ខ្លាំងមែន វៀតណាម​កំពុង​ត្រៀម​វះកាត់​ប្តូរ​សួត ដៃជើង ស្បូន ពោះវៀន និង​ផ្ទៃមុខ​ដល់​អ្នកជំងឺ

1133

​វៀតណាម​កំពុង​ត្រៀមខ្លួន​សម្រាប់​ការវះកាត់​ប្តូរ​សួត​ឱ្យ​មនុស្ស​ធំ ក៏ដូចជា​វះកាត់​ប្តូរ​ដៃជើង ប្តូរ​ពោះវៀន និង​ផ្ទៃមុខ ជាមួយ​សរីរាង្គ​បានមកពី​ក្រុម​អ្នក​បរិច្ចាគ ដែល​ស្លាប់​ខួរក្បាល​។

មនុស្ស​ជិត ២.៥០០ នាក់​បានទទួល​ការវះកាត់​ប្តូរ​បេះដូង ក្រលៀន និង​ថ្លើម ប៉ុន្តែ​នៅមាន​ប្រជាជន​រាប់ម៉ឺន​នាក់​ទៀត​រង់ចាំ​ការវះកាត់​ប្តូរ​សរីរាង្គ​។

​លោក​វេជ្ជបណ្ឌិត ត្រិ​ញ ហុង​ស៊ុន នាយក​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​ជាតិ​សម្រាប់​ការវះកាត់​ប្តូរ​សរីរាង្គ​មនុស្ស និង ជា​អនុប្រធាន​មន្ទីរពេទ្យ​មិត្តភាព​វៀតណាម​និង​អាល្លឺម៉ង់ និយាយថា មណ្ឌល​របស់គាត់​កំពុង​ត្រៀមខ្លួន​សម្រាប់​ការវះកាត់​ប្តូរ​សួត​ឱ្យ​មនុស្ស​ធំ​ម្នាក់​ក្នុង​ខែកញ្ញា​ខាងមុខ​។

​ផែនការ​វះកាត់​នេះ​ធ្វើឡើង បន្ទាប់បី​ការវះកាត់​ប្តូរ​សួត​ជោគជ័យ​លើ​កុមារ​ម្នាក់​កាលពី​ខែកុម្ភៈ​។​

យោងតាម​លោក​វេជ្ជបណ្ឌិត​ហុង​ស៊ុន មន្ទីរពេទ្យ​កំពុង​ត្រៀម​សម្រាប់​ការវះកាត់​នេះ​ជាមួយ​ការគាំទ្រ​ពី​អ្នកជំនាញ​មកពី​ជប៉ុន ដែលមាន​ភាគរយ​ជោគជ័យ​ខ្ពស់​ជាមួយ​ករណី​វះកាត់​ប្តូរ​សួត​។ មន្ទីរពេទ្យ​ក៏មាន​គម្រោង​វះកាត់​ប្តូរ​ស្បូន ដៃជើង និង​ផ្ទៃមុខ​ផងដែរ​។

​លោក​ហុង​ស៊ុន​និយាយថា “​ស្ត្រី​នៅ​វ័យ​ពរ​ពោះ​នឹង​អាច​ផ្តល់កំណើត​ដល់​ទារក បន្ទាប់ពី​ការវះកាត់​ប្តូរ​ស្បូន​។ នេះ​ជា​គោលដៅ​មនុស្សធម៌​សុទ្ធសាធ​ក្នុង​វិស័យ​វះកាត់​ប្តូរ​សរីរាង្គ ព្រោះ​វា​ជួយ​ឱ្យ​ស្ត្រី​អាចមាន​កូន​ឡើងវិញ​បាន​”​។

​ក្នុងចំណោម​ករណី​វះកាត់​ប្តូរ​សរីរាង្គ​ចំនួន​ជិត ២.៥០០ ករណី​គិត​ត្រឹម​ខែឧសភា ឆ្នាំ ២០១៧ មានការ​វះកាត់​ប្តូរ​ក្រលៀន ២.៣២៧ ករណី វះកាត់​ប្តូរ​ថ្លើម ៧៧ ករណី វះកាត់​ប្តូរ​បេះដូង ១៨ ករណី វះកាត់​ប្តូរ​ក្រលៀន​និង​លំពែង ១ ករណី វះកាត់​ប្តូរ​សួត​និង​បេះដូង ១ ករណី និង វះកាត់​ប្តូរ​តែ​សួត ១ ករណី​៕ ដោយ ៖កញ្ញាដាលីស