ខ្សែប្រយុទ្ធ រ៉ា​ដ​ចា ណេ​ន​ហ្គោ​ឡែ​ន ប្រកាស​ចូល​និវត្ត​ពី​អាជីព​បាល់ទាត់​ជម្រើសជាតិ​

792
ចែករម្លែក

​ខ្សែប្រយុទ្ធ រ៉ា​ដ​ចា ណេ​ន​ហ្គោ​ឡែ​ន (Radja Nainggolan) បាន​ចូល​និវត្ត​ពី​អាជីព បាល់ទាត់​ជម្រើសជាតិ រយៈពេល​មួយ​ម៉ោង បន្ទាប់ពី​លោក រ៉ូ​បឺ​តូ ម៉ា​ទីណេស (Roberto Martinez) ជម្រុះ​កីឡាករ​រូបនេះ​ចេញ​។​
​ ​
​ខ្សែប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​របស់​ក្លិប រ៉ូ​ម៉ា (Roma) រូបនេះ​មិនត្រូវ​បាន​បញ្ចូល​ក្នុង​ក្រុម​ជម្រើស បណ្តោះអាសន្ន​របស់​បែលហ្ស៊ិក​សម្រាប់​ព្រឹត្តិការណ៍​វើ​ល​ខាប់​នៅ​ប្រទេស​រុស្ស៊ី​នៅ​រដូវក្តៅ​នេះ​ទេ​។​
​ ​
​រ៉ា​ដ​ចា ភ្លាមៗ​នោះបាន​ចូលទៅ​កាន់​បណ្តាញ​សង្គម ដើម្បី​ប្រកាសថា ខ្លួន​នឹង​លែង​បង្ហាញមុខ ក្នុង​ក្រុម​ជម្រើសជាតិ​ទៀតហើយ​។​
​ ​
​រ៉ា​ដ​ចា បានសរសេរថា “​ពិត​ជាមាន​ភាពស្ទាក់ស្ទើ​រ​ក្នុងការ​បញ្ចប់​អាជីព​ជម្រើសជាតិ​។ ខ្ញុំ​តែងតែ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង ដើម្បី​តំណាង​ឲ្យ​ប្រទេស​របស់ខ្ញុំ​។ ចាប់ពី​ថ្ងៃនេះ​ទៅ ខ្ញុំ​នឹង​ក្លាយជា​អ្នកគាំទ្រ​ទី​១”​។​
​ ​
​លោក ម៉ា​ទីណេស បាន​និ​យ​យ​ថា “​រ៉ា​ដ​ចា គឺជា​កីឡាករ​កំពូល​។ ហេតុផល​នៃ​អវត្តមាន របស់គាត់​គឺជា​យុទ្ធសាស្ត្រ​។ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ក្រុម​បានធ្វើ​ការងារ​យ៉ាង ជាក់លាក់​ហើយ​កីឡាករ​ផ្សេងទៀត​មាន​តួនាទី​។ យើង​ដឹងថា គាត់​មាន​តួនាទី​សំខាន់​ក្នុង​ក្លឹប ប៉ុន្តែ​យើង​មិនអាច​ផ្តល់​តួនាទី​នេះ​ដល់​គាត់​ក្នុង​ក្រុម​ជម្រើសជាតិ​បានទេ​”​។​
​ ​
​រ៉ា​ដ​ចា បាន​ជួយ​ក្រុម Roma ឈ្នះ​ក្រុម បា​សេ​ឡូ​ណា (Barcelona) ឡើងដល់​វគ្គ​ពាក់ កណ្តាល​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ហើយ​កីឡាករ​រូបនេះ​រកបាន​គ្រាប់​បាល់ នៅ​ជើង​ទី​២ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម លី​វឺ​ភូ​ល​(Liverpool) ។​

​កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ​ដែល​ទទួល​បានកា​រ​គាំទ្រ​ច្រើន​ពី​ក្រុម​អ្នកគាំទ្រ​ជាមួយនឹង​របៀប​លេង​ដ៏​ល្អ​នៅ​តំបន់​បម្រើ​នោះ ខកខាន​មិនបាន​បង្ហាញ​មុខ​នៅក្នុង​ក្រុម​ជម្រើស​របស់លោក ម៉ា​ទីណេស កន្លងមក​ផងដែរ ប៉ុន្តែ​សង្ឃឹមថា នឹង​ទទួលបាន​កៅអី​មួយ​ទៅលេង​នៅ​រុស្ស៊ី នៅពេល​ត្រូវបាន​កោះហៅ​កាលពី​ខែមីនា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ រ៉ា​ដ​ចា ណេ​ន​ហ្គោ​ឡែ​ន (Radja Nainggolan)