ខ្លាំង​មែន​! កុំ​កុំ​ចូល​រួមការ​ប្រជែង​គ្នា​ទាត់​គម្រប​ដប​ដោយ​បិទ​ភ្នែក​(វីដេអូ)

389
ចែករម្លែក

​កំពូល​តារា​ក្បាច់គុន​ហុងកុង លោក ដូន​នី យេន ឬ​ហៅ​កុំ​កុំ ចូលចិត្ត​ការប្រកួតប្រជែង​ណាស់ ហើយ​នៅពេល​ការ​ប្រជែង​នោះ​តម្រូវឱ្យធ្វើ​ទាន់ពេលវេលា​ល្អឥតខ្ចោះ​និង​ក្បាច់​ទាត់​ដ៏​ជំនាញ គាត់​ពិតជា​ធ្វើបាន​ល្អឥតខ្ចោះ​សម​នឹង​កិត្តិនាម​ទាត់​ធាក់​របស់គាត់​មែន​។​

​នេះ​ជា​មូលហេតុ​ដែល​តារា​អាយុ ៥៥ ឆ្នាំ​រូបនេះ​ត្រូវតែ​ចូលរួម​ក្នុងការ​ប្រជែង​គ្នា​ទាត់​គម្រប​ដប ហៅថា “Bottle Cap Challenge” ដែល​ជាការ​ប្រជែង​ដ៏​ល្បី​បំផុត​លើ​បណ្តាញ​សង្គម​ចាប់តាំងពី​ការ​ប្រជែង​គ្នា​ចាក់​ទឹកកក​លើ​ក្បាល​ក្នុង​ឆ្នាំ ២០១៤ ដែល​លើកកម្ពស់​ការយល់ដឹង​អំពី​ជំងឺ​ប្រសាទ​ម្យ៉ាង​ហៅថា ALS ។ ប៉ុន្តែ​ការ​ប្រជែង​លើក​នេះ​គឺ​តម្រូវឱ្យមាន​ជំនាញ​ខ្លាំង​មួយចំនួន​នៅក្នុង​ការ​ទាត់​ធាក់​។​

​ការ​ប្រជែង​ថ្មី​នេះ​កំពុង​សាយភាយ​ពេញ​ពិភពលោក ជាមួយ​តារា​សម្ដែង​ហូលីវូដ លោក ចា​សុន ស្តា​ថាំ (Jason Statham) និង​អ្នក​ប្រដាល់​ក្បាច់គុន​ចម្រុះ ខូ​ន័​រ ម៉ាក​ហ្គ្រេ​ហ្គ័​រ ទាំងពីរ​នេះ​បាន​ចូលរួម​ប្រជែង​ផងដែរ​។​

​ហើយ​ទោះបីជា​ពួកគេ​ធ្វើឱ្យមាន​ការចាប់អារម្មណ៍​ចំពោះ​ការប៉ុនប៉ង​ដ៏​ជោគជ័យ​របស់​ពួកគេ​ក៏ដោយ (​ពួកគេ​ទាំងពីរ​បាន​បង្ហោះ​វីដេអូ​នៅលើ​បណ្តាញ​សង្គម​) ក៏ប៉ុន្តែ​ដូន​នី យេន បាន​នាំយក​ការ​ប្រជែង​នេះ​ទៅដល់​កម្រិត​ខ្ពស់​មួយ​កាំ​ទៀត គឺ គាត់​បិទ​ភ្នែក​ខ្លួនឯង​ជាមួយ​ក្រណាត់ និង ទាត់​ដប​កែវ​ជំនួស​ឱ្យ​ដប​ប្លា​ស្ទិ​ក ដែល​ប្រើ​ដោយ​អ្នកដទៃ​ផ្សេងទៀត​។​

​ការ​ប្រជែង​ដែល​តម្រូវឱ្យ​បើក​គម្រប​ដប​ចេញពី​ដប​ដោយ​ប្រើ​ក្បាច់​ទាត់​បក​ពីក្រោយ ត្រូវបាន​ចាប់ផ្តើម​ឡើង​ដោយ​អ្នក​ប្រដាល់​ក្នុង​ទ្រុង​ក្របខ័ណ្ឌ UFC លោក ម៉ាក ហូល​ឡូ​វ៉េ (Max Holloway) កាលពី​ថ្ងៃទី ២៩ មិថុនា​ហើយ​វា​ត្រូវបាន​បញ្ជូន​បន្តទៅ​អ្នកចម្រៀង​និង​អ្នកនិពន្ធ​បទ​ចម្រៀង​លោក ច​ន មេ​យើ (John Mayer) មុនពេល​លោក​ស្តា​ថាំ និង ម៉ាក​ហ្គ្រេ​ហ្គ័​រ ចូលរួម​ដែរ​។​

​ដូន​នី យេន បានចាប់ផ្ដើម​វីដេអូ​របស់គាត់​ដោយ​សម្លឹងមើល​ដប មុនពេល​ចង​បិទ​ភ្នែក​របស់គាត់​។ បន្ទាប់មក​គាត់​បាន​ហក់​ទាត់​ដប ដោយ​បើក​គម្រប​ដប​ជាមួយ​ការ​កកិត​នឹង​ស្បែកជើង​របស់គាត់ ដោយ​បញ្ចប់​នូវ​ការ​ប្រជែង​នេះ​ជាមួយ​ស្ទីល​បញ្ចេញ​ក្បាច់គុន​កុង​ហ្វ៊ូ​របស់គាត់​ដូច​ក្នុង​រឿង Ip Man៕ ដោយ៖ កញ្ញាដាលីស

កុំ​កុំ​ទាត់​បង្វិល​គម្រប​ចេញពី​ដប​កែវ​បានសម្រេច ដោយ​ការចង​បិទ​ភ្នែក​ខ្លួនឯង
#