ខ្មាន់កាំភ្លើង​សំរុកចូល​ស្ថាន​កុងស៊ុល​ចិន​នៅ​ប៉ា​គី​ស្ថាន​សម្លាប់​ប៉ូលិស​២​នាក់ ខណៈ​ការ​បំផ្ទុះ​គ្រាប់បែក​សម្លាប់​មនុស្ស​២៥​នាក់​

1999
ចែករម្លែក
  • 133
    Shares

ប៉ូលិស២នាក់ត្រូវបានសម្លាប់កាពីថ្ងៃសុក្រទី២៣វិច្ឆិកា នៅពេលខ្មាន់កាំភ្លើងប្រដាប់ដោយគ្រាប់បែកដៃនិងអាវគ្រាប់បែកអត្តឃាតមួយ បានសំរុកចូលស្ថានកុងស៊ុលចិននៅក្រុងការ៉ាជីរបស់ប៉ាគីស្ថាន ។ការវាយប្រហារនេះត្រូវបានក្រុមផ្តាច់ខ្លួនមួយអះអាងទទួលខុសត្រូវនិងចាត់ទុកចិនជា«ជនជិះជាន់សង្កត់សង្កិន»។

អាជ្ញាធរប៉ាគីស្ថានបាននិយាយថា កងកម្លាំងសន្តិសុខបានគ្រប់គ្រងតំបន់នោះក្រោយការវាយប្រហារចុងក្រោយមួយលើជនជាតិចិននៅក្នុងប្រទេសប៉ាគីស្ថានកន្លែងដែលចិនវិនិយោគប្រាក់រាប់ពាន់លានដុល្លារលើគំរោងធំៗនៅក្នុងកម្មវិធីខ្សែក្រវាត់និងផ្លូវ។

ក្នុងពេលជាមួយគ្នា ចិនបានថ្កោលទោសជាខ្លាំងចំពោះការវាយប្រហារហើយបានស្នើប៉ាគីស្ថានចាត់វិធានការដើម្បីធានាសុវត្ថិភាពពលរដ្ឋនិងស្ថាប័នចិននៅក្នុងប្រទេសអាស៊ីខាងត្បូងនេះ ព្រមទាំងមហាគំរោងរបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន។

មេប៉ូលិសក្រុងការ៉ាជី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងថា«ខ្មាន់កាំភ្លើង៣នាក់បានព្យាយាមចូលក្នុងស្ថានកុងស៊ុលនៅទីក្រុងកំពង់ផែភាគខាងត្បូងនេះ តែត្រូវសន្តិសុខឃាត់។ពួកគេកាន់កាំភ្លើងAK។ដំបូងពួកគេគប់គ្រាប់បែកនិងបន្ទាប់មកបាញ់។ប៉ូលិស២នាក់បានស្លាប់នៅក្នុងការបាញ់គ្នា»។

រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថានបាននិយាយថា ភេរវករទាំងអស់ត្រូវបានកំចាត់ និងបុគ្គលិកស្ថានកុងស៊ុល២១នាក់ត្រូវបាននាំទៅកាន់កន្លែងមានសុវត្ថិភាព។

ការវាយប្រហារនេះត្រូវបានអះអាងដោយក្រុមសកម្មប្រយុទ្ធបំបែកខ្លួនមកពីខេត្តបាឡូជីស្ថាន ដោយពួកគេនិយាយថា«ចិនជាអ្នកជិះជាន់ រួមជាមួយនឹងកងកម្លាំងប៉ាគីស្ថាន»។

ក្រុមនេះក្រោយមកបានចេញសេចក្តីថ្លែងការណ៍មួយដែលថា ការវាយប្រហារនេះដើម្បីបញ្ជាក់ច្បាស់ថា ការពង្រីកយោធាចិននៅទឹកដីបាឡូជីស្ថាននឹងមិនត្រូវអត់ឱនអោយទេ។

នៅក្នុងខេត្តភូកទុនក្វា ភាគពាយព្យប្រទេសឯណោះវិញ ការបំផ្ទុះគ្រាប់បែកនៅទីផ្សារអាហារមួយបានសម្លាប់មនុស្ស២៥នាក់។ការវាយប្រហារកាលពីថ្ងៃ២៣វិច្ឆិកាកើតឡើងនៅទីប្រជុំជនក្លាយ៉ា ក្នុងខេត្តជាប់ព្រំដែន​អាហ្វហ្គានីស្ថាន។

សូមបញ្ជាក់ថា ចិនដែលជាសម្ពន្ធមិត្តជិតស្និទ្ធមួយរបស់ប៉ាគីស្ថានបានជះលុយរាប់ពាន់លានដុល្លារចូលក្នុងប្រទេសអាស៊ីខាងត្បូងនេះជាផ្នែកនៃគំរោងរបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថានដែលភ្ជាប់ខេត្តស៊ីនជាំងភាគខាងលិចចិនទៅកំពង់ផែសមុទ្រអារ៉ាប់ ក្វាដានៅក្នុងខេត្តបាឡូជីស្ថាន។វាជាគំរោងមួយនៃគំនិតផ្តួចផ្តើម«ខ្សែក្រវាត់មួយ ផ្លូវមួយ» ដែលផ្សំចេញជាបណ្តាញផ្លូវថ្នល់និងផ្លូវសមុទ្រនៅក្នុងប្រទេស៦៥។

សំរាប់ប៉ាគីស្ថាន ការចូលរួមក្នុងគំរោងទាំងនេះតំណាងការប្រឈមធំធេងមួយនៅក្នុងប្រទេសមួយដែលញាំញីដោយស្ថាប័នខ្សោយ អំពើពុករលួយរាលដាលនិងការបះបោរប្រឆាំងរដ្ឋអំណាចនៅក្នុងតំបន់ដែលទទួលគំរោងនេះ។

ចាប់តាំងពីពេលចាប់ផ្តើមគំរោងនេះ ពួកសកម្មប្រយុទ្ធបានធ្វើការវាយប្រហារការដ្ឋានសំណង់ម្តងហើយម្តងទៀត បំផ្ទុះកំទេចបំពង់បញ្ជូនហ្គាសនិងរថភ្លើង ហើយផ្តោតការវាយប្រហារលើកម្មករចិន។កាលពីខែសីហាឆ្នាំនេះ កម្មករចិន៣នាក់ស្ថិតចំណោមអ្នករងរបួស៦នាក់ក្នុងការវាយប្រហារអត្តឃាតមួយលើរថយន្តក្រុងមួយដែលដឹកវិស្វករចិនធ្វើការនៅគំរោងជីករ៉ែមួយនៅបាឡូជីស្ថាន៕ដោយ៖វាសនា

បុគ្គលិកសន្តិសុខប៉ាគីស្ថានឈរជិតរថយន្តដែលឆេះនៅក្រៅស្ថានកុងស៊ុលចិនក្រោយការវាយប្រហារកាលពីថ្ងៃ២៣វិច្ឆិកា

#