ខ្មាស់​គេ​តិច​អី​! ប៉ូលិស​អាមេរិក​មួយ​ហ្វូង​តាម​ចាប់​ចោរលួច​ឡាន​ម្នាក់​មិនបាន បែរជា​បាន​គោមួយ​ហ្វូង​មកជួយ​ចាប់​ជំនួស​

510

​អង្គភាព K-9 ពិតជា​អាម៉ាសមុខ​ណាស់ ខណៈដែល​គោមួយ​ហ្វូង​បានចេញ​មកជួយ​មន្ត្រីប៉ូលិស​មកពី​នាយកដ្ឋាន​ប៉ូលិស​ស្តែ​ន​ហ្វ​ត ក្នុង​រដ្ឋ​ផ្លរីដា ក្នុងការ​តាម​ចាប់​ជនសង្ស័យ​លួច​ឡាន​ម្នាក់​កាលពីដើម​សប្តាហ៍​នេះ​។ ពិតណាស់ គឺមាន​រូបភាព​វីដេអូ​ជា​ភស្តុតាង​ទៀតផង​។​

​វីដេអូ​ពីលើ​អាកាស​ដែល​ចេញផ្សាយ​ដោយ​ការិយាល័យ​តម្រួត​តំបន់​សេ​មី​ណូ​ល​កាលពី​ថ្ងៃ​អង្គារ ទី​៧​សីហា បានបង្ហាញ អ្នកបើកបរ​នៃ​រថយន្ត​លួច​គេ​មួយគ្រឿង​ប្រភេទ SUV បើក​បុក​សញ្ញា​ចរាចរណ៍ ហើយ​បន្ទាប់មក​បានរ​ត់ទៅ​ទីវាល​មួយ​ដើម្បី​គេច​ពី​ការចាប់ខ្លួន​។ ខណៈដែល​ជនសង្ស័យ ដែល​ត្រូវបាន​ប៉ូលិស​ស្គាល់​ឈ្មោះថា ជេ​មី យ៉ាំង បាន​រត់​ឆ្លងកាត់​វាលស្មៅ ស្រាប់តែ​សត្វ​គោមួយ​ហ្វូង​ចាប់ផ្តើម​រត់តាម​នាង​។​

​ការិយាល័យ​តម្រួត​នេះ​បាន​និយាយថា “​ហ្វូងគោ​បានផ្តល់​ជំនួយ​យ៉ាង​ធំធេង​ដល់​មន្ត្រី​អនុវត្ត​ច្បាប់ ដោយ​ជួយ​តាម​ចាប់ចោរ និង ព័ទ្ធចោរ​ជាប់​មិនឱ្យ​រត់​បាន​តទៅទៀត​”​។ មន្ត្រី​មកពី​ការិយាល័យ​តម្រួត​ភ្លាមនោះ​ចូល​ជួយ​ដេញចោរ​ស្រី​ឈ្មោះ​យ៉ាំង​ជាមួយ​គោ​ដែរ និង​តាមរក​គូកន​ផ្សេងទៀត​របស់​នាង​។​

​អ្នកបើក​ឧទ្ធម្ភាគចក្រ​មួយ​បាន​និយាយថា “​ហ្វូងគោ​ធំៗ​កំពុង​តាម​នាង​។ មើលឃើញ​បាន​ច្បាស់​ល្អ​ណាស់ ។ មើលទៅ​ដូចជា​ពួកវា​ចង់វាយ​ប្រហារ​នា​ង​… តែ​ពួកវា​គ្រាន់តែ​ដេញតាម​ចាប់​នាង​ប៉ុណ្ណោះ​” ។​

​លោក រី​ឆាត កូន​ដ្រា​ក់​គី ដែលជា​ម្ចាស់​គោ​បាន​ប្រាប់​ទូរទស្សន៍ WKMG ថា ហ្វូងគោ​នេះ​ទំនងជា​ផ្អើល​រត់តាម​នាង​យ៉ាំង តែប៉ុណ្ណោះ ដោយ​មិនដឹងថា​នាង​ជា​ចោរ​ឬ​ជា​អ្វី​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

គោមួយ​ហ្វូង​តាម​ចាប់ចោរ​ជំនួស​ប៉ូលិស​រដ្ឋ​ផ្លរីដា