ខ្មែរក្រហម​បាន​បង្ហាត់​យុទ្ធសាស្ត្រ​កងទ័ព និង​របៀប​ប្រើ​កាំភ្លើង​ដល់​កុមារ​ដែល​មិនទាន់​គ្រប់​អាយុ​

2516
ចែករម្លែក
  • 76
    Shares
លឹម​ហ៊ាង

ដោយ​: ហូ ថុ​នា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត / ភ្នំពេញ​: «​កុមារ​រាប់រយ​នាក់​ត្រូវបាន​ខ្មែរក្រហម​បញ្ជូនមក​ប​ង្ហា​ត់​បង្រៀន​ពី​យុទ្ធសាស្ត្រ​កងទ័ព និង​វិធីសាស្ត្រ​ប្រើប្រាស់​កាំភ្លើង​នៅក្បែរ​ព្រំដែន​វៀតណាម​ក្នុងស្រុក​មេមត់ ខេត្តកំពង់ចាម ដើម្បី​ឲ្យ​កុមារ​ចូលរួម​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​កងទ័ព​វៀតណាម​នៅតាម​ព្រំដែន​»​។​

​ខាងលើនេះ គឺជា​ការរៀប​រាប់រប​ស់ ពេ​ជ លឹម​ហ៊ាង ដែលមាន​ស្រុកកំណើត​នៅ​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។ លឹម​ហ៊ាង ពិត​ជាមាន​អារម្មណ៍​ត្រេកអរ​ខ្លាំងណាស់ បាន​មានឱកាស​ចែករំលែក​អំពី​បទពិសោធ​ន៍​ជីវិត​ដ៏​ជូរចត់ ក៏ដូចជា​រឿងរ៉ាវ​ផ្ទាល់ខ្លួន​ដែល​គាត់​ធ្លាប់បាន​ជួបប្រទះ ជាច្រើន​សម័យកាល ជាពិសេស​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)​។​

​កាលពី​សង្គមចាស់ លឹម​ហ៊ាង បានសម្រេច​ចិត្ត​បួស​ធ្វើជា​ព្រះសង្ឃ​ដើម្បី​រៀនសូត្រ​ក្រេប​យកចំណេះ​ដឹង​ខ្លះៗ​ទាំង​ផ្នែក​ខាង​សង្គម ក៏ដូចជា​ផ្នែក​ខាង​ព្រះពុទ្ធសាសនា​។ លឹម​ហ៊ាង បួស​ធ្វើជា​ព្រះសង្ឃ​បានត្រឹមតែ​បី​ព្រះវស្សា​តែប៉ុណ្ណោះ ក៏មាន​រដ្ឋប្រហារ​ទម្លាក់​សម្តេចព្រះ នរោត្តម សីហនុ ចេញពី​តំណែង ដោយ​សេនាប្រមុខ លន់ នល់ ក្នុង​ឆ្នាំ​១៩៧០​។ ក្រោយមក លឹម​ហ៊ាង និង​ព្រះសង្ឃ​២០​អង្គ​ផ្សេងទៀត ត្រូវបាន​ខ្មែរក្រហម​ចាប់បង្ខំ​ឲ្យ​សឹក ដើម្បី​ជួយ​បម្រើ​ដល់​ក្រុម​ខ្លួន​។ ភ្លាមៗ​នោះ ខ្មែរក្រហម​បាន​ចាត់តាំង លឹម​ហ៊ាង ឲ្យ​ធ្វើជា​នីរសារ ក្នុង​ឃុំ​អូរ​ម្លូ ក្រោម​ការគ្រប់គ្រង​រប​ស់ តា​ឆែម​។ កន្លះ​ខែក្រោយ​មក លឹម​ហ៊ាង ត្រូវបាន​ខ្មែរក្រហម​ដកចេញ​ពី​ខាង​នីរសារ ហើយ​បាន​បញ្ចូល​នៅក្នុង​កងឈ្លប​ភូមិ​វិញ​។ មកដល់​ឆ្នាំ​១៩៧៣ ខ្មែរក្រហម​បាន​បញ្ជូន លឹម​ហ៊ាង ឲ្យ​ទៅ​សមរភូមិ​ប្រយុទ្ធ​ជាមួយ​កងទ័ព​រដ្ឋាភិបាល លន់ នល់ ហើយក៏​ជា​ពេលដែល​ខ្មែរក្រហម​បានចាប់ផ្តើម​រៀបចំ​កងកម្លាំង​ទៅតាម​វរ​កងពល​នីមួយៗ ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង ក៏ដូចជា​ងាយស្រួល​ក្នុងការ​ចាត់តាំង​នៅពេល​ចុះទៅ​សមរភូមិ​ប្រយុទ្ធ​។ រីឯ លឹម​ហ៊ាង ក៏​ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ចូលក្នុង​អង្គភាព​កងពល ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ខេត្តកំពង់ចាម​។ បន្ទាប់ពី​ខ្មែរក្រហម​រៀបចំ​កងកម្លាំង​រួចមក ខ្មែរក្រហម​ក៏​ចាប់ផ្តើម​វាយ​សម្រុកចូល​ទី​រួម​ខេត្តកំពង់ចាម​។ ក្រោយមក​កងពល​រប​ស់ លឹម​ហ៊ាង បាន​ដក​មក​ស្រុក​បាធាយ ដើម្បី​ត្រៀម​វាយ​ចូល​ទីក្រុង​ភ្នំពេញ​។ ក្នុង​រយៈពេល​នោះ លឹម​ហ៊ាង ត្រូវបានចាត់តាំង​ឲ្យ​បម្រើ​ការងារ​នៅក្នុង​កង​ដឹកជញ្ជូន​ស្បៀង និង​ជួយ​ដឹក​គ្រាប់ សព្វាវុធ​ទៅ​ឲ្យ​កងទ័ព​។

​នៅ​ឆ្នាំ​១៩៧៤ នៅ​ខណៈពេលដែល​កំពុង​ដឹកជញ្ជូន​គ្រាប់ លឹម​ហ៊ាង និង​សមាជិក​ក្រុម​ដឹកជញ្ជូន​បាន​ជាន់មីន​ស្លាប់ និង​របួស​ជាច្រើន​នាក់​។ រីឯ លឹម​ហ៊ាង ក៏ត្រូវ​អំបែង​មីន​ខ្ទាត​ចំ​ដៃ និង​ត្រគៀក​ធ្លាក់ខ្លួន​ពិការ​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ​។ បន្ទាប់ពី លឹម​ហ៊ាង រងរបួស​ភ្លាម គាត់​ត្រូវបាន​ខ្មែរក្រហម​បញ្ជូន​ឲ្យ​ទៅ​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ព​-២១​។ លឹម​ហ៊ាង សម្រាក​ព្យាបាល​របួស​នៅ​ទីនោះ​រហូតដល់​ខ្មែរក្រហម​ទទួលបាន​ជ័យជម្នះ​ទូទាំងប្រទេស​នៅ​ថ្ងៃទី​១៧ មេសា ឆ្នាំ​១៩៧៥​។ ក្រោយពី​ខ្មែរក្រហម​ទទួលបាន​ជ័យជម្នះ​ប្រហែល​មួយ​សប្តាហ៍ គាត់​ក៏ត្រូវ​បាន​ខ្មែរក្រហម​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​ព​-២១ ទាំង​របួស​មិនទាន់​ជាសះស្បើយ និង​ធ្វើដំណើរ​ទៅ អង្គភាព​កងវរសេនាធំ ដែលមាន​ទីតាំង​ស្ថិតនៅ​សេះស​ក្នុងស្រុក​បាធាយ ខេត្តកំពង់ចាម​។ បន្ទាប់មកទៀត លឹម​ហ៊ាង បាន​បន្តដំណើរ​មក​ទីក្រុង​ភ្នំពេញ និង​ឃើញ​ទិដ្ឋភាព​ទីក្រុង​មាន​សភាព​ស្ងាត់ជ្រងំ​។ នៅពេលនោះ លឹម​ហ៊ាង មាន​អារម្មណ៍​គួរ​ឲ្យ​សង្វេគ​យ៉ាងខ្លាំង ព្រោះ​កាលនោះ ប្រជាជន​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ ត្រូវបាន​ខ្មែរក្រហម​ជម្លៀសចេញ​ទៅតាម​ទីជនបទ​នានា​ដើម្បី​ធ្វើស្រែ ចម្ការ​។ តម​កទៀត លឹម​ហ៊ាង បាន​ត្រឡប់មក​អង្គភាព​កងវរសេនាធំ​នៅ​សេះស​វិញ ប៉ុន្តែ​ពេលមកដល់​បែរជា​គ្មាន​កងទ័ព​ស្នាក់នៅ ព្រោះ​ថ្នាក់លើ​បាន​បញ្ជូន​វរ​សេនា​ធំ​ឲ្យ​ទៅ​ឈរជើង​នៅ​ខេត្តរតនៈគិរី ។ លឹម​ហ៊ាង ក៏បាន​បន្តដំណើរ​ឆ្ពោះទៅ​ខេត្តរតនៈគិរី ដើម្បី​ចូលរួម​ធ្វើ​សកម្មភាព​នៅក្នុង​អង្គភាព​របស់ខ្លួន​។ មួយរយៈ​ក្រោយមក លឹម​ហ៊ាង និង​កងវរសេនាធំរ​បស់​គាត់​ត្រូវបាន​ថ្នាក់លើ​បញ្ជូនមក​ខេត្តក្រចេះ ដើម្បី​ធ្វើ​ផ្លូវ​សម្រាប់​ដឹក​អង្ករ​ពី​ក្រចេះ​ទៅ​ខេត្តរតនៈគិរី​។ ក្នុងឱកាស​នោះ លឹម​ហ៊ាង ក៏បាន​សុំ​អនុញ្ញាត​ថ្នាក់លើ​សុំ​សម្រាក​ព្យាបាល​របួស​នៅ​មន្ទី​ពេទ្យ​ក្នុង​ខេត្តក្រចេះ ព្រោះ​របួស​គាត់​មិនទាន់​ជាសះស្បើយ​នៅឡើយ​។ លឹម​ហ៊ាង សម្រាក​ព្យាបាល​ពីមួយថ្ងៃ​ទៅមួយថ្ងៃ រីឯ​របួស​របស់គាត់​ក៏​មិនបាន​ធូរស្រាល​ដែរ ទើប​គាត់​បានសម្រេច​ចិត្ត​ទៅ​ព្យាបាល​របួស​នៅ​ទីក្រុង​ភ្នំពេញ​បន្តទៀត​។ មួយរយៈ​ក្រោយមក លឹម​ហ៊ាង ក៏បាន​ជាសះស្បើយ​ពីរ​បួស ហើយ​គាត់​ក៏​ត្រូវបាន​កងវរសេនាធំ​បញ្ចូល​គាត់​ឲ្យ​នៅក្នុង​(​មន្ទីរ​ពិការ​ក​-៤) ដែលមាន​ទីតាំង​ស្ថិតនៅ​ម្តុំ​វត្ត​ឃ្មួញ ជាយក្រុង​ភ្នំពេញ​។ លឹម​ហ៊ាង មាន​តួនាទី​ដាំ​បន្លែ និង​ច​ញ្ចឹ​ម​សត្វ ។​

​ប្រហែលជា​ឆ្នាំ​១៩៧៧ អង្គភាព​របស់ លឹម​ហ៊ាង ត្រូវបាន​ថ្នាក់លើ​បញ្ជូន​ឲ្យ​ទៅ​វាយ​ជាមួយ​កងទ័ព​វៀតណាម​នៅ​ទល់ដែន​ក្នុងស្រុក​មេមត់ ខេត្តកំពង់ចាម ប៉ុន្តែ លឹម​ហ៊ាង មិនបាន​ចូលរួម​ប្រយុទ្ធ​ផ្ទាល់​ទេ ពីព្រោះ​គាត់​នៅ​ខាង​សេដ្ឋកិច្ច ហើយ​សមរភូមិ​ប្រយុទ្ធ​ក៏​មិន​នៅ​ឆ្ងាយ​ពី​កន្លែង លឹម​ហ៊ាង ស្នាក់នៅ​ដែរ​។ លឹម​ហ៊ាង បាន​រៀបរាប់ថា ខណៈពេល​ប្រយុទ្ធ​គ្នា​កងទ័ព​ទាំងសងខាង​បាន​ត្រូវរបួស និ​ង្ល​ស្លាប់​ជាច្រើន​នាក់​។ ក្នុង​ឆ្នាំ​១៩៧៨ លឹម​ហ៊ាង បានឃើញ កងទ័ព​ខ្មែរក្រហម​ដឹក​កុមារ​ជាច្រើន​រយ​នាក់ មក​ដាក់​ក្បែរ​អង្គភាព​របស់គាត់​។ ខ្មែរក្រហម​ត្រៀម​បង្ហាត់បង្រៀន​ពី​យុទ្ធសាស្ត្រ​កងទ័ព និង​វិធីសាស្ត្រ​ផ្សេងៗ​ក្នុងការ​ប្រើប្រាស់​កាំភ្លើង​ដល់​កុមារៗ​ទាំងនេះ ដើម្បី​ជួយ​ដល់​ខ្លួន ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​កងទ័ព​វៀតណាម​នាពេលខាងមុខ​។ លឹម​ហ៊ាង បានធ្វើការ​នៅក្នុង​អង្គភាព​សេដ្ឋកិច្ច​វរ​សេនា​តូច រហូតដល់​របប​ខ្មែរក្រហម​ដួលរលំ​ក្នុង​ឆ្នាំ​១៩៧៩ ។​

​បន្ទាប់ពី​របប​ខ្មែរក្រហម​ត្រូវបាន​ផ្តួលរំលំ​ដោយ​កងទ័ព​រណ​សិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា សហការ​ជាមួយ​កងទ័ព​វៀតណាម​រួចមក លឹម​ហ៊ាង ក៏បាន​វិល​ត្រឡប់មក​រស់នៅក្នុង​ស្រុកកំណើត​វិញ ហើយ​បាន​ខិតខំ​ប្រឹងប្រែង​កសាង​ជីវិត​ថ្មី​ទាំង​ខ្លួន​ជា​ជនពិការ​។ ដោយសារតែ​ស្រុកទេស​កើតមាន​សង្គ្រាម ជាពិសេស​របប​ដ៏​សាហាវព្រៃផ្សៃ​យង់ឃ្នង​របស់​មេដឹកនាំ ប៉ុល ពត ក្នុង​ឆ្នាំ​១៩៧៥-១៩៧៩ បានធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ស្លូតត្រង់​ប្រមាណ​ជិត​ពីរលាន​នាក់​បាន​ស្លាប់ និង​បាន​បន្សល់ទុក​នូវ​ជន​ពិការ​ចំ​នួ​១៤១,៨៤៨ មកដល់​សព្វថ្ងៃនេះ​។ ទោះជា​យ៉ាងនេះ​ក្តី ក៏ លឹម​ហ៊ាង មិនដែល​តូចចិត្ត​នឹង​ខ្លួន​ពិការ​ដែរ ព្រោះ​គាត់​យល់ថា វា​គឺជា​ប្រវត្តិសាស្ត្រ​មួយ​ដ៏​ជូរចត់​សម្រាប់​ក្មេងជំនាន់ក្រោយ ត្រូវធ្វើ​ការសិក្សា​ស្វែងយល់​ឲ្យ​បាន​ច្បាស់ ដើម្បី​កុំ​ឲ្យ​ប្រវត្តិសាស្ត្រ​ដ៏​សាហាវព្រៃផ្សៃ​បែបនេះ​កើតឡើង​សារជាថ្មី​នៅក្នុង​ប្រទេស​កម្ពុជា​៕ ល​