ខ្មាន់កាំភ្លើង​ជា​សិស្ស​ម្នាក់​បាញ់សម្លាប់​មនុស្ស​១៩​នាក់​និង​បង្ក​របួស​៥០​នាក់​នៅ​គ្រី​មេ​

2993
ចែករម្លែក

សិស្សអាយុ១៨ឆ្នាំម្នាក់ បានសំរុកចូលសាលាជំនាញឯកទេសរបស់ខ្លួននៅតំបន់គ្រីមេ របស់រុស្ស៊ី និងបានបាញ់ប្រហារកាលពីថ្ងៃពុធទី១៧តុលាដោយសម្លាប់និស្សិត១៩នាក់ និងបង្ករបួសជាង៥០នាក់ទៀត មុនពេលសម្លាប់ខ្លួនឯង។

វាមិនច្បាស់ថាតើអ្វីនាំអោយ យុវជនឈ្មោះវ្ល៉ាឌីស្លាវ រ៉ូសលីយ៉ាកូវ ដែលជាមនុស្សឯកោនិងពូកែអៀន ប្រព្រឹត្តអំពើសាហាវដូចកម្រោលចូលដូច្នេះ។កាមេរ៉ាសន្តិសុខមួយបង្ហាញដោយសារព័ត៌មានរុស្ស៊ី បានបង្ហាញយុវជននេះកាន់កាំភ្លើងដើរចូលសាលាយ៉ាងស្ងៀមស្ងាត់នៅទីក្រុងគឺចនៅសមុទ្រខ្មៅ។

សឺហ្គេ អាកយ៉ូណូវ មេដឹកនាំតំបន់គ្រីមេ បាននិយាយថា” វាបានដើរចុះជណ្តើរដោយចិត្តត្រជាក់និងបាញ់សិស្សនិងគ្រូ “។

សិស្សឈ្មោះវ្ល៉ាឌីស្លាវ រ៉ូសលីយ៉ាកូវ កាន់កាំភ្លើងដើរចុះជណ្តើរ មុនធ្វើការបាញ់ប្រហារនិងសម្លាប់ខ្លួនឯង

ពួកមន្រ្តីបាននិយាយថា សិស្សឆ្នាំទី៤នេះបានសម្លាប់ខ្លួនឯងនៅក្នុងបណ្ណាល័យនៃវិទ្យាល័យពហុបច្ចេកវិជ្ជាក្រុងគឺច ក្រោយការបាញ់ប្រហារ។ម្តាយរបស់ជនល្មើស ជាគិលានុបដ្ឋាកយិកា បានជួយព្យាបាលជនរងគ្រោះនៅឯមន្ទីរពេទ្យ និងដំបូងមិនដឹងថាកូនរបស់ខ្លួនជាអ្នកប្រព្រឹត្តទេ។

ការបាញ់ប្រហារនៅសាលារៀនដូច្នេះ កម្រកើតមាននៅរុស្ស៊ី និងការវាយប្រហារកាលពីថ្ងៃពុធជាហេតុការណ៍អាក្រក់បំផុតនៅរុស្ស៊ី ដែលបានចាប់យកតំបន់គ្រីមេដាក់ជាឧបសម្ពន្ធនៅឆ្នាំ២០១៤។

វាជាការបាត់បង់អាយុជីវិតមនុស្សច្រើនបំផុតនៅសាសារុស្ស៊ីចាប់តាំងពីអំពើហិង្សាក្នុងសាលារុស្ស៊ីនៅឆ្នាំ២០០៤​ពេល​ពួកឧទ្ទាមឆេកឈ្នីវាយប្រហារសម្លាប់មនុស្ស៣៣៣នាក់ ក្នុងការឡោមព័ទ្ធនិងប្រឈមមុខដាក់គ្នាជាមួយកម្លាំងសន្តិសុខអស់៣ថ្ងៃ៕ដោយ៖វាសនា

គ្រូពេទ្យលើកអ្នករងរបួសដាក់ក្នុងឡានពេទ្យនៅក្រុងគឺច

ជាង១០នាក់រងរបួសធ្ងន់ក្នុងចំណោមអ្នករងរបួស៥៣នាក់