ខ្មាន់កាំភ្លើងបានវាយប្រហារក្បួនយោធាអ៊ីរ៉ង់ប្រចាំឆ្នាំកាលពីថ្ងៃសៅរ៍ទី២២កញ្ញានៅតំបន់ភាគនិរតីសម្បូរប្រេងរបស់ប្រទេសនេះ ដោយសម្លាប់សមាជិកឆ្មាំបដិវត្តន៍អ៊ីរ៉ង់៨នាក់ និង២០នាក់ទៀតរងរបួស។
ភ្លាមៗមិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅទីក្រុងអាវ៉ាស (Ahvaz) ដែលគេឃើញខ្មាន់កាំភ្លើងបាញ់រះចូលទៅហ្វូងកងយោធាដែលកំពុងដើរក្បួន អ្នកឈរមើល និងមន្ត្រីរដ្ឋាភិបាល ដែលមើលពីកន្លែងឈរក្បែរនោះ។ ទោះយ៉ាងណា ប្រទេសអ៊ីរ៉ង់បានប្រឈមនឹងការវាយប្រហារបង្ហូរឈាមកាលពីឆ្នាំមុនពីក្រុមរដ្ឋអ៊ីស្លាម ហើយក្រុមបំបែកខ្លួនអារ៉ាប់ជាច្រើននៅក្នុងតំបន់បានវាយប្រហារបំពង់បង្ហូរប្រេងនៅទីនោះកាលពីពេលកន្លងទៅផងដែរ។
ទូរទស្សន៍រដ្ឋបានចាក់ផ្សាយវីដេអូក្រោយការវាយប្រហារទៅលើមហាវិថី Quds ឬមហាវិថីហ្ស៊េរុយសាឡិម ដែលដូចកន្លែងជាច្រើនទៀតនៅទូទាំងប្រទេសផងដែរ គឺគេឃើញក្បួនដង្ហែប្រចាំឆ្នាំត្រូវបានធ្វើឡើង ដើម្បីរំលឹកដល់ការចាប់ផ្តើមនៃសង្គ្រាមអ៊ីរ៉ង់ឆ្នាំ ១៩៨០ ជាមួយប្រទេសអ៊ីរ៉ាក់។
ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ ISNA បានចេញផ្សាយរូបភាពក្រោយហេតុការណ៍វាយប្រហារនេះ ជាមួយទាហានក្នុងឯកសណ្ឋានកំពុងជួយគ្រាគ្នាទៅវិញទៅមកចេញពីកន្លែងកើតហេតុ៕ ដោយ៖ កញ្ញាដាលីស
ទាហានជួយសង្រ្គោះអ្នករងរបួសក្រោយការវាយប្រហារពីសំណាក់ខ្មាន់កាំភ្លើង