ខ្សែប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា សារភាពថា នឹង​ត្រឡប់​ទៅលេង​នៅ Real Madrid ថ្ងៃ​ណាមួយ​

185

​អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata) សារភាពថា ខ្លួន​នឹង​វិលត្រឡប់​ទៅ​ក្លិប Real Madrid វិញ បើទោះបីជា​ខ្លួន ត្រូវបាន​ក្លឹប​នេះ​លក់​ចេញ​កាលពី​បួន​ខែ​មុន​ក៏ដោយ​។​
​ ​
​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​បាន​ចំណាយពេល​ពី​រដូវ​កាល​ជាមួយ​ពហុ​កីឡដ្ឋាន Bernabeu​បន្ទាប់ពី​សម្រេច កិច្ចព្រមព្រៀង​ផ្ទេរ​ពី​ក្លឹប Juventus ប៉ុន្តែ​រដូវ​កាល​ទី​២​របស់​កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​មិន​ទទួលបាន ជោគជ័យ​ទេ​។​
​ ​
​ម៉ូ​រ៉ា​តា បាន​ផ្ទេរ​មកលេង​ជាមួយ​ក្លិប​ឆេ​ល​ស៊ី​កាលពី​រដូវក្តៅ​ក្នុងតម្លៃ​៥៨​លាន​ផោន​ហើយ​បាន​សម្រប​ខ្លួន នឹង​ឆាកជីវិត​នៅ​ទីក្រុង​ឡុង​ដ៍ ដោយ​រកបាន​៨​គ្រាប់​ក្នុងការ​បង្ហាញមុខ​១៥​លើក​។​
​ ​
​ប៉ុន្តែ​តាមរយៈ​វិទ្យុ​អេ​ស្ប៉ា​ញ Cadena Ser ម៉ូ​រ៉ា​តា បាន​បង្ហើប​ប្រាប់ថា ខ្លួន​នឹងចូលរួម​ជាមួយ​ក្រុម Real Madrid ជា​លើក​ទី​៣​។​
​ ​
​ម៉ូ​រ៉ា​តា បាន​និយាយថា “​ប្រាកដ​ណាស់ ខ្ញុំ​នឹង​ត្រឡប់​ទៅ​ក្លឹប Real Madrid វិញ ប៉ុន្តែ​វា​គឺជា​បញ្ហា​ស្មុគស្មាញ​។ ខ្ញុំ​បាន​ប្រាប់​គ្រូបង្វឹក​ថា ខ្ញុំ​ចង់​លេង​ឲ្យ​បាន​ច្រើន​។ ខ្ញុំ​មាន​អារម្មណ៍​ថា វា​ពិត​ជាមាន​សារសំខាន់​សម្រាប់ Madrid ប៉ុន្តែ​ខ្ញុំ​ចង់​លេង​នៅ​វគ្គ​ចាញ់​ធ្លាក់​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​”​។​
​ ​
​ម៉ូ​រ៉ា​តា បន្តថា “​ខ្ញុំ​មិនដែល​និយាយ​ពាក្យ​មិនល្អ​អំពី Madrid ទេ ហើយ​ខ្ញុំ​នឹងមិន​និយាយ​ទេ​។ ខ្ញុំ​តែងតែ​ជូនពរ ឲ្យ​ពួកគេ​ជោគជ័យ​។ ខ្ញុំ​គឺជា​ហ្វែ​ន​របស់ Madrid ប៉ុន្តែ​ជា​កីឡាករ​របស់​ឆេ​ល​ស៊ី​”​។​
​ ​
​ការអះអាង​បែបនេះ​គឺជា​រឿង​ភ្ញាក់ផ្អើល​មួយ បន្ទាប់ពី​ខ្សែប្រយុទ្ធ​រូបនេះ​អះអាងថា ខ្លួន​ត្រូវបាន​គេ​ធ្វើ​ដាក់​ដូចជា កូនក្មេង​ចឹ​ង អំឡុង​រដូវ​កាល​ទី​២​ជាមួយនឹង​ក្លឹប Real Madrid ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata)