ខ្យល់ព្យុះ​អៀ​ម៉ា ៖ ៨​នាក់​ស្លាប់​នៅ​មន្ទីរពេទ្យ​ថែទាំ​មនុស្ស​ចាស់​នៅ​រដ្ឋ​ផ្លរីដា ដោយសារ​ទុកចោល ក្នុងពេល​គ្មាន​អគ្គិសនី​ប្រើប្រាស់

179

​មនុស្ស​៨​នាក់​នៅ​មន្ទីរពេទ្យ​ថែទាំ​មនុស្ស​ចាស់​នៅ​រដ្ឋ​ផ្លរីដា ដែល​ត្រូវបាន​ទុកចោល ដោយ​គ្មាន​អគ្គិសនី​ប្រើប្រាស់​អស់​រយៈពេល​ច្រើន​ថ្ងៃ​មក​នោះ បន្ទាប់ពី​ខ្យល់ព្យុះ​អៀ​ម៉ា បាន​ស្លាប់ កាលពី​ថ្ងៃ​ពុធ​ទី​១៣​កញ្ញា​។​

​ប៉ូលិស​បាន​ជម្លៀស​មនុស្ស​ចំនួន​១១៥​នាក់​កាលពី​ថ្ងៃ​ពុធ​ពី​មន្ទីរពេទ្យ​ថែទាំ​មនុស្ស​ចាស់​នេះ ដែល​ម៉ាស៊ីនត្រជាក់​របស់​មន្ទី​រ​ពេទ្យ​នេះ ត្រូវបាន​ដាច់​ដោយសារ​ខ្យល់ព្យុះ​នេះ​។​

​លោក បា​បា​រ៉ា សារី​ហ្វ អភិបាលក្រុង​ប្រូ​វ៉ាត នៅ​រដ្ឋ​ផ្លរីដា បាន​និយាយថា មនុស្ស​៣​នាក់​ត្រូវបាន​រកឃើញ​ស្លាប់​នៅ​មន្ទីរពេទ្យ​ថែទាំ​មនុស្ស​ចាស់​នេះ នៅ​តំបន់​ហូលីវូដ និង មនុស្ស​៥​នាក់​ផ្សេងទៀត​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​។​

​មនុស្ស​១០​លាន​នាក់ កំពុង​រស់នៅ​ដោយ​គ្មាន​អគ្គិសនី​ប្រើប្រាស់​នៅ​រដ្ឋ​ផ្លរីដា រដ្ឋ​ហ្ស​ក​ហ្ស៊ី និង នៅ​រដ្ឋ​ខា​រ៉ូ​លី​ណា បន្ទាប់ពី​ខ្យល់ព្យុះ​អៀ​ម៉ា​។​

​ខ្យល់ព្យុះ​អៀ​ម៉ា ដែល​បានសម្លាប់​មនុស្ស​ជាង​២០​នាក់​នៅ​សហរដ្ឋអាមេរិក​នេះ បាន​បក់បោក​ខ្លាំង​លើ​រដ្ឋ​ផ្លរីដា ភាគ​និរតី កាលពី​ថ្ងៃអាទិត្យ នៅមុន​ពេល​វា​បាន​បក់បោក​ថយចុះ​កម្លាំង​កាលពី​ថ្ងៃ​ចន្ទ​។​

​កាលពីពេល​មុននេះ ខ្យល់ព្យុះ​អៀ​ម៉ា​បាន​បង្ក​ការបំផ្លិចបំផ្លាញ​នៅ​តំបន់​កា​រ៉ា​អ៊ី​ព ជាទី​ដែល​មនុស្ស​ជិត​៤០​នាក់ បាន​ស្លាប់​។

​លោក ថូ​ម៉ាស់ សាន់​ឆេស មេ​ប៉ូលិស​នៅ​ហូលីវូដ​បាន​និយាយថា មន្ទីរពេទ្យ​ថែទាំ​មនុស្ស​ចាស់​នេះ ត្រូវបាន​ហាម​ចេញចូល និង ប៉ូលិស​កំពុងធ្វើការ​ស៊ើបអង្កេត​។​

​លោក​និយាយថា “​ករណី​ស្លាប់​មនុស្ស​នៅ​មន្ទីរពេទ្យ​ថែទាំ​មនុស្ស​ចាស់​នោះ​ទំនងជា​ទាក់ទង​នឹង​ការ​ដាច់​ចរន្តអគ្គិសនី​នៅពេល​មាន​ខ្យល់ព្យុះ​នេះ ។​

​ក្រុមមន្ត្រី​បាន​និយាយថា​មន្ទីរពេទ្យ​ចំនួន​១៥០​ក្នុងចំណោម​មន្ទីរពេទ្យ​ជិត​៧០០ នៅក្នុង​រដ្ឋ​ផ្លរីដា​មិនមាន​អគ្គិសនី​ប្រើប្រាស់ ដោយសារ​ខ្យល់ព្យុះ​នេះ​៕ ដោយ៖ សុខា

​មន្ទីរពេទ្យ​ចំនួន​១៥០​ក្នុងចំណោម​មន្ទីរពេទ្យ​ជិត​៧០០ នៅ​រដ្ឋ​ផ្លរីដា​មិនមាន​អគ្គិសនី​ប្រើប្រាស់ ដោយសារ​ខ្យល់ព្យុះ​អៀ​ម៉ា