ខ្លា​ចាស់​ទាំង ២ ហេង សំរាំង និង ទេស សំខាន់ រក​កៅអី​ជុំ​ទី​២ បាន​ឬទេ ?

426
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ព្រឹត្តិការណ៍ Boostrong Gold Medal Fighter on Fire សម្រាប់​ព្រឹក​ថ្ងៃទី​៣០ មិថុនា ខាងមុខនេះ អ្នក​ប្រដាល់​ជើងចាស់​កម្ពុជា ២ រូប អា​ចរក​កៅអី សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​២ បាន​ឬទេ ?​។​

​អ្នក​ប្រដាល់ ទេស សំខាន់ ក្លិប​កងពលតូច​លេខ​៧០ ត្រូវ​ជួប​ជាមួយ អ្នក​ប្រដាល់​ជនជាតិ​អ៊ីរ៉ង់ ដែល​ហ្វឹកហាត់ នៅ​ស្រុកថៃ ឈ្មោះ ហ្គា ហ្វា​រី (Gafaria) សំខាន់​ជា​អ្នក​ប្រដាល់​ជើងចាស់ ដែលមាន​ប្រវត្តិ​ប្រកួត មិន​អន់​នោះទេ តែ​ពេលនេះ គេ​មាន​អាយុ​ច្រើន​បន្តិច​ហើយៗ ការប្រកួត​របស់គេ មួយរយៈ​នេះ មិនសូវ​ជួប​សំណាងល្អ​ឡើយ ពិសេស​បញ្ហា​លើ​កម្លាំង​តែម្ដង ។​

ទេស សំខាន់ និង ហ្គា ហ្វា​រី​

​ចំពោះ ហ្គា ហ្វា​រី គេ​ធ្លាប់​មក​ប្រកួត​ស្រុក​ខ្មែរ​ដែរ គេ​មិនសូវ​ជា​អស្ចារ្យ​ណាស់ណា​ទេ តែ​កម្លាំង​គេ ខ្លាំង កណ្ដាប់ដៃ​ធ្ងន់ ឯជើង​ក្រោម គេ​មិនជា​រឹង​ឡើយ ។ អ្នក​ប្រដាល់​អ៊ីរ៉ង់ រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​២២​ដង ឈ្នះ​១៥​ដង និង​ចាញ់​៧​ដង ។ ចំពោះ​សំខាន់​វិញ មាន​ប្រវត្តិ​ប្រកួត ចំនួន​៨២​ដង ឈ្នះ​៦៦​ដង ចាញ់​១៤​ដង និង​ស្មើ​ពិន្ទុ​៤​ដង រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ នរណា ហាលអាវ នរណា​ដណ្ដើមបាន​កៅអី សម្រាប់​ប្រកួត​ជម្រុះ​ជុំ​ទី​២ ទៀត​?​។​

​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​នេះដែរ ហេង សំរាំង ក្លិប​ព្រៃទទឹង​កីឡា ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ ឈូក ណាំ​ឆៃ (Chhuok Namchhai) ដែលជា​អ្នក​ប្រដាល់ មួយរូប មិន​ស្រួល​បង្ក្រាប​នោះទេ ។​

​សំរាំង នៅ​វ៉ៃ បានល្អ ចិត្តធំ តែ​កម្លាំង​របស់គេ មិនល្អ​ដូច​ស្នៀត​របស់គេ​ឡើយ ។ អ្នក​ប្រដាល់​កម្ពុជា រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​១០១​ដង ឈ្នះ​៧០​ដង ចាញ់​២៧​ដង និង​ស្មើ​ពិន្ទុ​៤​ដង ។ ចំពោះ​ឈូក ណាំ​ឆៃ វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៨​ដង ឈ្នះ​៦៥​ដង ចាញ់​១២​ដង និង​ស្មើ​ពិន្ទុ​១ ដង​។ រវាង​អ្នក​ប្រដាល់ ទាំង ២ រូបនេះ កៅអី​សម្រាប់​ជុំ​ទី​២ បាន​ទៅ​អ្នក​ប្រដាល់​កម្ពុជា ហេង សំរាំង ឬ បាន​ទៅ​អ្នក​ប្រដាល់​ថៃ ឈូក ណាំ​ឆៃ​?​។​

ហេង សំរាំង និង​ ឈូក ណាំ​ឆៃ​

​ព្រឹត្តិការណ៍​នេះ មាន​អ្នក​ប្រដាល់ ៥ ជនជាតិ ចូលរួម​ប្រកួត ហើយ​មកទល់ពេលនេះ អ្នក​ប្រដាល់​កម្ពុជា ៣ រូប​គឺ ឆៃ សា​រ៉ា សមាគម​ប្រដាល់ ក្រសួងការពារជាតិ វង្ស វិឆ័យ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ និង យ៉ា​ម ខេមរា ក្លិប​រស្មី​កុមារកំព្រា បាន​កក់​កៅអី សម្រាប់​ជុំ​ទី​២ រួចហើយ ។​

​អ្នក​ប្រដាល់​កម្ពុជា មួយរូប​គឺ ធឿន វិ​ថា​ត់ ក្លិប​អប់រំ​កាយ ស្រុក​អន្លង់វែង អ្នក​ប្រដាល់​ចិន រូ​ន ស៊ី​អា​ហ៊ូ (Ruan Xiaohu) អ្នក​ប្រដាល់​ថៃ ហ្វា មេ​ឆៃ (Fa Mechhai) និង អ្នក​ប្រដាល់​អ៊ីរ៉ង់ ម៉ារ ទីន (Martin) បាន​ខ្ទាត​ចេញ ពី​ការប្រកួត​មុនគេ ។​

​ចំពោះ​ការប្រកួត រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ សូត្រ វាសនា ក្លិប​បក្សី​ស្លាប​ដែក ប្រកួត​ជាមួយ​អ្នក​ប្រដាល់ លន់ សៀកឡេង ក្លិប​ថ្នល់ទទឹង​គុន​ខ្មែរ ខេត្តកំពង់ស្ពឺ ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ រិ​ន ដេវីដ ក្លិប​នាគរាជ​ចតុមុខ ប្រកួត​ជាមួយ លី​ត ប៊ុន​សិទ្ធ ក្លិប​ឆ្មា ស សែន​សុខ ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម​។ ឡុង វណ្ណៈ ក្លិប​អមតៈ​គុន​ខ្មែរ ប្រកួត​ជាមួយ ញ៉ែម វ៉ាន់​យៀ​ក ក្លិប​តា​ព្រហ្ម​មានជ័យ ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ៕v

​ជើង​ខ្លាំង​ដែល​ត្រូវ​ជួបគ្នា​