ដោយៈអ៊ុងសារុំ/
ប៉ៃលិនៈភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ បានបោកបក់ទៅលើខេត្តប៉ៃលិន បណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋ នៅក្នុងស្រុកសាលាក្រៅ និងក្រុងប៉ៃលិន ចំនួន៨ខ្នង (ដូលរលំ៥ខ្នង) បើកដំបូល (ខូចខាតមធ្យមចំនួន៣ខ្នង) និងដើមមៀនប៉ៃលិន ជិត៣០០ដើមទៀត ដូលរលំ។ ករណីនេះ ពុំមានបង្ករគ្រោះថ្នាក់ ដល់មនុស្ស សត្វនោះទេ។ បន្ទាប់ពីឧបទ្ទវហេតុនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២០ខែមីនាឆ្នាំ២០១៨ នៅក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅខេត្តប៉ៃលិន អាជ្ញាធរ និងសាខាកាកបាទក្រហម បានចុះជួយអន្តរាគមន៍ និងផ្ដល់ជំនួយសង្គ្រោះបន្ទាន់ ភ្លាមៗផងដែរ។
បើតាមប្រភពពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថាៈ មានភ្លៀងមួយមេលាយឡំ ដោយខ្យល់ព្យុះកន្ត្រាក់ បោកបក់មកចំ ខេត្តប៉ៃលិន មានស្រុកសាលាក្រៅ និងក្រុងប៉ៃលិន បណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋ នៅក្នុងស្រុកសាលាក្រៅ រួមមាន ភូមិភ្នំព្រាល របើកដំបូលផ្ទះចំនួន៤ខ្នង (ខូចខាតធ្ងន់ចំនួន ៣ ខ្នង ដួលរលំ)។ ភូមិភ្នំក្រិញ ខូចខាតផ្ទះមួយខ្នង (ខូចខាតមធ្យម របើកដំបូល) និងរោងបាយវត្តភ្នំក្រិញមួយខ្នង (ខូចខាតធ្ងន់ ដូលរលំ)។ ភូមិអន្លង់រក្សា ខូចខាតផ្ទះមួយខ្នង (ខូចខាតធ្ងន់ ដួលរលំ)។ ភូមិអូរកន្ធៀងវ៉ា ខូចខាតផ្ទះមួយខ្នង (ខូចខាតស្រាល របើកដំបូល) និងបាក់ដើមមៀនប៉ៃលិន អស់ចំនួន២៦៦ដើម។
ចំណែកនៅក្នុងក្រុងប៉ៃលិន ក្នុងភូមិប៉ាងរលឹមខូចខាតផ្ទះមួយខ្នង(ខូចខាតធ្ងន់ដួលរលំ) និងសាយឡូ (ទីតាំងឃ្លាំង) ទិញពោត ដំឡូង ចំនួនមួយខ្នង (ខូចខាត មធ្យមរបើកដំបូលជញ្ជាំង)។
ប្រភពបានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាន និងសាខាអនុសាខាកាកបាទក្រហមខេត្ត កំពុងចុះពិនិត្យជាក់ស្ដែង ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋ ជួបគ្រោះធម្មជាតិ ឱ្យបានទាន់ពេលវេលាផងដែរ។
សូមបញ្ជាក់ថា ការខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែង គិតជាទឹកប្រាក់ នៅមិនទាន់ដឹងនៅឡើយ ព្រោះអាជ្ញាធរ សមត្ថកិច្ច កំពុងចុះពិនិត្យជាក់ស្ដែងនៅឡើយ៕V