ខ្មែរ​៣​រូប​ទទួល​រង្វាន់​ឆ្នើម​ពី​ការថតរូប​សម្បូរបែប​របស់​ទន្លេមេគង្គ​នៅ​ប្រទេស​ឡាវ​

225

(​ភ្នំពេញ​) : ក្នុងចំណោម​អ្នកចូលរួម​ប្រកួត​ចំនួន​៤២​រូប មកពី​បណ្តា​ប្រទេស​ផ្សេងគ្នា​រួមមាន​៖ កម្ពុជា ថៃ ឡាវ និង​វៀតណាម មាន​អ្នក​ថត​​រូប​ជា​ជនជាតិខ្មែរ​៣​រូប​បានទទួល​ជ័យលាភី​ក្នុង​កម្មវិធី​ប្រកួត​រូបថត បង្ហាញ​ពី​ភាពសម្បូរ​បែប​ដ៏​អស្ចារ្យ​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ នៅ​ទីក្រុង​វៀង​ច័ន្ទ នៃ​ប្រទេស​ឡាវ​។​

​ពិធី​ប្រគល់​រង្វាន់​នេះ ត្រូវបាន​រៀបចំឡើង​ស្របគ្នា​ជាមួយនឹង​ពិ​ព័័​រណ៍​តាំង​បង្ហាញ​រូបថត​ដែលជា​ប់​ចំណាត់​ថ្នាក់លើ​គេ​ចំនួន​៣០​សន្លឹក​។ រូបភាព​ឈ្នះ​ជ័យលាភី​ចំនួន​១២​សន្លឹក​បានទទួល​រង្វាន់ ដែល​ក្នុងនោះ រូបល្អ​លើសគេ​ចំនួន​០៨​ទទួលបាន​រង្វាន់​ជា​ប្រាក់​មាន​ចាប់ពី​៥០​ដុល្លារ ដល់​៥០០​ដុល្លារ​អាមេរិក​។​

​ក្នុងចំណោម​រូបភាព​ឈ្នះ​ជ័យលាភី​ទាំង​១២ មាន​រូប​០៣​សន្លឹក​ថត​ដោយ​អ្នក​ថតរូប​ជាតិ​កម្ពុជា​គឺ លោក ហ៊ូ សុខ​រ័ត្ន​នា​ដែល​ឈ្នះ​រង្វាន់​​រូបថត​ល្អ​ប្រចាំ​ប្រទេស ដោយបាន​ថតរូប​ពណ៌នា​ពី​ដើមឈើ​ដុះ​បណ្តែត​ខ្លួន​ក្នុង​ទន្លេមេគង្គ​ស្ថិតក្នុង​ខេត្តស្ទឹងត្រែង​។ លោក ខឹម រិទ្ធី ឈ្នះ​រង្វាន់​រូបថត​ល្អ​សម្រាប់​គម្រោង គ្រប់គ្រង​ធនធានទឹក​ចម្រុះ ដែល​បាន​ថតរូប​កសិករ​នៅតាម​ដង​ទន្លេមេគង្គ និង​លោក ផាន ភា​រិ​ទ្ធ ដែល ឈ្នះ​រង្វាន់​រូបថត​ល្អ​សម្រាប់​គម្រោង​ធនធានទឹក​ចម្រុះ​ដែរ ពី​ការថតរូប​ការរស់នៅ​តាម​ដង​ទន្លេ​របស់​ជន ជាតិ​ចាម​នៅ​កម្ពុជា​។

​មន្ត្រី​ផ្នែក​ទំនាក់ទំនង​សាធារណ​: នៃ​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​នៃ​ទន្លេមេគង្គ (MRC) អ្នកនាង រស់ សុធា បានបញ្ជាក់​ប្រាប់​​សារព័ត៌មាន​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៧​នេះ​ថា រូបភាព​ដែល​ដាក់​ចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​នោះ​មាន​ចំនួន​សរុប​១៦៥​សន្លឹក​។ ហើយ​រូបថត​ដែល​ឈ្នះ​ជ័យលាភី ១២​សន្លឹក ត្រូវបាន​បង្ហាញ​ក្នុង​ប្រតិទិន​ឆ្នាំ​២០១៨​របស់​MRC​ហើយ​រូបថត​ដែល​ជាប់​​ចំណាត់ថ្នាក់​ល្អ​ជាងគេ ចំនួន​៣០ កំពុង​ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅក្នុង​សាល​ទទួលភ្ញៀវ​នៃ​MRC សម្រាប់​ឲ្យ​សាធារណជន ចូល​មើល​។

​មន្ត្រី​ផ្នែក​ទំនាក់ទំនង​MRC​រូបនេះ បានបញ្ជាក់​បន្ថែមថា រូបថត​ដែលជា​ប់​ជ័យលាភី​ទាំងនោះ រួមមាន​អ្នកនេសាទ​ដែល​ប្រថុយ​ជីវិត​​ជា​រៀងរាល់ថ្ងៃ​ដើម្បី​រកត្រី ការធ្វើ​ពាណិជ្ជកម្ម​នៅលើ​ផ្ទៃ​ទន្លេ ថ្ងៃ​លិច​លើ ស្ពាន​មិត្តភាព​ភ្ជាប់​ពី​ប្រទេស​ឡាវ​ទៅ​ប្រទេស​ថៃ ហ្វូង​សត្វ​បក្សី សម្បុរ​ខ្មៅ និង​សោភ័ណភាព​នៃ​ព្រៃ​លិច​ទឹក ។ រូបថត​ទាំងនេះ​សុទ្ធតែ​បង្ហាញ​ពី​ភាព​សម្បូរបែប​នៃ​តំបន់​អាង​ទន្លេមេគង្គ​។​រូបភាព​នីមួយ​​ៗ​សុទ្ធតែ​បាន ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្ពស់​ពី​ចៅក្រម ដែល​ចូលរួម​វិនិច្ឆ័យ​ក្នុង​ពិធី​ប្រកួតប្រជែង​រូបថត​នេះ​។

​សូមបញ្ជាក់ថា កម្មវិធី​ប្រកួត​រូបថត និង​ការតាំង​ពិ​ព័័​រណ៍​រូបថត​នេះ​គឺជា ផ្នែក​មួយ​នៃ​គម្រោង​គ្រប់គ្រង ធនធានទឹក​ចម្រុះ​ទន្លេមេគង្គ នៃ​MRC ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​ពី​ធនាគារពិភពលោក (World Bank) ដែល​បាន​សម្របសម្រួល​កិច្ចសហប្រតិបត្តិការ​ឆ្លង​ដែន​ជុំវិញ​​ការប្រើប្រាស់ និង​ការគ្រប់គ្រង​ធនធានទឹក រវាង ប្រទេស​មេគង្គ​ទាំង​បួន​។ នេះ​គឺជា​កម្មវិធី​ប្រកួតប្រជែង​លើកទីមួយ​ដែល MRC បាន​រៀបចំឡើង​ដើម្បី​បង្កើន ការយល់ដឹង​ពី​សារៈសំខាន់​នៃ​ការសហការ​គ្រប់គ្រង​ធនធានទឹក​ឆ្លងដែន ដើម្បី​ការអភិវឌ្ឍ​តំបន់​នេះ​ប្រកប ដោយ​ចីរភាព​៕​ដោយ : ពៅ និមល​/sn