ខ្សឹប​៖ សមាគម​ខ្មែរ​-​ចិន ខេត្តសៀមរាប រង្គោះរង្គើ ដោយសារ​ផ្ទៃក្នុងមិនត្រូវ​គ្នា​

722
ចែករម្លែក

​បន្ទាប់ពី​តស៊ូ ក្នុង​ការបើក​សមាគម​ខ្មែរ​-​ចិន ខេត្តសៀមរាប អស់​រយៈពេល​ជាង ២០ ឆ្នាំ មកហើយ​នោះ ឥឡូវ សមាគម​ដ៏​ចាស់វស្សា​មួយ​នេះ មាន​ភាព​រង្គោះរង្គើ បែកបាក់​ផ្ទៃក្នុង និង​ចែកជា​បក្ខពួក ដោយសារ​រឿង​ផ្ទៃក្នុង​។
​ ​
​សមាគម​ខ្មែរ​-​ចិន ខេត្តសៀមរាប ចាត់ទុកជា​សមាគម​មួយ ដែលមាន​អាយុកាល​វែង ដែល​បាន​បណ្តុះបណ្តាល ធនធានមនុស្ស ផ្នែក​ភាសា​ចិន បាន​យ៉ាងច្រើន​ដោយ​ឆ្លងកាត់​ដំណាក់ កាល​ប្រធាន​ចំនួន ៣ រូប ហើយ​សមាគម​ខ្មែរ -​ចិន បានកើត​ឡើង តាំងពី​ឆ្នាំ​១៩៩៥ មកម្ល៉េះ​។
​ ​
នៅពេល​កើត​សមាគម​ខ្មែរ​-​ចិន​ដំបូង ក្នុង​ឆ្នាំ​១៩៩៥​នោះ គឺមាន​ប្រធាន​ឈ្មោះ ម៉ក់ សំ បន្ទាប់មក ប្រធាន​ឈ្មោះ ជា ណាំ​ហ៊ឹង ហើយ​បច្ចុប្បន្ន​គឺ លោក គី ហាវ​។​
​ ​
ប្រភព​មួយ បាន​បញ្ជាក់ថា ភាព​រង្គោះរង្គើ​ខ្លាំង បានកើត​ឡើង នៅក្នុង​អាណត្តិ​ទី​៥ (២០១៨-២០១៩) ក្នុង​អាណត្តិ​របស់លោក គី ហាវ ដែល​ជាប់​ជា​ប្រធាន​។ ប៉ុន្តែ​លោក គី ហាវ ប្រធាន​បច្ចុប្បន្ន មិនមាន​អំណាច​អ្វី​ទាំងអស់ ព្រោះ​ដោយសារ​តែមាន​អនុប្រធាន និង​សមាជិក ក្នុង​សមាគម​ខ្មែរ​-​ចិន មួយចំនួន បានធ្វើ​ការងារ ជំនួស​ប្រធាន​។

​ដោយ​ហេតុផល​នេះហើយ ទើប​លោក គី ហាវ ដែលជា​ប្រធាន​បច្ចុប្បន្ន បាន​លាឈប់ នៅ​ចំពោះមុខ​លោក សៀង ណាំ ដែលជា​ប្រធានកិត្តិយស ហើយ​អនុប្រធាន និង​សមាជិក មួយចំនួន ក៏បាន​លាឈប់ ជា​បន្តបន្ទាប់ រួចមកហើយ​ដែរ ទៅតាម​ប្រធាន​របស់ខ្លួន​។​

​ការលាឈប់​ទាំង​ប្រធាន អនុប្រធាន និង​សមាជិក​ខ្លះ ក្នុង​សមាគម ក៏ដោយ​សារ​មិន​ចង់​នៅ តទៅទៀត ព្រោះ​តែមាន​អនុប្រធាន និង​សមាជិក​ខ្លះ​ផ្សេងទៀត បាន​ដើរតួ​ដឹកនាំ​ជំនួស​ប្រធាន ព្រោះ​ពួកគាត់ បានរៀបចំ​ចាត់ចែង​អ្វីៗ​ទាំងអស់ មិន​ឲ្យ​ប្រធាន​ដឹង ព្រោះថា​ប្រធាន បច្ចុប្បន្ន គាត់​ស្លូត​ពេក ដែលជា​ហេតុ​ធ្វើ​ឲ្យ​ថ្នាក់ក្រោម ប៉ុន្មាន​នាក់ ធ្វើ​ព្យុះ ធ្វើ​ភ្លៀង កកូរកកាយ ពេញ​សមាគម​ខ្មែរ​-​ចិន ខេត្តសៀមរាប​។​

​ជាក់ស្តែង កន្លងមក គ្រាន់តែ​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​ការសិក្សា ដែល​អាណត្តិ​ចាស់ៗ ក៏បាន​ចុះ ហត្ថលេខា​ឯកភាព ពី​នាយក​សាលា ឯកភាព​ពី​ប្រធាន​សមាគម​ខ្មែរ​-​ចិន​ខេត្តសៀមរាប និង​ទទួលស្គាល់​ពី ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប ប៉ុន្តែ​សម្រាប់​អាណត្តិ​ទី​៥​នេះ មាន​អនុប្រធាន និង​សមាជិក​នៃ​សមាគម​ខ្លះ បានធ្វើ​វិ​ញ្ញាប​ន​ប័ត្រ បញ្ជាក់​ការសិក្សា ចុះហត្ថលេខា​ពី​នាយក​សាលា ហើយ​ឆ្លងទៅ​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប តែម្តង ដោយ​មិន​ឲ្យ​ប្រធាន​សមាគម ដឹងឮ​ឡើយ​។​

​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​ការសិក្សា​ថ្មី​នេះ ដែល​គ្មាន​ប្រធាន​សមាគម​ខ្មែរ​-​ចិន ខេត្តសៀមរាប ចុះហត្ថលេខា ទទួលស្គាល់ ក៏ត្រូវ​បាន​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា បដិសេធ​មិន​ចុះ ហត្ថលេខា​ឡើយ ព្រោះថា ប្រធាន​មន្ទីរ ចង់​ឲ្យ​មាន​ហត្ថលេខា​របស់​ប្រធាន​សមាគម ខ្មែរ​-​ចិន​ខេត្តសៀមរាប ដូចពេលមុន ។​

​ភាព​រង្គោះរង្គើ​ផ្ទៃក្នុង កើតចេញពី​ជម្លោះ​នេះហើយ ទើប​ធ្វើ​ឲ្យ​ប្រធាន​បច្ចុប្បន្ន និង​អនុប្រធាន ព្រមទាំង​សមាជិក​ខ្លះ បច្ចុប្បន្ន បាន​លាឈប់​ជា​បន្តបន្ទាប់ ព្រោះ​ពួកគាត់​មិន​ចង់​ឈឺក្បាល ដោយសារ​អ្នកខ្លះ ដើរតួ​ជា​ប្រធាន ដឹកនាំ ក្នុង​សមាគម​។​
​ ​
​ភាព​រង្គោះរង្គើ​នេះហើយ បាន​លេចឮ​ដល់​លោក​ឧកញ៉ា សៀង ណាំ ដែលជា​ប្រធានកិត្តិយស សមាគម​ខ្មែរ​-​ចិន​ខេត្តសៀមរាប ដោយ​លោក សៀង ណាំ បាន​លើកសំណើ​ឲ្យ​មានការ​បោះឆ្នោត មុន​អាណត្តិ ដើម្បី​រក​ប្រធាន​ថ្មី ដឹកនាំ​សមាគម​ខ្មែរ​-​ចិន ខេត្តសៀមរាប កុំ​ឲ្យ​ខ្មាស​គេ​។​
​ ​
​ប្រភព​ខាងលើ បាន​និយាយថា លោក​ព្រឹទ្ធាចារ្យ ស្ថាបនិក ម៉ក់ សំ ដែលជា​អតីត​ប្រធាន អាណត្តិ​ទី​១ បច្ចុប្បន្ន ជា​អនុប្រធាន​កិត្តិយស អាចធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន អញ្ជើញ​គាត់ ឲ្យ​មកឈរ​ឈ្មោះ​បោះឆ្នោត ជា​ប្រធាន​សមាគម​ខ្មែរ​-​ចិន ខេត្តសៀមរាប ជាថ្មី​ឡើងវិញ ដើម្បី​ប្រជែង​ជាមួយ​បេក្ខជន ដែល​ឈរឈ្មោះ ជា​ប្រធាន​ផ្សេងទៀត​។ អ្នក​សៀមរាប​មួយចំនួន គេ​មិនដឹងថា នៅក្នុង​សមាគម​ខ្មែរ​-​ចិន មានរឿង​រ៉ាវ ជូរចត់​បែបនេះ​ឡើយ​៕​