ចម្ការ និង​មកជួយ​ធ្វើការ​ងារ​នៅ​វត្ត​កំបោរ​៕ ល​