ខ្យល់​កន្ត្រាក់​បង្ក​ទ្រេត​បង្គោល​ភ្លើង​តង់​ខ្ពស់ ហើយ​ដាច់​ចរន្ត​និង​រលំ​ផ្ទះ ពលរដ្ឋ​ម្នាក់​របួស​

568
ចែករម្លែក

ដោយ:ប​.​ជ័យ/បន្ទាយមានជ័យ ៖ ខ្យល់​កន្ត្រាក់​បង្ក​ទ្រេត​បង្គោល​ភ្លើង​តង់​ខ្ពស់ ហើយ​ដាច់​ចរន្ត​និង​រលំ​ផ្ទះ​សង្កត់​ពលរដ្ឋ​ម្នាក់​របួសធ្ងន់ ។ ​គ្រោះ​ធ​ម្ន​ជាតិ​នោះ​កើតឡើង​កាលពី​ម៉ោង​៤​និង​៤៥​នាទី នៅ​ភូមិ​-​ឃុំ​រហាល​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​

លោក​វរសេនីយ៍ ស៊ិ​ន រ៉ា​ស៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​ប្រាប់​កាសែត​រស្មី​កម្ពុ​ជា នា​យប់​ថ្ងៃទី​១៨ ​ខែ​វិ​ច្ឆិ​កា​ថា ខ្យល់​កន្ត្រាក់​នោះ​បង្ក​អោយ​ខូចខាត​ផ្ទះ​ពលរដ្ឋ​៤​ខ្នង ក្នុងនោះ​ខូច​ធ្ងន់​២​ខ្នង និង​របួស យាំង ​សេត ភេទ​ប្រុស​អាយុ៣៧ឆ្នាំ ​រងរបួស​ស្រាល​។​

ខ្យល់​កន្ត្រាក់​ខាងកើត ក៏បង្ក​អោយ​ទ្រេត​បង្គោល​បញ្ជូន​ចរន្ត​តង់ស្យង់​ខ្ពស់ ១១៥​គីឡូវ៉ុល នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ខាង​ស្ពាន​រហាល ចំនួន​១​ដើម បង្ក​អោយ​កាត់ផ្តាច់​ចរន្ត​អគ្គីសនី​១​កំណាត់​យប់ ។​

ចំណែក​លោក​វរសេនីយ៍ មាស រឹទ្ធី អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ​ដែល​កំពុង​ដឹកនាំ​កម្លាំង​នគរបាល​ចុះជួយ​ជួសជុលផ្ទះ​ជូន​ពលរដ្ឋ​រងគ្រោះ​នា​ព្រឹក​ថ្ងៃទី​១៩​ខែវិច្ឆិកា​នេះ អោយ​កាសែត​រស្មី​កម្ពុជា​ដឹងថា​ ពលរដ្ឋ​រងគ្រោះ​របួស​ស្រាល បានទទួល​ការសង្គ្រោះ ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ព្រះនេត្រព្រះ ហើយ​ជិត​ធូរស្បើយ​ហើយ​។​

លោក​មាស រិទ្ធី បន្តថា​ ចំពោះ​ចរន្ត​អគ្គីសនី​ដែល​កាត់ផ្តាច់​នៅ​១​ចំហៀង​ស្រុក​ព្រះនេត្រព្រះ​និង​១​ខេត្តសៀមរាប ១​កំណាត់​យប់នោះ ត្រូវបាន​ក្រុមការងារ​នៃ​ក្រុមហ៊ុន​ផៅ​វ័រ ត្រែ​ន​មី​សិន​ឡាញ​និង​អគ្គិសនី​កម្ពុជា​អនុ​ស្ថានីយ៍​ខេត្តបន្ទាយមានជ័យ​ជួសជុល​តម្រង់បង្គោល​និង​ដោះស្រាយ​ទាំងយប់ ហើយ​ភ្ជាប់​ចរន្ត​អគ្គីសនី​បាន​ប្រើប្រាស​វិញ​នៅ​ជាង​ម៉ោង​១១​យប់ នា​ថ្ងៃទី​ដដែល​៕B/