ខ្ញុំ​ហៀបនឹង​ជាប់ទោស​ដោយសារ​ក្រមា​

434
ចែករម្លែក
  • 72
    Shares
ខ្ញុំ​ហៀបនឹង​ជាប់ទោស​ដោយសារ​ក្រមា​

ដោយៈ ដា​រ៉ា​រដ្ឋ មេត្តា អ្នកសរសេរ​ទស្សនាវដ្ដី​ស្វែងរក​ការពិត​/ ភ្នំពេញៈ​សិល្បៈ​បានផ្ដល់​ឲ្យ​អ្នកទស្សនា​នូវ​តថភាព​សង្គម​មួយ​មិនតែប៉ុណ្ណោះ​ក៏ត្រូវ​បាន​ប្រើ​ដើម្បី​ព្យាបាល​របួស​ផ្លូវចិត្ត​ដែរ​។ ទម្រង់​សិល្បៈ​ល្ខោននិយាយ​នេះ​បាន​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​រវាង​ឆ្នាំ​១៩៤៤​និង​១៩៤៥​។ តាមរយៈ​ការសម្ដែង​សិល្បៈ​បែប​ថ្មី ដោយបាន​លើកយក​រឿងរ៉ាវ​ប្រវត្តិ​សាស្ត្រ​ពិត​របស់​ជនរងគ្រោះ​គឺជា​កា​ផ្ដល់នូវ​ខ្លឹមសារ តម្លៃ​អប់រំ និង​បង្កើត​ឲ្យ​មានការ​ត្រិះរិះ​ពិចារណា​ទៅលើ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់ ដែល​បាន​កើតឡើង​សម្រាប់​ក្មេងជំនាន់ក្រោយ​។ ខ្ញុំ​ធ្លាប់បាន​ទស្សនា​ល្ខោននិយាយ​ដែលមាន​ចំណងជើង​ថា «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​»​។ ល្ខោននិយាយ​នេះ​បានធ្វើ​ឲ្យ​ខ្ញុំ​ដឹង​រឿងរ៉ាវ​របស់​ប្រជាជន​កម្ពុជា​ដែល​បាន​ឆ្លងកាត់​របប​ដ៏​ឃោរឃៅ​។ ប្រជាជន​កម្ពុជា​ភាគច្រើន​មាន​ភាព​បាក់ស្បាត មិន​ចង់​និយាយ និង​ចែករំលែក​រឿងរ៉ាវ​ឈឺចាប់​របស់ខ្លួន​ឡើយ​។ នៅពេល​ខ្ញុំ​ទៅ​ទស្សនា​ល្ខោននិយាយ​នេះ ខ្ញុំ​បាន​ជួប​អ៊ំស្រី​ម្នាក់​ដែល​គ្រួសារ​របស់គាត់​ត្រូវបាន​ខ្មែរក្រហម​ចាត់ទុកថា​ជា​ប្រជាជន​ថ្មី​។ ដោយសារ​សេចក្ដី​ចង់ដឹង​របស់ខ្ញុំ​អំពី​របប​ខ្មែរក្រហម អ៊ំស្រី​បាន​យល់ព្រម​រៀបរាប់​អំពី​ដំណើរ​ជីវិត​របស់គាត់​ក្នុង​របប​ខ្មែរក្រហម​ដូចខាងក្រោម​៖

អ៊ុំ សារុន


​ ​ខ្ញុំ​ឈ្មោះ អ៊ុំ សារុន ភេទ​ស្រី អាយុ​៥៩​ឆ្នាំ​។ ខ្ញុំ​កើត​នៅ​ភូមិ​អូរ​ស្វាយចេក ឃុំ​បារាណ៍ ស្រុក​ទ្រាំង​(​កាលពី​សង្គមចាស់​) ខេត្តតាកែវ ដែល​បច្ចុប្បន្ន​ស្ថិតនៅ​សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។ ឪពុក​របស់ខ្ញុំ​ឈ្មោះ អ៊ុំ សារិន និង ម្ដាយ​ឈ្មោះ ប៉ាង សួង​។ ខ្ញុំ​ជា​កូន​ទី​២​នៅក្នុង​គ្រួសារ​ដែលមាន​ជីវភាព​សមរម្យ​។ ឪពុក​របស់ខ្ញុំ​មានមុខរ​បរជា​គ្រូ​ង្រៀ​ន​ចំណែក​ម្ដាយ​របស់ខ្ញុំ​គឺជា​មេផ្ទះ​។ ខ្ញុំ​មាន​បងប្អូន​បង្កើត​ទាំងអស់​១២​នាក់​។ ក្នុងចំណោម​បងប្អូន​ទាំង​១២​នាក់​របស់ខ្ញុំ បាន​ស្លាប់​បាត់បង់​អាយុជីវិត​នៅក្នុង​របប​ខ្មែរក្រហម​ចំនួន​៣​នាក់ ក្នុងនោះ​មានឈ្មោះ អ៊ុំ សុផល​, អ៊ុំ ថា​វី និង អ៊ុំ សុភាព​។ ប្អូនៗ​របស់ខ្ញុំ​ស្លាប់​ដោយសារ​ជំងឺ​ហើម និង​មិនមាន​អាហារ​សម្រាប់​បរិភោគ​គ្រប់គ្រាន់​។​
​ ​ខ្ញុំ​បាន​រៀន​នៅ​សាលា​ឋ​ម​សិក្សា​អង្គ​មេត្រី​ចាប់ពី​ថ្នាក់​ទី​១២​ដល់​ថ្នាក់​ទី​៧​។ បន្ទាប់មក​នៅ​ឆ្នាំ​១៩៧០ ក៏​កើតមាន​រដ្ឋប្រហារ​ទម្លាក់​សម្ដេច នរោត្តម សីហនុ​។ គ្រួសារ​របស់ខ្ញុំ​បាន​ផ្លាស់​មក​រស់នៅ​ក្នុងភូមិ​ចក ឃុំ​បារាយណ៍ ស្រុក​ទ្រាំង (​កាលពី​សង្គមចាស់​) ខេត្តតាកែវ​។ ខ្ញុំ​នៅតែ​រៀន​បន្ត​ដដែល​ព្រោះ​ខ្ញុំ​ចូលចិត្ត​រៀនសូត្រ​ខ្លាំងណាស់ ហើយ​ថែមទាំង​មាន​ការជួយ​ជំរុញ​ពី​ឪពុក​ខ្ញុំ​ទៀតផង​។ សង្គ្រាម​ចេះតែ​បន្ត​កើតមាន​ជា​ហូរហែ​ដែល​បង្ខំចិត្ត​ឲ្យ​ខ្ញុំ​ឈប់រៀន​នៅត្រឹម​ថ្នាក់​ទី​៥​។ ខ្ញុំ​និង​គ្រួសារ​មិនអាច​គេច​ទៅ​ទីណា​បានទេ​ដូច្នេះ​មានតែ​រង់ចាំ​ស្ថានការណ៍​ដែល​នឹង​មកដល់​នាពេលខាងមុខ​។​
​ ​នៅ​ឆ្នាំ​១៩៧៥ ខ្មែរក្រហម​បាន​កាន់កាប់​ភូមិ​របស់ខ្ញុំ​។ គ្រួសារ​របស់ខ្ញុំ​ត្រូវបាន​ចាត់ទុកថា​ជា​ប្រជាជន​ថ្មី​ព្រោះ​គ្រួសារ​ខ្ញុំ​មាន​បងប្អូន​ជម្លៀស​មកពី​ភ្នំពេញ​។ ខ្មែរក្រហម​គិតថា គ្រួសារ​ខ្ញុំ​ជាប់ទាក់ទង​ជាមួយ​ពួក​មូលធន​។ បន្ទាប់មក គ្រួសារ​របស់ខ្ញុំ​ត្រូវបាន​ជម្លៀស​ឲ្យ​រស់នៅ​ខាងលិច​វត្ត​លាយ​បូរ​។ គ្រួសារ​របស់ខ្ញុំ​បានធ្វើការ​នៅ​ជិតៗ​ភូមិ​ហើយ​អាច​ត្រឡប់មក​រស់នៅ​ជុំគ្នា​បាន​។ ម្ដាយ​ខ្ញុំ​ខិតខំ​ធ្វើការ​ខ្លាំងណាស់​ទោះបីជា​គាត់​មានកូន​ខ្ចី​ក៏ដោយ​។ គាត់​គ្មាន​អាហារ​ហូប​ដើម្បី​មាន​ទឹកដោះ​សម្រាប់​ប្អូន​របស់ខ្ញុំ​បៅ​ឡើយ​។ មិនយូរប៉ុន្មាន​ប្អូនប្រុស​របស់ខ្ញុំ​ឈ្មោះ សុភាព បាន​ស្លាប់​ដោយសារ​គ្មាន​ទឹកដោះ​បៅ​។ ឪពុក​របស់ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ស្នើ​ចេញទៅ ព្រោះ​ខ្មែរក្រហម​សង្ស័យថា​គាត់​ជា​អតីត​គ្រូបង្រៀន​។ ខ្ញុំ​គិតថា​ឪពុក​របស់ខ្ញុំ​មិនអាច​វិលត្រឡប់​មកវិញ​ទេ​។ សំណាងល្អ​រយៈពេល​១០​ថ្ងៃ​ក្រោយមក ខ្ញុំ​បានឃើញ​ស្នាមញញឹម​របស់​ឪពុក​ខ្ញុំ​ម្ដងទៀត​។ ខ្ញុំ​បាន​លួច​សួរ​ឪពុក​ខ្ញុំ​ថា «​តើ​មិត្ត​បង​ហៅ​ពុក​ទៅធ្វើ​អ្វី​?» ប៉ុន្តែ​ឪពុក​របស់ខ្ញុំ​មិនបាន​ឆ្លើយតប​នឹង​សំណួរ​របស់ខ្ញុំ​ទេ​។ គាត់​តែងតែ​ហាម​ខ្ញុំ​នៅពេលដែល​ខ្ញុំ​សួរ​គាត់​។ រឿងនេះ​នៅតែ​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្ងល់​ទោះបីជា​របប​ខ្មែរក្រហម​ដួលរលំ​ទៅហើយ​។ ខ្ញុំ​នៅតែ​ព្យាយាម​សួរ​គាត់ ប៉ុន្តែ​គាត់​មិន​ប្រាប់​ខ្ញុំ​ទាល់តែសោះ​។ ឪពុក​របស់ខ្ញុំ​បាន​ស្លាប់​នៅ​ឆ្នាំ​១៩៩០​។​
​ ​នៅ​ចុងឆ្នាំ​១៩៧៥ គ្រួសារ​ខ្ញុំ​បាន​ផ្លាស់​ទៅ​រស់នៅ​ភូមិ​ថ្មី​មួយទៀត ឈ្មោះ​ភូមិ​ព្រៃ​រុន​ស្ថិតនៅ​ឃុំ​ស្រងែ ស្រុក​ទ្រាំង​។ ខ្ញុំ​ត្រូវបានចាត់តាំង​ឲ្យ​ធ្វើការ​នៅ​កងកុមារ​ដើរ​កាប់​ដើម​ទន្ទ្រានខែត្រ រើស​អាចម៍គោ និង​ធ្វើ​ការងារ​ផ្សេងៗ​តាម​បញ្ជា​របស់​អង្គការ​។ ខ្ញុំ​ក៏បាន​ជីក​ប្រឡាយ​ដែរ​។ ខ្ញុំ​បានធ្វើការ​កងចល័ត​ដែល​យប់​ត្រង់ណា​ខ្ញុំ​ត្រូវ​សម្រាក​នៅ​កន្លែង​នោះ​។ ខ្ញុំ​មិនមាន​កន្ទេល​ក្រាល​ដេក​ទេ គឺ​មានតែ​ចំបើង​ក្រាល​ពីក្រោម​ប៉ុណ្ណោះ​។ ពេលនោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ចំបើង​ជា​កន្ទេល​យ៉ាង​កក់ក្ដៅ​។ នៅពេល​មេឃ​ភ្លៀង​ខ្ញុំ​មិនបាន​សម្រាក​ទេ​។ ខ្ញុំ​បាន​ក្រោក​ឡើង អង្គុយ​សំកុក​បញ្ឈរជង្គង់ និង​រង់ចាំ​ហូត​ដល់​ភ្លៀង​រាំង​។ ចំណែក​ម្ដាយ​ឪពុក​ខ្ញុំ​បានធ្វើការ​នៅ​កង​ផ្សេង​ពី​ខ្ញុំ​។ ប្រជាជន​កម្ពុជា​ក្នុងភូមិ​ព្រៃ​រុន​មានការ​រើសអើង​យ៉ាងខ្លាំង ចំពោះ​ប្រជាជន​ថ្មី​។ ខ្ញុំ​ចាំ​មិន​ភ្លេច​ទេ​ចំពោះ​ការ​មាក់ងាយ​ពី​ប្រជាជន​មូលដ្ឋាន​ដែល​និយាយថា «​ជីវិត​ប្រជាជន​ថ្មី​មិន​ស្មើនឹង​ជីវិត​សត្វ​ឆ្កែ​មួយ​ក្បាល​ផង​»​។ ពាក្យសម្ដី​ទាំងនេះ​បានធ្វើ​ឲ្យ​ខ្ញុំ​មានចិត្ត​គុំកួន​ចំពោះ​ប្រជាជន​មូលដ្ឋាន​។ ថ្ងៃមួយ​ឪពុក​របស់ខ្ញុំ​ដើរ​តាមផ្លូវ​ទៅធ្វើ​ការ​ក៏បាន​ឃើញ​អ្នកមូលដ្ឋាន​ដែល​ធ្លាប់​ស្គាល់គ្នា​ដឹក​ព្រលឹត​។ ពេលនោះ​ឪពុក​ខ្ញុំ​បាន​លូកដៃ​ទៅ​ក្ដិច​ព្រលឹត​របស់​អ្នកមូលដ្ឋាន​ដែល​កំពុង​ដឹក​តាម​កង់ ប្រវែង​ប្រមាណ​ជា​ពីរ​ថ្នាំងដៃ អ្នកមូលដ្ឋាន​នោះ​មាក់ងាយ និង​ប្រមាថ​ដល់​អាយុជីវិត​ឪពុក​របស់ខ្ញុំ​ថែមទៀត​។​
​ ​នៅ​ឆ្នាំ​១៩៧៧ ភូមិ​ព្រៃ​រុន​គឺ​មានតែ​ប្រជាជន​មូលដ្ឋាន​រស់នៅ​ប៉ុណ្ណោះ​។ គ្រួសារ​ខ្ញុំ​បានរស់នៅ​ក្នុងភូមិ​មួយទៀត​ឈ្មោះ​ភូមិ​ក្រាំង ស្ថិតនៅក្នុង​ឃុំ​ស្រងែ ស្រុក​ទ្រាំង​។ ប្រជាជន​ដែល​រស់នៅ​ក្នុងភូមិ​ក្រាំង​ភាគច្រើន​ជា​ប្រជាជន​១៧​មេសា ឬ​ប្រជាជន​ថ្មី​។ ខ្ញុំ​នៅក្នុង​កងចល័ត​ស្រុក​ទ្រាំង និង​ត្រូវ​ធ្វើការ​ឆ្ងាយ​ពី​ផ្ទះ​។ ខ្ញុំ​ក៏បាន​ដឹងថា​គ្រួសារ​របស់ខ្ញុំ​ផ្លាស់​មក​រស់នៅ​ក្នុងភូមិ​ក្រាំង​ដែរ​។ ការងារ​របស់ខ្ញុំ​កាន់​តែមាន​ភាពលំបាក ថែមទាំង​មិនអាច​មកជួប​ឪពុកម្ដាយ​ទៀតផង​។ ប្អូនប្រុស​របស់ខ្ញុំ​ឈ្មោះ អ៊ុំ ថា​វី បាន​ស្លាប់​ដោយសារ​ជំងឺ​។ មួយខែ​ក្រោយមក ខ្ញុំ​បានទទួល​ដំណឹង​តាមរយៈ​បងប្រុស​របស់ខ្ញុំ​ថា គាត់​បាន​ជួប​ម្តាយ​របស់ខ្ញុំ​នៅ​សហករណ៍​។ បងប្រុស​របស់ខ្ញុំ​បាន​និយាយថា ប្អូនប្រុស​របស់ខ្ញុំ​ម្នាក់ទៀត​ឈ្មោះ អ៊ុំ សុផល បាន​ស្លាប់​ដោយសារ​ជំងឺ និង​មិនមាន​អាហារ​ហូប​គ្រប់គ្រាន់​។ ចំណែក​ប្អូនប្រុស​របស់ខ្ញុំ​ម្នាក់ទៀត​ឈ្មោះ អ៊ុំ ពៅ ត្រូវបាន​ម្ដាយ​ខ្ញុំ​យកទៅ​ផ្ញើ​ជាមួយ​យាយៗ​នៅ​សហករណ៍​។ នៅពេលដែល​ម្ដាយ​របស់ខ្ញុំ​មកពី​ធ្វើការ​វិញ ទើប​គាត់​យក​ប្អូនប្រុស​របស់ខ្ញុំ​ត្រឡប់មកផ្ទះ​វិញ​។ ដោយសារ​កា​មើលថែ​មិនបាន​ល្អ និង​មិនមាន​អាហារ​ហូបចុក​គ្រប់គ្រាន់​បានធ្វើ​ឲ្យ​ប្អូនប្រុស​របស់ខ្ញុំ​មាន​ជំងឺ​។
​ ​នៅ​ដើមឆ្នាំ​១៩៧៨ ខ្ញុំ​បាន​ទៅ​លើក​ទំនប់​មួយ​ស្ថិតនៅ​ខាងលិច​វត្ត​ខ្លែង​។ យប់​មួយ ប្រធាន​កង​រយ​ម្នា​ក់បាន​ស្រាយ​ក្រមា​ដែលមាន​ពណ៌​ស​ខ្មៅ​ពី​ក​របស់គាត់​មក​ឲ្យ​ខ្ញុំ នៅពេលដែល​គាត់​ឃើញ​ខ្ញុំ​កំពុង​ដេក​ខ្វៀន និង​គ្មានអ្វី​ដណ្ដប់​។ យប់នោះ​ខ្ញុំ​បាន​ដេក​យ៉ាង​កក់ក្ដៅ​ខ្លាំងណាស់​។ នៅពេល​ក្រោក​ទៅធ្វើ​ការ​ពេល​ព្រលឹម​ស្រាងៗ ខ្ញុំ​ត្រូវបាន​ប្រធាន​កង​របស់ខ្ញុំ​ឈ្មោះ វឿន និង​ប្រធាន​កង​រយ​ឈ្មោះ​សុខ លី ចោទប្រកាន់ លួច​ក្រមា​របស់​អង្គការ​។ ខ្ញុំ​បាន​បដិសេដថា ខ្ញុំ​មិនបាន​លួច​ទេ ប៉ុន្តែ​ប្រធាន​កង​របស់ខ្ញុំ​នៅតែ​មិន​ជឿ​។ ប្រធាន​កង​របស់​បាន​ហៅ​ខ្ញុំ​ទៅ​ប្រជុំ​ហើយ​និយាយថា ក្រមា​នេះ​មានតែ​ប្រធាន​កង​រយ​ប៉ុណ្ណោះ​ដែលមាន​ប្រើ​។ ខ្ញុំ​ក៏បាន​លើកឡើង​នៅក្នុង​អង្គប្រជុំ​ថា ខ្ញុំ​បាន​ក្រមា​នេះ​មកពី​ប្រធាន​កង​រយ​បាន​ឲ្យ​មក​ខ្ញុំ​។ ក្រោយមក​ប្រធាន​កង​របស់ខ្ញុំ​ឈ្មោះ សុខ លី បាន​ឲ្យ​នីរសា​របស់ខ្លួន​ទៅ​ស៊ើបសួរ​ពី​ប្រធាន​កង​រយ​ឈ្មោះ ផាត និង​ឈ្មោះ សឿន ដែល​បាន​ឲ្យ​ក្រមា​មក​ខ្ញុំ​។ នៅពេលដែល​ដឹងថា​ខ្ញុំ មិនបាន​លួច​ក្រមា ប្រធាន​របស់ខ្ញុំ​ឈ្មោះ សុខ លី ក៏បាន​សុំ​ក្រមា​នោះ​ពី​ខ្ញុំ​។ ខ្ញុំ​បាន​ឲ្យ​ក្រមា​នោះ​ទៅ​ប្រធាន​កង ព្រោះ​ខ្ញុំ​គិតថា​ប្រសិនបើ​ខ្ញុំ​មិន​ឲ្យ​ទេ​ប្រាកដ​ណាស់​ខ្ញុំ​អាច​នឹង​យកទៅ​រៀនសូត្រ​។ នៅពេល​ខ្ញុំ​ត្រឡប់មក​ធ្វើការ​វិញ មិត្ត​ផាត និង មិត្ត​សឿន បាន​សួរ​ខ្ញុំ​ព្រោះ​មិន​បានឃើញ​ខ្ញុំ​ប្រើ​ក្រមា​ដែល​គាត់​ឲ្យ​។ ខ្ញុំ​ថា​ត្រូវបាន​ប្រធាន​កង យកទៅ​បាត់​ហើយ​។ មិត្ត​ផាត និង មិត្ត​សឿន បាន​ទៅយក​ក្រមា​របស់គាត់​ពី​ប្រធាន​កង​ឈ្មោះ សុខ លី វិញ​។ មិត្ត​ផាត និង មិត្ត​សឿន បាន​យក​ក្រមា​ចាស់​របស់គាត់​មក​ឲ្យ​ខ្ញុំ​ប្រើ ហើយ​បាន​ផ្តាំ​ខ្ញុំ​ថា មិត្ត​កុំ​ប្រើ​ក្រមា​ថ្មី​មួយ​នេះ​អី ព្រោះ​អាចមាន​គ្រោះថ្នាក់​។ ខ្ញុំ​ក៏បាន​បញ្ចប់​ការសន្ទនា​ជាមួយ​មិត្ត​ផាត និង មិត្ត​សឿន​ហើយ​ធ្វើការ​បន្តទៀត​។ រឿង​ក្រមា​មិនទាន់​បញ្ចប់​ទេ​។ នៅ​ថ្ងៃ​បន្ទាប់​ប្រធាន​កង​របស់ខ្ញុំ​ឈ្មោះ សុខ លី បានមក​រករឿង​ខ្ញុំ​ថា បាន​ទៅប្ដឹង​មិត្ត សឿន និង ផាត ឲ្យ​ទៅយក​ក្រមា​ពី​គាត់ ហើយ​គំរាម​ខ្ញុំ​ថែមទៀត ។ នៅពេលនោះ កង​របស់ខ្ញុំ​ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើ​ការងារ​យ៉ាងខ្លាំង​។ ខ្ញុំ​ធ្វើការ​រហូតដល់​ម៉ោង​១២​យប់​ដោយ​ប្រធាន​កង​មិនបាន​ខ្វល់​ពី​ការនឿយហត់​របស់ខ្ញុំ​ឡើយ​។ ប្រធាន​កង​ខ្វល់​តែ​ម្យ៉ាង​គឺ​ធ្វើយ៉ាងណា​ស​ឲ្យ​សម្រេច​ទៅតាម​ផែនការ​របស់​អង្គការ​តែប៉ុណ្ណោះ​។ កុមារ​ដែល​ធ្វើការ​ជាមួយ​ខ្ញុំ​ខ្លះ​ដួលសន្លប់ និង​ស្លាប់​នៅ​កន្លែង​តែម្ដង ព្រោះ​មិនបាន​សម្រាក និង​មិនមាន​អាហារ​ហូប​គ្រប់គ្រាន់​។ ដោយសារ​ធ្វើការ​ច្រើន​ម៉ោង​ជើង​របស់ខ្ញុំ​ស្ពឹក​មិនអាច​ធ្វើ​ចលនា​បាន​។ ខ្ញុំ​បាន​ពឹង​តា​ម្នាក់​ឲ្យ​ផ្សំ​ថ្នាំ​ឫស​ឈើ​ឲ្យ​ខ្ញុំ​ផឹក ទើប​ស្ថានភាព​ជំងឺ​របស់ខ្ញុំ​បាន​ធូរស្បើយ​។​
​នៅ​ឆ្នាំ​១៩៧៩ ខ្ញុំ​បាន​រត់ទៅរក​ឪពុកម្ដាយ​ខ្ញុំ​។ យើង​បាន​ជួបជុំគ្នា​និងរ​ត់ទៅ​ជាមួយគ្នា​ដោយ​មិនមាន​គោលដៅ​ច្បាស់លាស់​ព្រោះ​ខ្លាច​កងទ័ព​វៀតណាម​។ យើង​បានរ​ត់ដល់​ភូមិ​ត្រពាំង​អំពិល ឃុំ​គូស ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ យើង​បាន​ជួប​កងទ័ព​វៀតណាម​នៅ​ទីនោះ ហើយ​កងទ័ព​វៀតណាម​ក៏បាន​ប្រាប់​យើង​ឲ្យ​ត្រឡប់មក​ភូមិកំណើត​វិញ​។
​គ្រួសារ​ខ្ញុំ​បានធ្វើ​ដំណើរ​មកដល់​ស្រុកកំណើត​ជីតា​ដែល​ស្ថិតនៅ​ខាងលិច​ថ្នល់​រទេះភ្លើង​។ យើង​សម្រាក​នៅ​ទីនោះ​រយៈពេល​៣​ថ្ងៃ​ទើបបាន​ត្រឡប់មកផ្ទះ​។ នៅ​ឆ្នាំ​១៩៨០ ខ្ញុំ​បាន​ស្ម័គ្រចិត្ត​ចូល​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​។ ខ្ញុំ​គិតថា​ខ្ញុំ​អាច​ចូលរួម​ស្ដារ​ប្រទេសជាតិ​ឡើងវិញ​តាមរយៈ​ជួយ​សម្រួល​ធ្វើ​ការងារ​ផ្នែក​រដ្ឋាភិបាល​ផ្សេងៗ​សម្រាប់​ប្រជាជន​។ រហូតមកដល់​ឆ្នាំ​១៩៩៤ ខ្ញុំ​បាន​ឈប់​ធ្វើជា​សមាជិក​ក្រុមប្រឹក្សាឃុំ​។ សព្វថ្ងៃ ខ្ញុំ​ធ្វើស្រែ​ចម្ការ ធ្វើជា​ចុងភៅ​ក្នុង​កម្មវិធី​បុណ្យ និង​ពិធីមង្គលការ​ផ្សេងៗ ប៉ុន្តែ​ខ្ញុំ​ក៏បាន​ឆ្លៀតពេល​ជួយ​ធ្វើ​ការងារ​នៅ​សាលាឃុំ​ដែរ បើទោះបីជា​ខ្ញុំ​បាន​ឈប់សម្រាក​ពី​ការងារ​នេះ​ក៏ដោយ​៕សរន