ខ្លឹមសារ ក្បត់​រូបភាព​

439
ចែករម្លែក

​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកស្រី ទេព វ​ន្នី សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ ក្នុង​រាជធានីភ្នំពេញ​ កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ បានសរសេរថា “​ជីវិត​នាង​ខ្ញុំ​កើត​មិនទាន់សម័យ ៣​ឆ្នាំ ៨​ខែ​២០​ថ្ងៃ នោះទេ ក៏ប៉ុន្តែ​ជីវិត​នាង​ខ្ញុំ​កើត​ទាន់សម័យ ៣៨​ឆ្នាំ គឺៈ ប្រជារាស្ត្រ​រង​ទុក្ខ​ទារុណកម្ម​យូរ​ជាង​សម័យ​នោះ​ទៅទៀត ហើយ​សម័យ​របបបច្ចុប្បន្ននេះ​ក៏​កំពុង​នៅតែ​បន្ត​—–😢😢😢៕”​។​

​អម​ជាមួយ​ខ្លឹមសារ​នៃ​សា​រលើ​ហ្វេ​ស​ប៊ុ​ក​នេះ អ្នកស្រី ទេព វ​ន្នី ក៏បាន​បង្ហោះ​រូបថត មួយ​សន្លឹក ដែល​អ្នកស្រី និង​ស្ត្រី​សកម្មជន​ដីធ្លី​ពីរ​នាក់​ទៀតថត​សែ​ល​ហ្វី​ញញឹម ញញែម​។

​តាម​រូបថត​នោះ​ស្ត្រី​ទាំងបី ក៏​បង្ហាញ​សាច់ឈាម ទ្រលុកទ្រលន់​កា​ភើៗ និង​ញញឹម ស្រស់​ថែម​ទៀតផង​។​

​នៅពេល​គេ​បានឃើញ​សារ​និង​រូបថត​មួយ​សន្លឹក​នោះ នាំ​ឲ្យ​ការ​លើកឡើងថា “​អ្នក​រងទុក្ខ​មាន​សាច់ឈាម ឡើង​កា​ភើៗ និង​ញញឹម​ស្រស់​យ៉ាងនេះ​?​ ចុះ​ទម្រាំ​អ្នក​មិន រង​ទុក្ខ​វិញ​បែបណា​ទៅវិញ​?”​។

​អ្នកខ្លះ​ទៀតថា “​សាច់​សខ្ចី ហើយ​ញញឹម​ស្រស់បំព្រង​ប៉ុណ្ណឹង​ហើយ​នៅ​ថា​រង​ទុក្ខ ទៀត​? មិនដឹងថារង​ទុក្ខ ឬ​ទុក​រង​ទេ បើ​មុខ​អ្នក​វេទនា​សើច​ពព្រាយ​បែបនេះ​នោះ​?”​។​

​មាន​អាយុ ៣៨​ឆ្នាំ នៅ​ឆ្នាំ​២០១៩ នេះ អ្នកស្រី ទេព វ​ន្នី ល្បីល្បាញ​ខាង​ដឹកនាំ​បាតុកម្ម តវ៉ា មិន​ថា រឿង​ដីធ្លី នៅ​បឹងកក់ ឬ​បញ្ហាដីធ្លីនៅ​កន្លែង​ណា​នោះទេ ហើយក៏​មិន​ថារឿង​អ្វី​នោះដែរ​។ អ្នកស្រី​បាន​ចូលរួម​ដឹកនាំ​ធ្វើបាតុកម្ម​តវ៉ា​រហូតដល់​ទទួលបានពានរង្វាន់​ពី​លោកស្រី គ្លី​ន​តុ​ន អតីតរដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក​។​

​ក្នុងការ​ចូលរួម​ធ្វើបាតុកម្ម​តវ៉ា​នេះ អ្នកស្រី ទេព វ​ន្នី ក៏​ត្រូវបាន​ចាប់ខ្លួន និង​តុលាការកាត់ទោស​ច្រើនលើក​រួចមកហើយ​។ ក្នុងនោះ ចុងក្រោយ តុលាការ​បាន​ឃុំខ្លួនអ្នកស្រី ទេព វ​ន្នី កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៦ ​ហើយ​ត្រូវបាន​កាត់ទោស ឲ្យ​ជាប់ពន្ធនាគារ ២​ឆ្នាំកន្លះ​ពីបទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ឬ​ត្រូវ​មានទោស​កម្រិតធ្ងន់​។ បទចោទប្រកាន់​នេះ បាន​កើតឡើង​ក្នុងអំឡុងពេលអ្នកស្រី ទេព វ​ន្នី ចូលរួម និង​ដឹកនាំ​ធ្វើបាតុកម្ម​តវ៉ា​រឿង​ដីធ្លី​កន្លងមក​។​

​យ៉ាងណាក៏ដោយ នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨​អ្នកស្រី​ត្រូវបាន​ដោះលែង​ចេញពីពន្ធនាគារ​ព្រៃ​ស ជាមួយនឹង​ស្ត្រី​សកម្មជន​ដីធ្លីបឹងកក់ ៣​នាក់​ទៀត​។​

​ក្រៅពី​ទទួលបាន​ពានរង្វាន់ និង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ ដោយសារតែ​ការធ្វើ​បាតុកម្ម​តវ៉ា អ្នកស្រី ទេព វ​ន្នី និង​អ្នកភូមិ​បឹងកក់​ជាច្រើន​គ្រួសារ​ទៀត ក៏​ត្រូវបាន​រាជរដ្ឋាភិបាល សម្រេច​រក្សាទុក​ដី និង​ចែក​ដី​នៅ​តំបន់​បឹងកក់ ចំ​កណ្តាល​រាជធានី​ភ្នំពេញ​ដោយមានប្លង់រឹង ទុកជា​សម្បត្តិ​ផ្ទាល់ខ្លួន​ថែមទៀត​។​

​ដូច្នេះ​បើ​គិតពី​តម្លៃ​ដី​ផ្ទះ​នៅ​បឹងកក់​របស់​អ្នកស្រី​ទេព​វ​ន្នី និង​ក្រុមអ្នកតវ៉ា​របស់គាត់ គឺ​ម្នាក់ៗ តម្លៃ​មិនតិចជាង​កន្លះ​លាន​ដុល្លារ​នោះទេ​។ ចំណែក​មើលទៅ​សាច់ឈាម ទ្រលុកទ្រលន់ និង​សាច់​សខ្ចី ហើយ​មុខ​ញញឹម​ពព្រាយ​នោះ តើ​ជា​អ្នក​ដែល​រង​ទុក្ខ ទារុណកម្មយូរ​ជាង​សម័យ ៣​ឆ្នាំ ៨​ខែ និង ២០​ថ្ងៃ ដែលជា​សម័យ​ខ្មែរក្រហម ប៉ុលពត ឬ​យ៉ាងណា​? គឺ​មិនអាច​ទេ​។ នេះ​បាន​គេ​ថា “​ខ្លឹមសារក្បត់​រូបភាព​” ឬ “​មាត់ចេះតែ​ថា តែ​ខុសពី​ការពិត​ទាំងស្រុងក្នុងសង្គម​កម្ពុជា​”​។ កម្ពុជា ដែល​កំពុងអភិវឌ្ឍន៍ និង​រីកចម្រើន ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ក្នុងនោះអ្នកស្រី ទេព​វ​ន្នី រួមទាំង​ក្រុមគ្រួសារ និង​ក្រុម​អ្នក​ធ្លាប់​ចូលរួម​ធ្វើបាតុកម្ម​តវ៉ា​ជាមួយ អ្នកស្រី ក៏បាន​ទទួលផលពី​ការរីកចម្រើន​របស់​ប្រទេសជាតិ​នេះដែរ​៕ ដោយៈ​ម៉េង​ឆៃ​/Ha