ខ្យល់ព្យុះ​បង្ក​ការខូចខាត​និង​ធ្វើឱ្យ​របួស​ច្រើន​នាក់​នៅ​កូរ៉េ​ខាងត្បូង​

152
ចែករម្លែក

​មន្ត្រី​បាន​និយាយ​នៅ​ពី​ថ្ងៃ​ចន្ទ​ទី​២៣ ខែកញ្ញា​នេះ​ថា ខ្យល់ព្យុះ​ដ៏​ខ្លាំង​ឈ្មោះ​Tapah បាន​បោកបក់​នៅ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​កូរ៉េខាងត្បូង ដោយ​បណ្តាល​ឱ្យ​មនុស្ស​២៦ នាក់​រង​របួស​និង​ផ្តាច់​ភ្លើង​ប្រើប្រាស់​សម្រាប់​ផ្ទះ​ប្រហែល ២៧.៧៩០ ខ្នង​។​

​ព្យុះ​នេះ​បាន​បោកបក់​លើ​ផ្នែក​ខ្លះ​នៃ​បណ្តា​កោះ​ភាគខាងត្បូង​របស់​ប្រទេស​ជប៉ុន​កាលពី​ពេលមុន​នេះ​ដោយ​មាន​ភ្លៀង​និង​ខ្យល់​ខ្លាំង ដែល​បាន​បណ្តាលឱ្យ​មាន​ទឹកជំនន់​និង​​នាំ​អោយ​មនុស្ស​រងរបួស​ស្រាល​ច្រើន​នាក់​។​

​ក្រុមន្ត្រី​កូរ៉េខាងត្បូង​បាន​និយាយ​ថា​ព្យុះ​នេះ​ក៏​បាន​បង្ក​ឱ្យ​មាន​ខ្យល់​បក់​ខ្លាំង​និង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ផង​ដែរ​នៅ​ទីក្រុង​ជា​ច្រើន នៅ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​អាទិត្យ​និង​ថ្ងៃ​ចន្ទ​នេះ​។​

​ព្យុះ​នេះ​មិន​បាន​មក​ដល់​ឧបទ្វីប​នេះ​ទេ​ខណៈ​ដែល​វា​បាន​បក់បោក​ឆ្ពោះ​ទៅ​ភាគ​ឦសាន​ហើយ​បាន​ចុះ​ខ្សោយកម្លាំង​នៅ​ថ្ងៃ​ចន្ទ​នេះ​។​

​ខ្យល់ព្យុះ ដែល​បង្ក​ទឹក​ជន់​លិច​ផ្លូវ​និង​ខូចខាត​ផ្ទះ​ជា​ច្រើន​នេះ បាន​នាំឱ្យ​លុបចោល​ជើងហោះហើរ​ជិត​២៥០​ជើង នៅ​អាកាស​យាសដ្ឋាន​ចំនួន​១១​នៅ​កូរ៉េ​ខាងត្បូង​៕​ដោយ​៖​សុខា​/sn

ទូក​កម្សាន្ត​មួយ ត្រូវបាន​ខ្យល់ព្យុះ​Tapah បក់​រុញច្រាន​មក​នៅ​ឆ្នេរសមុទ្រ​មួយ​នៅ​ប្រទេស​កូរ៉េខាងត្បូង​